សំណើនេះធ្វើឡើងបន្ទាប់ពីមានសេចក្ដីជូនដំណឹងមួយរបស់អាជ្ញាធរ ឲ្យប្រជាពលរដ្ឋរុះរើផ្ទះ និងខ្ទមចេញឲ្យបានមុនថ្ងៃទី២៨ ខែកុម្ភៈ ដើម្បីយកទីតាំងនោះទៅសាងសង់ជាសាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្ត ខេត្តក្រចេះ ដែលនឹងត្រូវចាប់ផ្ដើមសាងសង់នៅដើមខែមីនា។
ប្រជាពលរដ្ឋចំនួន ២៥គ្រួសារ ក្នុងចំណោម ៨៣គ្រួសារ រស់នៅក្នុងសង្កាត់អូរឫស្សី ក្រុងក្រចេះ ខេត្តក្រចេះ បានដាក់លិខិតសុំឲ្យអង្គការអាដហុក (Adhoc) ជួយអន្តរាគមន៍ជុំវិញករណីដែលអាជ្ញាធរខេត្តបានចេញសេចក្តីជូនដំណឹង ឬ ស.ជ.ណ ដែលបង្ខំឲ្យពួកគាត់រុះរើផ្ទះចេញពីទីតាំងដែលធ្លាប់រស់នៅជាង ៣០ឆ្នាំមកហើយ នៅក្នុងបរិវេណដីព្រលានយន្តហោះ ដោយមិនមានសំណងសមរម្យ។
តំណាងអ្នកភូមិដែលបានដាក់ពាក្យបណ្ដឹង លោក សោម សុវណ្ណី ឲ្យដឹងនៅថ្ងៃទី២៨ ខែកុម្ភៈ ថា អាជ្ញាធរខេត្ត និងអាជ្ញាធរក្រុងក្រចេះ មិនបានផ្តល់សំណងជាប្រាក់កាសដល់ប្រជាពលរដ្ឋនោះទេ ក្រៅតែពីគោលនយោបាយដោះដូរដីសម្បទានសង្គមកិច្ច។
អាជ្ញាធរបានផ្តល់គោលនយោបាយចំនួនពីរសម្រាប់អ្នកភូមិ គឺទីមួយ ផ្តល់ដីលំនៅឋានឲ្យអ្នកភូមិទំហំ ៣០ គុណ ៤០ម៉ែត្រ ក្នុងមួយគ្រួសារ ស្ថិតក្នុងឃុំសំបុក និងឃុំចង្ក្រង់ ក្នុងស្រុកចិត្របុរី និងមួយទៀត ផ្តល់ដីស្រែចម្ការដល់អ្នកភូមិចំនួន ៣ហិកតារក្នុងមួយគ្រួសារនៅក្នុងឃុំប្រម៉ា ស្រុកឆ្លូង ដែលមានចម្ងាយពី ៣០ទៅ ៤៥គីឡូម៉ែត្រពីទីតាំងចាស់៖ «ទាមទារសិទ្ធិកាន់កាប់ដីធ្លីនេះស្របច្បាប់។ ទទួលយកអត់បានទេ ពីព្រោះការដោះដូរនោះ ទី១ គាត់ចាស់ជរា ហើយគាត់មិនអាចរុករាន ឬក៏ទៅធ្វើស្រែនៅឆ្ងាយពីគេហដ្ឋានរបស់កូនចៅបានទៀតទេ»។
អ្នកភូមិម្នាក់ទៀត បានឲ្យដឹងថា គាត់រស់នៅ និងបង្កបង្កើនផលនៅតំបន់នោះជាង ៣០ឆ្នាំមកហើយ ដោយមានការទទួលស្គាល់ពីអាជ្ញាធរភូមិឃុំ។ អ្នកភូមិដដែលបញ្ជាក់ថា ការបង្ខំឲ្យរុះរើផ្ទះចេញដោយគ្មានសំណង ឬរើទៅរស់នៅទីតាំងថ្មីឆ្ងាយពីក្រុង ជាមូលហេតុដែលពួកគាត់បដិសេធ និងស្នើសុំឲ្យអាជ្ញាធរបញ្ឈប់គម្រោងបណ្ដេញចេញនេះតទៅទៀត៖ «អភិបាលក្រុងអភិបាលខេត្ត គេមកចង់យកទឹកដីខ្ញុំ ហើយដូរដោះដីខ្ញុំ ខ្ញុំមិនព្រមទេ ដីនេះជាដីកេរអតីតកាលរបស់ខ្ញុំមករហូតសម័យបច្ចុប្បន្ន វាចូលជាង ៣០ឆ្នាំមកហើយ»។
តាម ស.ជ.ណ របស់អាជ្ញាធរក្រុងក្រចេះ ដែលវិទ្យុអាស៊ីសេរី ទទួលបាន បង្ហាញថា បរិវេណអាកាសយានដ្ឋានព្រលានយន្តហោះក្រចេះ ត្រូវបានផ្លាស់ប្ដូរចំណាត់ថ្នាក់ការប្រើប្រាស់ដីរដ្ឋ ដោយផ្ទេរពីមុខងារដីបរិវេណអាកាសយានដ្ឋានក្រចេះ ទៅជាគោលដៅសម្រាប់សាងសង់សាកលវិទ្យាល័យក្រចេះ ដែលមានទំហំ ៩៩,០១ហិកតារ។
