ក្រុមអ្នកភូមិទាំងនោះ បានរិះគន់អាជ្ញាធរខេត្តសៀមរាប និងស្រុកបន្ទាយស្រី ថាព្រងើយកន្តើយក្នុងការដោះស្រាយ បើទោះបីជាពួកគេធ្លាប់ស្វែងរកអន្តរាគមន៍តាមផ្លូវច្បាប់ជាច្រើនលើកមកហើយក៏ដោយ។ នៅទីបំផុត ក្រុមអ្នកភូមិទាំងនោះបានបង្ខំចិត្តនាំគ្នាជ្រើសយកការតវ៉ាតាមបែបទាល់ច្រកមួយ។
ប្រជាពលរដ្ឋមកពីសហគមន៍ទំនាស់ដីធ្លីប្រមាណ ៣០០នាក់ ក្នុងស្រុកបន្ទាយស្រី បានលើកគ្នាទៅបិទមិនឲ្យធ្វើចរាចរណ៍ចំនួន ១ម៉ោង លើកំណាត់ផ្លូវជាតិលេខ៦ ចម្ងាយប្រមាណជាង ២០គីឡូម៉ែត្រភាគខាងកើតពីទីរួមខេត្តសៀមរាប កាលពីព្រឹកថ្ងៃសុក្រ ទី១៧ ខែឧសភា។
ការបិទផ្លូវជាតិមិនឱ្យរថយន្តអ្នកដំណើរតូចធំឆ្លងកាត់នោះ ក្នុងបំណងទាមទារឱ្យអាជ្ញាធរខេត្ត ព្រមទាំងរដ្ឋាភិបាល ជួយដោះស្រាយទំនាស់ដីធ្លីដែលកើតមានជាច្រើនឆ្នាំមកហើយឱ្យបានឆាប់ៗ ដើម្បីឱ្យក្រុមនិស្សិតស្ម័គ្រចិត្តអាចវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិស្របច្បាប់ជូនពួកគេ។
«សំឡេងស្រែក»
ក្រុមប្រជាពលរដ្ឋដែលលើកគ្នាទៅបិទកំណាត់ផ្លូវជាតិលេខ៦ ទាំងនោះ មកពីភូមិតាពេន ភូមិស្គន់ ភូមិត្បែង ឃុំត្បែង ស្រុកបន្ទាយស្រី ដែលនៅជាប់ជើងភ្នំគូលែន។
បុរសអ្នកភូមិស្គន់ មួយរូបក្នុងចំណោមអ្នកតវ៉ាជាច្រើនទៀត គឺលោក នី សារុន។ លោកបានមានប្រសាសន៍ថា អ្នកភូមិរបស់លោក និងប្រជាពលរដ្ឋក្នុងភូមិត្បែង ប្រមាណ ២២០គ្រួសារ បានកើតមានទំនាស់ដីធ្លីទំហំ ១៧០ហិកតារ ជាមួយក្រុមអ្នកមានលុយ និងមានអំណាចរយៈពេល ៧ឆ្នាំមកហើយ។ ក្នុងរឿងទំនាស់នេះ តំណាងអ្នកភូមិចំនួន ៧នាក់ ធ្លាប់ទទួលរងការចោទប្រកាន់ពីបទរំលោភលើទ្រព្យសម្បត្តិឯកជនទៀតផង។
លោក នី សារុន បានបញ្ជាក់ថា ក្នុងរយៈពេល ៧ឆ្នាំមកនេះ រូបគាត់ និងអ្នកភូមិ បានស្វះស្វែងរកអន្តរាគមន៍ជួយដោះស្រាយពីអាជ្ញាធរស្រុកបន្ទាយស្រី អាជ្ញាធរខេត្តសៀមរាប ព្រមទាំងតុលាការផង ក៏ប៉ុន្តែមិនមានដំណោះស្រាយអ្វីឡើយ៖ «ពួកខ្ញុំវាអស់ជម្រើស! ពួកខ្ញុំបានដាក់ទៅក្រុមនិស្សិត ទៅស្រុក ទៅខេត្ត ហើយចុងក្រោយគេមិនដោះស្រាយ។ គេលួចវាស់វែងតែគ្នាគេ។ ឥឡូវពួកខ្ញុំនេះគេអត់វាស់ឱ្យ វាពាក់ព័ន្ធដីខ្ញុំ មានឧកញ៉ាមានអ្នកលួចលក់ដីខ្ញុំ។ កសិកររស់នៅនឹងដី មានដីបានមានជីវិត បើគ្មានដីធ្វើម៉េចមានជីវិត? បានពួកខ្ញុំមកបិទផ្លូវនេះឱ្យសម្ដេច ហ៊ុន សែន គាត់ដឹង ព្រោះសម្ដេច ហ៊ុន សែន គាត់អត់ដឹងទេ ថាវាស់ហើយៗ! អ៊ីចឹងឱ្យសម្ដេច ហ៊ុន សែន គាត់ជួយប្រជាពលរដ្ឋយើងខ្ញុំផង សុទ្ធតែអ្នកម្ចាស់ឆ្នោតដែលរងគ្រោះ ហើយមិនទាន់បានដីធ្លី»។
