ពលរដ្ឋ​៧៥​គ្រួសារ​នៅ​ក្រចេះ​ចោទ​អាជ្ញាធរ​ថា​ឈូស​ដី​ដំណាំ​យក​ឲ្យ​ក្រុម​ពលរដ្ឋ​ផ្សេង

0:00 / 0:00

ក្រុម​ពលរដ្ឋ ៧៥​គ្រួសារ​នៅ​ស្រុក​ឆ្លូង ខេត្ត​ក្រចេះ ឲ្យ​ដឹង​ថា ក្រុម​សមត្ថកិច្ច​ចម្រុះ​ប្រដាប់​ដោយ​អាវុធ បាន​ដឹក​នាំ​គ្រឿងចក្រ​ចូល​ឈូស​ឆាយ​ដី​ដំណាំ​របស់​ពួក​គាត់ ដើម្បី​ផ្តល់​ដី​ឲ្យ​ពលរដ្ឋ​មួយ​ផ្សេង​ទៀត​ដែល​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋាភិបាល។

សង្គម​ស៊ីវិល និង​តំណាង​រាស្ត្រ​បក្ស​ប្រឆាំង រិះគន់​ចំណាត់​ការ​បែប​នេះ និង​ស្នើ​កុំ​ប្រើ​វិធីសាស្ត្រ​បណ្ដេញ​ពលរដ្ឋ​មួយ​ក្រុម​ចេញ ហើយ​យក​ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៅ​រស់នៅ​លើ​ដី​ដដែល​នោះ។

ម្តង​ជា​ពីរ​ដង អាជ្ញាធរ​ខេត្ត​ក្រចេះ នៅ​តែ​ប្រើ​វិធានការ​ដដែលៗ​ដោយ​បណ្ដេញ​ពលរដ្ឋ​មួយ​ក្រុម​ចេញ ក្រោម​ហេតុផល​ថា​ជា​ក្រុម​អនាធិបតេយ្យ ចូល​ទន្ទ្រាន​យក​ដី​រដ្ឋ និង​យក​ពលរដ្ឋ​មួយ​ក្រុម​ផ្សេង​ទៀត ឲ្យ​ទៅ​រស់នៅ​លើ​ដី​ដដែល​នោះ ព្រោះ​អ្នក​ទាំង​នោះ​ទទួល​បាន​ដី​សម្បទាន​សង្គមកិច្ច​ពី​រដ្ឋ នៅ​ក្នុង​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង ខេត្ត​ក្រចេះ។

ពលរដ្ឋ​ម្នាក់​ដែល​ដំណាំ​គាត់​រង​ការ​ឈូស​ឆាយ លោកស្រី ស៊ាង លីនស្ហៀង ឲ្យ​ដឹង​ថ្ងៃ​ទី​១ ខែ​ឧសភា ថា ដី​លោកស្រី​ប្រមាណ ១០​ហិកតារ​មាន​ទាំង​ដើម​ស្វាយ​ចន្ទី និង​ដំឡូង ត្រូវ​គ្រឿងចក្រ​ឈូស​បំផ្លាញ​ដោយ​ចោទ​ប្រកាន់​ថា លោកស្រី​រស់នៅ​លើ​ដី​នោះ​ខុស​ច្បាប់។ លោកស្រី​ស្នើ​ឲ្យ​ស្ថាប័ន​នានា អន្តរាគមន៍​ជួយ​ទប់ស្កាត់​ជា​បន្ទាន់៖ «គេ​ដេញ​ខ្ញុំ​ចេញ​យក​ដី​ឲ្យ​អ្នក​ផ្សេង ព្រោះ​គេ​អំណាច គេ​ថា​ខ្ញុំ​អត់​ច្បាប់។ ខ្ញុំ​រស់នៅ​លើ​ដី​នោះ​ជាង ១០​ឆ្នាំ​មក​ហើយ»

អនុក្រឹត្យ​លេខ​៥៤ របស់​រដ្ឋាភិបាល សម្រេច​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច​ចំនួន ៣.៦៧១​ហិកតារ ឲ្យ​ទៅ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ នៅ​ឃុំ​កំពង់ដំរី ស្រុក​ឆ្លូង។

ទាក់ទង​ករណី​នេះ មន្ត្រី​ស៊ើប​អង្កេត​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ប្រចាំ​ខេត្ត​ក្រចេះ លោក ហេង ភារៈ យល់​ថា ការ​ផ្តល់​ដី​ដោយ​មិន​បាន​សិក្សា​ពី​ទីតាំង​ច្បាស់លាស់​នេះ ធ្វើ​ឲ្យ​ប៉ះពាល់​សណ្ដាប់ធ្នាប់​សង្គម ដីធ្លី​ពលរដ្ឋ​ដែល​ប្រើប្រាស់​អាស្រ័យ​ផល។ លោក​បន្ត​ថា សមាគម​អាដហុក នឹង​ស៊ើប​អង្កេត​បន្ត ហើយ​នឹង​ធ្វើ​អន្តរាគមន៍​ផ្លូវ​ច្បាប់​ទៅ​ស្ថាប័ន​ថ្នាក់​ជាតិ ឲ្យ​ជួយ​ដោះស្រាយ៖ «ប្រជាពលរដ្ឋ​ដែល​អាជ្ញាធរ​យល់​ថា​ស្រប​ច្បាប់ យក​ទៅ​ដាក់​លើ​ដី​ពលរដ្ឋ​មួយ​ក្រុម​ទៀត​នេះ គឺ​ធ្វើ​ឲ្យ​ប៉ះពាល់​ដី​ផ្ទះ​ពួក​គាត់ នេះ​ជា​ការ​រំលោភ​បំពាន​សិទ្ធិ។ សមាគម​អាដហុក នឹង​បន្ត​តាម​ដាន​រឿង​ទៀត»

