អាជ្ញាធរភូមិក្រឡសែនជ័យ និងឃុំបេង ស្រុកបន្ទាយអំពិល កំពុងប្រឹងប្រែងដោះស្រាយទំនាស់ដីធ្លីទំហំប្រមាណ ៤០០ហិកតាររវាងប្រជាពលរដ្ឋជាមួយនឹងកងទាហាន នៅជិតតំបន់ភ្នំដី ចម្ងាយជាង ៥០គីឡូម៉ែត្រ ភាគនិរតីពីទីរួមខេត្តឧត្តរមានជ័យ។ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ រយៈពេលជាង ២ខែមកហើយ ការប្រឹងប្រែងដោះស្រាយនោះនៅមិនទាន់ឃើញលេចចេញជាលទ្ធផលយ៉ាងណានៅឡើយទេ។
ប្រជាពលរដ្ឋប្រមាណជាង ១០០គ្រួសារនៅភូមិក្រឡសែនជ័យ កំពុងព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការរបស់ពួកគេ ប្រសិនបើអាជ្ញាធរឃុំបេង និងស្រុកបន្ទាយអំពិល មិនមានលទ្ធភាពដោះស្រាយជាមួយទាហានដែលកំពុងត្រូវការយកដីពួកគេទេនោះ។
រយៈពេលជាង ១ខែមកហើយ ក្រុមអ្នកភូមិខ្លះបានស្វះស្វែងរកជំនួយពីអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដើម្បីឲ្យជួយជ្រោមជ្រែង និងធ្វើពាក្យបណ្ដឹងប្រឆាំងនឹងកងទាហានដែលធ្លាប់ចូលទៅវាស់វែងលើដីចម្ការរបស់ពួកគេ។
អ្នកភូមិក្រឡសែនជ័យ ម្នាក់ក្នុងចំណោមជាច្រើនទៀត គឺលោក កើត ម៉ាប់។ លោកអះអាងកាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែមេសា ថា ចាប់តាំងតែពីខែមីនា រហូតដល់ដើមខែមេសា គឺមានទាហានខ្លះរបស់កងពលតូចអន្តរាគមន៍លេខ៤ បានចុះទៅវាស់វែងដីនៅប៉ែកខាងលិចតំបន់ភ្នំដី ធ្វើឲ្យប៉ះពាល់លើដីចម្ការរបស់ប្រជាពលរដ្ឋ និងដីព្រៃសហគមន៍ដុងបេង ប្រមាណ ៤០០ហិកតារ។ បុរសដដែលបញ្ជាក់ថា លោកមិនដឹងច្បាស់ពីគោលបំណងដែលទាហានទាំងនោះ ទៅវាស់ដីយកធ្វើអ្វីទេ គ្រាន់តែឮថាគេយកទៅចែកជូនឲ្យគ្រួសារយោធា។
ក្រុមអ្នកភូមិព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការ ហើយពួកគេកំពុងខិតខំតវ៉ាទៅថ្នាក់ភូមិ និងឃុំបេង ជាញឹកញាប់ ក៏ប៉ុន្តែរហូតមកដល់ពេលនេះ គេហាក់មិនទាន់ឃើញមានលទ្ធផលអ្វីឡើយ៖ « មិនដឹងគេដោះស្រាយយ៉ាងម៉េច ? ខ្ញុំក៏ឆ្ងល់ដែរ មិនទាន់បានទៅជួបមេភូមិ។ ឃើញគេវាស់វែងគេយកបញ្ជីត្រឡប់ទៅវិញ »។
ទោះបីជាយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចស្វែងរកការទាក់ទងជាមួយមេបញ្ជាការយោធានៃកងពលតូចអន្តរាគមន៍លេខ៤ ដើម្បីសុំការពន្យល់ជុំវិញរឿងនេះ បានថាយ៉ាងណានៅឡើយនៅថ្ងៃទី២៤ ខែមេសា។
ចំណែកមេភូមិក្រឡសែនជ័យ លោក កៅ វិសាល ទទួលស្គាល់ថា ពិតជាមានទាហានក្នុងអង្គភាពកងពលតូចអន្តរាគមន៍លេខ៤ បានចុះទៅវាស់វែងដីធ្លីនៅតំបន់ដែលអ្នកភូមិរបស់លោកកាន់កាប់មែន។ លោកមេភូមិបញ្ជាក់ថា ការចុះវាស់វែងរបស់ទាហាននោះ បានធ្វើឲ្យប៉ះពាល់ដីចម្ការ និងដីព្រៃមិនទាន់កាប់ឆ្ការរួចរបស់ប្រជាពលរដ្ឋជាង ១០០គ្រួសារ។
