អាជ្ញាធរ​ខេត្ត​ត្បូងឃ្មុំ​រង​ការ​ចោទ​ថា​តាម​ដាន​តំណាង​ពលរដ្ឋ​ដែល​តវ៉ា​បញ្ហា​ដីធ្លី

0:00 / 0:00

តំណាង​ពលរដ្ឋ​តវ៉ា​រឿង​ដីធ្លី​នៅ​ឃុំ​ត្រពាំងព្រីង ស្រុក​តំបែរ ខេត្ត​ត្បូងឃ្មុំ ចោទ​អាជ្ញាធរ​ភូមិ​ថា ចេះ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​ពួក​គាត់ ពិសេស​តំណាង​អ្នក​ភូមិ​តែ​ម្តង។ ការ​តាម​ដាន​នេះ កើត​ឡើង​បន្ទាប់​ពី​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​កាល​ពី​ពេល​កន្លង​មក។ ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​បាន​បដិសេធ​ថា​ជា​រឿង​មិន​ពិត។

តំណាង​ពលរដ្ឋ​ម្នាក់​ក្នុង​ចំណោម​តំណាង​ពលរដ្ឋ​ជាង ១០​នាក់ សម្ដែង​ក្តី​បារម្ភ​ចំពោះ​សុវត្ថិភាព​របស់​ខ្លួន ក្រោយ​ពេល​គាត់​ដឹង​ថា អាជ្ញាធរ​ភូមិ​ចេះ​តែ​បន្ត​តាម​ដាន​សកម្មភាព​របស់​ពួក​គេ ពិសេស​នៅ​ពេល​មាន​កិច្ច​ប្រជុំ​ជាមួយ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ម្តងៗ ដើម្បី​ស្វែងរក​ដំណោះស្រាយ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ចិន មួយ​នៅ​ទីនោះ គឺ​ព័ត៌មាន​តែងតែ​បែក​ធ្លាយ​លេច​ឮ​ទៅ​ដល់​អាជ្ញាធរ​ជានិច្ច។

តំណាង​ពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង លោក សុង ហុង ឲ្យ​ដឹង​ថា ក្រោយ​ពេល​ពលរដ្ឋ​នាំ​គ្នា​តវ៉ា​ចំពោះ​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ហាម៉ីនីវិន អ៊ិនវេសមេន (HAMENIVEN Investment) មិន​ឲ្យ​ជីក​ទំនប់ និង​បញ្ឈប់​សកម្មភាព​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​ពលរដ្ឋ និង​ដី​ព្រៃ​លិច​ទឹក​របស់​សហគមន៍​មក អាជ្ញាធរ​ភូមិ​ចេះ​តែ​ដាក់​កម្លាំង​តាម​ដាន​សកម្មភាព​របស់​ពួក​គាត់។ ជាង​នេះ​ទៀត ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ចេះ​តែ​បែក​បាក់​សាមគ្គី​គ្នា ធ្វើ​ឲ្យ​លោក​យល់​ថា អាច​មាន​អាជ្ញាធរ​ជា​អ្នក​នៅ​ពី​ក្រោយ៖ «ខ្ញុំ​យល់​ថា រឿង​នេះ​ជា​រឿង​ចង់​កាច់​បំបាក់​ខ្ញុំ ឬ​ជា​រឿង​ចង់​គាប​សង្កត់​ខ្ញុំ​ផ្នែក​ការ​អប់រំ គាប​សង្កត់​ផ្នែក​ផ្លូវ​ចិត្ត​ដែល​ក្នុង​គោល​បំណង​មិន​ចង់​ឲ្យ​ខ្ញុំ​តវ៉ា​រឿង​ដី»

កាល​ពី​ខែ​មីនា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្រែប្រាំង ១៧៥​គ្រួសារ នាំ​គ្នា​ទៅ​ឃាត់​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ចិន មួយ​ឈ្មោះ ហាម៉ីនីវិន អ៊ិនវេសមេន ដែល​បាន​ឈូស​ឆាយ​ប៉ះពាល់​លើ​ដី​របស់​ពួក​គាត់ និង​ប៉ះពាល់​លើ​ដី​ព្រៃ​លិច​ទឹក​របស់​សហគមន៍​ជាង ៣០០​ហិកតារ។ ជាង​នេះ​ទៀត ក្រុមហ៊ុន​ចិន ថែម​ទាំង​ជីក​ប្រឡាយ​លើក​ទំនប់​ខ្ពស់ៗ មិន​ឲ្យ​ពលរដ្ឋ​ឆ្លង​កាត់​ទៀត​ផង។

ឆ្លើយ​តប​ការ​ចោទ​ប្រកាន់​នេះ មេ​ភូមិ​ស្រែប្រាំង លោក ម៉ល់ មឿន មាន​ប្រសាសន៍​ថា ខាង​លោក​មិន​បាន​តាម​ដាន​សកម្មភាព​ពលរដ្ឋ​នៅ​ក្នុង​ភូមិ​ឡើយ។ លោក​បញ្ជាក់​ថា ខាង​អាជ្ញាធរ​មូលដ្ឋាន​គ្រាន់​តែ​តាម​ដាន​ដំណើរ​ការ​រឿង​នេះ ថា​តើ​បាន​លទ្ធផល​យ៉ាង​ណា ដើម្បី​រាយការណ៍​ទៅ​ថ្នាក់​លើ។ លោក​អះអាង​ទៀត​ថា ការ​តវ៉ា​របស់​ពលរដ្ឋ គឺ​ជា​រឿង​មិន​អាច​ទៅ​រួច​ឡើយ ព្រោះ​ពួក​គេ​បាន​ផ្ដិត​មេដៃ​លក់​ដី​នោះ​ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន កាល​ពី​ឆ្នាំ​២០១១ រួច​រាល់​ហើយ ប៉ុន្តែ​លោក​យល់​ថា រឿង​នេះ​អាច​មាន​ការ​ញុះញង់​ពី​អ្នក​នយោបាយ​ឲ្យ​ពលរដ្ឋ​តវ៉ា​ច្រើន​ជាង៖ «អា​ហ្នឹង​គ្រាន់​តែ​ជា​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលហេតុ ឬ​មូលដ្ឋាន​ច្បាស់លាស់។ គេ​ធ្វើ​អី​ធ្វើ​ទៅ ខ្ញុំ​អត់​មាន​លូក​ដៃ​លូក​ជើង​អី​ទេ»

