ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាង ១៦០គ្រួសារនៅស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាស្រុក ថាឃុបឃិតគ្នាបន្លំឯកសារយកដីរបស់ប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ លក់ទៅឲ្យក្រុមហ៊ុន លី សំអាន ធ្វើជាប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែមន្ត្រីក្រុមប្រឹក្សាស្រុក បដិសេធចំពោះការចោទប្រកាន់នេះ ថាជារឿងមិនពិតឡើយ។
ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅស្រុកថ្មពួក អំពាវនាវឲ្យអាជ្ញាធរខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ចុះស្រាវជ្រាវ និងដោះស្រាយប្រគល់ដីដែលមានទំនាស់នោះដល់ពួកគាត់ឲ្យបានឆាប់ ដើម្បីយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារនៅរដូវដាំដុះនេះ។
តំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី និងជាជំទប់ទី១ នៃឃុំគោកកឋិន លោក បូរិន្ទឈាន ប្រាក់ថា ថ្លែងនៅថ្ងៃទី៥ សីហា ថា កាលពីឆ្នាំ២០០៧ កន្លងទៅ អតីតមេឃុំគោកកឋិន និងជាមន្ត្រីក្រុមប្រឹក្សាស្រុកថ្មពួក គឺលោក បាត សឺម បានឃុបឃិតគ្នាជាមួយមន្ត្រីភូមិក្នុងមូលដ្ឋាន បន្លំឯកសារយកដីរបស់ប្រជាពលរដ្ឋដែលធ្លាប់កាន់កាប់ ទៅលក់ឲ្យក្រុមហ៊ុន លី សំអាន ក្នុងរូបភាពប្រមូលអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋ ដើម្បីធ្វើជាសមាជិកគាំទ្រគណបក្សប្រជាជនកម្ពុជា ហើយយកអត្តសញ្ញាណប័ណ្ណនោះទៅប្រើប្រាស់ធ្វើជាឯកសារលក់ដី ដោយពុំមានការឯកភាពពីប្រជាពលរដ្ឋទៅវិញ។ លោកអះអាងថា ផ្ទៃដីដែលក្រុមប្រឹក្សាស្រុកបន្លំឯកសារនោះ ប្រមាណ ៣៥០ហិកតារ ស្ថិតនៅចំណុចភូមិតាត្រៃ ឃុំគោកកឋិន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ៖ «ដីនោះខាងក្រុមអះអាងថា គេមានឯកសារត្រឹមត្រូវ ប៉ុន្តែឯកសារនោះពុំមែនជារបស់ពួកយើងខ្ញុំដែលជាម្ចាស់ដីនោះទេ គឺការក្លែងបន្លំរបស់អតីតមេឃុំគោកកឋិន ទេ»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ក្រុមប្រឹក្សាស្រុកថ្មពួក លោក បាត សឺម បដិសេធថា លោកពុំបានក្លែងបន្លំឯកសារយកដីរបស់ប្រជាពលរដ្ឋទៅលក់ឲ្យក្រុមហ៊ុន លី សំអាន ដូចការចោទប្រកាន់នោះឡើយ។ លោកអះអាងថា ប្រជាពលរដ្ឋខ្លួនឯងទៅវិញទេដែលនាំគ្នាលក់ដីរបស់ខ្លួនអស់ ហើយទៅរំលោភបំពានលើដីរបស់ក្រុមហ៊ុន លី សំអាន នាំឲ្យកើតទំនាស់ជាបន្តបន្ទាប់នោះ៖ «ប្រជាពលរដ្ឋដែលធ្វើតវ៉ានោះ មានចំនួនមួយក្ដាប់តូច ហើយពួកគេទាំងនោះកន្លងទៅ ខ្ញុំក៏បានបែងចែកដីមួយចំនួនឲ្យពួកគាត់រួចរាល់អស់ទៅហើយ ប៉ុន្តែពួកគេយកដីដែលខ្ញុំបានបែងចែកឲ្យនោះ លក់អស់ទៅវិញ»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ និងដែលបានតាមដានបញ្ហាទំនាស់ដីធ្លីនេះ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ដីដែលមានទំនាស់នោះ មន្ត្រីក្រុមប្រឹក្សាស្រុកថ្មពួក ពិតជាមានជាប់ពាក់ព័ន្ធនឹងការក្លែងបន្លំឯកសារ តាមរយៈការប្រមូលអត្តសញ្ញាណប័ណ្ណពីប្រជាពលរដ្ឋទៅធ្វើលិខិតស្នាម ដើម្បីលក់ដីទៅឲ្យក្រុមហ៊ុន លី សំអាន ប្រាកដមែន៖ «បញ្ហាទាំងនេះ អង្គភាពប្រឆាំងអំពើពុករលួយ គួរតែចុះទៅពិនិត្យរកហេតុផល និងចាត់វិធានការទៅលើអ្នកដែលប្រព្រឹត្តខុស ពីព្រោះប្រជាពលរដ្ឋគាត់បដិសេធថា ពួកគាត់ពុំបានលក់ដីដែលមានទំនាស់នោះទេ»។
កាលពីឆ្នាំ២០១២ កន្លងទៅ ប្រជាពលរដ្ឋប្រមាណ ១៦០គ្រួសារ ចាប់ផ្ដើមមានទំនាស់ដណ្ដើមកាន់កាប់ដីធ្លីជាមួយក្រុមហ៊ុន លី សំអាន ហើយបានតវ៉ាឲ្យអាជ្ញាធរមូលដ្ឋានដោះស្រាយជាបន្តបន្ទាប់ ប៉ុន្តែរហូតមកទល់ពេលនេះ ពុំទាន់ទទួលបានលទ្ធផលនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
