ពលរដ្ឋ​ខេត្ត​ពោធិ៍សាត់​រិះគន់​អាជ្ញាធរ​មូលដ្ឋាន​ថា​មិន​អើពើ​ដោះស្រាយ​ជម្លោះ​ដីធ្លី

ដោយ ជិន ជេដ្ឋា
2015.11.29
ផែនទី​ខេត្ត​ពោធិ៍សាត់ ៨៥៥ ផែនទី​ខេត្ត​ពោធិ៍សាត់
Photo: RFA

មន្ត្រី​សង្គម​ស៊ីវិល និង​ប្រជាពលរដ្ឋ​នៅ​ឃុំ​ស្វាយស ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ រិះគន់​អាជ្ញាធរ​មូលដ្ឋាន ថា​មិន​អើពើ​ដោះស្រាយ​ជម្លោះ​ដីធ្លី​ជូន​ពលរដ្ឋ​ក្រីក្រ។ អាជ្ញាធរ​មូលដ្ឋាន​បញ្ជាក់​ថា បាន​ដោះស្រាយ​ជម្លោះ​ដីធ្លី​នេះ​ជាច្រើន​លើក​ច្រើន​សា​ហើយ ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ប៉ុន្តែ​ភាគី​ទាំង​ពីរ​នៅ​មិន​ទាន់​ស្រុះស្រួល​គ្នា។

ប្រជាពលរដ្ឋ​មួយ​គ្រួសារ​នៅ​ភូមិ​បឹងស្មុក នៃ​ឃុំ​ស្វាយស អះអាង​ថា អ្នក​មាន​លុយ និង​អាង​ខ្នង​បង្អែក​ម្នាក់​ឈ្មោះ គិត ឈីវ និង​បុគ្គល​ពីរ​នាក់​ទៀត ឃុបឃិត​គ្នា​រំលោភ​យក​ដី​ទំហំ​ជាង ៦​ហិកតារ (៦,៣០​ហិកតារ) របស់​គាត់ ដែល​មាន​វិញ្ញាបនបត្រ​សម្គាល់​ម្ចាស់​អចលនវត្ថុ​ត្រឹមត្រូវ។ ពួក​គាត់​ថា ជម្លោះ​កើត​ឡើង​តាំង​ពី​ដើម​ឆ្នាំ​២០១៥ ប៉ុន្តែ​អាជ្ញាធរ​មិន​សូវ​អើពើ​ដោះស្រាយ ទំនង​ជា​រើសអើង​ចំពោះ​អ្នក​ដែល​គាំទ្រ​នយោបាយ​ប្រឆាំង។

ស្ត្រី​វ័យ​ជាង ៣០​ឆ្នាំ​ម្នាក់​ដែល​កំពុង​កាន់​ប័ណ្ណ​កម្មសិទ្ធិ​លើ​ដី​មាន​ជម្លោះ​នេះ លោកស្រី ខ្លឹម វណ្ណា មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ថា ម្ដាយ​ក្មេក និង​ប្ដី​ប្រពន្ធ​គាត់ បាន​ត្រួសត្រាយ​ព្រៃ​នៅ​ចំណុច​ចេតិយ​នៃ​ភូមិ​កម្រែង ឃុំ​ស្វាយស ដើម្បី​កាន់​កាប់​ជាច្រើន​ឆ្នាំ​មក​ហើយ ហើយ​នៅ​ឆ្នាំ​២០១៤ ទើប​ប្ដី​ប្រពន្ធ​គាត់​ទទួល​បាន​វិញ្ញាបនបត្រ​កាន់​កាប់​ស្រប​ច្បាប់​លើ​ដី​នោះ។ ក្រោយ​ពី​ម្ដាយ​ក្មេក​គាត់​ស្លាប់​ភ្លាម ស្រាប់​តែ​មាន​ក្មួយ​ខាង​ប្ដី​ឈ្មោះ ញឹក សុភាព មក​ដណ្ដើម​យក​ដី​ទាំងអស់ ដោយ​មាន លោក ហេង ផានិត និង​លោក គិត ឈីវ នៅ​ពី​ក្រោយ​ខ្នង ហើយ​ដាក់​គ្រឿងចក្រ​ឈូស​ដី​នោះ​កាល​ពី​ដើម​ឆ្នាំ​២០១៥៖ «ខ្ញុំ​ចង់​ឲ្យ​អាជ្ញាធរ​គ្រប់​ក្រសួង​ស្ថាប័ន​ទាំងអស់​ហ្នឹង ជួយ​រក​យុត្តិធម៌​ឲ្យ​ខ្ញុំ កុំ​ឲ្យ​ចេះ​តែ​កាន់​ជើង​បុគ្គល​ដែល​ធ្វើ​ខុស ហើយ​ថា​ល្អ ហើយ​អ្នក​ដែល​ត្រូវ បែរ​ជា​ថា​អាក្រក់។ សូម​ឲ្យ​មាន​ភាព​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ដែល​គ្មាន​លុយ​សូកប៉ាន់​ទៅ​ខាង​មន្ត្រី​រាជការ ឬ​អាជ្ញាធរ​ណា​ម្នាក់។ សូម​ឲ្យ​គេ​មាន​ទឹក​ចិត្ត​តស៊ូ​ក្នុង​ឆាក​ជីវិត​គេ​គ្រប់ៗ​គ្នា​ផង»

