ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​ចោទ​អាជ្ញាធរ​មូលដ្ឋាន​ថា​ឃុបឃិត​គ្នា​ឈូស​ឆាយ​ដី​តម្កល់​សព

0:00 / 0:00

ពលរដ្ឋ​នៅ​សង្កាត់​វិហារហ្លួង ក្រុង​សួង ខេត្ត​ត្បូងឃ្មុំ នាំ​គ្នា​ប្ដឹង​ទៅ​អាជ្ញាធរ​ឲ្យ​ដោះស្រាយ​សកម្មភាព​ឈូស​ឆាយ​ទីកន្លែង​កប់​សព​របស់​អ្នក​ភូមិ។ ពលរដ្ឋ​ថា ការ​ឈូស​ឆាយ​នោះ​អាច​ធ្វើ​ទៅ​បាន គឺ​ដោយសារ​តែ​មាន​ការ​ឃុបឃិត​ជាមួយ​អាជ្ញាធរ​ភូមិ។ យ៉ាង​ណា មេ​ភូមិ​បដិសេធ​ថា​ខ្លួន​មិន​បាន​ដឹង​រឿង​នេះ​ទេ។

ពាក្យ​បណ្ដឹង​របស់​អ្នក​ភូមិ​បាន​ប្ដឹង​ចំពោះ​ឈ្មោះ ឈាង ឈឿន និង​បក្ខពួក​ដែល​ជា​អ្នក​ពាក់ព័ន្ធ​ផ្ទាល់ ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ក្រុង​សួង នៅ​ថ្ងៃ​ទី​១៩ មីនា។

ពលរដ្ឋ​ម្នាក់​រស់នៅ​សង្កាត់​វិហារហ្លួង លោក មិត្ត សាមឿន ឲ្យ​ដឹង​ថា ការ​ឈូស​ឆាយ​នោះ គឺ​បំពាន​លើ​បូរណភាព​សាកសព​ម្ដាយ​របស់​លោក និង​អ្នក​ផ្សេង​ទៀត។ លោក​បន្ថែម​ថា គោល​បំណង​របស់ ឈាង ឈឿន យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​ដី​ត្រពាំង និង​កន្លែង​កប់​សព​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ គឺ​ដើម្បី​យក​ដី​លក់​ទៅ​ឲ្យ​អ្នក​ផ្សេង​ទៀត ស្រប​ពេល​ដី​នៅ​ទីនោះ​មាន​តម្លៃ​ខ្ពស់​នា​ពេល​បច្ចុប្បន្ន។ ប្រភព​ដដែល​បន្ថែម​ថា សកម្មភាព​ឈូស​ឆាយ គឺ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ​២០១៤ ហើយ​មាន​ការ​ជំទាស់​ពី​ពលរដ្ឋ ទើប​សកម្មភាព​នោះ​ផ្អាក​ទៅ​វិញ៖ «បាទ! ដី​តំបន់​ហ្នឹង​ទុក​គ្រាន់​តម្កល់​សព​ទៅ​មុខ​ទៀត។ ពី​ដើម​គេ​ធ្លាប់​កប់​កន្លែង​ហ្នឹង»

ដី​បរិវេណ​កប់​សព​ដែល​ពលរដ្ឋ​ទាមទារ​ឲ្យ​រក្សា​ទុក​គ្រាន់​តម្កល់​សព​បន្ត​ទៀត​នោះ គឺ​មាន​ទំហំ​ប្រមាណ ៤​ហិកតារ។ មក​ដល់​ឆ្នាំ​២០១៥ សកម្មភាព​ឈូស​ឆាយ​ដី​តំបន់​ទួល​ត្រពាំង​ស្វាយ មាន​ចំនួន​ពីរ​លើក។ លើក​ទី​១ កាល​ពី​ចុង​ខែ​កុម្ភៈ ប៉ះពាល់​ផ្នូរ​សព​ចំនួន​៤ និង​លើក​ទី​២ កាល​ពី​ថ្ងៃ​ទី​១៣ មីនា ប៉ះពាល់​ផ្នូរ​ចំនួន ៦​ទៀត។

ស្រដៀង​គ្នា​នេះ ពលរដ្ឋ​ម្នាក់​ទៀត លោក ហាត ហឿន មាន​ប្រសាសន៍​ថា ពលរដ្ឋ​សម្រេច​ប្ដឹង​ទៅ​អាជ្ញាធរ ទាមទារ​ឲ្យ​រក្សា​ទុក​ដី​ធ្វើ​ជា​កន្លែង​បញ្ចុះ​សព​របស់​ពលរដ្ឋ​ត​ទៅ​មុខ​ទៀត សុំ​ឲ្យ​ផ្ដន្ទាទោស​ដល់​អ្នក​ប្រព្រឹត្តិ និង​អ្នក​ពាក់ព័ន្ធ​ទៅ​តាម​ផ្លូវ​ច្បាប់ ជាដើម។ លោក​បន្ត​ថា កន្លង​មក​ពលរដ្ឋ​ធ្លាប់​ប្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ប៉ុន្តែ​បញ្ហា​នៅ​តែ​កើត​មាន​ដដែល ទើប​លោក​យល់​ថា​អាច​មាន​ការ​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​ភូមិ ពីព្រោះ​កន្លង​មក​ធ្លាប់​មាន​ការ​លក់​ដី​តំបន់​នោះ​ខ្លះ​ម្តង​រួច​ទៅ​ហើយ៖ «ទើប​មេ​ភូមិ និង​អនុ​ភូមិ​បាន​ចុះ​ហត្ថលេខា​លក់​ម៉ា​សា​រួច​មក​ហើយ ទើប ឈាង ឈឿន ហ៊ាន​មក​យក​កន្លែង​ហ្នឹង​ទៀត»

