ពលរដ្ឋជិត ២០០នាក់ ជួបជុំនៅសមាគមអាដហុក (ADHOC) គ្រោងធ្វើបាតុកម្មមុខសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃទី២៦ ខែតុលា ទាក់ទិនជម្លោះដីធ្លីជាមួយអ្នកមានប្រាក់ និងមានអំណាច ប៉ុន្តែគម្រោងបាតុកម្មត្រូវបានផ្អាក ដោយសារចៅក្រមជំនុំជម្រះ អ្នកស្រី ជ័យ មាលា ពន្យារពេលបើកសវនាការលើរឿងក្តីនេះ។ ពលរដ្ឋអះអាងថា គម្រោងបាតុកម្មនេះ ដោយសារតែពួកគាត់បារម្ភសេចក្តីសម្រេចរបស់សាលាដំបូងខេត្តនេះ ផ្តល់នូវភាពអយុត្តិធម៌ចំពោះពលរដ្ឋ។
ពលរដ្ឋចំនួន ១១២គ្រួសារ រស់នៅភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ នៅថ្ងៃទី២៦ តុលា អំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រធានរដ្ឋសភា លោក ហេង សំរិន អន្តរាគមន៍ចំពោះអ្នកមានប្រាក់ និងមានអំណាច រំលោភយកដីពួកគាត់ចំនួន ១៨៦ហិកតារ។ ការអំពាវនាវនេះ កើតឡើងស្របពេលអាជ្ញាធរខេត្ត និងស្ថាប័នពាក់ព័ន្ធថ្នាក់ជាតិ ពុំអាចដោះស្រាយបញ្ចប់ជម្លោះនោះបានទេ។ ដូច្នេះ ករណីនេះជាភារកិច្ចរបស់តុលាការខេត្តរតនគិរី ជំនុំជម្រះក្តី។
តំណាងពលរដ្ឋរស់នៅភូមិបរឡយ លោក សូត្រ សឿន រៀបរាប់ថា ក្រុមពលរដ្ឋមកតវ៉ាដើម្បីរកយុត្តិធម៌ ករណីជម្លោះដីធ្លីកាលពីឆ្នាំ២០១២ នៅមិនទាន់ដោះស្រាយបញ្ចប់។ លោកចោទប្រកាន់ថា លោក ហ៊ាង សុជាតិ បានលួចធ្វើប្លង់កម្មសិទ្ធិដីធ្លីស្ងាត់ៗជាន់ដីប្រជាពលរដ្ឋជាង ១០០គ្រួសារកំពុងរស់នៅ និងអាស្រ័យផល កាលពីឆ្នាំ២០១២។ លោក សូត្រ សឿន បញ្ជាក់ថា ដីដែលពលរដ្ឋរស់នៅបច្ចុប្បន្ន គឺជាដីយោធាភូមិភាគ១ ដោយអតីតមេបញ្ជាការភូមិភាគ១ លោក ស៊ើយ កែវ ធ្លាប់សរសេរលិខិតកាលពីខែកុម្ភៈ ឆ្នាំ២០១៤ បានបដិសេធមោឃភាពនៅសាលាខេត្តរតនគិរី ចំពោះលិខិតស្នាមរបស់ លោក ហ៊ាង សុជាតិ ដែលយកឯកសាររបស់ លោក ស៊ើយ កែវ ក្លែងបន្លំជាលិខិតផ្ទេរសិទ្ធិ ដើម្បីធ្វើប្លង់រឹងសម្រាប់ប្រយោជន៍បុគ្គលឯកជន និងកាន់កាប់លើដីដែលពលរដ្ឋរស់នៅបច្ចុប្បន្ន ដែលមិនទាន់ឯកភាពពី លោក ស៊ើយ កែវ នៅឡើយ។ ចំណែកក្រុមពលរដ្ឋជាង ១០០គ្រួសារ ធ្លាប់ដាក់ញត្តិទៅស្ថាប័នថ្នាក់ជាតិ និងរដ្ឋសភា ស្នើសុំកាន់កាប់ដីចំនួន ១៨៦ហិកតារ ដែលកំពុងរស់នៅបច្ចុប្បន្ន៖ «បាតុកម្មគាត់ទាមទារព្រួយបារម្ភខ្លាចតុលាការកាត់ក្តីឲ្យគាត់បាត់បង់ដីធ្លីលំនៅឋាន ដីចម្ការរបស់គាត់ហ្នឹង។ ដាំដុះចិញ្ចឹមជីវិតបន្តរហូតមកទល់ថ្ងៃនេះ មិនមានដំណោះស្រាយអីទេ ស្រាប់មានដីការក្សាការពារមួយ និងលិខិតជំនុំជម្រះក្រមព្រហ្មទណ្ឌមាត្រា២៩៥»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក ហ៊ាង សុជាតិ ដើម្បីសុំការបំភ្លឺបញ្ហានេះបានទេ នៅថ្ងៃទី២៦ តុលា។