លោកមេភូមិក្រឡសែនជ័យ ក៏សម្ដែងការព្រួយបារម្ភខ្លាចបាត់បង់ដីចម្ការរបស់ប្រជាពលរដ្ឋដែរ ដោយលោកធ្លាប់បានដើរជំរឿនពីការប៉ះពាល់នានា ហើយបញ្ជូនឯកសារទៅឲ្យអាជ្ញាធរឃុំបេង រួចហើយ ក៏ប៉ុន្តែមិនដឹងថាឃុំនឹងដោះស្រាយយ៉ាងណា?៖ « មិនដឹងយ៉ាងម៉េច ? ទាហានថាគេយក ប៉ុន្តែខ្ញុំមិនដឹងថាគេយកយ៉ាងម៉េចទេ។ ខ្ញុំបានធ្វើរបាយការណ៍រឿងនេះទៅឲ្យឃុំជួយដោះស្រាយ ប៉ុន្តែប្រហែលឃុំជាប់រវល់ »។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ឆាង សារុន ជាមេឃុំបេង ដើម្បីសុំការបំភ្លឺជុំវិញរឿងដីធ្លីនៅភូមិក្រឡសែនជ័យ នោះបានថាយ៉ាងណានៅឡើយទេ ដោយសារតែទូរស័ព្ទរបស់លោកមិនអាចទាក់ទងបាន។
ចំណែកអភិបាលស្រុកបន្ទាយអំពិល លោក ហាំង ម៉េង មានប្រសាសន៍ថា លោកមិនទាន់បានដឹងរឿងទាហានចុះទៅវាស់វែងដីប៉ះពាល់លើដីចម្ការរបស់ប្រជាពលរដ្ឋ នៅភូមិក្រឡសែនជ័យ នោះនៅឡើយទេ។ លោកអភិបាលស្រុក សុំឲ្យប្រជាពលរដ្ឋដែលប៉ះពាល់ដីធ្លីជាមួយទាហាននោះ ដាក់ពាក្យបណ្ដឹងមកអាជ្ញាធរស្រុក ដើម្បីរូបលោកបានដោះស្រាយជូន៖ « ខ្ញុំក្ដាប់អត់បាន ព្រោះគាត់មិនទាន់ដាក់ពាក្យប្ដឹងមកខ្ញុំផង។ ដូច្នេះរឿងនេះ មិនដឹងយ៉ាងម៉េច ? ខ្ញុំនិយាយអត់កើតទេ »។
ប្រភពពីអ្នកភូមិក្រឡសែនជ័យ ឲ្យដឹងថា ចាប់តាំងតែពីអំឡុងខែមីនា រហូតដល់ដើមខែមេសា គឺមានកម្លាំងទាហាននៃកងពលតូចអន្តរាគមន៍លេខ៤ ខ្លះ បានចុះទៅវាស់វែងដីនៅតំបន់ខាងលិចភ្នំដី។ ការវាស់វែងនោះ ធ្វើឲ្យប៉ះពាល់ដីចម្ការ និងដីព្រៃសហគមន៍ប្រហែល ៤០០ហិកតារ។
អ្នកសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តឧត្តរមានជ័យ លោក ស្រី ណារ៉េន ឲ្យដឹងថា កាលពី ២សប្ដាហ៍មុន ក្រុមអ្នកភូមិក្រឡសែនជ័យ ធ្លាប់មកពឹងពាក់រូបលោកឲ្យជួយធ្វើពាក្យបណ្ដឹងប្រឆាំងនឹងទាហានដែលទៅវាស់វែងដីនោះ។ លោក ស្រី ណារ៉េន បញ្ជាក់ថា លោកបានឲ្យតារាងផ្ដិតមេដៃទៅប្រជាពលរដ្ឋ ធ្វើជំរឿនអំពីការប៉ះពាល់នោះថា តើមានចំនួនប៉ុន្មានគ្រួសារពិតប្រាកដ? លោក ស្រី ណារ៉េន ជំរុញឲ្យអាជ្ញាធរស្រុកបន្ទាយអំពិល និងអាជ្ញាធរខេត្តឧត្តរមានជ័យ ប្រឹងប្រែងដោះស្រាយបញ្ហាទំនាស់ដីធ្លីរវាងអ្នកភូមិក្រឡសែនជ័យ ជាមួយអង្គភាពទាហាននោះឲ្យមានតម្លាភាពពិតប្រាកដ ដើម្បីកាត់បន្ថយភាពក្រីក្រទៅតាមគោលនយោបាយរបស់រដ្ឋាភិបាល៖ « ប្រជាពលរដ្ឋហ្នឹងគាត់មករស់នៅមុនផង ហើយកន្លែងហ្នឹងទើបតែមកដាក់នៅក្រោយទេ សូមឲ្យអាជ្ញាធរជួយប្រជាពលរដ្ឋផង »។
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យដឹងថា ចាប់តាំងតែពីមានជម្លោះព្រំដែនរវាងកម្ពុជា-ថៃ នៅជុំវិញប្រាសាទព្រះវិហារ ឆ្នាំ២០០៨ មក នៅតាមកន្លែងខ្លះរបស់ស្រុកបន្ទាយអំពិល នៃខេត្តឧត្តរមានជ័យ គឺទាហានបានចូលទៅធ្វើមូលដ្ឋានដើម្បីត្រៀមការពារព្រំដែន។ ចាប់តាំងពីមានវត្តមានទាហានមក គឺកន្លែងខ្លះដែលប្រជាពលរដ្ឋធ្លាប់តែរស់នៅដោយសុខសាន្ត បែរជាកើតមានទំនាស់ដីធ្លី ដោយសារតែអ្នកភូមិគ្មានដីធ្លីធ្វើកសិកម្មចិញ្ចឹមជីវិតតទៅទៀត៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។