ហេតុ​អ្វី​ពលរដ្ឋ​មាន​ជម្លោះ​ដី​ជាមួយ​ក្រុមហ៊ុន​នៅ​កំពង់ស្ពឺ​ទារ​សំណង​ពី​ធនាគារ​ANZ?

0:00 / 0:00

ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ រាប់​រយ​គ្រួសារ​ដែល​បាត់បង់​ដី​ចំការ លំនៅឋាន និង​ព្រៃ​សហគមន៍​ដោយសារ​ចំការ​អំពៅ​របស់​ក្រុមហ៊ុន បាន​នាំ​គ្នា​ប្តឹង​ទាមទារ​សំណង​ពី​ធនាគារ​របស់​ប្រទេស​អូស្រ្តាលី​មួយ ដែល​បាន​រក​ស៊ី​រួម​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្ករស ភ្នំពេញ របស់​សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​ប្រជាជន​កម្ពុជា មួយ​រូប។

ប្រធាន​អង្គការ​សមធម៌​កម្ពុជា លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ធនាគារ អេ.អិន.ហ្សិត (ANZ) របស់​ប្រទេស​អូស្ត្រាលី មាន​កាតព្វកិច្ច​សង​លុយ​ចំណេញ​របស់​ខ្លួន​ដែល​បាន​រក​ស៊ី​ហ៊ុន​គ្នា​ជាមួយ​ក្រុមហ៊ុន​ស្ករស របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ មក​ឲ្យ​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ជាង ៦០០​គ្រួសារ​វិញ៖ «អេ.អិន.ហ្សិត បាន​ន័យ​ថា រក​ស៊ី​ចំណេញ​ពី​របរ​មិន​ស្អាតស្អំ បាន​ន័យ​ថា ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ ទៅ​ទទួល​ការ​ចោទ​ប្រកាន់​ពី​ប្រជាពលរដ្ឋ​ថា​បាន​រឹបអូស​ដីធ្លី កាប់​បំផ្លាញ​ព្រៃឈើ និង​មាន​ការ​បង្ក​អំពើ​ហិង្សា​ជា​ច្រើន​ដល់​ប្រជាពលរដ្ឋ។ អ៊ីចឹង​ក្នុង​គំនិត​របស់​អ្នក​រង​គ្រោះ​យល់​ឃើញ​ថា ធនាគារ អេ.អិន.ហ្សិត ទទួល​ប្រាក់​ចំណេញ​ចេញ​ពី​កម្លាំង​ញើសឈាម​របស់​គាត់។ អ៊ីចឹង​ប្រជាពលរដ្ឋ​ប្តឹង​ឲ្យ​ធនាគារ អេ.អិន.ហ្សិត ផ្តល់​ចំណេញ​ដែល​ខ្លួន​ទទួល​បាន​មក​ឲ្យ​ប្រជាពលរដ្ឋ​វិញ»

លោក​បន្ត​ថា ធនាគារ អេ.អិន.ហ្សិត កាល​ពី​ឆ្នាំ​២០១០ បាន​ផ្តល់​ប្រាក់​កម្ចី​ជាង ៥០​លាន​ដុល្លារ​សហរដ្ឋអាមេរិក ឲ្យ​ក្រុមហ៊ុន​ស្ករស ភ្នំពេញ ឬ​ហៅ​ថា ភ្នំពេញ ស៊ូហ្គើរ (Phnom Penh Sugar) របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​ពី​ខាង​គណបក្ស​កាន់​អំណាច ហើយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ បាន​ផ្តល់​ការ​ប្រាក់​ជា​ច្រើន​ដល់​ធនាគារ​មួយ​នេះ​វិញ។

លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា បាន​ទទួល​សិទ្ធិ​អនុញ្ញាត​ពី​រដ្ឋាភិបាល​កម្ពុជា លើ​ការ​អភិវឌ្ឍ​ដី​សម្បទាន​សេដ្ឋកិច្ច​ដាំ​អំពៅ​ចំនួន ៩​ពាន់​ហិកតារ នៅ​ស្រុក​ថ្ពង ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ឆ្នាំ​២០១០។

ស្រប​ពេល​ជាមួយ​គ្នា​នេះ ក្រុមហ៊ុន​កំពង់ស្ពឺ ស៊ូហ្គើរ របស់​អ្នកស្រី គឹម ហៀង ភរិយា​របស់​លោក លី យ៉ុងផាត់ ក៏​បាន​ទទួល​ដី​សម្បទាន​សេដ្ឋកិច្ច​ចំនួន​ជាង ៩​ពាន់​ហិកតារ នៅ​ស្រុក​ឱរ៉ាល់ និង​ផ្ទៃ​ដី​អភិវឌ្ឍន៍​សត្វ​ព្រៃ​ចំនួន ៤.៧០០​ហិកតារ​បន្ថែម​ទៀត។ បច្ចុប្បន្ន ក្រុមហ៊ុន​ប្តី​ប្រពន្ធ​មួយ​នេះ​មាន​ផ្ទៃ​ដី​សរុប​ចំនួន ២​ម៉ឺន ៣​ពាន់​ហិកតារ ដែល​ជា​ទំហំ​លើស​ពី​ច្បាប់​អនុញ្ញាត។