កាលពីឆ្នាំ២០០៩ កន្លងទៅ តំណាងអ្នកភូមិស្គន់ ពីរនាក់ ត្រូវសមត្ថកិច្ចចាប់ឃុំខ្លួននៅក្នុងពន្ធនាគារ ដោយសារតែដឹកនាំការតវ៉ារឿងដីធ្លីនោះ។
ចំណែកលោកស្រី កែវ សុភី ជាតំណាងអ្នកភូមិតាពេន បានមានប្រសាសន៍ថា អ្នកភូមិរបស់គាត់មានបញ្ហាដីធ្លីចាប់តាំងពីឆ្នាំ២០០៣ បន្ទាប់ពីកងទាហានបានដកហូតយកដីទៅធ្វើជាតំបន់ដាំកូនឈើទ្រនាប់ឧទ្យានជាតិភ្នំគូលែន៖ «កន្លងមកដីខ្ញុំ ១៨៣ហិកតារ ប្រជាពលរដ្ឋ ៩០គ្រួសារ ត្រូវរដ្ឋបាលព្រៃឈើ និងទាហាន គេដកហ្នឹងធ្វើជាគម្របព្រៃឈើរដ្ឋ។ ប៉ុន្តែបច្ចុប្បន្ន ដីនោះ គឺទាហាន និងរដ្ឋបាលព្រៃឈើ ជួលឱ្យឈ្មួញដាំដំឡូង។ ដោយសារតែអត់មានដំណោះស្រាយយូរឆ្នាំនេះហើយ បានជាពួកខ្ញុំនាំគ្នាមកនៅលើផ្លូវជាតិលេខ៦ នេះ»។
អាជ្ញាធរខេត្តសៀមរាប ធ្លាប់បានសន្យាថា នឹងដោះដូរដីកន្លែងផ្សេងទៅឱ្យអ្នកភូមិតាពេន ក៏ប៉ុន្តែការសន្យាមិនទាន់ឃើញកើតចេញជារូបរាងយ៉ាងណានៅឡើយទេ។ កាលពីអំឡុងខែឧសភា ឆ្នាំ២០១០ កន្លងទៅ ដោយសារតែគ្មានដីរស់នៅ និងធ្វើកសិកម្ម អ្នកភូមិតាពេន បាននាំគ្នាចូលទៅកាប់ឆ្ការលើអតីតដីពួកគេដែលដកហូតទៅហើយនោះវិញ។ កាលណោះ សមត្ថកិច្ចបានចាប់ខ្លួនអ្នកភូមិតាពេន ចំនួន ១៤នាក់ ដាក់ពន្ធនាគារ។
ក្រុមប្រជាពលរដ្ឋប្រមាណ ៣០០នាក់ មកពីភូមិតាពេន ភូមិស្គន់ និងភូមិត្បែង ដែលលើកគ្នាទៅបិទកំណាត់ផ្លូវជាតិលេខ៦ កាលពីព្រឹកថ្ងៃសុក្រ បានព្រមានថា ប្រសិនបើមិនរកដំណោះស្រាយទេ ពួកគេនឹងធ្វើយុទ្ធនាការជាបន្តបន្ទាប់ ដើម្បីរំខានដល់អាជ្ញាធររដ្ឋាភិបាល។
«សំឡេងស្រែក»
ក៏ប៉ុន្តែ ការបិទកំណាត់ផ្លូវជាតិលេខ៦ របស់ក្រុមអ្នកភូមិនោះ បានរយៈពេលតែ ១ម៉ោង ក៏ត្រូវកម្លាំងសមត្ថកិច្ចបំបែក ហើយអាជ្ញាធរខេត្តសៀមរាប និងអាជ្ញាធរស្រុកបន្ទាយស្រី បានប្រញាប់ប្រញាល់ចេញមុខទៅរកដំណោះស្រាយ។
