ប្រជាពលរដ្ឋនៅឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម លើកឡើងថា ក្រោយពេលបឹងសាធារណៈនៅក្នុងភូមិត្រូវបានធ្លាក់ទៅលើដៃឯកជន គឺធ្វើឲ្យប៉ះពាល់ដល់របរនេសាទរបស់ពួកគាត់។ ពលរដ្ឋស្នើឲ្យអាជ្ញាធរ ធ្វើយ៉ាងណាដកហូតបឹងនោះមករក្សាទុកជាសម្បត្តិសាធារណៈឡើងវិញ ជៀសវាងធ្វើឲ្យប៉ះពាល់ដល់អ្នកភូមិបន្តទៀត។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ កំពុងរិះរកមធ្យោបាយធ្វើយ៉ាងណាអាចឲ្យបឹងរបស់ពួកគេមួយឈ្មោះ បឹងត្រា ក្លាយមកជាសម្បត្តិរួមវិញ។ ពលរដ្ឋលើកឡើងថា កាលណាបឹងនោះក្លាយជាសម្បត្តិឯកជន ពួកគាត់មិនអាចចុះទៅនេសាទបានឡើយ។
ពលរដ្ឋនៅភូមិត្របែក ឃុំជើងព្រៃ លោក ខាវ ទ្រី មានប្រសាសន៍ថា បឹងត្រា ពីដើមឡើយគឺជាទ្រព្យរួមរបស់ប្រជាពលរដ្ឋនៅក្នុងភូមិអាស្រ័យផល ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ ត្រូវបានអាជ្ញាធរមូលដ្ឋានលក់ទៅឲ្យបុគ្គលឯកជន។ លោកមិនច្បាស់ថា តើជាអាជ្ញាធរនៅស្រុកបាធាយ ឬស្រុកជលគីរី ខេត្តកំពង់ឆ្នាំង នោះទេ។ លោកបញ្ជាក់ថា បឹងនោះ គឺស្ថិតនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង រីឯពលរដ្ឋជាច្រើនរយគ្រួសារនៅឃុំជើងព្រៃ ខេត្តកំពង់ចាម គឺជាអ្នកពឹងអាស្រ័យ ដូចជាការនេសាទ ព្រមទាំងយកទឹកពីបឹងដើម្បីធ្វើស្រែ ជាដើម៖ «បានសំខាន់រឿងត្រីសាច់ទេទាំងខែប្រាំង និងខែវស្សា។ ខែវស្សា បើយើងបើកកាត់ ឬឃាំងឃាររបស់របរពាក់ព័ន្ធ ក៏អាចមានការទាស់ទែងគ្នាដែរ»។
បឹងត្រា ជាបឹងមួយមានទីតាំងនៅជាប់បឹងជាច្រើនផ្សេងទៀត ហើយបឹងនេះមានព្រំប្រទល់ជាប់ស្រុកបាធាយ ខេត្តកំពង់ចាម និងស្រុកជលគីរី ខេត្តកំពង់ឆ្នាំង ដោយមានទំហំប្រវែងប្រមាណ ១ពាន់ម៉ែត្រ។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអាជ្ញាធរមូលដ្ឋាននៃស្រុកទាំងពីរ ដើម្បីបំភ្លឺជុំវិញបញ្ហានេះបានទេនៅថ្ងៃទី២៥ វិច្ឆិកា។
ដោយឡែកអភិបាលស្រុកបាធាយ លោក ឡោ ចាន់លី មានប្រសាសន៍ថា បឹងនោះមិនមាននៅក្នុងផែនទីរបស់ស្រុកបាធាយ ឡើយ។ ដូច្នេះ ការគ្រប់គ្រង ឬការដោះស្រាយ គឺជាសមត្ថកិច្ចរបស់អាជ្ញាធរស្រុកជលគីរី។ លោកបញ្ជាក់ដែរថា អាចមិនមែនជាបឹងសាធារណៈ ពីព្រោះប្រសិនជាបឹងសាធារណៈ គឺមិនអាចមានបុគ្គលណាយកទៅលក់ដូរបានទេ រួមទាំងអាជ្ញាធរ ប៉ុន្តែអាចជាកន្លែងប្រភពទឹក ឬមេទឹក ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ច្រើនជាង ហើយសហគមន៍អាចមានសិទ្ធិចាត់ចែងលក់តំបន់នោះបាន។ ទោះជាបែបនេះក្តី លោកថា នឹងសាកសួរទៅអាជ្ញាធរស្រុកជលគីរី ឲ្យបានច្បាស់បន្ថែមទៀតជុំវិញករណីនេះ៖ «បើសិនជាបឹងជាឡូហ្នឹង គ្មានពីណាហ៊ានទេ ពីព្រោះបានលុបឲ្យទៅប្រជាពលរដ្ឋរកអស់ហើយ»។
រីឯពលរដ្ឋវិញនៅតែអះអាងថា បឹងត្រា មិនមែនជាតំបន់មេទឹកទេ គឺជាបឹងសាធារណៈសម្រាប់អ្នកស្រុកប្រើប្រាស់តែម្តង។
យ៉ាងណា កាលពីពេលកន្លងទៅ រាជរដ្ឋាភិបាលបានប្រកាសកាត់ឡូនេសាទ ឬរំលាយចោលនូវរាល់ការកាន់កាប់បឹងសាធារណៈពីសំណាក់បុគ្គលឯកជន ឬអ្នកមានប្រាក់ ដើម្បីទុកឱកាសឲ្យប្រជាពលរដ្ឋជាអ្នកគ្រប់គ្រងជំនួសវិញ។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសហគមន៍នៃអង្គការសម្ព័ន្ធភាពដើម្បីអភិរក្សធនធានជលផល (Fact) អ្នកស្រី នូ សារឹម មានប្រសាសន៍ថា ប្រសិនបើវាដូចទៅនឹងអ្វីដែលប្រជាពលរដ្ឋអះអាងមែននោះ អ្នកស្រីថា វាគឺជារឿងខុសច្បាប់។ អ្នកស្រីបញ្ជាក់ទៀតថា បឹងធម្មជាតិ ឬបឹងសាធារណៈ មិនអាចក្លាយជាសម្បត្តិផ្តាច់មុខរបស់បុគ្គលណាម្នាក់បានឡើយ ហើយវាផ្ទុយទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទៀតផង៖ «អ៊ីចឹងធ្វើឲ្យមានផលប៉ះពាល់នៅថ្ងៃខាងមុខ អាចជាគាត់ទាមទារ ឬក៏តវ៉ាយកបឹងហ្នឹងនៅថ្ងៃខាងមុខ។ ទីពីរ ធ្វើឲ្យពលរដ្ឋអស់ជំនឿលើអាជ្ញាធរ»។
មន្ត្រីសង្គមស៊ីវិលផ្នែកជលផលដដែលបន្ថែមថា ដើម្បីជៀសវាងការចោទប្រកាន់ដាក់គ្នាទៅវិញទៅមក មន្ត្រីជំនាញគប្បីចុះស្រាវជ្រាវជុំវិញរឿងនេះឲ្យបានច្បាស់លាស់។ ប្រសិនបើរកឃើញថា ការលើកឡើងរបស់ប្រជាពលរដ្ឋ គឺជារឿងពិត មន្ត្រីជំនាញត្រូវចាត់វិធានការជាបន្ទាន់ ដោយដកហូតបឹងនោះដាក់ជាសម្បត្តិរួមវិញ ព្រមទាំងចាត់វិធានការលើអ្នកប្រព្រឹត្តិទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
