ប្រជាពលរដ្ឋប្រមាណ ១០នាក់តំណាងឲ្យពលរដ្ឋជាង ៥០គ្រួសារ ដែលរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី៣០ មករា បន្តតវ៉ាសាជាថ្មីនៅមុខសាលាក្រុង ទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងប៉ះពាល់ជូនពួកគាត់ឲ្យបានឆាប់។
នេះជាលើកទី៤២ ហើយដែលក្រុមអ្នកតវ៉ា ទទូចឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត។
តំណាងក្រុមអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងនៅថ្ងៃទី៣០ មករា ថា អាជ្ញាធរសង់ផ្លូវរថភ្លើងកាន់តែខិតកៀកដល់ផ្ទះរបស់ពួកគាត់ហើយ ក៏ប៉ុន្តែអាជ្ញាធរមិនទាន់ផ្ដល់សំណងជូនពួកគាត់នៅឡើយទេ។ លោកបន្ថែមថា ពួកគាត់តវ៉ាទាមទារឲ្យអាជ្ញាធរផ្ដល់សំណងជូនពួកគាត់ទៅតាមតម្លៃដីផ្សារ និងឲ្យបានឆាប់ ដើម្បីយកប្រាក់ទៅទិញដីនៅទីតាំងផ្សេងសង់ទីលំនៅថ្មី៖ « ខ្ញុំមិន សុខចិត្ត ដោយសារពួកខ្ញុំចង់ឲ្យ មានការ ដោះស្រាយ ជាមុនសិន ហើយខ្ញុំ មិនពេញ ចិត្ត ដែលអាជ្ញាធរមក បាញ់ថ្នាំ ឲ្យរុះរើ ផ្ទះសម្បែង ពួកខ្ញុំ ដែរ »។
លោកបន្ថែមថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយសំណងជូនពួកគាត់ដែលអាចទទួលយកបានទេ ពួកគាត់នឹងតវ៉ាប្រឆាំងមិនឲ្យសង់ផ្លូវរថភ្លើងកាត់មុខផ្ទះឡើយ។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលរងក្រុងប៉ោយប៉ែត ទទួលបន្ទុកដោះស្រាយវិវាទដីធ្លី លោក ម៉ែន សុភ័ណ ដើម្បីឆ្លើយតបនឹងការទាមទាររបស់ក្រុមអ្នកតវ៉ានេះបានទេ នៅថ្ងៃទី៣០ មករា។ ប៉ុន្តែលោក ម៉ែន សុភ័ណ ធ្លាប់មានប្រសាសន៍ថា ក្រុមអ្នកតវ៉ាមិនស្ថិតក្នុងគម្រោងដែលអាជ្ញាធរត្រូវដោះស្រាយសំណងជូនពួកគាត់នោះទេ។ លោកបន្ថែមថា អាជ្ញាធរក្រុងក៏មិនអាចដោះស្រាយតាមការទាមទាររបស់ពួកគាត់ទាំងនោះឡើយ។
ទោះជាយ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាដោយសារពួកគាត់ព្រួយបារម្ភខ្លាចក្រែងនៅពេលដែលអាជ្ញាធរសង់ផ្លូវរថភ្លើង ហើយប៉ះចំផ្ទះ និងដីរបស់ពួកគាត់ ធ្វើឲ្យពួកគាត់ពិបាកធ្វើដំណើរ និងគ្មានទីស្នាក់អាស្រ័យ។ លោកកត់សម្គាល់ថា អាជ្ញាធរក្រុងប៉ោយប៉ែត ហាក់មានចេតនាមិនចង់ដោះស្រាយឲ្យក្រុមអ្នកតវ៉ា ហើយចង់ឲ្យពួកគាត់អង្វរសុំអាជ្ញាធរ ជាជាងជ្រើសយកការតវ៉ា៖ « ព្រោះថានៅពេល ខាងមុខត្រូវការ បោះឆ្នោត អ៊ីចឹងបើសិនជាអាជ្ញាធរដេញ ខ្លាចប៉ះពាល់ ខូច សន្លឹកឆ្នោត របស់គណបក្សខ្លួន។ ហើយទី២ ប្រសិនជាប្រជាពលរដ្ឋអង្វរករដោយគាំទ្រខាងបក្សខ្លួនអ៊ីចឹងទៅ ប្រហែលជាមានការខ្នះខ្នែងដោះស្រាយច្រើន ។ តែ អ្វីដែល សំខាន់ អ្នកដែលរងគ្រោះ គឺប្រជាពលរដ្ឋ »។
ពលរដ្ឋតវ៉ាលើកទី៤២ នេះ ក៏មិនខុសពីពេលមុនៗដែរ ដោយពុំមានអាជ្ញាធរណាចេញទៅជួបដោះស្រាយជាមួយពួកគាត់ឡើយ។ ប្រជាពលរដ្ឋបានត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីតវ៉ាអស់ជាង ១ម៉ោងនៅមុខសាលាក្រុង។ ក្រុមអ្នកតវ៉ាអះអាងថា ប្រសិនបើអាជ្ញាធរពាក់ព័ន្ធមិនដោះស្រាយផ្ដល់សំណងជូនពួកគាត់ ដែលអាចទទួលយកបានទេ នោះពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។