អភិបាលរងខេត្តសៀមរាប ទទួលបន្ទុកដីធ្លី លោក នូ ផល្លា បានជួបចរចាជាមួយតំណាងអ្នកភូមិទាំងនោះរយៈពេលប្រមាណ ១ម៉ោង ទើបក្រុមអ្នកភូមិសុខចិត្តនាំគ្នាត្រឡប់ទៅលំនៅឋានរបស់ពួកគេវិញ។ លោក នូ ផល្លា បានមានប្រសាសន៍ថា ដោយសារក្រុមនិស្សិតដែលចុះវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋនៅទីនោះមានគ្នាតិច ទើបមានការយឺតយ៉ាវ ធ្វើឱ្យអ្នកភូមិយល់ច្រឡំថាគេមិនធ្វើជូនពួកគាត់ ហើយតវ៉ាដូច្នេះ។
លោក នូ ផល្លា បានបញ្ជាក់ថា បន្ទាប់ពីលោកបានពន្យល់អ្នកភូមិទាំងនោះមក គឺពួកគាត់បានយល់ និងព្រមបញ្ចប់ការតវ៉ា៖ «ខ្ញុំបានជម្រាបគាត់ថា គេនឹងធ្វើជូនជាបន្តបន្ទាប់ទៀត គេមិនដែលធ្វើម្តងទាំងអស់បានទេ ព្រោះក្រុមនិស្សិតក៏គ្នាតិចដែរ។ អាទិត្យក្រោយខ្ញុំនឹងទៅពិនិត្យមើលស្ថានភាពហ្នឹង បើសិនជាយើងមានក្រុមយុវជនទំនេរ យើងអាចដកទៅជួយវាស់គាត់ តែបើសិនជាក្នុងលក្ខណៈបច្ចេកទេសថាមិនទាន់បានទេ គឺចាំពិភាក្សាគ្នាជាថ្មី។ ខ្ញុំសុំកុំឱ្យគាត់បង្កបញ្ហាអ៊ីចឹង វាអត់ល្អទេ យើងដោះស្រាយអីតាមរយៈភូមិ ឃុំ ស្រុក ទៅ»។
ចំណែកលោក ម៉ឹង វុឌ្ឍី ជាអភិបាលស្រុកបន្ទាយស្រី បានមានប្រសាសន៍ថា អាជ្ញាធរបានព្យាយាមសម្របសម្រួលជាមួយប្រជាពលរដ្ឋឱ្យបើកផ្លូវជាធម្មតាវិញហើយ។ មន្ត្រីដដែលបានទទួលស្គាល់ថា ទំនាស់ដីធ្លីនោះបានកើតមានជាច្រើនឆ្នាំមកហើយ ក៏ប៉ុន្តែការដោះស្រាយយឺតយ៉ាវដោយសារតែធ្វើទៅតាមនីតិវិធីបច្ចេកទេស និងលិខិតបទដ្ឋានផ្សេងៗ ដែលត្រូវសម្របសម្រួលប្រជាពលរដ្ឋជាមួយភាគីម្ខាងទៀត ឱ្យបានស្រុះស្រួលគ្នាជាមុនសិន៖ «ថ្ងៃពុធ នេះ ខ្ញុំនឹងអញ្ជើញតំណាងអ្នកភូមិស្គន់ ហ្នឹង ទៅជួបគ្នា ដើម្បីពិនិត្យមើលឯកសារឡើងវិញ ថាតើរឿងដីធ្លីរបស់គាត់កន្លងមកវាជំពាក់ជំពិនយ៉ាងម៉េចខ្លះ ដើម្បីរាយការណ៍ជូនឯកឧត្តមអភិបាលខេត្តឱ្យជ្រាប និងមានវិធានការដោះស្រាយបន្ត។ ទំនាស់ដីនៅស្គន់ ប្រហែលជិត ២០០ហិកតារ ហើយនៅតាពេន ប្រហែល ១០០ហិកតារ អ៊ីចឹងក្នុងនោះប្រហែលជាង ៣០០ហិកតារ»។
ទោះយ៉ាងណា សហគមន៍មានទំនាស់ដីធ្លីក្នុងស្រុកបន្ទាយស្រី បានសម្ដែងការនឿយណាយដោយថា រហូតមកដល់ពេលនេះ ជម្លោះដែលកំពុងប្ដឹងផ្ដល់នៅក្នុងតុលាការជាយូរមកហើយ នៅតែជាឧបសគ្គដែលធ្វើឱ្យពួកគេនៅមិនទាន់ប្រាកដថា តើនឹងអាចទទួលបានជាម្ចាស់កម្មសិទ្ធិស្របច្បាប់ដូចប្រជាពលរដ្ឋដទៃទៀតដែរ ឬយ៉ាងណានៅឡើយទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
