ពលរដ្ឋ​ខេត្ត​ត្បូងឃ្មុំ​នៅ​តែ​បារម្ភ​ចំពោះ​ករណី​ក្រុមហ៊ុន​ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម​ដាំ​ដំណាំ

0:00 / 0:00

ប្រជាពលរដ្ឋ​នៅ​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ នៅ​តែ​បារម្ភ​ចំពោះ​ករណី​ក្រុមហ៊ុន​មួយ​ចំនួន​នៅ​ទីនោះ ជួល​ដី​ឲ្យ​ពលរដ្ឋ​វៀតណាម។ ក្តី​បារម្ភ​នេះ ក្រោយ​ពេល​ពលរដ្ឋ​មើល​ឃើញ​ថា នៅ​ពេល​ថ្មីៗ​នេះ ពលរដ្ឋ​វៀតណាម នៅ​តែ​បន្ត​មក​ភ្ជួរ​ដី​ដាំ​អំពៅ។ យ៉ាង​ណា អាជ្ញាធរ​មូលដ្ឋាន​អះអាង​ថា គ្មាន​ឡើយ​ការ​ជួល​ដី​ថ្មី​ឲ្យ​ជនជាតិ​វៀតណាម នោះ។

ប្រជាពលរដ្ឋ និង​សង្គម​ស៊ីវិល​នៅ​ខេត្ត​ត្បូងឃ្មុំ ស្នើ​ឲ្យ​រាជ​រដ្ឋាភិបាល ពិនិត្យ​មើល​ការ​អនុវត្ត​របស់​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច​មួយ​ចំនួន​ក្នុង​ស្រុក​មេមត់ ពីព្រោះ​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​វិនិយោគ​ពី​រាជ​រដ្ឋាភិបាល។ ការ​ស្នើ​នេះ ក្រោយ​ពេល​ពួក​គេ​រក​ឃើញ​ថា ក្រុមហ៊ុន​ទាំង​នោះ​នៅ​មិន​ទាន់​អនុវត្ត​ច្បាប់​ឲ្យ​បាន​ត្រឹមត្រូវ​នៅ​ឡើយ ដូចជា​ករណី​ជួល​ដី​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ធ្វើ​កសិកម្ម​ជាដើម។

ពលរដ្ឋ​នៅ​ឃុំ​ទន្លូង លោក យ៉ែម គង់ មាន​ប្រសាសន៍​ថា មាន​ក្រុមហ៊ុន​មួយ​ចំនួន​យក​ចំណែក​ដី​របស់​ខ្លួន​ខ្លះ​ទៅ​ជួល​ឲ្យ​ពលរដ្ឋ​វៀតណាម សម្រាប់​ដាំ​អំពៅ ឬ​ដំឡូង ស្រប​ពេល​ដី​តំបន់​នោះ​ជា​ដី​របស់​ជនជាតិ​ដើម​ភាគ​តិច​ស្ទៀង ធ្លាប់​ទាមទារ​កាន់​កាប់ ពីព្រោះ​ជា​ដី​ចម្ការ​វិល​ជុំ​របស់​ពួក​គាត់​ពី​ដើម​មក៖ «ចំពោះ​បញ្ហា​ហ្នឹង យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ពីព្រោះ​យើង​មិន​ដឹង​ពឹង​អ្នក​ណា​ទៀត។ យើង​ប្ដឹងៗ​អស់​ហើយ»

ពលរដ្ឋ​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ម្នាក់​ទៀត​និយាយ​ថា កាល​ពី​ពេល​ថ្មីៗ​នេះ តំណាង​ក្រុមហ៊ុន ម៉ែន សារុន បាន​ទៅ​គំរាម​ដក​ដី​របស់​ពួក​គាត់​ដែល​បាន​រុក​រាន យក​ដី​ទៅ​ជួល​ឲ្យ​វៀតណាម ប្រសិន​បើ​គាត់​មិន​ព្រម​បង់​ប្រាក់​ជូន​តំណាង​ក្រុមហ៊ុន។ លោក​ថា នៅ​ពេល​ថ្មីៗ​នេះ សកម្មភាព​ពលរដ្ឋ​វៀតណាម ចូល​មក​ភ្ជួរ​ដី​ដាំ​អំពៅ​កាន់​តែ​មាន​ច្រើន​ឡើង ដែល​ធ្វើ​ឲ្យ​លោក​មាន​ក្តី​បារម្ភ៖ «ហេតុ​អី? ព្រោះ​ថា​វៀតណាម គេ​នៅ​លើ​ទឹក​ដី​របស់​គេ​ទៅ មក​អី​នៅ​លើ​ទឹក​ដី​ខ្មែរ​វិញ»

ពលរដ្ឋ​លើក​ឡើង​ថា ក្រុមហ៊ុន​ទាំង​នោះ​រួម​មាន ក្រុមហ៊ុន កុយ សុខងួន ក្រុមហ៊ុន ម៉ែន សារុន និង​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត។ ពួក​គេ​ជួល​ចំណែក​ដី​ខ្លះ​ឲ្យ​ជនជាតិ​វៀតណាម ក្នុង​តម្លៃ ១​ហិកតារ​ពី ៧០​ម៉ឺន​រៀល​ទៅ ១​លាន​រៀល​ក្នុង​មួយ​ឆ្នាំ។

