មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) និងប្រជាពលរដ្ឋនៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រួយបារម្ភខ្លាចអាជ្ញាធរមានសមត្ថកិច្ចធ្វើទុក្ខបុកម្នេញ ឬចាប់ពលរដ្ឋដាក់គុក ដោយសាររឿងដីធ្លី។ ការព្រួយបារម្ភនេះ ក្រោយពេលដែលអាជ្ញាធរជួលកម្មករដឹកបង្គោលថ្មជាច្រើនដើម បម្រុងបោះកំណត់ទីតាំងដីព្រៃសហគមន៍ដែលអាចប៉ះពាល់ដីអ្នកភូមិចំនួន ២១គ្រួសារ។
ប្រជាពលរដ្ឋពីរគ្រួសារក្នុងចំណោម ២១គ្រួសារដែលជាសាច់ញាតិនឹងគ្នា នៅភូមិសន្សក្ដាម នៃឃុំស្នាអន្សា ឲ្យដឹងនៅថ្ងៃទី២២ ខែធ្នូ ថា អាជ្ញាធរ និងជំនាញរដ្ឋបាលព្រៃឈើ មានបំណងរំលោភយកដីពួកគាត់ទំហំ ៣៣ហិកតារនៅចំណុចអន្សក្ដាម ទៅធ្វើជាដីព្រៃសហគមន៍។ បច្ចុប្បន្ន ពលរដ្ឋមិនព្រមទទួលយកការដោះដូរដីចេញទៅក្រៅទេ ហើយបន្តព្រោះស្រូវ និងសណ្ដែកនៅលើដីនោះ។
ប្រជាពលរដ្ឋម្នាក់ លោក យូ ចាន់បូរ៉ា មានប្រសាសន៍ថា នៅរសៀលថ្ងៃទី២១ ខែធ្នូ មានគោយន្តពីរគ្រឿងដឹកបង្គោលថ្មចំនួន ២៦ដើម ដោយលាបថ្នាំពណ៌ក្រហមលាយខៀវ ទៅទម្លាក់ចោលនៅចម្ងាយប្រមាណ ១០០ម៉ែត្រពីផ្ទះគាត់ ដើម្បីត្រៀមបោះរំលោភយកដីអ្នកភូមិ។ លោក និងអ្នកភូមិផ្សេងទៀត បារម្ភអាជ្ញាធររករឿង ឬប្ដឹងទៅតុលាការចាប់ដាក់គុក ខណៈអ្នកភូមិកំពុងបង្កបង្កើនផលនៅលើដីនោះ៖ «កន្លងផុតមក ដូចជានៅឃុំអន្លង់ត្នោត បានវាស់ និងចេញប្លង់ឲ្យ។ ដល់ពេលប្រជាជនចូលទៅឈូសឆាយ ស្រាប់តែក្រុមហ៊ុនដេញវិញ គេទាញអាប្លង់មានច្បាប់គេមក (ព្រំប្រទល់) ត្រឹមបង្គោលថ្មគេហ្នឹង។ ដល់អ៊ីចឹង ប្រជាជនយើងចំនួន ២១គ្រួសារដែលប៉ះពាល់មិនហ៊ានទៅយកដោយសារអ៊ីចឹង»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងនាយផ្នែករដ្ឋបាលព្រៃឈើស្រុកក្រគរ លោក ប៉ុល ចាន់ថា ដើម្បីសុំការអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២២ ខែធ្នូ។
