ក្រុមហ៊ុនចិន ស៊ីណូហាយដ្រូ ផាវវើ (Sinohydro Power) ដែលទទួលបានសិទ្ធិវិនិយោគវារីអគ្គិសនីនៅស្ទឹងអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង បានចាប់ផ្ដើមចុះពិនិត្យទីតាំងសាងសង់ទំនប់ និងប្រព័ន្ធផ្លូវដឹកជញ្ជូនសម្ភារៈ ដែលបម្រើដល់ដំណើរការសាងសង់។
ទាក់ទងបញ្ហានេះ មន្ត្រីសង្គមស៊ីវិលដែលធ្វើការអភិរក្សបរិស្ថាន និងធនធានធម្មជាតិ បានបង្ហាញជំហរប្រឆាំងនឹងគម្រោងនេះ ដោយសារគេគិតថា គម្រោងនេះមានផលប៉ះពាល់ធ្ងន់ធ្ងរ។
សកម្មភាពនេះធ្វើឲ្យប្រជាពលរដ្ឋមានក្តីបារម្ភជាថ្មីទៀត ចំពោះផែនការជម្លៀសពួកគាត់ចេញពីភូមិ និងការទូទាត់សំណងមិនសមរម្យ។
ប្រធានអង្គការមាតាធម្មជាតិ លោក អាឡិកហ្សង់ដ្រូ ហ្គន់ហ្សាឡេស ដេវិតសឹន (Alejandro Gonzalez Davidson) ដែលចុះអង្កេតដល់តំបន់ដាច់ស្រយាលនាស្ទឹងអារ៉ែង កាលពីថ្ងៃសុក្រ ទី២៨ កម្ភៈ បានឲ្យដឹងថា ពលរដ្ឋដែលភាគច្រើនជាជនជាតិជង មានការងឿងឆ្ងល់ចំពោះសកម្មភាពរបស់បុគ្គលិកក្រុមហ៊ុនចិន ចុះទៅនោះ ដោយពុំបានឲ្យពួកគាត់ដឹងមុន ឬបង្ហាញឲ្យច្បាស់ពីគម្រោងសាងសង់នោះ នឹងចាប់ផ្ដើមពីពេលណាទៅឲ្យពិតប្រាកដនោះទេ៖ «ពួកហ្នឹងទម្លាប់អ៊ីចឹង! ពួកចិន ហ្នឹងធ្វើការអត់មានតម្លាភាពខុសពីគោលការណ៍ អត់ប្រាប់ថាមកពីក្រុមហ៊ុនណា»។
ទាក់ទងបញ្ហានេះដែរ ប្រធានមន្ទីររ៉ែ និងថាមពល ខេត្តកោះកុង លោក ប៉ិច ស៊ីយុន មានប្រសាសន៍នៅថ្ងៃសៅរ៍ ទី១ មីនា ថា ក្រុមហ៊ុនស៊ីណូហាយដ្រូ ផាវវើ ដែលជាក្រុមហ៊ុនចិន បានបញ្ជូនបុគ្គលិកចុះត្រួតពិនិត្យទីតាំងជាក់ស្តែងនៅស្ទឹងអារ៉ែង និងការតាំងទីកន្លែងធ្វើការ៖ «ប៉ុន្តែគេចូលមកពុំទាន់យកជាគ្រឿងអីមកទេ គេមកតែខ្លួន»។
លោកបន្តថា ចំពោះពេលវេលានៃការចាប់ផ្ដើមសាងសង់ និងការផ្លាស់ប្ដូរទីលំនៅអ្នកភូមិ ដែលរងផលប៉ះពាល់នោះ លោកពុំទាន់បានទទួលព័ត៌មានពីក្រសួង ឬរដ្ឋាភិបាលនៅឡើយ។ យ៉ាងណា លោកថា ដំណាក់កាលនោះនៅវែងឆ្ងាយតទៅមុខទៀត ចំណែកការសិក្សាវាយតម្លៃលើផលប៉ះពាល់ ក្រុមហ៊ុនធ្វើចប់សព្វគ្រប់អស់ហើយ។ ប៉ុន្តែ ប្រជាពលរដ្ឋ និងមន្ត្រីសង្គមស៊ីវិល ដែលធ្វើការឃ្លាំមើលរឿងនេះ បានឲ្យដឹងថា ពួកគេពុំទាន់បានទទួលព័ត៌មាននេះ និងពុំទាន់មានការកោះប្រជុំពិភាក្សាទៅលើលទ្ធផលនៃការសិក្សានោះទេ។
ក្រុមហ៊ុនស៊ីណូហាយដ្រូ ផាវវើ នេះធ្លាប់មានបទពិសោធន៍សាងសង់វារីអគ្គិសនីនៅភ្នំកំចាយ ខេត្តកំពត កន្លងមកហើយ។
រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម ធ្លាប់បានបញ្ជាក់ថា ទំនប់វារីអគ្គិសនីស្ទឹងអារ៉ែង មានកម្លាំងប្រមាណ ១០០មេហ្គាវ៉ាត់។ តាមគម្រោង ទំនប់នេះអាចនឹងសាងសង់រួចនៅឆ្នាំ២០១៧ ខាងមុខ។ គម្រោងនេះ អាចប៉ះពាល់ដល់ឃុំចំនួនបី គឺឃុំជំនាប់ ឃុំប្រឡាយ និងមួយភាគនៃឃុំថ្មដូនពៅ។ ឃុំទាំងនេះ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្តកោះកុង ដែលមានប្រជាពលរដ្ឋជិត ៦០០គ្រួសារ។
ជារឿយៗ អ្នកភូមិ និងសង្គមស៊ីវិល តែងតែប្រឆាំងនឹងគម្រោងសាងសង់ទំនប់វារីអគ្គិសនីមួយនេះ ដោយសារពួកគេមិនចង់ឲ្យមានផលប៉ះពាល់តំបន់ជនជាតិដើមភាគតិចជង កន្លែងអភិរក្សសត្វដំរី សត្វក្រពើភ្នំ ត្រីនាគ ដែលជាពូជសត្វកម្រ និងបំផ្លាញធនធានធម្មជាតិដ៏មានតម្លៃជាច្រើនទៀតនៅតំបន់នោះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
