ប្រជាពលរដ្ឋជាង ៣០០គ្រួសារមកពីសហគមន៍ភូមិព្រែកតាគង់១ និងភូមិខ្វារ បានសម្រេចចិត្តនាំគ្នាដើរចេញពីកិច្ចពិភាក្សាមួយរវាងភាគីក្រុមហ៊ុន អាយ.អិន.ជី (ING Holding) និងអាជ្ញាធរខណ្ឌមានជ័យ និងខណ្ឌដង្កោ នៅថ្ងៃទី២៣ ខែកុម្ភៈ នេះ។ ការសម្រេចដើរចេញនេះ បន្ទាប់ពីពលរដ្ឋខកចិត្តចំពោះភាគីក្រុមហ៊ុន និងអាជ្ញាធរ មិនព្រមផ្ដល់ព័ត៌មានច្បាស់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មីនៅតំបន់បឹងទំពុន និងបឹងជើងឯក។
ពលរដ្ឋមកពីសហគមន៍ភូមព្រែកតាគង់១ និងភូមិខ្វារ មកពីខណ្ឌមានជ័យ និងខណ្ឌដង្កោ រាជធានីភ្នំពេញ អះអាងថា ក្រុមហ៊ុន អាយ.អិន.ជី និងអាជ្ញាធរ មិនគោរពតាមការសន្យារបស់ខ្លួនកាលពីថ្ងៃទី១៩ ខែកុម្ភៈ ដែលថានឹងបើកវេទិកាសាធារណៈពន្យល់ និងផ្តល់ព័ត៌មានឲ្យច្បាស់ពីគម្រោងអភិវឌ្ឍន៍ទីក្រុងរណបថ្មី នៅតំបន់បឹងទំពុន និងបឹងជើងឯក នោះ។
តំណាងពលរដ្ឋភូមិព្រែកតាគង់១ លោកស្រី ចាន់ ស្រីអូន ឲ្យដឹងថា ពលរដ្ឋមកជួបអាជ្ញាធរ និងតំណាងក្រុមហ៊ុននៅពេលនេះ តាមការសន្យារបស់ក្រុមហ៊ុនដែលថា នឹងបើកវេទិកាសាធារណៈ ដើម្បីផ្តល់ព័ត៌មានពីគម្រោងនេះជូនពលរដ្ឋ ប៉ុន្តែក្រុមហ៊ុន និងអាជ្ញាធរ បែរជាស្នើឲ្យពលរដ្ឋនាំគ្នាយកឯកសារប្លង់ដី និងផ្ទះ ទៅបញ្ជាក់ និងដាក់ជូនក្រុមហ៊ុន និងខណ្ឌទៅវិញ។ លោកស្រីថា ការមិនព្រមផ្តល់ព័ត៌មានរបស់អាជ្ញាធរ និងក្រុមហ៊ុនពីគម្រោងនេះ គឺជាការគេចវេះ និងបង្វែររឿង មិនមានឆន្ទៈដោះស្រាយជូនពលរដ្ឋប៉ុណ្ណោះ៖ « ការបកស្រាយរបស់អាជ្ញាធរ និងក្រុមហ៊ុន ពួកខ្ញុំចង់ដឹងចេះ គាត់ឆ្លើយចេះ គាត់បង្វែរសំណួរពួកខ្ញុំរហូត ចង់ពួកខ្ញុំត្រូវតែដើរចេញ »។
ពលរដ្ឋរូបនេះបញ្ជាក់ថា ពលរដ្ឋខកចិត្តចំពោះអាជ្ញាធរ និងក្រុមហ៊ុនដែលមិនព្រមផ្ដល់ព័ត៌មានពីគម្រោងនេះ ព្រោះពលរដ្ឋ គឺគ្រាន់តែសុំឲ្យក្រុមហ៊ុនបកស្រាយឲ្យច្បាស់ពីគម្រោងអភិវឌ្ឍន៍របស់ខ្លួន ថាមានគម្រោងអ្វីខ្លះ? តើទីតាំងជាក់លាក់នៅកន្លែងណា? ហើយថា តើមានគ្រួសារប៉ុន្មានដែលនឹងរងផលប៉ះពាល់ពីគម្រោងនោះ?
