អ្នក​ភូមិ​នៅ​ស្វាយរៀង​ចោទ​អាជ្ញាធរ​ថា​លក់​ដី​អាង​សាធារណៈ​របស់​រដ្ឋ

0:00 / 0:00

អ្នក​ភូមិ​នៅ​ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ចោទ​ប្រកាន់​អាជ្ញាធរ​ភូមិ​ថា លួច​លក់​ដី​អាង​សាធារណៈ​របស់​រដ្ឋ​ធ្វើ​ជា​ប្រយោជន៍​ផ្ទាល់​ខ្លួន ហើយ​បាន​គំរាម​កំហែង​ប្រជាពលរដ្ឋ​មិន​ឲ្យ​តវ៉ា។

អ្នក​ភូមិ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី ហើយ​អំពាវនាវ​ឲ្យ​អាជ្ញាធរ រក្សា​ដី​នោះ​ទុក​ប្រើប្រាស់​ជា​ប្រយោជន៍​រួម​របស់​ប្រជាពលរដ្ឋ។ ប៉ុន្តែ មេ​ភូមិ​បដិសេធ​ចំពោះ​ការ​ចោទ​ប្រកាន់​នេះ។

អ្នក​ភូមិ​ប្រមាណ ៧០​នាក់ ដែល​បាន​នាំ​គ្នា​ផ្ដិត​ស្នាម​មេដៃ​ប្ដឹង​មេ​ភូមិ​ទៅ​សាលា​ស្រុក ដោយ​ចោទ​ប្រកាន់​ថា លក់​ដី​សាធារណៈ​របស់​រដ្ឋ កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព បន្ទាប់​ពី​មេ​ភូមិ​បាន​ដើរ​គំរាម​កំហែង​រក​ឈ្មោះ​អ្នក​ដែល​ចេញ​មុខ​តវ៉ា​ប្រឆាំង។

អ្នក​ភូមិ​បញ្ជាក់​ថា ផ្ទៃ​ដី​ដែល​មេ​ភូមិ​លក់​នោះ មាន​ទំហំ ១០០​គុណ​នឹង ១០០​ម៉ែត្រ ស្ថិត​នៅ​ភូមិ​សណ្ដូត ឃុំ​អង្គតាសូ ស្រុក​ស្វាយជ្រំ ខេត្ត​ស្វាយរៀង ដី​នោះ​ត្រូវ​អាជ្ញាធរ​ភូមិ លក់​ទៅ​ឲ្យ​អ្នក​ភូមិ​ក្បែរ​ខាង​ចំនួន ៤​គ្រួសារ ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់។

អ្នក​ភូមិ​សណ្ដូត លោក កង អឿន ថ្លែង​នៅ​ថ្ងៃ​ទី​១៩ កញ្ញា ថា ផ្ទៃ​ដី​ដែល​មេ​ភូមិ​លក់​នោះ ជា​ដី​អាង​សាធារណៈ​របស់​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ភូមិ​សណ្ដូត ប្រើប្រាស់​ជា​ប្រយោជន៍​រួម។ លោក​បន្ត​ថា បន្ទាប់​ទទួល​ដំណឹង​ថា មេ​ភូមិ​លក់​ដី​នោះ​ភ្លាម ប្រជាពលរដ្ឋ​ក្នុង​ភូមិ​តវ៉ា​ជា​បន្តបន្ទាប់។ ក្រោយ​មក​នៅ​ថ្ងៃ​ទី​១២ កញ្ញា អ្នក​ភូមិ​នាំ​គ្នា​ប្រមូល​ស្នាម​មេដៃ​បាន​ប្រមាណ​ជាង ៧០​ស្នាម​មេដៃ ដាក់​ប្ដឹង​ទៅ​សាលា​ស្រុក​ស្វាយជ្រំ តវ៉ា​យក​ដី​នោះ​មក​វិញ ទុក​ជា​សម្បត្តិ​រួម​ក្នុង​សហគមន៍៖ «ជួយ​ផ្ដិត​មេដៃ​ហ្នឹង​ដើម្បី​យក​ទៅ​ដាក់​ពាក្យ​បណ្ដឹង​អី​បាទ។ ដល់​ពេល​អ៊ីចឹង​ទៅ ខ្ញុំ​យក​ទៅ​ដាក់​ទៅ​ដល់​ស្រុក​ហើយ អភិបាល​ស្រុក​ហ្នឹង​ទទួល​ហើយ មេ​ភូមិ​ដើរ​គំរាម​ប្រជាពលរដ្ឋ ថា​ពី​ណា​ខ្លះ​ហ៊ាន​ផ្ដិត​មេដៃ​ហ្នឹង គាត់​ចង់​ចាប់​ចង់​ហៅ​អី​ណា​ទៅ​កន្លែង​ស្រុក​កន្លែង​អី​ណា​គាត់​ណោះ»

