ប្រជាពលរដ្ឋជាច្រើននៅភូមិព្រែកថ្លឹង ខណ្ឌដង្កោ ចេញតវ៉ាមិនយល់ព្រមលក់ដីសហគមន៍របស់ពួកគាត់ ទៅឲ្យក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង (ING Holding) នោះទេ ខណៈដែលមានពលរដ្ឋមួយក្រុមទៀតផ្ដិតមេដៃយល់ព្រម។ ពលរដ្ឋតវ៉ា ចោទមេភូមិ និងតំណាងក្រុមហ៊ុនថា កំពុងធ្វើព្យុះភ្លៀងនៅក្នុងរឿងនេះ។ ផ្ទុយពីនេះ លោកមេភូមិព្រែកថ្លឹង ចេញមុខបដិសេធចំពោះការចោទប្រកាន់។
ប្រជាពលរដ្ឋនៅភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ រៀបរាប់ថា ដំបូងឡើយដីសហគមន៍របស់ពួកគាត់ គឺមានចំនួន ៥៨ហិកតារ ប៉ុន្តែលក់ទៅឲ្យក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង អស់ចំនួន ៤៤ហិកតារ ដោយបានចែកលុយគ្នារួចរាល់ហើយ។ ចំណែកដីសហគមន៍នៅសល់ប្រហែល ១៤ហិកតារទៀត គឺប្រជាជនក្នុងភូមិ ពុំទាន់សម្រេចលក់ទៅឲ្យក្រុមហ៊ុនមួយនេះទៀតនោះទេ ប៉ុន្តែបែរជាក្រុមហ៊ុនចូលកាន់កាប់ដោយមិនផ្តល់លុយក្នុងតម្លៃសមរម្យ។
លោក មាស សុភាព តំណាងប្រជាជនប្រមាណ ៣០០គ្រួសារ ដែលតវ៉ាទាមទារដី ១៤ហិកតារនៅថ្ងៃទី៥ ខែសីហា នេះ ប្ដេជ្ញាថា ពួកគាត់មិនទទួលយកលុយ ហើយនឹងនៅតែទាមទារសិទ្ធិកាន់កាប់ដីនេះឡើងវិញ បើទោះបីជាមានប្រជាពលរដ្ឋចំនួន ៧០គ្រួសារ ទៅ ៨០គ្រួសារទៀត យល់ព្រមទទួលយកការឧបត្ថម្ភប្រាក់គោលនយោបាយដោះស្រាយបញ្ចប់ទំនាស់លើផ្ទៃដីនៅភូមិព្រែកថ្លឹង ទំហំប្រហែល ១៤ហិកតារ ស្មើនឹងទឹកប្រាក់សរុបចំនួន ៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក៏ដោយ៖ «ដូច្នេះអ្វីដែលយើងលក់ហើយ គឺយើងមិនបានទាមទារទេ ពោលគឺយើងទាមទារដី ១៤ហិកតារដែលមិនទាន់បានលុយហ្នឹង។ ១៤ហិកតារដែលយើងទាមទារ គឺមិនដែលរំលងអាជ្ញាធរដែនដីទេ ដោយមានការចូលរួមអំពីភូមិ សង្កាត់ និងបានផ្ដិតមេដៃទាមទារបាន ៣០០ជាងគ្រួសារ ក្នុងចំណោមអ្នកភូមិសរុបប្រហែល ៤២គ្រួសារ»។
វិទ្យុអាស៊ីសេរី មិនអាចសុំការបំភ្លឺពីតំណាងក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង បានទេនៅថ្ងៃទី៥ ខែសីហា។