លោក អៀង វុទ្ធី មាន​ប្រសាសន៍​ថា ពលរដ្ឋ​ជាង ៦៨១​គ្រួសារ​នាំ​គ្នា​ទាមទារ​ឲ្យ​ធនាគារ អេ.អិន.ហ្សិត សង​ប្រាក់​ជាង ១១​លាន​ដុល្លារ ដែល​ពួកគេ​បាន​បាត់បង់ ដូចជា​ចំណូល​ប្រចាំ​ថ្ងៃ ដី​ស្រែ​ចំការ និង​ព្រៃឈើ៖ «នៅ​ក្នុង​ចំនួន​គ្រួសារ​ដែល​គាត់​ធ្វើការ​ប្តឹងផ្តល់ ដែល​គាត់​ថា​បាត់បង់ យើង​ធ្វើ​ការ​គណនា​ទៅ​ឃើញ​ថា គាត់​បាត់បង់​ទាំង​ជាង ៦០០​គ្រួសារ​ហ្នឹង ប្រហែល​ជាង ១០​លាន​ដុល្លារ​នៅ​ក្នុង​តម្លៃ​ដែល​គាត់​បាត់បង់​ទាំង​ដី និង​ចំណូល គាត់​រក​ចូល​បាន​ក្នុង​មួយ​ឆ្នាំៗ​ហ្នឹង។ នេះ​គឺ​ជា​ចំនួន​មធ្យមភាគ​ដែល​គាត់​បាន​បាត់បង់​ហ្នឹង​ទៅ​នឹង​រយៈពេល​កន្លង​ទៅ ហើយ​ក្នុង​ហ្នឹង​យើង​សង្ឃឹម​ថា ក្រុមហ៊ុន​និង​ធនាគារ នឹង​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ចំនួន​និង​ចំណែក​ដែល​ខ្លួន​វិនិយោគ»

វិទ្យុ​អាស៊ីសេរី​មិន​អាច​សុំ​សេចក្តី​អត្ថាធិប្បាយ​ពី​ធនាគារ អេ.អិន.ហ្សិត បាន​ទេ ប៉ុន្តែ​បាន​ទទួល​លិខិត​ឆ្លើយ​តប​របស់​ធនាគារ​មួយ​នេះ​ទៅ​នឹង​បណ្តឹង​របស់​ប្រជាពលរដ្ឋ​វិញ​ថា ក្រុមហ៊ុន​ភ្នំពេញ ស៊ូហ្គើរ លែង​ជា​អតិថិជន​របស់​ធនាគារ​មួយ​នេះ​ចាប់​តាំង​ពី​ខែ​កក្កដា មក​ម៉្លេះ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ប៊ែន វ័គឃើ (Ben Walker) តំណាង​ធនាគារ អេ.អិន.ហ្សិត អះអាង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​របស់​លោក​ថា ធនាគារ​របស់​លោក​មិន​បាន​ជាប់​ពាក់ព័ន្ធ​នឹង​ទំនាស់​ដីធ្លី​រវាង​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ និង​ប្រជាពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ​ឡើយ ដោយសារ​ធនាគារ​នេះ​គ្រាន់តែ​ឲ្យ​កម្ចី​តែ​ទៅ​លើ​ការងារ​សាងសង់​រោងចក្រ​ស្ករស​ប៉ុណ្ណោះ។

លិខិត​របស់​លោក ប៊ែន វ័គឃើ បន្ត​ថា ធនាគារ អេ.អិន.ហ្សិត ក៏​មិន​បាន​ផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ទទួល​បាន​ដី​សម្បទាន ឬ​សម្រាប់​ការងារ​ដំណាំ ចំការ និង​ក៏​មិន​ធ្លាប់​មាន​ទំនាក់ទំនង​សេវា​ធនាគារ​ណា​មួយ​ជាមួយ​ក្រុមហ៊ុន កំពង់ស្ពឺ ស៊ូហ្គើរ នោះ​ដែរ។