ករណី​ដូច​នេះ​កើត​ឡើង​ម្តង​រួច​ហើយ​កាល​ពី​ខែ​មេសា មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ ដោយ​អាជ្ញាធរ​ខេត្ត​ក្រចេះ បណ្ដេញ​ពលរដ្ឋ​មួយ​ក្រុម​ចេញ ហើយ​យក​ពលរដ្ឋ​មួយ​ក្រុម​ថ្មី​ទៀត​ចូល​រស់នៅ ធ្វើ​ឲ្យ​មាន​ករណី​ពលរដ្ឋ​ដុត​ផ្ទះ​ពលរដ្ឋ រហូត​ធ្វើ​ឲ្យ​គណៈកម្មការ​ទី​១ នៃ​រដ្ឋសភា កោះ​អញ្ជើញ​លោក​អភិបាល​ខេត្ត​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​រដ្ឋសភា កាល​ពី​ខែ​ឧសភា។ ប៉ុន្តែ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ លោក ស ខេង និង​ជា​ឧបនាយករដ្ឋមន្ត្រី ដែល​ជា​អាណាព្យាបាល​អាជ្ញាធរ​ខេត្ត ពុំ​អនុញ្ញាត​ឲ្យ​ទៅ​បំភ្លឺ​ជុំវិញ​ករណី​នេះ​ទៅ​វិញ។

ឆ្លើយ​តប​ករណី​នេះ អភិបាល​ខេត្ត​ក្រចេះ លោក សរ ចំរ៉ុង ឲ្យ​ដឹង​ថា អាជ្ញាធរ​មិន​បាន​ឈូស​ដី​ពលរដ្ឋ​ណា​រស់នៅ​លើ​ដី​ស្រប​ច្បាប់​នោះ​ទេ។ លោក​ចោទ​ប្រកាន់​ថា ក្រុម​ពលរដ្ឋ​ទាំង​នោះ​ចូល​មក​រស់នៅ​ដោយ​អនាធិបតេយ្យ​លើ​ដី​រដ្ឋ ដោយ​មាន​អ្នក​ញុះញង់​នៅ​ពី​ក្រោយ៖ «ចេះ​តែ​ថា​គេ​ដេញ​គាត់​ចូល​មក​នៅ​ស្រេច​តែ​ចិត្ត មាន​អ្នក​រុញ​គូថ​ពី​ក្រោយ ចឹង​ពិបាក​ដោះស្រាយ​ណាស់»

លោក​អភិបាល​ខេត្ត​មិន​អាច​ពន្យល់​លម្អិត​ពី​ចំណាត់​ការ​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ផ្តល់​ឲ្យ​ក្រុម​ពលរដ្ឋ ៩៩៨​គ្រួសារ ដោយ​រុញ​ទៅ​អភិបាល​ខេត្ត លោក ខ័ណ្ឌ ចំណាន ដែល​ទទួល​បន្ទុក​រឿង​នេះ។ ប៉ុន្តែ​វិទ្យុ​អាស៊ីសេរី ពុំ​អាច​សុំ​ការ​បំភ្លឺ​ពី លោក ខ័ណ្ឌ ចំណាន បាន​នៅ​ឡើយ​ទេ ដោយ​ទូរស័ព្ទ​លោក​រោទ៍​គ្មាន​អ្នក​ទទួល។

ប្រធាន​គណៈកម្មការ​ទី​១​នៃ​រដ្ឋសភា ទទួល​បន្ទុក​អង្កេត សិទ្ធិ​មនុស្ស និង​ពាក្យ​បណ្ដឹង លោក អេង ឆៃអ៊ាង ថ្កោលទោស​សកម្មភាព​របស់​អាជ្ញាធរ​ខេត្ត។ លោក​ប្រាប់​ឲ្យ​ពលរដ្ឋ​ដាក់​ពាក្យ​បណ្ដឹង​មក​សភា ហើយ​លោក​អះអាង​ថា គណៈកម្មការ​ទី​១​របស់​លោក នឹង​អង្កេត​រឿង​នេះ ក្នុង​ករណី​ចាំបាច់ លោក​នឹង​អញ្ជើញ​រដ្ឋមន្ត្រី​ពាក់ព័ន្ធ​ឲ្យ​មក​ឆ្លើយ​បំភ្លឺ​បន្ថែម៖ «ខ្ញុំ​យល់​ឃើញ​ថា វា​មិន​ត្រឹមត្រូវ អាជ្ញាធរ​ដោះស្រាយ​បែប​ហ្នឹង​ព្រោះ​ខេត្ត​ក្រចេះ មាន​ដី​ច្រើន​ណាស់ ហេតុ​អី​ចាំបាច់​ដេញ​ពលរដ្ឋ​មួយ​ក្រុម​ចេញ យក​ពលរដ្ឋ​មួយ​ក្រុម​ទៀត​មក​ដាក់​ជំនួស​ដូច​នេះ»

ការ​ឈូស​ឆាយ​ដី​ដំណាំ​ក្រុម​ពលរដ្ឋ ៧៥​គ្រួសារ បាន​ចាប់​ផ្ដើម​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​ឧសភា នៅ​ពេល​ប្រតិបត្តិការ​នេះ ក្រុម​ពលរដ្ឋ​រង​ផល​ប៉ះពាល់​តែង​ចេញ​មក​ប្រឆាំង​តវ៉ា។ សមាគម​អាដហុក បាន​ផ្តល់​ចំណាត់​ថ្នាក់​ខ្ពស់​ទៅ​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា​មាន​ជំនាញ​ដុត​ផ្ទះ និង​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។