ឆ្លើយ​តប​បញ្ហា​នេះ មេ​ភូមិ​ថ្នល់ថ្មី លោក ចាប ដុំ មាន​ប្រសាសន៍​ថា ខាង​លោក​មិន​បាន​ឃុបឃិត​ជាមួយ​ពលរដ្ឋ​ឈ្មោះ ឈាង ឈឿន ឲ្យ​ទៅ​ឈូស​ឆាយ​លើ​ដី​កប់​សព​នោះ​ទេ។ ផ្ទុយ​ទៅ​វិញ ពលរដ្ឋ​រូប​នោះ​បាន​ធ្វើ​ឡើង​ដោយ​ខ្លួន​ឯង និង​ដោយ​លួច​លាក់៖ «អត់​ដឹង​ទេ គេ​លួច​ឈូស​ឆាយ​លោកគ្រូ។ ដល់​ប្រជាជន​គេ​ឃើញ​គេ​ប្ដឹង​ទៅ ខ្ញុំ​ចុះ​ត្រួត​ពិនិត្យ​ទៅ ហើយ​គេ​ឈប់​មុន​ហ្នឹង​ទៀត»

យ៉ាង​ណា វិទ្យុ​អាស៊ីសេរី នៅ​មិន​អាច​ស្វែងរក​ប្រភព​ទាក់ទង​ពលរដ្ឋ​ឈ្មោះ ឈាង ឈឿន បាន​ទេ​នៅ​ថ្ងៃ​ទី​១៩ មីនា។

ដោយ​ឡែក​ចៅ​សង្កាត់​វិហារហ្លួង លោក អ៊ី ឡៃថេង មាន​ប្រសាសន៍​ថា លោក​ក៏​មិន​បាន​ដឹង​ពី​ការ​ឈូស​ឆាយ​នោះ​ភ្លាមៗ​ទេ ក្រោយ​មក​ទើប​លោក​ដឹង​រឿង ហើយ​ក៏​បញ្ជូន​សមត្ថកិច្ច​ឲ្យ​ធ្វើ​ការងារ​នេះ។ លោក​ថា ដី​ត្រពាំង​ក្បែរ​ផ្នូរ​សព គឺ​ឈ្មោះ ឈាង ឈឿន ធ្លាប់​គ្រប់គ្រង ប៉ុន្តែ​លោក​មិន​ដឹង​ច្បាស់​ថា​ដី​នោះ​មាន​លក្ខណៈ​យ៉ាង​ណា​ទេ។ លោក​បញ្ជាក់​ថា ការ​ឈូស​ឆាយ​កន្លែង​កប់​សព​ជា​រឿង​មិន​ត្រឹមត្រូវ ពីព្រោះ​ដី​តំបន់​នោះ​គ្មាន​ការ​លក់​ដូរ ចំណែក​អាជ្ញាធរ​ក៏​មិន​បាន​គាំទ្រ​សកម្មភាព​ទាំង​នោះ​ដែរ៖ «អា​នេះ​ជា​ការ​លើក​ឡើង​របស់​គាត់​ទេ។ តាម​ពិត​កន្លែង​កប់​សព​រួម​ហ្នឹង គេ​នៅ​ខាង​ក្នុង​ទេ។ អា​ដី​នេះ​នៅ​ខាង​ក្រៅ ប៉ុន្តែ​វា​មាន​ផ្នូរ​ព័ទ្ធ​ជុំវិញ»

បន្ថែម​លើ​ការ​អះអាង​របស់​ចៅ​សង្កាត់​វិហារហ្លួង មន្ត្រី​សម្រប​សម្រួល​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (Adhoc) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ពលរដ្ឋ​ដែល​យក​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​កន្លែង​កប់​សព​របស់​ពលរដ្ឋ​នៅ​ក្នុង​ភូមិ គឺ​ជា​រឿង​ខុស​ច្បាប់​ភូមិបាល។ ជាង​នេះ​ទៅ​ទៀត អ្នក​ប្រព្រឹត្តិ​បែប​នេះ បើ​មាន​ភស្តុតាង​ជាក់ស្តែង​ពិត​មែន ត្រូវ​មាន​ទោស​តាម​ច្បាប់​ព្រហ្មទណ្ឌ ទាក់ទង​ការ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​អ្នក​ដទៃ និង​ម្យ៉ាង​ទៀត គឺ​បំពាន​លើ​ផ្នែក​សីលធម៌ សុជីវធម៌ ប្រពៃណី សាសនា ទៀត​ផង ពីព្រោះ​គេ​បាន​បំផ្លាញ​កន្លែង​ជា​ទី​សក្ការៈ​គោរព​បូជា​របស់​អ្នក​ភូមិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។