ចំណែកមេឃុំស្នាអន្សា លោក មោក កោ បញ្ជាក់ថា បង្គោលដែលបានដឹកទៅនោះ គឺជាជំនួយរបស់អង្គការអភិវឌ្ឍន៍មិត្តជនបទ សហការជាមួយរដ្ឋបាលព្រៃឈើ ដើម្បីបោះកំណត់ដីសហគមន៍ទំហំ ៣០១ហិកតារ ដែលមានប្លង់រឹងតាំងពីឆ្នាំ២០១២។ លោកបន្ថែមថា ការពិត មានពលរដ្ឋតែ ៦គ្រួសារប៉ុណ្ណោះ ដែលមានដីឋិតនៅក្នុងសហគមន៍ ប៉ុន្តែបានបំបែកទៅជា ២១គ្រួសារដើម្បីតវ៉ា។ ទោះយ៉ាងនេះ អាជ្ញាធរនៅតែមានមនោសញ្ចេតនាដោះដូរដីជូនពួកគាត់ក្នុងម្នាក់ៗ ១ហិកតារ នៅលើដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចរតនាវិសាល កាត់មួយផ្នែកមកឲ្យអាជ្ញាធរចាត់ចែងវិញ។ លោកថា បើពលរដ្ឋនៅតែរឹងរូសធ្វើស្រែលើដីសហគមន៍ នឹងមានទោស៖ «អត់ទេ (ដីអត់មានបញ្ហា) ក្រុមហ៊ុនរតនាវិសាល ប្រគល់មកអាជ្ញាធរហើយ មានអភិបាលខេត្តអីស៊ីញេទទួលស្គាល់អស់ហើយ។ យើងដោះស្រាយឲ្យគាត់ហើយ ហើយគាត់នៅចចេសរឹងរូសជារឿងរបស់គាត់ ធ្វើមិនស្របច្បាប់ គាត់ទៅកាប់ព្រៃ បើច្បាប់ព្រៃឈើគាត់ (ក្រុមពលរដ្ឋ) ត្រូវមានទោសទៀតនេះ»។
មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តពោធិ៍សាត់ លោក ភួង សុធា យល់ថា ដើម្បីកុំឲ្យមានបញ្ហាកាន់តែធ្ងន់ធ្ងរ អាជ្ញាធរមិនគប្បីបោះបង្គោលកំណត់ផ្ទៃដីសហគមន៍នាពេលនេះទេ គឺត្រូវរង់ចាំទាល់តែមានសាលក្រមពីស្ថាប័នតុលាការ ដើម្បីឲ្យមានភាពច្បាស់លាស់ថា ដីដែលកំពុងមានបញ្ហានោះត្រូវប្រគល់ឲ្យពលរដ្ឋវិញ ឬដាក់ជាព្រៃសហគមន៍។ លោកថា តាមដែលលោកដឹង គឺមានពាក្យបណ្ដឹងមួយទាក់ទងរឿងដីធ្លីនេះ កំពុងស្ថិតនៅក្នុងដៃរបស់សាលាឧទ្ធរណ៍នៅឡើយ៖ «អ៊ីចឹងគួរតែងាកមើលនីតិវិធីដែលមានចែងមកវិញ បើទៅធ្វើទទឹងទិសអ៊ីចឹង មានន័យខ្លួនឯងក៏ជាអ្នករំលោភច្បាប់ដែរ»។
ក្រុមពលរដ្ឋ និងសង្គមស៊ីវិលដែលបានតាមដានករណីនេះ ឲ្យដឹងថា ទីតាំងដីមានជម្លោះ គឺជាប្រភេទដីភូមិចាស់ មានវាលស្រែ និងដំណាំហូបផ្លែទៀតផង។ អ្នកភូមិអះអាងថា បានចូលទៅកាន់កាប់ និងព្រោះស្រូវ ឬដាំដំណាំរួមផ្សំតាមរបៀបវិលជុំតាំងពីឆ្នាំ១៩៨៣ គឺមុនពេលដែលអាជ្ញាធរកំណត់ដីនេះជាដីព្រៃសហគមន៍ម្ល៉េះ។
កាលពីដើមខែវិច្ឆិកា ឆ្នាំ២០១៥ តំណាងពលរដ្ឋម្នាក់ឈ្មោះ សោម សារាវុត ត្រូវបានតុលាការខេត្តពោធិ៍សាត់ កាត់ទោសឲ្យជាប់គុក ៥ឆ្នាំ ក្រោមបទចោទកាប់រុករានព្រៃបម្រុងទុក តាមបណ្ដឹងរបស់រដ្ឋបាលព្រៃឈើ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
