ប្រជាពលរដ្ឋប្រមាណ ១០០នាក់ក្នុងចំណោម ៣០០គ្រួសារ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា នាំគ្នាតវ៉ានៅមុខសាលាខេត្ត ដើម្បីឲ្យអាជ្ញាធរដោះស្រាយបញ្ឈប់ការទន្ទ្រានព្រៃសហគមន៍យកដីធ្វើជាកម្មសិទ្ធិ និងបែងចែកដីមួយចំនួនឲ្យប្រជាពលរដ្ឋក្រីក្រយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារប្រចាំថ្ងៃ។
ក្រុមអ្នកតវ៉ាក្មេងចាស់ប្រុសស្រី ខ្លះធ្វើដំណើរដោយម៉ូតូផ្ទាល់ខ្លួន និងខ្លះទៀតធ្វើដំណើរដោយរថយន្តឈ្នួលចំណុះ ១៥នាក់ មកពីស្រុករុក្ខគិរី ឡើងមកតវ៉ានៅមុខសាលាខេត្តបាត់ដំបង ដើម្បីឲ្យអាជ្ញាធរទប់ស្កាត់មន្ត្រីមានអំណាចកាប់រានដីព្រៃសហគមន៍។
ប្រជាពលរដ្ឋអះអាងថា ពួកគេធ្វើដំណើរចេញពីស្រុករុក្ខគិរី ប្រមាណ ២៥០នាក់ តែត្រូវបានសមត្ថកិច្ចរារាំងតាមដងផ្លូវជាបន្តបន្ទាប់ ធ្វើឲ្យអ្នកតវ៉ាមួយចំនួនមិនអាចធ្វើដំណើរទៅដល់សាលាខេត្តបាត់ដំបង បាននោះទេ។
ក្រុមអ្នកតវ៉ា ថ្លែងនៅសួននាគមុខសាលាខេត្តបាត់ដំបង ជាទីកន្លែងពួកគាត់ប្រមូលផ្ដុំគ្នា នៅថ្ងៃទី៣០ វិច្ឆិកា ថា មូលហេតុដែលពួកគាត់នាំគ្នាតវ៉ានេះ ដើម្បីស្នើឲ្យអភិបាលខេត្តបាត់ដំបង ដោះស្រាយបញ្ឈប់ការរុករានដីព្រៃសហគមន៍ព្រៃត្រឡាច យកដីធ្វើជាកម្មសិទ្ធិពីសំណាក់មន្ត្រីមានអំណាចមួយចំនួននៅស្រុករុក្ខគិរី រួមមានមន្ត្រីប៉ូលិស ទាហាន និងក្រុមប្រឹក្សាស្រុក ជាដើម។
ប្រជាពលរដ្ឋ ស្នើឲ្យអាជ្ញាធរបែងចែកដីសហគមន៍មួយចំនួន ដើម្បីយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារ។ អ្នកភូមិបញ្ជាក់ថា ពួកគាត់បានតវ៉ាជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ មិនបានដោះស្រាយឲ្យពួកគាត់នោះទេ៖ «ពួកយើងខ្ញុំជាប្រជាពលរដ្ឋក្រីក្រទេ ហើយស្នើអាជ្ញាធរដោះស្រាយតាមការទាមទារនេះផង។ ដីនៅសេសសល់តែបន្តិចបន្តួច ប្រសិនបើអាជ្ញាធរមិនប្រគល់ឲ្យពួកយើងខ្ញុំទេ មន្ត្រីមានអំណាចនៅស្រុករុក្ខគិរី នឹងនាំគ្នាទន្ទ្រានយកដីនោះអស់ហើយ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងអភិបាលខេត្តបាត់ដំបង និងអភិបាលស្រុករុក្ខគិរី ដើម្បីអត្ថាធិប្បាយជុំវិញការស្នើសុំរបស់ប្រជាពលរដ្ឋនេះបានទេ នៅថ្ងៃទី៣០ វិច្ឆិកា។
ប្រជាពលរដ្ឋអះអាងថា អភិបាលខេត្តបាត់ដំបង លោក ចាន់ សុផល មានប្រសាសន៍ប្រាប់តំណាងប្រជាពលរដ្ឋចំនួន ៣នាក់ ដែលបានចូលជួបពិភាក្សានៅក្នុងសាលប្រជុំសាលាខេត្តថា អាជ្ញាធរខេត្តនឹងប្រមូលដីព្រៃសហគមន៍ព្រៃត្រឡាច ដែលប្រជាពលរដ្ឋអះអាងថា មន្ត្រីមួយចំនួននៃស្រុករុក្ខគិរី បានកាន់កាប់ដោយខុសច្បាប់មកវិញ ទុកជាសម្បត្តិរដ្ឋទាំងអស់ ប៉ុន្តែអាជ្ញាធរពុំបែងចែកដីនោះតាមការស្នើសុំរបស់ប្រជាពលរដ្ឋនោះទេ។
មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋនេះ គឺជារឿងត្រឹមត្រូវ ព្រោះដីព្រៃសហគមន៍ព្រៃត្រឡាច ត្រូវបានមន្ត្រីមានអំណាចមួយចំនួននៅស្រុករុក្ខគិរី ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិបាន រីឯប្រជាពលរដ្ឋត្រូវបានអាជ្ញាធរហាមឃាត់ទៅវិញ៖ «ខ្ញុំសូមបញ្ជាក់ហើយបញ្ជាក់ទៀតថា សូមកុំជឿរបាយការណ៍លាបពណ៌គ្នា ថាមានគណបក្សនយោបាយនៅពីក្រោយខ្នងនោះ។ សំខាន់គឺអាជ្ញាធរត្រូវពិនិត្យមើលការទាមទាររបស់ប្រជាពលរដ្ឋ ទើបអាចដោះស្រាយបាន»។
សហគមន៍ព្រៃត្រឡាចមានផ្ទៃដី ១.៣៣២ហិកតារ ក្នុងនោះដីព្រៃប្រមាណ ៥០០ហិកតារ ត្រូវបានមន្ត្រីមានអំណាចមួយចំនួននៅស្រុករុក្ខគិរី ទន្ទ្រានយកដីធ្វើជាកម្មសិទ្ធិ។ កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បានដឹកនាំសមត្ថកិច្ចប្រមាណ ២០នាក់ ចុះរុះរើ និងដុតផ្ទះសម្បែង និងរោងស្នាក់នៅរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ព្រៃត្រឡាច អស់ជាង ៤០ខ្នង។ ក្រុមប្រជាពលរដ្ឋ ប្រតិកម្មភ្លាមៗទៅនឹងការរុះរើផ្ទះសម្បែងពីសំណាក់សមត្ថកិច្ចជំនាញនេះ។
ក្រុមអ្នកតវ៉ា បានវិលត្រឡប់ទៅផ្ទះវិញនៅរសៀលថ្ងៃដដែល ដោយមិនពេញចិត្តនឹងការដោះស្រាយរបស់អាជ្ញាធរខេត្តនោះឡើយ។ ប្រជាពលរដ្ឋព្រមានថា នឹងនាំគ្នាតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
