ប្រជាពលរដ្ឋប្រមាណ ១០នាក់តំណាងឲ្យពលរដ្ឋជាង ១០០គ្រួសារដែលរស់នៅអមផ្លូវរថភ្លើងនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅព្រឹកថ្ងៃទី២១ កុម្ភៈ បន្តតវ៉ានៅមុខសាលាក្រុងសាជាថ្មី ដើម្បីទាមទារឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងជូនពួកគាត់។
នេះជាលើកទី៤៨ ហើយដែលពលរដ្ឋនៅក្រុងប៉ោយប៉ែត តវ៉ាទទូចឲ្យអាជ្ញាធរក្រុងចេញទៅជួបដោះស្រាយសំណងប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងជូនពួកគាត់។
តំណាងអ្នកតវ៉ាម្នាក់រស់នៅសង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត លោក វន វ័ន ឲ្យដឹងនៅថ្ងៃទី២១ កុម្ភៈ ថា អាជ្ញាធរក្រុងគេចវេសមិនព្រមចេញមកដោះស្រាយជាមួយពួកគាត់ ដែលជាប្រជាពលរដ្ឋក្រីក្រឡើយ។ លោកបន្ថែមថា មូលហេតុដែលពួកគាត់តវ៉ាឲ្យអាជ្ញាធរសាលាក្រុងជួយដោះស្រាយ ដោយយល់ឃើញថា អាជ្ញាធរក្រុងជាអាណាព្យាបាលរបស់ពួកគាត់នៅក្នុងមូលដ្ឋាន ដែលបានធ្វើរបាយការណ៍ជូនទៅថ្នាក់លើពីការធ្វើផ្លូវរទេះភ្លើង៖ « អ៊ីចឹងបានជាខ្ញុំសង្កត់ធ្ងន់ទៅលើសាលាក្រុង ព្រោះគាត់ជាអ្នកទទួលខុសត្រូវចំណុចកន្លែងនោះ គឺពុំមែនអាជ្ញាធរមកពីកន្លែងផ្សេងដោះស្រាយនោះទេ»។
អាស៊ីសេរី ពុំអាចទាក់ទងអភិបាលរងក្រុងប៉ោយប៉ែត លោក ម៉ែន សុភ័ណ ដើម្បីសុំអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី២១ កុម្ភៈ ដោយទូរស័ព្ទរបស់លោកមានអ្នកទទួលជំនួសប្រាប់ថាលោកជាប់រវល់ប្រជុំ។ ប៉ុន្តែលោកធ្លាប់មានប្រសាសន៍ថា ក្រុមអ្នកតវ៉ាមិនស្ថិតក្នុងគម្រោងដែលអាជ្ញាធរត្រូវដោះស្រាយសំណងជូនពួកគាត់នោះទេ។
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកតវ៉ាអះអាងថា ពួកគាត់មានប័ណ្ណកម្មសិទ្ធិដីធ្លីបញ្ជាក់ច្បាស់លាស់ ដែលត្រូវទទួលបានសំណងពីអាជ្ញាធរ។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា អាជ្ញាធរមិនត្រូវគេចយករួចខ្លួន ដោយមិនជួបដោះស្រាយជាមួយក្រុមអ្នកតវ៉ានោះទេ។ លោកអះអាងថា បញ្ហានេះប្រសិនបើអាជ្ញាធរមានចេតនាដោះស្រាយជាមួយពលរដ្ឋ នឹងអាចបញ្ចប់ក្នុងពេលឆាប់ៗ៖ «អ៊ីចឹងយើងគិតថាសិនជាបញ្ហាកើតឡើងនៅក្នុងខេត្តក្ដី ក្នុងក្រុងក្ដី បើដាក់ទៅអាជ្ញាធរមិនដោះស្រាយឲ្យ ប្រជាពលរដ្ឋកុំបោះឆ្នោតឲ្យគណបក្សនោះ គឺបោះឆ្នោតទៅលើគណបក្សណាដែលយើងសង្ឃឹមថាគេអាចដោះស្រាយឲ្យប្រសើរជាង»។
ក្រុមអ្នកតវ៉ាទាមទារឲ្យអាជ្ញាធរដោះស្រាយសំណងជូនពួកគាត់ទៅតាមតម្លៃដីលើទីផ្សារ ឬតាមច្បាប់កំណត់។
កន្លងទៅ ប្រជាពលរដ្ឋធ្លាប់តវ៉ានៅមុខសាលាខេត្តបន្ទាយមានជ័យ ឲ្យអាជ្ញាធរដោះស្រាយម្ដងរួចមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលដូចគ្នា។
ប្រជាពលរដ្ឋបានវិលត្រឡប់ទៅផ្ទះវិញ បន្ទាប់ពីពួកគាត់តវ៉ានៅមុខសាលាក្រុងអស់ពេលជាងមួយម៉ោង។ ក្រុមអ្នកតវ៉ាអះអាងថា ប្រសិនបើអាជ្ញាធរមិនដោះស្រាយសំណងជូនពួកគាត់ដែលអាចទទួលបានទេ ពួកគាត់នឹងតវ៉ាសាជាថ្មីទៀតក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។