អ្នក​ភូមិ​បន្ត​ថា រហូត​មក​ទល់​ពេល​នេះ អាជ្ញាធរ​ស្រុក​ពុំ​ទាន់​មាន​ចំណាត់​ការ​ពាក់ព័ន្ធ​នឹង​បណ្ដឹង​ពួក​គាត់​ថា​យ៉ាង​ណា​នៅ​ឡើយ​ទេ។

ឆ្លើយ​តប​នឹង​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​សណ្ដូត លោក សេក ឆូយ មាន​ប្រសាសន៍​បញ្ជាក់​ថា លោក​ពុំ​បាន​លក់​ដី​សាធារណៈ​ធ្វើ​ជា​សម្បត្តិ​ផ្ទាល់​ខ្លួន ដូច​ការ​ចោទ​ប្រកាន់​របស់​អ្នក​ភូមិ​នោះ​ទេ។ លោក​បន្ត​ថា ហេតុ​ដែល​លោក​ប្រគល់​ដី​ទៅ​ឲ្យ​អ្នក​ភូមិ​ទាំង ៤​គ្រួសារ ធ្វើ​ជា​កម្មសិទ្ធិ​ស្រប​ច្បាប់​នោះ ពីព្រោះ​ពួក​គាត់​បាន​ដាំ​ដុះ​អាស្រ័យ​ផល​ជាច្រើន​ឆ្នាំ​មក​ហើយ។ ចំណែក​ឯ​ករណី​ថា លោក​ទៅ​គំរាម​កំហែង​ប្រជាពលរដ្ឋ មិន​ឲ្យ​ផ្ដិត​ស្នាម​មេដៃ​នោះ លោក​ថា​ជា​រឿង​មិន​ពិត​ឡើយ ដោយ​ថា លោក​គ្រាន់​តែ​សុំ​ពិនិត្យ​ស្នាម​មេដៃ​ដែល​បាន​ផ្ដិត​រួច ដើម្បី​ចង់​ដឹង​ពី​ចំនួន​អ្នក​តវ៉ា​ពិត​ប្រាកដ​ប៉ុណ្ណោះ៖ «សុរិយោ​ដី​តេ​មក​ខ្ញុំ ហើយ​គាត់ៗ​នៅ​អង្គុយ​ជាមួយ​ខ្ញុំ​ដែរ គ្រាន់​តែ​ឃើញ​ស្នាម​មេដៃ​គាត់​ឲ្យ​ខ្ញុំ​សួរ មុន​ដំបូង​ហៅ​មក​ផ្ទះ​ខ្ញុំ តែ​គាត់​មិន​មក។ ដល់​គាត់​មិន​មក ខាង​សុរិយោ​ដី​គាត់​ថា​អូ! អ៊ីចឹង​អ៊ំ​ឯង​ប្រជាពលរដ្ឋ​របស់​អ៊ំ​ឯងៗ​សួរ​គាត់​ទៅ ព្រោះ​ខ្ញុំ​មាន​បទពិសោធន៍​អឺ! ដោះស្រាយ​អ៊ីចឹង​ដែរ។ គេ​ផ្ដិត​មេដៃ​អ៊ីចឹង ដល់​ពិនិត្យ​មែន​ទែន​ទៅ បាន​មនុស្ស​មិន​ដល់ ២០​នាក់​ទេ សុទ្ធ​តែ​មេដៃ​ក្លែង​ក្លាយ​ទាំងអស់»