ឆ្លើយតបនឹងបញ្ហានេះ អភិបាលរងខណ្ឌមានជ័យ ដែលចូលរួមកិច្ចប្រជុំនោះ លោក ឡុង ង៉ែត មានប្រសាសន៍ថា លោកសោកស្ដាយនៅពេលពលរដ្ឋនាំគ្នាដើរចេញពីកិច្ចប្រជុំនេះ ប៉ុន្តែលោកថា មូលហេតុដែលអាជ្ញាធរ និងក្រុមហ៊ុនស្នើឲ្យពលរដ្ឋយកឯកសារបញ្ជាក់ដីធ្លី មកចុះបញ្ជីនៅទីស្នាក់ការក្រុមហ៊ុន និងខាងខណ្ឌនៅពេលនេះ គឺដើម្បីបង្កលក្ខណៈងាយស្រួលដល់អាជ្ញាធរ ដើម្បីចង់ដឹងពីចំនួនគ្រួសារអ្នករស់នៅទីនោះ បន្ទាប់មកនឹងចុះទៅពិនិត្យដល់ទីតាំងរបស់ពលរដ្ឋរស់នៅផ្ទាល់។ អាជ្ញាធរមិនអាចបញ្ជាក់ពីទំហំប៉ះពាល់ដល់ពលរដ្ឋប៉ុន្មានគ្រួសារនៅឡើយ ដរាបណាពលរដ្ឋមិនបានផ្តល់ឯកសារបញ្ជាក់ដីធ្លីរបស់ខ្លួន៖ « យើងបានកំណត់ថា ទីមួយឲ្យគាត់យកឯកសារក្បាលដីដែលបានហ្វូតូកូពី ( ថតចម្លង ) របស់គាត់ទៅដាក់នៅក្រុមហ៊ុន ហើយយកទៅបញ្ជាក់សាលាខណ្ឌ បានពួកយើងចុះទៅវាស់វែង »។
ទន្ទឹមគ្នានេះ តំណាងក្រុមហ៊ុន អាយ.អិន.ជី លោក កែវ សូថា ឆ្លើយតបថា ក្រុមហ៊ុនមិនមានកាតព្វកិច្ចដោះស្រាយបញ្ហានេះ ហើយក៏មិនអាចបកស្រាយយ៉ាងណាពីគម្រោងនេះឡើយ។ លោកថា ការដោះស្រាយ ឬផ្ដល់ព័ត៌មានយ៉ាងណា គឺជាកាតព្វកិច្ចរបស់សាលាក្រុងភ្នំពេញ ប៉ុន្តែតំណាងក្រុមហ៊ុនរូបនេះ ស្នើឲ្យពលរដ្ឋគួរតែអនុវត្តតាមការស្នើសុំរបស់អាជ្ញាធរខណ្ឌ៖ « សូមឲ្យគាត់ដាក់ឯកសារមក ចាំខាងខ្ញុំសហការជាមួយខាងខណ្ឌ និងសាលាក្រុង ដើម្បីទទួលស្គាល់ទីតាំងគាត់នៅកន្លែងណា ទីតាំងនិងទំហំដីគ្រួសារគាត់ប៉ុន្មាន »។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ឡុង ឌីម៉ង់ ក៏មិនអាចបញ្ជាក់ពីទំហំប៉ះពាល់គ្រួសារពលរដ្ឋប៉ុន្មាននៅឡើយពីគម្រោងនេះ ប៉ុន្តែលោកថា មន្ត្រីជំនាញនឹងសិក្សាពីផលប៉ះពាល់នេះ បើមានលិខិតផ្លូវការពីក្រុមពលរដ្ឋដែលបញ្ជាក់ពីខណ្ឌ។
ចំណែកឯនាយកលេខាធិការដ្ឋាននៃក្រុមការងារពិសេសសិទ្ធិលំនៅឋាន លោក សៀ ភារម្យ ឲ្យដឹងថា តាមទិន្នន័យដែលលោកទទួលបានកាលពីឆ្នាំ២០១១ កន្លងទៅ រដ្ឋាភិបាលបានផ្តល់ឲ្យក្រុមហ៊ុន អាយ.អិន.ជី អភិវឌ្ឍនៅតំបន់បឹងទំពុន ប្រមាណជាង ២.០០០ហិកតារ ដែលនឹងប៉ះពាល់ជិត ១.០០០គ្រួសារ។ លោក សៀ ភារម្យ ស្នើឲ្យរដ្ឋាភិបាល គួរតែផ្តល់ព័ត៌មានជាក់លាក់ណាមួយជុំវិញគម្រោងនេះជូនពលរដ្ឋ៖ « ក្រុមហ៊ុន និងរដ្ឋាភិបាល គួរតែរៀបចំ និងដោះស្រាយតាមអ្វីដែលប្រជាពលរដ្ឋចង់បានទៅ ដូច្នេះហើយ ប្រជាពលរដ្ឋនឹងមិនជម្លោះដីធ្លីណាមួយជាមួយរដ្ឋាភិបាលនោះឡើយ »។
ប្រជាពលរដ្ឋអះអាងថា ពួកគាត់ជាង ៣០០គ្រួសារ បានរស់នៅតំបន់បឹងទំពុន និងបឹងជើងឯក ចាប់តាំងពីឆ្នាំ១៩៧៩ មកម្ល៉េះ។ ពលរដ្ឋមិនចង់បានសំណងដែលជាថ្នូរដោះដូរនឹងការបណ្ដេញចេញនោះឡើយ គឺនៅតែប្រកាន់ជំហរបន្តតវ៉ារហូតមានការបកស្រាយ និងផ្តល់ព័ត៌មានច្បាស់លាស់ណាមួយពីអាជ្ញាធរ និងក្រុមហ៊ុន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
