អ្នកភូមិ និងសង្កាត់ត្រពាំងរាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញមួយក្រុមមានគ្នាជិត ៥០នាក់ នាំគ្នាតវ៉ាឈ្មួញដែលបិទផ្លូវសាធារណៈ និងទាមទារឲ្យបើកផ្លូវនោះឡើងវិញ។ អាជ្ញាធរដែនដីនៅមិនចាត់វិធានការបើកផ្លូវវិញទេ បើទោះជាបានវាស់វែងរយៈពេល ៦ខែមកហើយ។
ប្រជាពលរដ្ឋនៅភូមិត្រពាំងរាំងចាស់ ប្រមាណជិត ៥០នាក់ ក្នុងចំណោមអ្នកផ្ដិតមេដៃ ១៣៣នាក់ ប្រមូលផ្ដុំគ្នាទាមទារឲ្យឈ្មួញទិញដី ៣ម្ចាស់ បើកផ្លូវសាធារណៈពីរខ្សែឡើងវិញ នៅព្រឹកថ្ងៃទី២៧ ធ្នូ។
តំណាងប្រជាពលរដ្ឋមួយរូប គឺលោក ហែន សារ៉ែន ថ្លែងថា មូលហេតុនៃការទាមទារបើកផ្លូវរបស់អ្នកភូមិនេះ គឺដោយសារតែអ្នកទិញដីទាំងនោះ នៅតែបន្តបិទផ្លូវចាស់មិនឲ្យពលរដ្ឋធ្វើចរាចរចេញចូលដដែល៖ «អតីតកន្លែងនេះមានផ្លូវ។ ប្លង់មានទេ ប្លង់ដែលសុរិយោដីរាជធានីភ្នំពេញ បានបាញ់តម្កល់ទុកឲ្យ ផ្លូវនេះជាសាធារណៈរបស់រដ្ឋសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់រួម។ ប៉ុន្តែសព្វថ្ងៃនេះ ផ្លូវបានបាត់ទាំងស្រុង ជាពិសេសអាជ្ញាធរជាអ្នកគ្រប់គ្រង អាជ្ញាធរជាអ្នកដែលបានកាត់ឈ្មោះ បញ្ជាក់ឈ្មោះឲ្យបុគ្គលឯកជនប្រើប្រាស់ដីនេះស្របច្បាប់។ ហេតុដូច្នេះហើយ ខ្ញុំសូមផ្ញើសារនេះដល់អាជ្ញាធរមូលដ្ឋាន មានភូមិមានសង្កាត់មានខណ្ឌ សូមមេត្តាជួយដោះស្រាយទៅតាមច្បាប់»។
លោកបញ្ជាក់បន្ថែមថា ផ្លូវចាស់ខ្សែទីមួយដែលមានទំហំទទឹង ៣ម៉ែត្រ ៣តឹក (៣,៣៦ម៉ែត្រ) និងបណ្ដោយជាង ៥០ម៉ែត្រ ត្រូវបានអ្នកទិញដីធ្វើឃ្លាំងឈ្មោះ គឹម គង់ និងឈ្មោះ សៀង ប៊ុនណេត បិទ ហើយផ្លូវខ្សែទីពីរទំហំ ១០ម៉ែត្រ បណ្ដោយ ៦០ម៉ែត្រ ក៏ត្រូវបានអ្នកទិញដីឈ្មោះ ជាម គឹមសេង បិទដែរ។
តំណាងអ្នកភូមិមួយរូបទៀត កញ្ញា ទឹម ស្រីល័ក្ខណ៍ បញ្ជាក់ថា កញ្ញា និងអ្នកភូមិ ទាមទារអស់រយៈពេលជាងមួយឆ្នាំមកហើយ ហើយអាជ្ញាធរខណ្ឌធ្លាប់ចុះមកវាស់វែងម្ដងដែរ ប៉ុន្តែរហូតមកដល់ពេលនេះ អ្នកទិញដីដែលធ្វើរបងបិទនោះ នៅមិនទាន់រុះរើរបងបើកផ្លូវវិញនៅឡើយ៖ «ខ្ញុំតវ៉ាឡើងមួយឆ្នាំជាង អ៊ីចឹងទៅបានថ្ងៃទី២៦ ខែ៦ (ឆ្នាំ២០១៥) បានគណៈកម្មការខណ្ឌបានចុះមកវាស់វែងឲ្យពួកខ្ញុំ ទទួលស្គាល់ថា ហ្នឹងពិតជាដីផ្លូវពិតប្រាកដមែន។ ពួកខ្ញុំមានទាំងភស្តុតាងតាំងពីគាត់ចុះមកថត មានឯកសារពាក្យបណ្ដឹងទាំងអស់ ហើយគាត់បានទទួលវាយត្រាចូលចេញឲ្យពួកខ្ញុំដែរ»។

