វេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តក្រចេះ ដែលរៀបចំឡើងក្នុងគោលបំណងរកដំណោះស្រាយជូនពលរដ្ឋ និងផ្សព្វផ្សាយការងារ នៅថ្ងៃទី៣១ ខែធ្នូ បានដោះស្រាយបញ្ហាតិចតួចដែលកើតឡើងក្នុងសហគមន៍។
ប៉ុន្តែបញ្ហាធំៗជាច្រើន ជាពិសេសជម្លោះដីធ្លីមិនទទួលបានដំណោះស្រាយឡើយ គឺបានត្រឹមតែពាក្យសន្យា។ ចំណែកពលរដ្ឋម្ចាស់ឆ្នោត ថាពួកគេមានសង្ឃឹមតិចតួចណាស់ថា វេទិកានេះអាចដោះស្រាយបញ្ហាលំបាកជូនពួកគេបាន។
ការលើកឡើងរបស់ពលរដ្ឋទាក់ទងក្មេងទំនើង បទល្មើសនេសាទ និងសុំបន្ថែមថវិកាដើម្បីសាងសង់ផ្លូវ គឺត្រូវបានសមាជិកក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្តក្រចេះ អះអាងថានឹងអន្តរាគមន៍ភ្លាមៗ ប៉ុន្តែវិវាទដីធ្លីដែលកំពុងកើតឡើងស្ទើរគ្រប់ទីកន្លែងនៅក្នុងខេត្ត ដែលពលរដ្ឋលើកសំណើ អាជ្ញាធរមិនបានឆ្លើយឲ្យត្រូវចំសំណួរ ឬផ្តល់ចម្លើយឲ្យពលរដ្ឋស្ងប់ចិត្តបាននៅឡើយទេ។
តំណាងពលរដ្ឋ ៣១គ្រួសារ មានបញ្ហាដីធ្លីមកពីស្រុកឆ្លូង លោកស្រី យស សាអែម បានលើកឡើងថា អាជ្ញាធរបានយកពលរដ្ឋចំនួន ៧២គ្រួសារ ទៅរស់នៅលើដីទំហំ ៧០ហិកតារ ដែលពលរដ្ឋជាង ៣០គ្រួសារកំពុងរស់នៅស្រាប់ ដូច្នេះលោកស្រីសុំឲ្យក្រុមប្រឹក្សាជួយអន្តរាគមន៍រឿងនេះ។ លោកស្រីថា នៅពេលមានក្រុមពលរដ្ឋ ៧២គ្រួសារចូលមករស់នៅ ជម្លោះដីធ្លីតែងតែកើតឡើងរវាងពលរដ្ឋ និងពលរដ្ឋ រហូតមានជម្លោះឡើងដល់តុលាការថែមទៀតផង៖ «នាងខ្ញុំស្នើឲ្យអាជ្ញាធរខេត្តដកពលរដ្ឋ ៧២គ្រួសារចេញ ព្រោះពួកគេចូលមករស់នៅក្រោយពួកនាងខ្ញុំ»។
ក្នុងចំណោមពលរដ្ឋចូលរួមជាង ៣០០នាក់នៅក្នុងវេទិកានេះ ភាគច្រើនលើកឡើងពីបញ្ហាដីធ្លីដែលពួកគេមានជម្លោះជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ អាជ្ញាធរ ព្រមទាំងពលរដ្ឋ និងពលរដ្ឋ។
ចំណែក លោកស្រី ញឹប សៀន មានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនចម្ការកៅស៊ូមួយនិយាយថា លោកស្រីមកថ្ងៃនេះដើម្បីចង់ឲ្យអាជ្ញាធរថ្នាក់លើបានដឹងពីបញ្ហាជម្លោះដីធ្លីរបស់លោកស្រី។ លោកស្រី ញឹប សៀន ប្រាប់ថា លោកស្រីមានជំនឿតិចតួចណាស់ថា ក្រុមប្រឹក្សាខេត្តអាចដោះស្រាយបញ្ហាលោកស្រីបាន៖ «មានជំនឿតិចណាស់អូន ព្រោះមកច្រើនដងហើយមិនដែលបានដំណោះស្រាយទេ តែចេះតែមកហ្នឹងទៅ ព្រោះមន្ត្រីធំៗមកច្រើនថ្ងៃនេះ»។
តាមការថ្លែងឲ្យដឹងពីក្រុមប្រឹក្សាខេត្ត វេទិកានេះមានស្រុកទាំងអស់ទូទាំងខេត្តក្រចេះ ដើម្បីផ្សព្វផ្សាយការងាររបស់ខ្លួន និងទទួលនូវសំណើរបស់ពលរដ្ឋ។ ប៉ុន្តែស្ថាប័នមួយនេះមិនបានអះអាងថា គ្រប់បញ្ហារបស់ពលរដ្ឋត្រូវដោះស្រាយបានទាំងអស់នោះឡើយ។
យ៉ាងណាក៏ដោយ ប្រធានក្រុមប្រឹក្សាខេត្តក្រចេះ លោក នូ ភឿង ថ្លែងឲ្យដឹងថា វេទិកានេះមានរយៈពេលខ្លី ដូច្នេះមិនអាចដោះស្រាយបញ្ហាទាំងនេះបានភ្លាមៗនោះទេ។ ទោះយ៉ាងណាក៏ដោយ លោកសន្យាថា រាល់បញ្ហារបស់ពលរដ្ឋដែលលើកឡើងនេះ ក្រុមប្រឹក្សាខេត្ត និងអាជ្ញាធរខេត្ត នឹងយកទៅពិនិត្យដើម្បីដោះស្រាយបន្ត ប៉ុន្តែលោកមិនអាចបញ្ជាក់ពីពេលវេលានៃការដោះស្រាយបានទេ៖ «យើងទទួលបានឯកសារច្រើនពីពលរដ្ឋ។ យើងយកទៅដោះស្រាយបន្តជាមួយអភិបាលខេត្ត»។
ទោះបីជាវេទិកានេះ ក្រុមប្រឹក្សាខេត្តបានបើកសិទ្ធិឲ្យប្រជាពលរដ្ឋលើកឡើងនូវបញ្ហារបស់ខ្លួនក្តី ប៉ុន្តែដំណោះស្រាយដែលសមាជិកនៃក្រុមប្រឹក្សាបានបញ្ជាក់ជូនពលរដ្ឋ ពុំបានធ្វើឲ្យពួកគាត់ទទួលបានការស្ងប់ចិត្តនោះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
