ពលរដ្ឋ​ស្រុក​ស្នួល​ជិត​២០០​នាក់​តវ៉ា​បិទ​ផ្លូវ​ចូល​ក្រុមហ៊ុន​វៀតណាម​ស្នើសុំ​ដី​សង្គមកិច្ច

ពលរដ្ឋ​រស់នៅ​ឃុំ​ឃ្សឹម ស្រុក​ស្នួល ខែត្រ​ក្រចេះ ជិត ២០០​នាក់​ក្នុង​ចំណោម​ពលរដ្ឋ ៣៦៥​គ្រួសារ បាន​នាំ​គ្នា​តវ៉ា​បិទ​ផ្លូវ​ចូល​ក្រុមហ៊ុន ប៊ិញ ភឿក​២ (Binh Phuoc 2) របស់​វៀតណាម ដោយ​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​ដី​សម្បទាន​សង្គមកិច្ច។

ការ​តវ៉ា​នេះ ក្រោយ​ពី​អាជ្ញាធរ​ស្រុក​ស្នួល និង​មន្ត្រី​អាវុធហត្ថ​ជាង ២០​នាក់ បាន​យក​គ្រឿងចក្រ​មួយ​គ្រឿង​ឈូស​ឆាយ​បំផ្លាញ​រោង និង​ផ្ទះ​របស់​ពួក​គេ កាល​ពី​ថ្ងៃ​ទី​១៥ កុម្ភៈ បន្ទាប់​ពី​ពួក​គេ​បាន​នាំ​គ្នា​ចាប់​ដី និង​សង់​រោង ឬ​ផ្ទះ​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០១៦ នៅ​ចំណុច​អូរច្រា ឃុំ​ឃ្សឹម ស្រុក​ស្នួល។

មន្ត្រី​ស៊ើប​អង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក ប៊ី សុវណ្ណនី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៦ កុម្ភៈ ថា ក្រុម​ពលរដ្ឋ​បាន​តវ៉ា​ចាប់​ពី​ម៉ោង ៩​ព្រឹក​ដល់​រសៀល​ម៉ោង ១ ថ្ងៃ​ទី​១៦ កុម្ភៈ ទើប​អាជ្ញាធរ​ស្រុក​ស្នួល ចុះ​សម្របសម្រួល ដោយ​ជំរុញ​ឲ្យ​ពលរដ្ឋ​ធ្វើ​លិខិត​ដាក់​ពាក្យ​ស្នើសុំ​ដី​សម្បទាន​សង្គមកិច្ច​មក​អាជ្ញាធរ​ស្រុក ហើយ​អាជ្ញាធរ​ស្រុក​នឹង​ធ្វើ​ការ​ដោះស្រាយ​ដោយ​បញ្ជូន​លិខិត​នោះ​ទៅ​អភិបាល​ខែត្រ​ពិនិត្យ​សម្រេច៖ « ការ​ដោះស្រាយ​របស់​អភិបាល​ស្រុក​ស្នួល មាន​ការ​សម្របសម្រួល​ជាមួយ​ពលរដ្ឋ​បាន​ល្អ។ ខ្ញុំ​យល់​ឃើញ​ថា ប្រសិន​បើ​គាត់​មាន​ការ​ដោះស្រាយ​ដូច​ការ​សន្យា​របស់​គាត់ គឺ​ប្រជាពលរដ្ឋ​នឹង​ទទួល​បាន​ផល​សម្រាប់​ការ​ទាមទារ​នេះ »

លោក សុវណ្ណនី បន្ថែម​ថា ដី​ដែល​ពលរដ្ឋ​ទាមទារ​នោះ​មាន​ទំហំ​ក្បាល ១០​ម៉ែត្រ បណ្ដោយ ៣០​ម៉ែត្រ សរុប​ចំនួន​ជាង ១០​ហិកតារ ដែល​ជា​ប្រភេទ​ដី​ធ្វើ​លំនៅឋាន ហើយ​ដី​ទាំងនោះ​ឋិត​នៅ​ចំណី​ព្រែក ឬ​ជា​ដី​សាធារណៈ​របស់​រដ្ឋ ពុំ​មែន​ឋិត​ក្នុង​បរិវេណ​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន ប៊ិញ ភឿក​២ (Binh Phuoc 2) នោះ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។