ជម្លោះ​ដីធ្លី​ដែល​មាន​ចំនួន​សរុប​ជាង ៦០០​ហិកតារ ដែល​ជា​ប្រភេទ​ដី​ព្រៃ​លិច​ទឹក​នៅ​ឃុំ​ត្រពាំងព្រីង កើត​ឡើង​ចាប់​តាំង​ពី​ឆ្នាំ​២០១១ បន្ទាប់​ពី​មាន​អាជ្ញាធរ​ស្រុក ឃុំ និង​ភូមិ​មួយ​ចំនួន បាន​ដើរ​បញ្ចុះបញ្ចូល​ពលរដ្ឋ​ឲ្យ​ផ្ដិត​មេដៃ​លក់​ដី​ព្រៃ​សហគមន៍​នៅ​ក្នុង​ឃុំ ទៅ​ឲ្យ​ក្រុមហ៊ុន​ចិន ដោយ​ប្រើ​ទម្រង់​លិខិត​មួយ​មាន​ភាព​មិន​ច្បាស់លាស់ និង​មាន​លក្ខណៈ​បង្ខិតបង្ខំ​ផង។ កាល​ណោះ ពលរដ្ឋ​ព្រម​ផ្ដិត​មេដៃ​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ចិន មួយ​ចំហៀង​ដែល​មាន​ផ្ទៃដី​ប្រមាណ ៣០០​ហិកតារ​ប៉ុណ្ណោះ ព្រោះ​ផ្ទៃដី​មួយ​ចំហៀង​ទៀត គឺ​ជា​ដី​ពលរដ្ឋ​ធ្លាប់​អាស្រ័យ​ផល និង​ជា​កន្លែង​ប្រកប​របរ​នេសាទ និង​រក​អនុផល​ពី​ធម្មជាតិ​របស់​ពួក​គាត់​ក្នុង​សហគមន៍។

ទាក់ទង​បញ្ហា​នេះ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​នេះ​ប្រសិន​ដូច​ការ​លើក​ឡើង​របស់​តំណាង​ពលរដ្ឋ ថា​មាន​អាជ្ញាធរ​ឃ្លាំ​មើល​សកម្មភាព​ពួក​គាត់​មែន គឺ​ជា​រឿង​ខុស​ទៅ​នឹង​ផ្លូវ​ច្បាប់ ព្រម​ទាំង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ផង៖ «ព្រោះ​យើង​ជា​អាជ្ញាធរ គឺ​ជា​ខ្ញុំ​បម្រើ​របស់​ប្រជាពលរដ្ឋ ដូច​លោក​នាយក​រដ្ឋមន្ត្រី​ថា​អ៊ីចឹង។ ទៅ​ជា​បង្កើត​ភាព​អសន្តិសុខ​ដល់​ប្រជាពលរដ្ឋ​នៅ​ក្នុង​ភូមិ​ទៅ​វិញ ទៅ​ជា​តាម​ដាន​មាន​ការ​ឃ្លាំ​មើល​អ៊ីចឹង​ទៅ។ ទៅ​ណា​មក​ណា ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​កន្លែង​ហ្នឹង​មាន​ការ​ភ័យ​ខ្លាច​ណាស់»

មន្ត្រី​សិទ្ធិ​មនុស្ស​ដដែល​បន្ថែម​ថា ការ​តវ៉ា​របស់​ពលរដ្ឋ​ដើម្បី​ការពារ​ដី​ស្រែ​ចម្ការ និង​រក្សា​ទុក​ដី​សហគមន៍​ជា​សម្បត្តិ​សមូហភាព គឺ​នៅ​តែ​មាន​ប្រសិទ្ធភាព បើ​ផ្អែក​ទៅ​លើ​ផ្លូវ​ច្បាប់ ព្រោះ​ដី​នោះ​ជា​ដី​របស់​រដ្ឋ អាច​ក្លាយ​ជា​សម្បត្តិ​ឯកជន​បាន ទាល់​តែ​រាជ​រដ្ឋាភិបាល​ធ្វើ​អនុប្រយោគ​ពី​ដី​របស់​រដ្ឋ មក​ជា​សម្បត្តិ​ឯកជន ប៉ុន្តែ​រដ្ឋ​ធ្វើ​ទៅ​បាន លុះត្រា​តែ​ដី​នោះ​លែង​បម្រើ​ឲ្យ​ប្រយោជន៍​សាធារណៈ។ ម្យ៉ាង​ទៀត ក្រុមហ៊ុន​ចិន គឺ​មិន​បាន​ទទួល​ទិញ​ដី​ពី​ម្ចាស់​ដី​នោះ​ទេ ចំណែក​ពលរដ្ឋ​ព្រម​ផ្ដិត​មេដៃ​លក់​ដី​សហគមន៍​កាល​ពី​ឆ្នាំ​២០១១ គឺ​លក់​ដី​របស់​រដ្ឋ មិន​មែន​លក់​ដី​របស់​ពួក​គាត់​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។