ប្រជាពលរដ្ឋនៅឃុំបន្ទាយស្ទោង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងថា ពួកគេបាត់បង់ដីចម្ការរួមដែលធ្លាប់ធ្វើពីមុនមក ព្រោះតែអាជ្ញាធរឃុំ និងស្រុក នាំគ្នាឃុបឃិតយក។ ទោះជាយ៉ាងណា អាជ្ញាធរឃុំបដិសេធការចោទប្រកាន់នេះ។
ដីជាង ២០ហិកតារនៅភូមិតាមើ ឃុំបន្ទាយស្ទោង ដែលអាជ្ញាធរតែងប្រកាសប្រាប់ប្រជាពលរដ្ឋថា មិនឲ្យរុករាន ប៉ុន្តែថ្មីៗនេះ ពលរដ្ឋបានដឹងច្បាស់ថា ដីទាំងនោះអាជ្ញាធរឃុំ និងស្រុកហាមឃាត់ពលរដ្ឋ គឺដើម្បីទុកសម្រាប់ខ្លួនឯងប៉ុណ្ណោះ។ ការអះអាងនេះ ព្រោះចំណែកដីខ្លះ គឺជាកម្មសិទ្ធិរបស់មេឃុំ និងដីខ្លះទៀតជារបស់មន្ត្រីអាជ្ញាធរស្រុក។
ពលរដ្ឋនៅភូមិតាមើ អ្នកស្រី សាយ ណាត មានប្រសាសន៍ថា ដីនោះដំបូងឡើយជាកម្មសិទ្ធិរួមរបស់ពលរដ្ឋនៅក្នុងភូមិប្រមាណ ៦០គ្រួសារដែលធ្លាប់អាស្រ័យផល និងបញ្ចុះសព ប៉ុន្តែចាប់តាំងពីឆ្នាំ២០០២ អាជ្ញាធរឃុំតែងរារាំងពលរដ្ឋរហូតមកដោយបញ្ជាក់ថា ជាដីរបស់រដ្ឋ។ អ្នកស្រីបន្តថា រហូតដល់ឆ្នាំ២០១៤ និងឆ្នាំ២០១៥ ទើបសកម្មភាពឈូសឆាយដីនោះពីសំណាក់មេឃុំ និងអភិបាលរងស្រុក ចាប់ផ្ដើមផុសចេញរូបរាងច្បាស់ឡើង ហើយពលរដ្ឋតែងតវ៉ាជានិច្ច៖ «២០១៤ គេមកឈូស ហើយប្រជាពលរដ្ឋឃាត់ ហើយដល់ឆ្នាំ២០១៥ ក៏មកឈូសថែមទៀត គេមានទាំងយាមកាមប៉ូលិសប៉េអិម អាក្រាក់ ៧គ្រឿង អាអិចម៉ាគ្រឿង មកឈូសដោយហាមឃាត់ពលរដ្ឋចូល បើពលរដ្ឋចូលគេចាប់ដាក់ខ្នោះ»។
ប្រជាពលរដ្ឋអះអាងថា ដីនោះមានទំហំជាង ២០ហិកតារ ហើយថ្មីៗនេះ អាជ្ញាធរបានបែងចែក ៥ហិកតារទៅឲ្យពលរដ្ឋជិត ៤០គ្រួសារ (៣៩គ្រួសារ) ហើយចំណែកខ្លះបានទៅមេឃុំ ដោយឡែកចំណែកច្រើនជាងគេ គឺបានទៅ លោក ទូច វិចិត្រ ជាអភិបាលរងស្រុកស្ទោង បច្ចុប្បន្ន។
ស្រដៀងគ្នានេះ ពលរដ្ឋមួយរូបទៀត លោក ហ៊ី ហឺ យល់ថា ករណីនេះ គឺជារឿងមិនត្រឹមត្រូវ ខណៈអាជ្ញាធរតែងហាមឃាត់ពលរដ្ឋរហូតមិនឲ្យចូលធ្វើអ្វីបាន ដោយអះអាងថា ជាដែនដីព្រៃជម្រកសត្វរបស់រដ្ឋបាលព្រៃឈើ តែធាតុពិត គឺទុកសម្រាប់បក្ខពួកខ្លួនឯងប៉ុណ្ណោះ។ លោកបន្តថា រហូតដល់ពលរដ្ឋតវ៉ាខ្លាំង ទើបខាងអាជ្ញាធរទាំងនោះបែងចែកចំណែកដីខ្លះឲ្យអ្នកភូមិ ដើម្បីបំបិទមាត់ពួកគាត់មិនឲ្យតវ៉ាបន្តទៀត។ តែយ៉ាងណា អ្នកស្រុកនៅតែចង់បានដីទាំងនោះសម្រាប់គ្រប់គ្រងជាសម្បត្តិរួមវិញ៖ «ប្រជាពលរដ្ឋមានការលំបាកច្រើន ហើយម្យ៉ាងទៀតសូម្បីតែកន្លែងកប់ខ្មោច កន្លែងបញ្ចុះខ្មោច គេឈូសអស់ហើយលោកគ្រូ»។