វិទ្យុ​អាស៊ីសេរី មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ទាំង​នោះ​បាន​ទេ ប៉ុន្តែ​កាល​ពី​ពេល​កន្លង​ទៅ ខាង​តំណាង​ក្រុមហ៊ុន ម៉ែន សារុន ធ្លាប់​អះអាង​ថា ពួក​គេ​មិន​បាន​ជួល​ដី​ឲ្យ​ប្រជាពលរដ្ឋ​វៀតណាម ឡើយ។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​២០១៥ រាជ​រដ្ឋាភិបាល​បាន​ចេញ​សារាចរ​ណែនាំ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជាប់​ព្រំដែន មិន​ឲ្យ​ជួល​ដី​ទៅ​ឲ្យ​ប្រទេស​ជិត​ខាង​ឡើយ ទោះ​បី​ក្នុង​រូបភាព​ណា​ក៏ដោយ ក៏ប៉ុន្តែ​ក្នុង​សារាចរ​បញ្ជាក់​ថា ប្រសិន​បើ​ដី​ជួល​ទាំង​នោះ​មិន​ទាន់​បញ្ចប់​កិច្ចសន្យា​ដែល​មាន​ឯកសារ​គតិយុត្តិ​ត្រឹមត្រូវ គឺ​ពួក​គេ​អាច​បន្ត​រហូត​ផុត​កំណត់​បាន។ ជាង​នេះ​ទៀត រាជ​រដ្ឋាភិបាល​កម្ពុជា ធ្លាប់​ផ្ញើ​លិខិត​ឲ្យ​រដ្ឋាភិបាល​វៀតណាម ដោយ​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ប្រជាពលរដ្ឋ​ខ្លួន ក្នុង​ការ​ជួល​ដី​ខ្មែរ​បន្ត​ទៀត។

ទាក់ទង​បញ្ហា​នេះ ជំទប់​ទី​១ ឃុំ​ទន្លូង ទទួល​បន្ទុក​បញ្ហា​ដីធ្លី លោក ពឹង ប៊ុនថន មាន​ប្រសាសន៍​ថា មិន​មាន​ការ​ជួល​ដី​ថ្មី​ទៅ​ឲ្យ​ពលរដ្ឋ​វៀតណាម ទេ ប៉ុន្តែ​ដោយសារ​កិច្ចសន្យា​ជួល​ដី​ទាំង​នោះ​របស់​ក្រុមហ៊ុន​មួយ​ចំនួន នៅ​មិន​ទាន់​ផុត​សុពលភាព។ លោក​ថា អាជ្ញាធរ គឺ​អនុវត្ត​ទៅ​តាម​សារាចរ​របស់​រាជ​រដ្ឋាភិបាល ហើយ​ខាង​អាជ្ញាធរ​បារម្ភ​ជាង​ប្រជាពលរដ្ឋ​ទៅ​ទៀត៖ «មិន​មែន​ទេ ព្រោះ​យើង​ស្តាប់​អនុសាសន៍​របស់​សម្ដេច ក្រុមហ៊ុន​ដែល​ជួល​ដី​ឲ្យ​យួន កន្លង​ផុត​ទៅ​ហើយ មិន​អាច​សើរើ​ទេ គឺ​ផុត​អាណត្តិ»

ទោះ​បី​យ៉ាង​ណា​ក៏ដោយ មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​ត្បូងឃ្មុំ លោក នាង សុវ៉ាត មាន​ប្រសាសន៍​ថា ករណី​ជនជាតិ​វៀតណាម មក​ជួល​ដី​បន្ត​ពី​ក្រុមហ៊ុន គឺ​ខុស​ច្បាប់​ទៅ​ហើយ។ បន្ថែម​ពី​នេះ ការ​យក​ដី​ទៅ​ជួល​ឲ្យ​ជន​បរទេស គឺ​រឹត​តែ​ខុស​ច្បាប់​ថែម​ទៀត៖ «ខាង​សង្គម​ស៊ីវិល​យើង​ហ្នឹង រដ្ឋាភិបាល ឬ​អាជ្ញាធរ​ចុះ​ឲ្យ​ច្បាស់លាស់​ទៅ​ថា បាន​ជួល​ដី ឬ​លក់​ដី​ប៉ុន្មាន​ហិកតារ​ហើយ»

សង្គម​ស៊ីវិល​រូប​នេះ​លើក​ឡើង​ថា ប្រសិន​បើ​អាជ្ញាធរ​មិន​បាន​ស៊ើប​អង្កេត ឬ​សិក្សា​ឲ្យ​បាន​ច្បាស់លាស់ បញ្ហា​យក​ដី​ទៅ​ជួល​ឲ្យ​បរទេស អាច​កើត​មាន​ឡើង​បន្ត​ទៀត ហើយ​ការ​ចោទ​ប្រកាន់​ដាក់​គ្នា​នៅ​តែ​មិន​អាច​បញ្ចប់​បាន​ឡើយ។ លោក​យល់​ថា ដើម្បី​ឲ្យ​ការងារ​នេះ​មាន​តម្លាភាព គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន ចូលរួម​រាយការណ៍​ពី​ស្ថានភាព​ដី​នៅ​តំបន់​នោះ​ផង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។