ម្ចាស់ដីនៅជាប់ផ្លូវដែលទើបមកទិញដីបន្តពីឈ្មួញ ហើយប្រជាពលរដ្ឋថាបានរំលោភយកលើដីផ្លូវដែរ គឺលោក សៀង ប៊ុនណេត ទទួលស្គាល់ថា ដីផ្លូវជាង ៣ម៉ែត្រនោះ ដីលោកជាប់ចូលដីចំណីផ្លូវប្រហែលជាងមួយម៉ែត្រមែន។ លោកថានឹងធ្វើតាមសំណូមពររបស់អ្នកភូមិ៖ «ទទួលបានទាំងអស់ខ្ញុំ។ បើថាប្រជាជនចង់បានផ្លូវហ្នឹង ហើយឥឡូវផ្លូវហ្នឹងនៅក្នុងដីខ្ញុំប៉ុន្មាន ខ្ញុំជូនទាំងអស់។ ឥឡូវដីហ្នឹងជាប់ផ្លូវប៉ុន្មានអីប៉ុន្មាន គិតជាលុយមក យកលុយហ្នឹងកសាងអី ព្រោះផ្លូវហ្នឹងអត់មានអ្នកដើរទៀតទេ។ បើអ៊ីចឹងខ្ញុំក៏ធ្វើតាមបានទៀត។ ចង់និយាយថាឲ្យតែប្រជាជនសហការគ្នាទៅថា ដីខ្ញុំចូលប៉ុន្មានការ៉េអីប៉ុន្មានការ៉េចែកគ្នាមក»។
ដោយឡែកម្ចាស់ដីនៅជាប់ផ្លូវម្ខាងទៀតដែលពលរដ្ឋស្គាល់ថាឈ្មោះ គឹម គង់ នៅមិនទាន់បញ្ជាក់ជំហរនៅចំពោះមុខអ្នកភូមិថា នឹងបើកផ្លូវទទឹងជាង ៣ម៉ែត្រ និងបណ្ដោយ ៥០ម៉ែត្រនោះនៅឡើយទេ។
ទោះជាដូច្នេះក្ដី ចៅសង្កាត់ត្រពាំងរាំង លោក សួន ម៉ុក ថ្លែងថា ខាងលោកជាអាជ្ញាធរសង្កាត់បានជួបជាមួយម្ចាស់ដីនោះពីរបីដងហើយ៖ «យើងទៅជួបគាត់ហើយ ហើយគាត់ថានឹងរុះរើៗ ប៉ុន្តែគាត់អត់ទាន់រុះ។ បើយើងជូនដំណឹងគាត់ហើយ គាត់អត់រុះរើ អាហ្នឹងហួសសមត្ថភាពសង្កាត់ហើយ។ សង្កាត់រាយការណ៍ជូនខណ្ឌមានវិធានការបន្ត»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអភិបាលខណ្ឌសែនសុខ បានទេនៅល្ងាចថ្ងៃទី២៧ ធ្នូ។
លោក សួន ម៉ុក មានប្រសាសន៍ដែរថា ផ្លូវមួយខ្សែទៀតដែលមិនបើកនោះ គឺនៅមិនទាន់ត្រូវគ្នារឿងទំហំនៅឡើយ៖ «អាខ្សែខាងលិចហ្នឹង អាហ្នឹងផ្លូវចាស់ទេ។ ដោយសារថាផ្លូវពីមុនបួនម៉ែត្រ ហើយដល់សុរិយោដីធ្វើប្លង់ទៅ គាត់ទុកផ្លូវដល់ ៨ម៉ែត្រ។ អ៊ីចឹងមានបញ្ហា។ និយាយពីផ្លូវចាស់ពីមុនមកតែបួន (ម៉ែត្រ) ទេ»។
ការតវ៉ារបស់ប្រជាពលរដ្ឋភូមិត្រពាំងរាំងចាស់ ឃុំត្រពាំងរាំង ខណ្ឌសែនសុខ សម្រេចចិត្តផ្អាកការទាមទារជាបណ្ដោះអាសន្ន បន្ទាប់ពីម្ចាស់ដីប៉ះពាល់ដីផ្លូវនោះមួយផ្នែក គឺលោក សៀង ប៊ុនណេត សន្យាដោះស្រាយតាមការទាមទាររបស់អ្នកភូមិ។ អ្នកភូមិឲ្យដឹងថា ពួកគាត់នឹងបន្តការទាមទារនេះទៀត បើសិនជាម្ចាស់ដីទាំងនោះមិនគោរពសន្យា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