ក្នុងលិខិតដដែលនោះ បញ្ជាក់ឲ្យពលរដ្ឋដែលទន្ទ្រានកាន់កាប់ដីគោលដៅសម្រាប់សាងសង់សាកលវិទ្យាល័យនោះ ត្រូវរុះរើផ្ទះ និងខ្ទមចេញពីទីតាំងនោះ ចាប់ពីថ្ងៃជូនដំណឹង ពីថ្ងៃទី៣០ ខែមករា ដល់ថ្ងៃទី២៨ ខែកុម្ភៈ បើផុតពីនេះ គណៈកម្មការនឹងចុះរុះរើដោយមិនទទួលខុសត្រូវលើការខូចខាតទ្រព្យសម្បត្តិនោះទេ។
ជុំវិញបញ្ហានេះ អភិបាលរងខេត្តក្រចេះ លោក ខាន់ ចំណាន បញ្ជាក់ថា អាជ្ញាធរនៅមិនទាន់ដាក់កម្លាំងចុះទៅរុះរើផ្ទះសម្បែងរបស់អ្នកភូមិនៅឡើយទេ នៅថ្ងៃទី២៨ ខែកុម្ភៈ ជាថ្ងៃផុតឱសានវាទ។ ប៉ុន្តែនៅថ្ងៃទី១ ខែមីនា គណៈកម្មការដោះស្រាយនឹងប្រជុំគ្នាដើម្បីស្វែងរកវិធានការជាបន្ត ជុំវិញចំណាត់ការថ្មីក្រោយពីឱសានវាទនោះត្រូវបញ្ចប់។
លោក ខាន់ ចំណាន សង្កត់ធ្ងន់ថា ដីព្រលានយន្តហោះចាស់ ជាដីឯកជនរបស់រដ្ឋ ដូច្នេះការតាំងទីលំនៅឋានថ្មីរបស់អ្នកភូមិ ធ្វើឡើងដោយខុសច្បាប់ ដូច្នេះរដ្ឋមិនមានសំណងជាទឹកប្រាក់សម្រាប់ទិញដីពីអ្នកភូមិតាមសំណើសុំរបស់ពួកគាត់នោះទេ គឺមានតែគោលនយោបាយផ្តល់ដីសម្បទានសង្គមកិច្ចប៉ុណ្ណោះ៖ «មិនមែនជាសំណងទេ គឺជាគោលនយោបាយ ព្រោះដីនេះជាដីឯកជនរបស់រដ្ឋ។ ជារួម រដ្ឋមិនមានថវិកាឯណាទៅទិញដីរបស់ខ្លួនមកវិញ ដោយតម្លៃដែលគាត់ទាមទារចំនួន ១ម៉ឺន ៥ពាន់ដុល្លារក្នុងមួយហិកតារទេ»។
លោក ខាន់ ចំណាន បន្តថា បច្ចុប្បន្នមានអ្នកភូមិដែលមានផ្ទះ ឬខ្ទម និងអ្នកភូមិខ្លះមានតែដីស្រែចម្ការ ចំនួនជិត ៣០គ្រួសារ ហើយដែលបានស្ម័គ្រចិត្តទទួលគោលនយោបាយដែលអាជ្ញាធរខេត្តផ្តល់ជូន។
អ្នកសម្របសម្រួលអង្គការអាដហុក ប្រចាំខេត្តក្រចេះ អ្នកស្រី ធីម ណារិន ឲ្យដឹងថា តាមការសិក្សា មានអ្នកភូមិចំនួន ២៥គ្រួសារ ដែលបានដាក់ពាក្យបណ្ដឹង បានរស់នៅជាប់លាប់ និងអាស្រ័យផលលើដីក្នុងបរិវេណព្រលានយន្តហោះ។ អ្នកស្រីបញ្ជាក់ថា សមាគមអាដហុក នឹងដាក់លិខិតមួយនៅសប្ដាហ៍ក្រោយ ទៅអភិបាលខេត្តក្រចេះ ដើម្បីសុំឲ្យមានដំណោះស្រាយសមស្របដែលអ្នកភូមិទាំងនោះអាចទទួលយកបាន។
ប្រភពពីអាជ្ញាធរ បានឲ្យដឹងថា សាកលវិទ្យាល័យវិទ្យាសាស្ត្រអនុវត្តខេត្តក្រចេះ ដែលនឹងត្រូវសាងសង់នៅដើមខែមីនា នេះ នឹងមានសក្ដានុពលធំសម្រាប់ប្រជាពលរដ្ឋនៅភូមិភាគឥសាន ហើយគេចាត់ទុកថាសាកលវិទ្យាល័យនេះជាសាកលវិទ្យាល័យពហុវិស័យ ដែលបម្រើការបណ្ដុះបណ្ដាលធនធានមនុស្សគ្រប់ជំនាន់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