ទោះ​បី​ជា​យ៉ាង​ណា​ក៏ដោយ លោក ចាន់ សុវ៉េត អ្នក​ស៊ើប​អង្កេត​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស អាដហុក (ADHOC) មាន​ប្រសាសន៍​ថា ធនាគារ អេ.អិន.ហ្សិត អេ.អិន.ហ្សិត ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​រក​ស៊ី​របស់​ខ្លួន​ជាមួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ ដោយសារ​ធនាគារ​មួយ​នេះ​មិន​បាន​សិក្សា​ឲ្យ​ស៊ី​ជម្រៅ​ទៅ​លើ​ការ​គោរព​សិទ្ធិ​មនុស្ស និង​បរិស្ថាន​ដែល​ក្រុមហ៊ុន ភ្នំពេញ ស៊ូហ្គើរ និង កំពង់ស្ពឺ ស៊ូហ្គើរ កំពុង​បំពាន។

លោក ចាន់ សុវ៉េត ជំរុញ​ឲ្យ​ធនាគារ អេ.អិន.ហ្សិត គួរ​ដក​ចេញ​ពី​ប្រទេស​កម្ពុជា ដោយសារ​ខ្លួន​បាន​សមគំនិត​ក្នុង​ការ​រំលោភ​លើ​កាតព្វកិច្ច​សិទ្ធិ​មនុស្ស៖ «សម្តី​អ្នក​ចាត់ការ​របស់​ធនាគារ អេ.អិន.ហ្សិត រ៉ូយ៉ាល់ នេះ​មើល​ទៅ​ដូច​ជាអត់​មាន​ការ​ទទួល​ខុស​ត្រូវ​សម្រាប់​កាតព្វកិច្ច​សិទ្ធិ​មនុស្ស​ទេ ហើយ​បើ​សិន​ជា​ការ​រក​ស៊ី​ដោយ​អត់​មាន​ការ​គោរព​កាតព្វកិច្ច​សិទ្ធិ​មនុស្ស អ៊ីចឹង​យើង​ខ្ញុំ​ក៏​សូម​អំពាវនាវ​ដែរ គិត​ថា​ធនាគារ​នេះ​មិន​គប្បី​ឲ្យ​មាន​នៅ​ក្នុង​ស្រុក​យើង ប្រសិនបើ​គាត់​អត់​ទទួល​ខុស​ត្រូវ។ គាត់​ត្រូវ​តែ​ទទួល​ខុសត្រូវ គាត់​ត្រូវតែ​មាន​ការ​ចូលរួម​ចំណែក​ដើម្បី​ជំរុញ​ឲ្យ​ ក្រុមហ៊ុន​រក​មធ្យោបាយ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ ឬ​ប្រគល់​ដី​ហ្នឹង​ជូន​ប្រជាពលរដ្ឋ​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ជា​ម្ចាស់​លើ​ដី​ហ្នឹង​វិញ​ទៅ ដើម្បី​ចូលរួម​ចំណែក​ជាមួយ​ក្រុមហ៊ុន អាហ្នឹង​ខ្ញុំ​គិត​ថា វា​ល្អ​ប្រសើរ។ តែ​ផ្ទុយ​ទៅ​វិញ ពួកគេ​បាន​យក​ប្រជាជន​ដែល​បាត់បង់​ដីធ្លី​ហ្នឹង​ធ្វើ​ជា​កម្មករ​តាំង​ពី​កូន​រហូត​ដល់​ចៅ​នោះ»

លោក ចាន់ សុវ៉េត បន្ត​ថា ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា លី យ៉ុងផាត់ ជា​ក្រុមហ៊ុន​ខុស​ច្បាប់ ដោយសារ​ក្រុមហ៊ុន​នេះ​បាន​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដូចជា​ការ​រំលោភ​យក​ដីធ្លី ផ្ទះសម្បែង​របស់​ពលរដ្ឋ ការ​ប្រើ​គ្រឿង​ចក្រ​ឈូសឆាយ​ផល​ដំណាំ​របស់​ពលរដ្ឋ ការ​ចាប់​អ្នក​ភូមិ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​រឿង​ដីធ្លី​ដាក់​គុក និង​ការ​ប្រើប្រាស់​កងកម្លាំង​ប្រដាប់អាវុធ​ក្នុង​ការ​គំរាមកំហែង​ជាដើម។

