សហគមន៍​ទន្លេ​ម្រេច​មាន​ទំនាស់​ដី​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព នៅ​ព្រះវិហារ​តវ៉ា​មុខ​មន្ទីរ​បរិស្ថាន

0:00 / 0:00

សហគមន៍​ទន្លេ​ម្រេច ក្នុង​ស្រុក​រវៀង ខេត្ត​ព្រះវិហារ ចោទ​ប្រកាន់​ថា មន្ត្រី​បរិស្ថាន​ប្រចាំ​ការ​នៅ​តំបន់​ជិត​នោះ បាន​ប្រើប្រាស់​អាវុធ​បាញ់​គំរាម​ប្រជាពលរដ្ឋ និង​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ ការ​ចោទ​ប្រកាន់​នេះ បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ មាន​ប៉ូលិស និង​កង​រាជ​អាវុធហត្ថ​ជាច្រើន បាន​បញ្ជូន​ទៅ​រារាំង​អ្នក​ភូមិ មិន​ឱ្យ​សង់​លំនៅឋាន​លើ​ដី​ថ្មី​ចំនួន ៩​ខ្នង ព្រម​ទាំង​ចាប់​ខ្លួន​បុរស​ម្នាក់​យក​ទៅ​កាន់​ទី​រួម​ខេត្ត​ផង។

ក្រុម​អ្នក​ភូមិ​អូរពោធិ៍ ឃុំ​រមណី ស្រុក​រវៀង ជាង ១៣០​នាក់ បាន​លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​មន្ទីរ​បរិស្ថាន ខេត្ត​ព្រះវិហារ ពេញ​១​ថ្ងៃ​សុក្រ ទី​៤ ខែ​កក្កដា។

ក្រុម​អ្នក​ភូមិ​ដែល​ជា​សមាជិក​សហគមន៍​ព្រៃ​ឈើ​ឈ្មោះ​ទន្លេ​ម្រេច​ទាំង​នោះ កំពុង​ទាមទារ​ឱ្យ​មន្ទីរ​បរិស្ថាន ដោះ​លែង​បុរស​ម្នាក់​ដែល​មន្ត្រី​បាន​ចាប់​ខ្លួន នៅ​ពេល​ដែល​ចុះ​ទៅ​រារាំង​មិន​ឱ្យ​សង់​លំនៅឋាន​ថ្មី នៅ​លើ​ដី​មួយ​កន្លែង ទល់​មុខ​គ្នា​នឹង​ដី​សម្បទាន​សេដ្ឋកិច្ច​ក្រុមហ៊ុន​របស់​លោក​ឧកញ៉ា ទ្រី ភាព។

តំណាង​សហគមន៍​ការពារ​ព្រៃ​ឈើ​ទន្លេ​ម្រេច​ម្នាក់ ក្នុង​ចំណោម​តំណាង​មួយ​ចំនួន​ទៀត គឺ​លោក ហួន គាណូ។ លោក​មាន​ប្រសាសន៍​ថា ការ​ចាប់​ខ្លួន​បុរស​អ្នក​ភូមិ​ឈ្មោះ ឃិន ថា អាយុ ៤១​ឆ្នាំ គឺ​ជា​រឿង​អយុត្តិធម៌ ដែល​ប្រជាពលរដ្ឋ​មិន​អាច​ទទួល​យក​បាន​ទេ។ លោក ហួន គាណូ បញ្ជាក់​ថា ក្រុមហ៊ុន​ដី​សម្បទាន​របស់​លោក​ឧកញ៉ា ទ្រី ភាព ចេះ​តែ​រំកិល​ចូល​ទៅ​ក្នុង​ដែនដី​សហគមន៍​បន្តិច​ម្ដងៗ ហើយ​នៅ​ពេល​សហគមន៍​ព្រៃ​ឈើ​ដាក់​ពាក្យ​ប្ដឹង​ទៅ អាជ្ញាធរ និង​តុលាការ គឺ​មិន​ដែល​ឃើញ​មាន​ការ​ដោះស្រាយ​ទេ ក៏ប៉ុន្តែ​នៅ​ពេល​ដែល​ប្រជា​សហគមន៍​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី ក៏​ទៅ​សង់​ផ្ទះ​ការពារ បែរ​ជា​មន្ត្រី​ដឹក​នាំ​សមត្ថកិច្ច​ចុះ​អនុវត្ត​ការ​បណ្ដេញ​ចេញ និង​ចាប់​ខ្លួន​អ្នក​ភូមិ​ទៅ​វិញ។