តំណាងឲ្យពលរដ្ឋតវ៉ាដដែលបន្តថា ស្របពេលដែលពួកគាត់កំពុងតវ៉ាទាមទារដីមកកាន់កាប់វិញនោះ គឺមេភូមិ លោក ហ៊ុល ហេង ដែលត្រូវបានអ្នកភូមិព្រែកថ្លឹង ជ្រើសតាំងជាប្រធានក្រុមប្រឹក្សារបស់ប្រជាជននោះ បែរជាយល់ព្រមទទួលយកលុយ ៥០ម៉ឺនដុល្លារពីក្រុមហ៊ុន ដោយពុំទាន់មានការឯកភាពពីប្រជាពលរដ្ឋ ៣០០គ្រួសារទៀតនោះទេ និងដើរធ្វើព្យុះភ្លៀងក្នុងភូមិជាមួយតំណាងក្រុមហ៊ុនទៀតផង ដើម្បីបញ្ចុះបញ្ចូលឲ្យពលរដ្ឋដទៃទៀត ផ្ដិតមេដៃយល់ព្រម៖ «អ្វីដែលសង្កត់ធ្ងន់ខ្លាំងនោះ បើលុយ ៥០ម៉ឺនដុល្លារ គ្រោងធ្លាក់មកយូរហើយ ម្ដេចក៏មេភូមិមិនរាយការណ៍ប្រាប់ពួកខ្ញុំឲ្យរកដំណោះស្រាយ ថាមានលុយហ្នឹង ហើយតើពលរដ្ឋក្នុងភូមិទាំងអស់ស្រុះស្រួលទទួលយកបានឬក៏អត់»។
ឆ្លើយតបចំពោះបញ្ហានេះ មេភូមិព្រែកថ្លឹង លោក ហ៊ុល ហេង លើកឡើងថា ដើមឡើយ ដីសហគមន៍នេះ គឺអ្នកភូមិបានលក់ទៅឲ្យមនុស្ស ៤នាក់ផ្សេងទៀតកាលពីឆ្នាំ២០០៤ ប៉ុន្តែខ្វះលុយបង្គ្រប់ ក៏បង្កក្លាយជាទំនាស់តវ៉ារហូតឈានដល់ប្ដឹងទៅតុលាការ។ លុះក្រោយមក ក្រុមហ៊ុន អាយ.អិន.ជី ហូលឌីង ក៏ចេញមុខទិញតពីភាគីមុន ហើយសម្របសម្រួលផ្តល់ប្រាក់ ៥០ម៉ឺនដុល្លារនេះបន្ថែម ដើម្បីបញ្ចប់បញ្ហា៖ «តាមពិត គឺក្រុមហ៊ុនគេទិញស្របច្បាប់របស់គេ ហើយឥឡូវនេះ គឺក្រុមហ៊ុនកំពុងតែផ្សះផ្សាកុំឲ្យមានបញ្ហាច្របូកច្របល់អ៊ីចឹងទៀត។ ឥឡូវនេះ អ្នកភូមិជាង ២០០នាក់ ជិត ៣០០នាក់ ហើយគេយល់ព្រមទទួលយកលុយហ្នឹង តែ ១០០នាក់ជាងទៀតហ្នឹង គឺគេអត់យកទេ»។
យ៉ាងណាក៏ដោយ ក្រុមអ្នកតវ៉ាច្រានចោលចំពោះការឆ្លើយតបរបស់មេភូមិរូបនេះ ដោយអះអាងថា ពលរដ្ឋដែលយល់ព្រមផ្ដិតមេដៃទទួលយកលុយនោះ គឺក្រុមភាគតិច បើធៀបនឹងចំនួនអ្នកភូមិសរុបជាង ៤២០គ្រួសារ និងដាក់ការសង្ស័យថា លោកមេភូមិកំពុងតែត្រូវដងត្រូវផ្លែជាមួយភាគីក្រុមហ៊ុន។ ក្រុមអ្នកតវ៉ាទាំងនេះ ក៏ព្រមានដែរ ថាបើអាជ្ញាធរមូលដ្ឋានមិនដោះស្រាយបញ្ហានេះឲ្យសមស្របទេ នោះគឺពួកគាត់នឹងឡើងមកតវ៉ាសុំអន្តរាគមន៍ពីស្ថាប័នកំពូលៗរបស់ជាតិទៀតផង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