ចំណែកប្រធានសាលាដំបូងខេត្តរតនគិរី លោក សួស ឡា បញ្ជាក់យ៉ាងខ្លីថា សេចក្តីសម្រេចរបស់ចៅក្រមជំនុំជម្រះ នឹងត្រូវលើកពេលក្រោយ។ ចំណែកការតវ៉ារបស់ពលរដ្ឋនោះ លោកពុំអាចបំភ្លឺបានទេនៅថ្ងៃទី២៦ តុលា ព្រោះជាឆន្ទានុសិទ្ធិរបស់ចៅក្រមជំនុំជម្រះ៖ «ចៅក្រមជំនុំជម្រះផ្សេងខ្ញុំអត់ដឹងថា យល់យ៉ាងម៉េច? ព្រោះអត់បានមើលរឿងទេ។ ខ្ញុំមានតែប៉ុណ្ណឹង ទី១ ខ្ញុំមិនមែនជាចៅក្រមកាន់រឿងហ្នឹងទេ»។
កាលពីឆ្នាំ២០១៣ សាលាដំបូងខេត្តរតនគិរី បានចោទប្រកាន់តំណាងពលរដ្ឋចំនួន ៤នាក់ ពីបទរំលោភកាន់កាប់អចលវត្ថុអ្នកដទៃដោយខុសច្បាប់ នៃក្រមព្រហ្មទណ្ឌត្រង់មាត្រា២៩៥ ក្រោមពាក្យបណ្ដឹងរបស់ លោក ហ៊ាង សុជាតិ។ ចំណែកពលរដ្ឋទាំង ៥នាក់នោះ បានដាក់ពាក្យស្នើសុំនៅក្រៅឃុំ ក្រោមការត្រួតពិនិត្យរបស់តុលា។
ទាក់ទងករណីនេះ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តរតនគិរី លោក ឆាយ ធី មានប្រសាសន៍បញ្ជាក់ថា លិខិតកាន់កាប់ដីធ្លីរបស់ លោក ហ៊ាង សុជាតិ ធ្វើនៅចន្លោះឆ្នាំ២០១២ អាចមានភាពមិនប្រក្រតី ស្របពេលដីនោះជាន់ដីពលរដ្ឋចំនួន ១១២គ្រួសារកំពុងរស់នៅ និងអាស្រ័យផល។ លោកថា ប្រធានសាលាដំបូងខេត្ត លោក សួស ឡា ផ្តល់សញ្ញាវិជ្ជមានដល់សមាគមអាដហុក ដោយបញ្ជាក់ថា នឹងពិនិត្យចំពោះសំណុំរឿងនេះឡើងវិញ។ លោកក៏អំពាវនាវឲ្យសាលាដំបូងខេត្តរតនគិរី ស៊ើបអង្កេតពីប្លង់កាន់កាប់ដីធ្លីរបស់ លោក ហ៊ាង សុជាតិ ដោយសុក្រឹត ដើម្បីផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ៖ «ការអន្តរាគមន៍របស់ប្រធានតុលាការ គាត់សន្យាមកសមាគមអាដហុក ថានឹងពិនិត្យមើលសំណុំរឿងឡើងវិញ។ យើងសង្ឃឹមថា នឹងមានការស៊ើបអង្កេតឡើងវិញនូវការចេញប័ណ្ណ (ប្លង់ដី) ដែលមានការសង្ស័យពុំមានភាពប្រក្រតី អាចបង្កឲ្យមានទំនាស់ទៅលើប្រជាពលរដ្ឋដែលគាត់រស់នៅតាំងពីយូរណាស់មកហើយ»។
កាលពីឆ្នាំ២០១៣ សាលាដំបូងខេត្តរតនគិរី ចេញដីការក្សាការពារដីចំនួន ១៨៦ហិកតារ ដែលពលរដ្ឋចំនួន ១១២គ្រួសារកំពុងរស់នៅ។ ក្នុងដីកានោះ បញ្ជាក់ថា ហាមមិនឲ្យពលរដ្ឋសាងសង់លើដីនោះ និងហាមមិនឲ្យពលរដ្ឋលក់ដូរ។ បច្ចុប្បន្ន ពលរដ្ឋចំនួន ១៩១គ្រួសារ កំពុងរស់នៅលើដីមានជម្លោះនោះ មានទំហំ ១៨៦ហិកតារ ឋិតនៅភូមិបរឡយ ឃុំកិះចុង ស្រុកបរកែវ ហើយក្រុមពលរដ្ឋទាំងនោះ ភាគច្រើនជាពលរដ្ឋចំណាកស្រុកមកពីខេត្តមួយចំនួន ដូចជា ខេត្តកំពង់ចាម និងខេត្តព្រៃវែង ជាដើម៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
