សមត្ថកិច្ចប៉ូលិសខេត្តប៉ៃលិន បានចាប់ខ្លួនអ្នកភូមិម្នាក់ទៀត កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៤ ពីបទចោទប្រកាន់រំលោភកាន់កាប់កម្មសិទ្ធិសាធារណៈរបស់រដ្ឋ។ កាលពីថ្ងៃទី៣១ ខែមីនា កន្លងទៅ អ្នកភូមិចំនួន ៣នាក់ ក៏ត្រូវសមត្ថកិច្ចប៉ូលិសចុះទៅចាប់នៅភូមិភ្នំក្រិញ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំខេត្តប៉ៃលិន អ្នកនាង ប្រាក់ សុភិមា ថ្លែងនៅថ្ងៃទី២ ខែមេសា ថា អ្នកភូមិទាំង ៤នាក់ ដែលត្រូវបានគេចាប់ខ្លួននោះ បច្ចុប្បន្នកំពុងឃុំខ្លួននៅពន្ធនាគារខេត្តប៉ៃលិន៖ «ទាំងអ្នក ៤នាក់ ថ្ងៃ ៣១ ខែមីនា ចាប់បីនាក់ ហើយម្សិលមិញ ថ្ងៃមួយហ្នឹងចាប់ម្នាក់ទៀត ឈ្មោះ ទួត ម៉ាក់ ចាប់ម្សិលមិញ ក្រោយពេលដែលគាត់សំណូមពរក្នុងវេទិកាសាធារណៈស្តីពីបញ្ហាប្រឈម និងតម្រូវការរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន។ ដល់ពេលចប់វេទិកាគាត់មកនៅកន្លែងមុខសួនកុមារហ្នឹង គាត់ទាមទារសុំឲ្យជួយដោះស្រាយរកយុត្តិធម៌ឲ្យរឿងដីធ្លីដែលគាត់មកនៅយូរឆ្នាំអីហ្នឹង ហើយបែរជាមានការចាប់តំណាងប្រជាពលរដ្ឋបីនាក់ គាត់សុំឲ្យដោះលែង បែរជាចប់ពីវេទិកាចេញទៅគេចាប់គាត់ទៀត»។
អ្នកភូមិទាំង ៤នាក់នោះ មានឈ្មោះ ឱម សំអាត ឈ្មោះ ឱម សំអុល ឈ្មោះ ពេជ្រ សុធា និង ឈ្មោះ ទួត ម៉ាក់ ត្រូវគេបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារខេត្តប៉ៃលិន។ ចំណែកអ្នកភូមិម្នាក់ទៀត ឈ្មោះឆាយ ឆាត ដែលមានឈ្មោះនៅក្នុងដីកាចាប់ខ្លួននោះ កំពុងរត់គេចខ្លួន។ ទាក់ទិនករណីចាប់ខ្លួនអ្នកភូមិក្នុងរឿងជម្លោះដីធ្លី សមាគមការពារសិទ្ធិមនុស្សអាដហុក កំពុងរៀបចំដាក់មេធាវីរបស់ខ្លួនដើម្បីការពារក្តីឲ្យក្រុមអ្នកភូមិដែលជម្លោះដីធ្លីនៅក្នុងខេត្តប៉ៃលិន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