ទាក់ទង​នឹង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ស្វាយរៀង លោក នុត ប៊ូពិនណារ័ត្ន ពន្យល់​ថា ដី​អាង​សាធារណៈ​ជា​សម្បត្តិ​រួម​របស់​ប្រជាពលរដ្ឋ ហើយ​មេ​ភូមិ​មិន​អាច​យក​ដី​នោះ​ទៅ​លក់​ឲ្យ​បុគ្គល​ណា​ម្នាក់​ធ្វើ​ជា​កម្មសិទ្ធិ​ផ្ទាល់​ខ្លួន​បាន​ឡើយ។ លោក​ថា បញ្ហា​នេះ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​ផ្ដិត​ស្នាម​មេដៃ​ដាក់​ពាក្យ​ប្ដឹង​ទៅ​អាជ្ញាធរ​ស្រុក និង​មន្ត្រី​ពាក់ព័ន្ធ ដើម្បី​ទាមទារ​តាម​ផ្លូវ​ច្បាប់។ លោក នុត ប៊ូពិនណារ័ត្ន ចាត់​ទុក​ការ​សុំ​ពិនិត្យ​ស្នាម​មេដៃ​របស់​មេ​ភូមិ​នេះ ថា​ជា​ទង្វើ​មួយ​គំរាម​កំហែង​ប្រជាពលរដ្ឋ។

លោក នុត ប៊ូពិនណារ័ត្ន៖ «គឺ​យើង​អាច​បំពេញ​ឯកសារ​ដាក់​ពាក្យ​ទៅ​សាលា​ខេត្ត ដាក់​ទៅ​ស្រុក ដើម្បី​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ដោះស្រាយ​រឿង​ដី​ស្រះ​ហ្នឹង។ ហើយ​យើង​ត្រូវ​ស្វែងរក​ពី​មូលហេតុ​នៃ​ផល​ប្រយោជន៍​ពី​ស្រះ​ហ្នឹង បាន​ប្រយោជន៍​ទៅ​ពលរដ្ឋ​អី​របៀប​ម៉េច ហេតុ​អី​បាន​ជា​មេ​ភូមិ​លក់​បាន អា​ហ្នឹង​យើង​អាជ្ញាធរ​ថ្នាក់​លើ​ដឹង។ ជួន​កាល​ថ្នាក់​លើ​គេ​អត់​ដឹង​ទេ ថ្នាក់​ស្រុក​ថ្នាក់​អត់​ដឹង​ទេ អ៊ីចឹង​យើង​ត្រូវ​តែ​ធ្វើ​ស្នាម​មេដៃ​ហ្នឹង​ឯង។ ប្រជាពលរដ្ឋ​ត្រូវ​មាន​ស្នាម​មេដៃ ហើយ​ពាក្យ​បណ្ដឹង ដើម្បី​ឲ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​លើ​មេ​ភូមិ​ហ្នឹង​ទៀត ព្រោះ​មិន​មែន​ធំ​តែ​មេ​ភូមិ​ហ្នឹង​ទេ»

អ្នក​ភូមិ​នៅ​តំបន់​នោះ កំពុង​ព្រួយ​បារម្ភ​ខ្លាច​បាត់​បង់​ដី​សម្បត្តិ​សាធារណៈ ធ្លាក់​ទៅ​ជា​កម្មសិទ្ធិ​បុគ្គល ហើយ​ថា ពួក​គាត់​នឹង​តវ៉ា​បន្ត​ទៀត ប្រសិន​បើ​អាជ្ញាធរ​ស្រុក​មិន​បាន​ដោះស្រាយ​តាម​សំណើ​របស់​ប្រជាពលរដ្ឋ​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។