ផ្ទុយ​ពី​ការ​ធ្លាប់​អះអាង​របស់​លោក លី យ៉ុងផាត់ ក្នុង​ការ​វិនិយោគ​ដំា​ដំណាំ​អំពៅ​ធ្វើ​ស្ករស​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់​នៅ​របស់​ប្រជាពលរដ្ឋ​នោះ លោក ចាន់ សុវ៉េត បញ្ជាក់​ថា ពលរដ្ឋ​ស្រុក​ថ្ពង និង​ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ កំពុង​ក្លាយ​ជា​ទាសករ​របស់​ចំការ​អំពៅ និង​មាន​ការ​ធ្វើ​ចំណាក​ស្រុក​កាន់​តែខ្លាំង៖ «អ្វី​ដែល​ជា​ភាព​ជាក់ស្តែង​ដែល​ខ្ញុំ​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​តាំង​ពី​ឆ្នាំ​២០០៩ ឆ្នាំ​២០១០ នៅ​ក្នុង​តំបន់​រស់​នៅ​របស់​ប្រជាជន​ជាង ៦០០​គ្រួសារ​នោះ កាល​ពី​ក្រុមហ៊ុន​មិន​ទាន់​ទៅ​ដាក់ គាត់​មិន​ដែល​ទៅ​ហា​មាត់​មួយ​ម៉ាត់​ទៅ​សុំ​អង្ករ ឬ​ទៅ​សុំ​ការ​ជ្រកកោន​ពី​រដ្ឋាភិបាល​ណា​ម្នាក់​ទេ​បាទ! ហើយ​រហូត​មក​ដល់​ដំណាក់កាល​ដែល​ក្រុមហ៊ុន​បាន​បណ្តាក់​ទុន​ចូល​ទៅ​ក្នុង​តំបន់​ហ្នឹង​ភ្លាម អ្វីៗ​ត្រូវ​ខាត​បង់​ទាំង​អស់ ទាំង​ពី​ព្រៃ​ឈើ ធនធាន​ធម្មជាតិ ទាំង​ពី​ការ​រក​ស៊ី​ប្រចាំ​ថ្ងៃ។ ពួកគាត់​បាន​ធ្វើ​ចំណាក​ស្រុក​ចេញ​ពី​ភូមិ​មិន​តិច​គ្នា​ទេ ក្នុង​មួយ​គ្រួសារៗ​យ៉ាង​ហោច​ក៏​មាន​ម្នាក់​ទៅ​ពីរ​នាក់​ដែរ។ អ៊ីចឹង​ខ្ញុំ​សួរ​ថា តើ​វា​មាន​លទ្ធភាព​ល្អ​ដែរ ឬ​អត់?»

លោក​ផ្តល់​អនុសាសន៍​ថា ដើម្បី​ឲ្យ​ជីវភាព​របស់​ពលរដ្ឋ​រីក​លូតលាស់​ទៅ​បាន​លុះត្រា​ក្រុមហ៊ុន​គប្បី​ដើរ​តួ​ជា​អ្នក​ផ្តល់​ដើម​ទុន​ឲ្យ​ពលរដ្ឋ​ដាំ​អំពៅ ហើយ​ក្រុមហ៊ុន​ជា​អ្នក​ទទួល​ទិញ​ផលិតផល​អំពៅ​វិញ​ម្តង។

របាយការណ៍​របស់​អង្គការ​សមធម៌​កម្ពុជា បង្ហាញ​ថា រហូត​មក​ទល់​ពេល​នេះ មាន​ពលរដ្ឋ​ខេត្ត​កំពង់ស្ពឺ ចំនួន​បួន​នាក់​កំពុង​ជាប់​ពន្ធនាគារ ហើយ​មនុស្ស​ចំនួន ៣៨​នាក់​ផ្សេង​ទៀត កំពុង​ជាប់​បណ្តឹង​នៅ​តុលាការ​ក្នុង​ករណី​តវ៉ា​អំពី​ការ​រំលោភ​យក​ដី​ដើម្បី​ធ្វើ​ចំការ​អំពៅ។ ជាមួយ​គ្នា​នេះ សង្គម​ស៊ីវិល​ក្នុង​ស្រុក​បាន​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​មនុស្ស​ទាំង​នោះ​ឲ្យ​មាន​សេរីភាព​ដោយ​គ្មាន​លក្ខខណ្ឌ និង​លើក​លែង​ការ​ចោទ​ប្រកាន់​អ្នក​ស្រុក​ជា​ច្រើន​ទៀត។

លើស​ពី​នេះ ពួកគេ​ក៏​ទាមទារ​ឲ្យ​ធនាគារ អេ.អិន.ហ្សិត ត្រូវ​សង​ប្រាក់​ចំណេញ​ដែល​ខ្លួន​បាន​រក​ស៊ី​ជាមួយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ មក​ឲ្យ​ពលរដ្ឋ​ដែល​កំពុង​រងគ្រោះ​ពី​ការ​បាត់បង់​ដីធ្លី និង​ចំណូល​ប្រចាំ​ថ្ងៃ ដោយសារ​អំពើ​រំលោភ​សិទ្ធិ​មនុស្ស​របស់​ក្រុមហ៊ុន​ស្ករស ក្រោម​ការ​ឧបត្ថម្ភ​របស់​ធនាគារ​អន្តរជាតិ​មួយ​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។