ប្រជាពលរដ្ឋនៅឃុំតាំងសំរោង ក្នុងស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលមានទំនាស់ដីធ្លីដោយសារសម្បទានសេដ្ឋកិច្ច នៅព្រឹកថ្ងៃទី២ ខែកក្កដា ប្រមូលគ្នាចុះទៅពិនិត្យមើលការអនុវត្តការងាររបស់អាជ្ញាធរ ដែលបានសន្យាថានឹងវាស់វែងដីតាមការទាមទាររបស់ប្រជាពលរដ្ឋ។
ចំណែកអង្គការសង្គមស៊ីវិល ដែលតាមដានករណីវិវាទនេះសង្កេតឃើញថា ការវាស់វែងនេះបានជួបនឹងការចម្រូងចម្រាស ដោយសារក្រុមការងារដែលចុះវាស់វែងនោះ មិនបានធ្វើតាមការចង់បានរបស់ពលរដ្ឋឡើយ។
ប្រជាពលរដ្ឋមកពីភូមិចំនួន៣ គឺភូមិតាំងសំរោង ភូមិស្នងក្រាំង និងភូមិក្រាំងបឹង ប្រមាណ ១០០នាក់ ដែលតំណាងឲ្យប្រជាពលរដ្ឋប្រមាណ ២៥០គ្រួសារ ដែលមានទំនាស់ដីធ្លីទំហំប្រមាណ ៩៥០ហិកតារ ជាមួយក្រុមហ៊ុន ម៉ាស្ទ័រ សម្ដែងការខកចិត្តចំពោះអាជ្ញាធរខេត្តកំពង់ស្ពឺ ដែលមិនបានចាត់វិធានការប្រកបដោយប្រសិទ្ធភាព ដើម្បីដោះស្រាយបញ្ហាទំនាស់ដីធ្លីរបស់ពួកគាត់ ដែលបានអូសបន្លាយអស់រយៈពេល ៤ឆ្នាំមកហើយ។
តំណាងប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី អ្នកស្រី សៅ ពុំ ឲ្យដឹងនៅថ្ងៃទី២ ខែកក្កដា ថា អាជ្ញាធរខេត្តកំពង់ស្ពឺ រួមនឹងក្រុមការងារវាស់វែងដីមួយចំនួនផង ចុះទៅកាន់តំបន់ដែលមានទំនាស់ ដើម្បីរៀបចំការវាស់វែងដី ប៉ុន្តែអ្នកស្រីថា នៅពេលដែលចុះនោះ ក្រុមការងារវាស់វែងមិនទៅវាស់វែងដីត្រង់ទីកន្លែងដែលប្រជាពលរដ្ឋទាមទារនោះឡើយ តែបែរជាទៅវាស់វែងដីស្ទឹង និងដីភូមិទៅវិញ។ អ្នកស្រីថា ប្រការនេះប្រជាពលរដ្ឋមិនអាចទទួលយកបានឡើយ។
អ្នកស្រី សៅ ពុំ បន្តថា អ្វីដែលប្រជាពលរដ្ឋទាមទារនៅពេលនេះ គឺស្នើឲ្យអាជ្ញាធរខេត្តលុបចោលកិច្ចសន្យាផ្តល់ដីសម្បទានសេដ្ឋកិច្ច ទៅឲ្យក្រុមហ៊ុន និងត្រូវវាស់វែងដីសងប្រជាពលរដ្ឋវិញ៖ «ប្រជាជនសុំសំណូមពរឲ្យអភិបាលខេត្តហ្នឹង ដោះស្រាយវាស់វែងដីហ្នឹងជូនប្រជាជនវិញ ចៅហ្វាយខេត្ត គាត់ទទួលយកបានហើយហ្នឹង គាត់ព្រមព្រៀង គាត់ថា សំណើរបស់ប្រជាពលរដ្ឋ គឺសមរម្យអាចទទួលយកទៅដោះស្រាយបាន និងចាត់ចែងកម្លាំងចុះមកឲ្យធ្វើការជូនប្រជាជន ដល់ពេលកម្លាំងចុះមកថ្ងៃនេះ បែរជាទៅធ្វើតាមភូមិតាមឃុំទៅវិញ ឲ្យមកវាស់ដីភូមិ ដីវត្ត ដីស្ទឹង ចុះដីដែលប៉ះពាល់ដែលក្រុមហ៊ុនរំលោភយកទៅរបស់គាត់ គាត់មិនបានអាស្រ័យផល ៤ឆ្នាំហ្នឹង អត់ធ្វើតាម»។