ទាក់ទងបញ្ហានេះ មេឃុំបន្ទាយស្ទោង លោក សូត អ៊ុល មានប្រសាសន៍ថា ដីនោះពុំមែនជាកម្មសិទ្ធិរបស់ពលរដ្ឋទេ ហើយពីមុនមក ពួកគាត់ក៏មិនធ្លាប់បានធ្វើអ្វីនោះដែរ។ យ៉ាងណា លោកទទួលស្គាល់ថា ដីនោះពិតជាដីជម្រកសត្វរបស់រដ្ឋបាលព្រៃឈើមែន ប៉ុន្តែវាបានរិចរិលអស់ទៅហើយ ម្យ៉ាងលោក និងអភិបាលរងស្រុក គឺមិនបានរំលោភដីសមូហភាពរបស់អ្នកភូមិអ្វីដែរ។ ជាងនេះទៀត លោក និងអភិបាលរងស្រុក ក៏បានបែងចែកដីខ្លះទៅឲ្យប្រជាពលរដ្ឋ ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែពួកគេនៅតែមិនព្រម ដោយលោកយល់ថា ការតវ៉ារបស់ពលរដ្ឋ គឺដើម្បីបំផ្លាញប្រយោជន៍អ្នកដទៃទៅវិញ។ បន្ថែមពីនេះ លោកបដិសេធថា តំបន់ដីមានជម្លោះ គឺមិនមែនជាកន្លែងបញ្ចុះសពពីមុនមកទេ៖ «បានថាខ្ញុំសម្រួលឲ្យគាត់ហើយ ដើម្បីឲ្យស្រួលទាំងអស់គ្នា ហើយលោក ចិត្រ ក៏គាត់ឲ្យហើយក្បាល ១០០ បណ្តោយ ៥០០ ហើយគាត់ចង់បានដីលោក ចិត្រ ហ្នឹងទៀត»។
ចំណែកការទាមទាររបស់ប្រជាពលរដ្ឋដោយស្នើឲ្យរក្សាទុកដីនោះជាសម្បត្តិរួម សម្រាប់ពលរដ្ឋនៅក្នុងភូមិដូចកាលពីដើមវិញ លោកមេឃុំបញ្ជាក់ថា ប្រហែលជាមិនអាចទៅរួចឡើយ ព្រោះពួកលោកបានឈូសឆាយអស់ទាំងស្រុងទៅហើយ ម្យ៉ាងអស់ថ្លៃឈូសឆាយក៏ច្រើនថែមទៀត។
កាលពីថ្ងៃទី២៤ សីហា ប្រជាពលរដ្ឋជាង ៣០គ្រួសារ បានដាក់ពាក្យប្ដឹងទៅអាជ្ញាធរខេត្ត និងការិយាល័យអ្នកតំណាងរាស្ត្រខេត្ត ដោយស្នើឲ្យចាត់វិធានការលើករណីនេះ។ ក្នុងនោះពួកគាត់ទាមទារឲ្យរក្សាទុកដីនោះជាសម្បត្តិរួម ព្រមទាំងតម្រូវឲ្យមេឃុំ និងអភិបាលរងស្រុក រុញដីតំបន់នោះខ្លះធ្វើជាទួលសម្រាប់បញ្ចុះសពដូចដើមវិញ សម្រាប់មនុស្សជំនាន់ក្រោយ។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីអង្កេតនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តកំពង់ធំ ដែលបានតាមដានរឿងនេះ លោក ញ៉ែម សារ៉ាត មានប្រសាសន៍ថា ដីសាធារណៈរបស់រដ្ឋ មិនអាចក្លាយជាសម្បត្តិឯកជនបានឡើយ ដរាបណារាជរដ្ឋាភិបាលមិនបានធ្វើសម្បទានឲ្យជាមុនទេ៖ «គាត់ទទួលស្គាល់ថា ដីហ្នឹងគឺជាដីដែនជម្រកសត្វរបស់អង្គភាពរដ្ឋ ប៉ុន្តែឥឡូវគាត់ថាមិនអាចបកក្រោយបានទេ ប៉ុន្តែបើយើងមើលនីតិវិធី ដីរបស់រដ្ឋគឺមិនអាចនរណាម្នាក់ទៅកាន់កាប់ធ្វើជាកម្មសិទ្ធិបានទេ»។
មន្ត្រីអង្កេតដដែលឲ្យដឹងទៀតថា ខាងលោកក៏បានជួយធ្វើពាក្យបណ្ដឹងតាមការស្នើសុំរបស់ពលរដ្ឋ ដាក់ជូនទៅអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធ ដើម្បីរកដំណោះស្រាយជូនពួកគាត់ ប៉ុន្តែលោកថា រហូតមកដល់ពេលនេះ អាជ្ញាធរទាំងនោះនៅមិនទាន់មានចំណាត់ការនៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
