ប្រជាពលរដ្ឋចំនួន ៩១គ្រួសារ នៅឃុំទួលពង្រ ស្រុកម៉ាឡៃ បានលើកគ្នាទៅតវ៉ានៅខាងមុខសាលាខេត្តបន្ទាយមានជ័យ។ ពួកគាត់សុំឲ្យអាជ្ញាធរខេត្តជួយដោះស្រាយទំនាស់ដីធ្លីទំហំ ៨០ហិកតារ ដែលជាដីគម្រោងសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល ត្រូវចែកជូនប្រជាពលរដ្ឋ។
ពួកគាត់ចោទថា ដីនោះត្រូវបានអាជ្ញាធរមូលដ្ឋានឃុបឃិតយកទៅលក់ឲ្យឈ្មួញ។ ប៉ុន្តែ ការចោទប្រកាន់នេះត្រូវបានអាជ្ញាធរមូលដ្ឋានបដិសេធ ដោយអះអាងថា ការបែងចែកដីនោះនឹងត្រូវធ្វើឡើងជាពីរដំណាក់កាលទើបចប់។
អ្នកភូមិជិត ៥០នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៩១គ្រួសារ បានវិលត្រឡប់ទៅលំនៅឋានវិញ បន្ទាប់ពីបានលើកគ្នាទៅសាលាខេត្តបន្ទាយមានជ័យ ទាមទារឲ្យមន្ត្រីសាលាខេត្តជួយដោះស្រាយករណីទំនាស់ដីធ្លី។ ការលើកគ្នាតវ៉ារបស់អ្នកភូមិ គឺធ្វើឡើងកាលពីព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០១៣ ចំថ្ងៃព្រះរាជពិធីចម្រើនព្រះជន្មព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ដែលមន្ត្រីរាជការនាំគ្នាឈប់សម្រាក។
តំណាងប្រជាពលរដ្ឋឈ្មោះ អឹម យ៉ាន បញ្ជាក់ថា លោកមេភូមិ និងលោកអនុភូមិរស្មីមានជ័យ បានឃុបឃិតគ្នាយកដីកសិកម្មទំហំ ៨០ហិកតារ ទៅលក់។ ដីនោះជាគម្រោងដីសម្បទានសង្គមកិច្ចរបស់រដ្ឋាភិបាល រៀបចំបែងចែកទៅឲ្យប្រជាពលរដ្ឋចំនួន ៩១គ្រួសារ ដោយក្នុងមួយគ្រួសារអាចបានកន្លះហិកតារតែប៉ុណ្ណោះ៖ «ព្រោះដីហ្នឹងស្រុកកាត់ចែកឲ្យទៅឃុំជាកញ្ចប់រួចទៅហើយ ៨០ហិកតារ តែគាត់អត់បានបែងចែកឲ្យបងប្អូនប្រជាជនទេ គាត់បែរជាឃុបឃិតលក់ដូរទៅវិញ។ ដីបរិស្ថានដែលកាត់ពីបរិស្ថានមក ១.៥០០ហិកតារ»។
នៅក្នុងពាក្យបណ្ដឹងចុះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៣ បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានពុំបានបែងចែកដីកសិកម្មចំនួន ៨០ហិកតារ នោះ ឲ្យអ្នកភូមិទេ។ ប៉ុន្តែ លោកមេភូមិ និងអនុភូមិ បានឃុបឃិតជាមួយឈ្មួញត្រៀមយកដីនោះលក់ និងលក់អស់មួយចំនួនទៅហើយ។ ប៉ុន្តែ មេភូមិរស្មីមានជ័យ លោក បិន សំបូរ ថ្លែងថា ដីដែលត្រូវយកមកបែងចែកជូនអ្នកភូមិនោះ មានជាង ១០០ហិកតារ ប៉ុន្តែនៅជំហានដំបូង មានដីតែ ៨០ហិកតារ យកមកចែកជូនអ្នកភូមិសិន ដោយក្នុងមួយគ្រួសារទទួលបានកន្លះហិកតារ។ ប៉ុន្តែ នៅសល់ប្រជាពលរដ្ឋមួយចំនួនទៀត ដែលនៅពុំទាន់ទទួលបាន ត្រូវរង់ចាំនៅជំហានទី២។
លោកបន្តថា គម្រោងនេះអាជ្ញាធរភូមិបានលើកសំណើដាក់ទៅថ្នាក់លើរួចហើយ៖ «ហើយខ្ញុំធ្វើសំណើ ហើយឮថាបងប្អូនគេទៅប្ដឹងសាលាខេត្ត គេចោទថាខ្ញុំយកដីលក់ឲ្យធ្វើជំហានទី២ ឲ្យឃុំយកទៅស្រុក»។
លោកអះអាងថា អ្នកភូមិដែលនៅពុំទាន់បានទទួលរបបដីនោះ មាននៅសល់ប្រហែលជា ៨០គ្រួសារប៉ុណ្ណោះ ពុំមែន ៩១គ្រួសារនោះទេ។
មេឃុំទួលពង្រ លោក ទឹម ម៉ន បញ្ជាក់ថា អាជ្ញាធរបានលើកគម្រោងស្នើសុំដីសម្បទានសង្គមកិច្ចទំហំ ១៤៧ហិកតារ កាត់ចេញដីព្រៃរនាមដូនសំ ដើម្បីបែងចែកជូនប្រជាពលរដ្ឋដែលពុំមានដីបង្កបង្កើនផលចំនួនពីរ គឺភូមិរស្មីមានជ័យ និងភូមិស្រឡៅជ្រំ ក្នុងឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។ លោកអះអាងថា ដីទំហំ ៨០ហិកតារ អាជ្ញាធរមូលដ្ឋានបានចែកជូនអ្នកភូមិជាវគ្គទី១ ហើយអ្នកភូមិដែលមិនទាន់ទទួលបានដីនោះ ត្រូវរង់ចាំនៅវគ្គទី២ បន្តទៀត។ ហើយបច្ចុប្បន្ន អាជ្ញាធរកំពុងធ្វើសំណើនេះដាក់ទៅថ្នាក់លើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។