លោកស្រី​បញ្ជាក់​ថា លោកស្រី​ជា​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ប៉ុន្តែ​បច្ចុប្បន្ន​គាត់​ចង់​លះ​បង់​ទៅ​ធ្វើ​ជា​ពលរដ្ឋ​សាមញ្ញ​វិញ ដោយ​អ្នក​ភូមិ​មួយ​ចំនួន និង​អាជ្ញាធរ​មូលដ្ឋាន​ស្អប់​ខ្ពើម និង​មិន​សូវ​រាប់​រក។

វិទ្យុ​អាស៊ីសេរី មិន​អាច​រក​ប្រភព​ទាក់ទង លោក គិត ឈីវ ដើម្បី​ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា​។

ជំទប់​ទី​១ ជា​មេ​ឃុំ​ស្ដីទី​នៃ​ឃុំ​ស្វាយស លោក ចាន់ សៃ បញ្ជាក់​ថា ជម្លោះ​ដីធ្លី​នេះ អាជ្ញាធរ​ឃុំ​បាន​សម្រុះសម្រួល​គូ​ភាគី​ពី ៦ ទៅ ៧​លើក​ហើយ ប៉ុន្តែ​នៅ​តែ​មិន​ត្រូវរ៉ូវ​គ្នា។ លោក​ថា ហេតុ​ដែល​ក្មួយ​ឈ្មោះ ញឹក សុភាព ទាមទារ​ដី​នោះ ដោយ​គេ​ធ្លាប់​ទៅ​ធ្វើ​ការ​នៅ​ថៃ ផ្ញើ​លុយ​ចិញ្ចឹម​ម្ដាយ​ក្មេក លោកស្រី ខ្លឹម វណ្ណា ហើយ​ថា នឹង​ចែក​ដី​នោះ​ទៅ​ឲ្យ​គេ ប៉ុន្តែ​មិន​បាន​ធ្វើ​ប្លង់​កម្មសិទ្ធិ៖ «អត់​មាន​រើសអើង​ទេ​ក្មួយ ក្មួយ​ឯង​ត្រូវ​គិត​ថា ដី​គេ​មាន​ប្លង់​ត្រឹម​ឃុំ​ត្រឹម​អី​នេះ គ្រាន់​តែ​អង្វរ​ទេ បើ​សិន​ណា​ជា​គេ​មិន​យល់ព្រម យើង​អត់​ចេះ​អី​ច្រើន​ទេ ព្រោះ​អី​គេ​មាន​ប្លង់​រឹង បើ​គេ​មិន​ចែក​មិន​ដឹង​ធ្វើ​ម៉េច​ទេ​អស់​ហើយ»

មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​អាដហុក (ADHOC) ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា អាជ្ញាធរ​មិន​សូវ​អើពើ​ដោះស្រាយ​រឿង​ដីធ្លី​នេះ ទំនង​ជា​មាន​ការ​រើសអើង​ខាង​នយោបាយ ដោយ លោកស្រី ខ្លឹម វណ្ណា មាន​និន្នាការ​គាំទ្រ​គណបក្ស​ក្រៅ​រដ្ឋាភិបាល។ លោក​ធ្លាប់​ពន្យល់​ភាគី​ម្ចាស់​ដី​ដែល​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ ឲ្យ​រៀបចំ​ឯកសារ​ពាក់ព័ន្ធ​បន្ថែម មុន​លោក​អាច​ជួប​អាជ្ញាធរ​ពិភាក្សា​ដោះស្រាយ​រឿង​នេះ៖ «ជា​ដំណោះស្រាយ អាជ្ញាធរ​ហៅ​គាត់​មក​សម្រុះសម្រួល​គ្នា ហើយ​ព្យាយាម​ឲ្យ​ភាគី​ដាំ​ស្រូវ (ញឹក សុភាព) ឈប់​បង្កបង្កើនផល​នៅ​លើ​ដី​ហ្នឹង​ទៅ ហើយ​បើ​ភាគី​ហ្នឹង​នៅ​តែ​ផ្គើន​ទេ ម្ចាស់​ដី (លោកស្រី ខ្លឹម វណ្ណា) អាច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ទៅ»

យ៉ាង​ណា ម្ចាស់​ដី​មាន​ប្លង់​កម្មសិទ្ធិ​ស្រប​ច្បាប់ គឺ​លោកស្រី ខ្លឹម វណ្ណា ថា​នឹង​ចែក​ដី​ទំហំ ១​ហិកតារ​ដល់​ភាគី​ម្ខាង​ទៀត បើ​គេ​យល់ព្រម​ទទួល​យក ហើយ​លោកស្រី​ពុំ​ទាន់​មាន​គម្រោង​ដាក់​ពាក្យ​បណ្ដឹង​រឿង​ដីធ្លី​នេះ​ទៅ​តុលាការ​ទេ ដោយ​រង់ចាំ​ការ​ដោះស្រាយ​ពី​គណៈ​អភិបាល​ខេត្ត​ពោធិ៍សាត់ ភូមិបាល​ស្រុក​ក្រគរ និង​សាលា​ឃុំ​ស្វាយស ដែល​គាត់​ធ្លាប់​ដាក់​លិខិត​សុំ​អន្តរាគមន៍​ជា​បន្តបន្ទាប់​កាល​ពី​ពេល​កន្លង​ទៅ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។