អ្នកស្រី សៅ ពុំ ថ្លែងថា ផ្ទៃដីស្រែចំនួន ៩៥០ហិកតារ ដែលកំពុងមានទំនាស់នេះ ត្រូវបានប្រជាពលរដ្ឋកាន់កាប់បង្កបង្កើនផលតាំងពីឆ្នាំ១៩៨៥ មកម្ល៉េះ ប៉ុន្តែអ្នកស្រីថា នៅចុងឆ្នាំ២០១០ ស្រាប់តែក្រុមហ៊ុនដាក់ត្រាក់ទ័រមកឈូសឆាយដីរបស់ពលរដ្ឋ ដោយមិនបានអនុញ្ញាតឲ្យពលរដ្ឋបានដឹងជាមុនឡើយ។ អ្នកស្រីថា ចាប់តាំងពីពេលនោះមក ពលរដ្ឋបានធ្វើការតវ៉ា និងនាំគ្នាឡើងមកប្តឹងប្តល់ម្តងជាពីរដងនៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរដ្ឋសភា នៅទីស្ដីការគណៈរដ្ឋមន្ត្រី និងក្រសួងពាក់ព័ន្ធ ជាដើម។ តែទោះជាយ៉ាងណា អ្នកស្រីថា រហូតមកទល់ពេលនេះ ពុំឃើញមានដំណោះស្រាយអ្វីឡើយ ហើយចំណែកផ្ទៃដីរបស់ពលរដ្ឋចំនួនជិត ១ពាន់ហិកតារនោះ ក៏ក្រុមហ៊ុនមិនអនុញ្ញាតឲ្យពលរដ្ឋចូលបង្កបង្កើនផលបានដែរ។
វិទ្យុអាស៊ីសេរី នៅមិនទាន់អាចសុំការបំភ្លឺរបស់អភិបាលរងខេត្តកំពង់ស្ពឺ លោក ចាន់ តារា ដែលបានចុះជួបពលរដ្ឋបាននៅឡើយ ដោយសារលោកជាប់រវល់ប្រជុំ។
ជុំវិញបញ្ហានេះ មន្ត្រីអង្កេតទទួលបន្ទុកដីធ្លី និងសិទ្ធិមនុស្សរបស់អង្គការអាដហុក (adhoc) ប្រចាំខេត្តកំពង់ស្ពឺ មានប្រសាសន៍ថា បញ្ហាជម្លោះដីធ្លីនេះបានបណ្ដាលឲ្យមានការប៉ះទង្គិចហិង្សារវាងពលរដ្ឋ និងសន្តិសុខ ដែលការពារដីក្រុមហ៊ុនពីមុនមកហើយ។ លោកថា នៅពេលនេះ ប្រសិនបើអាជ្ញាធរនៅព្រងើយកន្តើយមិនព្រមដោះស្រាយបញ្ហាឲ្យពលរដ្ឋឆាប់រហ័សទេនោះ អំពើហិង្សាអាចកើតឡើងជាថ្មីនៅពេលខាងមុខ៖ «មើលទៅលើប្រជាពលរដ្ឋនៅតំបន់ហ្នឹង មើលទៅហាក់ដូចជា ពួកគាត់ហ្នឹងកំពុងតែមានអារម្មណ៍មួម៉ៅក្តៅក្រហាយយ៉ាងខ្លាំង ដោយសាររឿងហ្នឹង ដោយសារថា គាត់បានដាក់ពាក្យបណ្ដឹងទៅច្រើនស្ថាប័ន ទាំងទៅអាជ្ញាធរជាតិ ទាំងទៅទីស្ដីការគណៈរដ្ឋមន្ត្រី ទៅឯកឧត្តមអភិបាលខេត្ត ប៉ុន្តែវាលទ្ធផល វាអត់ទាន់ឃើញមានចេញជាផ្លែផ្កាអ្វីសោះ អ៊ីចឹងទៅពួកគាត់ហាក់ដូចជាអស់ជំនឿលើអាជ្ញាធរនេះតែម្តង»។
ប្រជាពលរដ្ឋគំរាមថា ពួកគាត់អាចនឹងលើកគ្នាទៅបោះទីតាំង និងសង់ផ្ទះសម្បែងនៅលើដីដែលកំពុងមានទំនាស់នោះ ប្រសិនបើអាជ្ញាធរមិនព្រមដោះស្រាយឲ្យពួកគាត់បានឆាប់រហ័ស។ ពលរដ្ឋក៏គំរាមដែរថា នឹងនាំគ្នាបិទផ្លូវជាតិលេខ៤ ក្នុងពេលដ៏ខ្លីខាងមុខ ប្រសិនបើអាជ្ញាធរបន្តព្រងើយកន្តើយចំពោះបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