តំណាង​សហគមន៍​ព្រៃ​ឈើ​ដដែល​បញ្ជាក់​ថា រូប​គាត់ និង​ប្រជាពលរដ្ឋ​ចំនួន ១៥៨​គ្រួសារ ទាមទារ​ឱ្យ​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ ត្រូវ​តែ​ដោះ​លែង​បុរស​ឈ្មោះ ឃិន ថា ឱ្យ​មាន​សេរីភាព​វិញ៖ «ទាមទារ​ទី​១ ដោះ​លែង​ប្រជាពលរដ្ឋ​នៅ​ក្នុង​សហគមន៍​ហ្នឹង​វិញ។ ទី​២ ឱ្យ​ក្រុមហ៊ុន ទ្រី ភាព ឈប់​រំលោភ​ដី​សហគមន៍ និង​បោះ​បង្គោល​ឱ្យ​ច្បាស់​លាស់។ ទី​៣ ឱ្យ​មន្ត្រី​បរិស្ថាន​ឈប់​រំលោភ​ការ​បាញ់​បោះ​លើ​ប្រជាពលរដ្ឋ ធ្វើ​ឱ្យ​ភិតភ័យ និង​ឈប់​បណ្ដេញ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​លើ​ដី​សហគមន៍»

ជាច្រើន​ខែ​មក​ហើយ សហគមន៍​ការពារ​ព្រៃ​ឈើ​ទន្លេ​ម្រេច នៅ​ភូមិ​អូរពោធិ៍ ស្រុក​រវៀង កើត​មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​លោក​ឧកញ៉ា ទ្រី ភាព។

កាល​ពី​ថ្ងៃ​ទី​២០ ខែ​មករា ឆ្នាំ​២០១៤ តំណាង​សហគមន៍​ទន្លេ​ម្រេច ធ្លាប់​ដាក់​ពាក្យ​ប្ដឹង​ក្រុមហ៊ុន ទ្រី ភាព ទៅ​តុលាការ ពី​បទ​ឈូស​បំផ្លាញ​ព្រៃ​សហគមន៍​ចំនួន ១៥​ហិកតារ ក៏ប៉ុន្តែ​រហូត​មក​ដល់​នេះ ទាំង​អាជ្ញាធរ និង​តុលាការ មិន​ទាន់​ដោះស្រាយ​បញ្ហា​នេះ​យ៉ាង​ណា​នៅ​ឡើយ។

កាល​ពី​រសៀល​ថ្ងៃ​សុក្រ ទី​៤ ខែ​កក្កដា នៅ​ពេល​ដែល​ប្រជា​សហគមន៍​កំពុង​តវ៉ា​នៅ​ក្នុង​ទី​រួម​ខេត្ត​នោះ ទាំង​អាជ្ញាធរ​ខេត្ត​ព្រះវិហារ ព្រម​ទាំង​មន្ត្រី​មន្ទីរ​បរិស្ថាន មិន​ធ្វើ​ការ​អធិប្បាយ​យ៉ាង​ណា​ឡើយ។

នាយ​ខុទ្ទកាល័យ​សាលា​ខេត្ត​ព្រះវិហារ លោក ខូយ ឃុនហ៊ មិន​បាន​ទទួល​ទូរស័ព្ទ​អធិប្បាយ​ជុំវិញ​រឿង​នោះ​ថា​យ៉ាង​ណា​នៅ​ឡើយ។

ចំណែក​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះវិហារ លោក ខូយ ឃុនចន្ទរ័ត្ន ក៏​បាន​បដិសេធ​មិន​ពន្យល់​រឿង​នោះ​ដែរ ដោយ​លោក​មាន​ប្រសាសន៍​ហាក់​បង្ហាញ​ពី​ភាព​មមាញឹក​ខ្លាំង ក្នុង​ការ​ជួប​ដោះស្រាយ​ជាមួយ​ក្រុម​អ្នក​តវ៉ា៖ «ឈប់! ឥឡូវ​ខ្ញុំ​ជាប់​រវល់ មិន​ទាន់​មាន​ពេល​ធ្វើ​ការ​ទេ។ ចាំ​ប្រហែល​ជា​អាច ១​ម៉ោង​ក្រោយ​ចាំ​ទូរស័ព្ទ​មក»

អាជ្ញាធរ​មូលដ្ឋាន​ភូមិ​ឃុំ​ដែល​ប្រជាពលរដ្ឋ​រស់នៅ ហាក់​ដូច​បង្ហាញ​អំពី​ការ​គេចវេស​យក​រួច​ខ្លួន ជុំវិញ​រឿង​ប្រជា​សហគមន៍​ទន្លេ​ម្រេច មាន​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន ទ្រី ភាព នេះ។

មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​រមណី លោក សូ សៀ បាន​មាន​ប្រសាសន៍​ថា លោក​បាន​ដឹង​បញ្ហា​ចាប់​ខ្លួន​អ្នក​ភូមិ​នោះ ក៏ប៉ុន្តែ​លោក​បន្ទោស​ថា បណ្ដាល​មក​ពី​អ្នក​ភូមិ​ចេះ​តែ​នាំ​គ្នា​ចូល​ទៅ​សង់​លំនៅឋាន​ខុស​ច្បាប់​លើ​ដី​ដែល​ហាម​ឃាត់។ លោក សូ សៀ បញ្ជាក់​ទៀត​ថា លោក​មិន​មាន​អន្តរាគមន៍​ណា​មួយ​ទៅ​អាជ្ញាធរ​ស្រុក​រវៀង និង​ខេត្ត​ព្រះវិហារ ឱ្យ​ជួយ​ដោះ​លែង​អ្នក​ភូមិ​នោះ​ទេ ពីព្រោះ​តែ​អ្នក​ភូមិ​ទាំង​នោះ​ធ្វើ​អ្វីៗ​មិន​បាន​ចាត់​ទុក​អាជ្ញាធរ​នៅ​ក្នុង​កែវ​ភ្នែក និង​នៅ​ក្នុង​ចិត្ត​ទេ៖ «ហ៊ឺ! ប្រជាពលរដ្ឋ​គេ​មិន​ដែល​មក​ជួប​ខ្ញុំ​ទេ។ គេ​រំលង​ហើយ​ភូមិ​ឃុំ គេ​អត់​ស្គាល់​ទេ គេ​ឈប់​ជឿ​ហើយ។ ប្រជាពលរដ្ឋ​គេ​ទៅ​ឡើង​ទៅ​តវ៉ា​អ៊ីចឹង»

ទោះ​យ៉ាង​ណា សកម្មជន​ការពារ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល កំពុង​ព្រួយ​បារម្ភ​ចំពោះ​បញ្ហា​ជម្លោះ​ដីធ្លី​រវាង​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​លោក​ឧកញ៉ា ទ្រី ភាព ជាមួយ​ប្រជាពលរដ្ឋ​នេះ។

អ្នក​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) ខេត្ត ព្រះវិហារ លោក ឡោ ច័ន្ទ មាន​ប្រសាសន៍​ថា ជម្លោះ​ដីធ្លី​រវាង​សហគមន៍​ប្រជាពលរដ្ឋ​ជាមួយ​ក្រុមហ៊ុន​នេះ កំពុង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ប្រឈម​មុខ​នឹង​ការ​គាប​សង្កត់​ផ្លូវ​ច្បាប់ ចំណែក​ឯ​សកម្មភាព​ចាប់​ខ្លួន​អ្នក​ភូមិ​ម្នាក់ កាល​ពី​ថ្ងៃ​ទី​៣ ខែ​កក្កដា ដែល​ធ្វើ​ឱ្យ​អ្នក​ភូមិ​លើក​គ្នា​តវ៉ា​នេះ ក៏​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ៖ «អាជ្ញាធរ​គាត់​ចុះ​ទៅ​រហូត​មាន​ការ​ផ្ទុះ​អាវុធ​ទៀត។ អា​នេះ​ខាង​សង្គម​ស៊ីវិល យល់​ឃើញ​ថា ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ។ នេះ​ជា​កំហុស​អាជ្ញាធរ ដែល​ពី​មុន​មក​មិន​បាន​ដោះស្រាយ ឬ​ក៏​មិន​បាន​បោះ​ព្រំប្រទល់​រវាង​ដី​ក្រុមហ៊ុន ជាមួយ​ដី​សហគមន៍​បាន​ច្បាស់ ហើយ​ក្រុមហ៊ុន​គាត់​ចេះ​តែ​ឈូស​ឆាយ​ទៅៗ បណ្ដាល​ឱ្យ​ប៉ះពាល់​ព្រៃ​សហគមន៍​គាត់​អស់ ១៥​ហិកតារ​ហើយ។ គាត់​ធ្វើ​ផ្ទះ​ថ្មី ដើម្បី​កុំ​ឱ្យ​ក្រុមហ៊ុន​ឈូស​ឆាយ​យក​ដី​ទៀត​ហ្នឹង»

កាល​ពី​រសៀល​ថ្ងៃ​ទី​៤ ខែ​កក្កដា នៅ​ខេត្ត​ព្រះវិហារ ក្រៅ​តែ​ពី​ប្រជា​សហគមន៍​ទន្លេ​ម្រេច ចំនួន​ជាង ១៣០​នាក់ លើក​គ្នា​ទៅ​តវ៉ា​នៅ​មុខ​មន្ទីរ​បរិស្ថាន ឱ្យ​ដោះ​លែង​អ្នក​ភូមិ​ម្នាក់ គឺ​មាន​ប្រជាពលរដ្ឋ​២​ក្រុម​ទៀត មក​ពី​សហគមន៍​ដីធ្លី​ស្រុក​គូលែន និង​ឃុំ​ប្រមេរ ស្រុក​ត្បែងមានជ័យ ក៏​បាន​លើក​គ្នា​ទៅ​ទី​រួម​ខេត្ត បំណង​តវ៉ា​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។