ពលរដ្ឋ​តវ៉ា​មុខ​តុលាការ​ខេត្ត​ពោធិ៍សាត់​ឲ្យ​ដោះលែង​សកម្មជន​ដីធ្លី

0:00 / 0:00

ប្រជាពលរដ្ឋ​ប្រមាណ ៨០​នាក់ មក​ពី​ឃុំ​ចំនួន​៤ នៃ​ស្រុក​ក្រគរ បាន​នាំគ្នា​ធ្វើ​ការ​តវ៉ា​នៅ​មុខ​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​សកម្មជន​ដីធ្លី​ម្នាក់​ដែល​ត្រូវ​តុលាការ​ចេញ​ដីកា​ចាប់​ខ្លួន​បញ្ជូន​មក​ដាក់​ពន្ធនាគារ​ពី​បទ​ឆបោក។

«សំឡេង​ស្រែក​តវ៉ា​របស់​ប្រជា​សហគមន៍»

ការ​តវ៉ា​របស់​តំណាង​សហគមន៍​ប្រមាណ ៨០​នាក់ មក​ពី​ឃុំ​ចំនួន​៤ គឺ​ឃុំ​អន្លង់ត្នោត ឃុំ​ឈើតុំ ឃុំ​ត្នោតជុំ និង​ឃុំ​ក្បាលត្រាច នៃ​ស្រុក​ក្រគរ នៅ​មុខ​សាលា​ដំបូង​រយៈពេល ១​ថ្ងៃ គឺ​ទី២១ ឧសភា ពុំ​បាន​ទទួល​លទ្ធផល​អ្វី​ឡើយ។

១-សកម្មភាព​តវ៉ា​របស់​សហគមន៍​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ។

២-លោក ម៉េង ប៊ុនរឿន តំណាង​សហគមន៍​ប្រជាពលរដ្ឋ​ឃុំ​ឈើតុំ។

៣-សកម្មភាព​តវ៉ា​របស់​សហគមន៍​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ។

៤-សកម្មភាព​តវ៉ា​របស់​សហគមន៍​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ។

៥-សកម្មភាព​តវ៉ា​របស់​សហគមន៍​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ។

៦-សកម្មភាព​តវ៉ា​របស់​សហគមន៍​ប្រជាពលរដ្ឋ​ទាំង​៤​ឃុំ។

តំណាង​សហគមន៍​ឃុំ​ឈើតុំ លោក ម៉េង ប៊ុនរឿន បាន​ឲ្យ​ដឹង​ពី​គោល​បំណង​នៃ​ការ​តវ៉ា​នេះ​ថា គឺ​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ធ្វើ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​បណ្ដឹង​ចោទ​ប្រកាន់​លោក គុជ វេង ពី​បទ​ឆបោក។ លោក​ថា ប្រជា​សហគមន៍​ទាំងអស់​ធ្លាប់​បាន​ដឹង​ពី​អត្តចរិត និង​ការ​រស់នៅ​របស់​លោក គុជ វេង ដោយ​ពួក​គេ​អះអាង​ថា លោក គុជ វេង ជា​មនុស្ស​ល្អ​ពុំ​មែន​ជា​ប្រភេទ​មនុស្ស​ឆបោក​គេ​នោះ​ទេ៖ «គេ​ចោទ​ប្រកាន់​ពី​បទ​ឆបោក​នោះ ពួក​ខ្ញុំ​អត់​ជឿ​ទេ។ គេ​មួល​បង្កាច់​គាត់​ទេ។ លោក គុជ វេង នេះ​គាត់​ជា​មនុស្ស​ស្មោះ​ត្រង់​ណាស់។ គាត់​ធ្វើ​ការ​បម្រើ​ប្រជាពលរដ្ឋ​ដោយ​ស្មោះ ហើយ​គាត់​ពុំ​ដែល​ធ្វើ​អ្វី​មួយ​ដើម្បី​ផល​ប្រយោជន៍​បុគ្គល​ខ្លួន​គាត់​តែ​ម្នាក់​នោះ​ទេ»

ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ជា​សកម្មជន​ការពារ​ដីធ្លី​នៅ​សហគមន៍​ភូមិ​ក្រឡាញ់ ឃុំ​ក្បាលត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ គឺ​លោក គុជ វេង ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​ពន្ធនាគារ​កាល​ពី​ថ្ងៃ​អាទិត្យ ទី១៩ ឧសភា ពី​បទ​ឆបោក។ ដើម​បណ្ដឹង គឺ​អ្នកស្រី អ៊ុំ ធារី បាន​អះអាង​ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ល្ងាច​ថ្ងៃ​ទី២១ ឧសភា ថា អ្នកស្រី​ពិត​ជា​បាន​ដាក់​បណ្ដឹង​ទៅ​សាលា​ដំបូង​ខេត្ត ចោទ​លោក គុជ វេង ថា​បាន​ឆបោក​ប្រាក់​ពី​អ្នកស្រី​មែន៖ «គាត់​បោក​ថា គាត់​ឲ្យ​ប្ដី​ខ្ញុំ​ធ្វើ​ប៉ូលិស ដល់​ចុង​ក្រោយ​អត់។ គាត់​បោក​ខ្ញុំ​ធ្វើ​អា​ប្រវត្តិ​រូប​អី​រួច​អស់​ហើយ អស់ ៤​ពាន់ ៥រយ តែ​អត់​បាន​ការ​អី​ទាំងអស់ រឿង​នេះ​ខ្ញុំ​បាន​ប្ដឹង​យូរ​ហើយ»

ប្រភព​ពី​អ្នក​ភូមិ​បាន​ឲ្យ​ដឹង​ថា លោក គុជ វេង គឺ​ប្រធាន​សហគមន៍​ព្រៃ​ឈើ និង​ជា​សកម្មជន​ការពារ​ដីធ្លី​សហគមន៍​ម្នាក់​ដែល​ជា​ទី​គោរព​រាប់​អាន​របស់​អ្នក​ភូមិ។ ថ្មីៗ​នេះ​លោក​បាន​ជួយ​អ្នក​ភូមិ​ក្នុង​ការ​តវ៉ា​ពី​បញ្ហា​ដី​ដែល​មាន​ប័ណ្ណ​សម្គាល់​អចលនទ្រព្យ ឬ​ហៅ​ថា​ប័ណ្ណ​កម្មសិទ្ធិ​ដែល​វាស់វែង​ដោយ​ក្រុម​និស្សិត​ស្ម័គ្រចិត្ត​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នា​ពេល​កន្លង​ទៅ​នោះ ត្រូវ​បាន​ក្រុមហ៊ុន​ភាពីម៉ិច រំលោភ​យក។ ស្រាប់​តែ​លោក​បាន​ត្រូវ​ចាប់​ខ្លួន​ដោយ​ចោទ​ពី​បទ​ឆបោក។ តែ​សង្គម​ស៊ីវិល និង​អ្នក​ភូមិ យល់​ស្រប​គ្នា​ថា ជា​រឿង​មាន​ភាព​មិន​ប្រក្រតី។ ទន្ទឹម​គ្នា​នេះ ក៏​មាន​កាសែត​បរទេស​ខ្លះ​បាន​ផ្សាយ​ថា ការ​ចាប់​ខ្លួន​នេះ​ទំនង​ជា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​តស៊ូ​មតិ​របស់​លោក ដើម្បី​ជួយ​អ្នក​ភូមិ​ក្នុង​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ភាពីម៉ិច៖ «"សំឡេង​ស្រែក​តវ៉ា​របស់​ប្រជា​សហគមន៍" សូម​ឲ្យ​តុលាការ​ដោះលែង​លោក គុជ វេង ជា​បន្ទាន់ ព្រោះ​គាត់​គ្មាន​កំហុស​ទេ តុលាការ​អយុត្តិធម៌​ណាស់...»

យ៉ាង​នេះ​ក្ដី ការ​តវ៉ា​របស់​អ្នក​ភូមិ​តាំង​ពី​ព្រឹក​រហូត​ដល់​ម៉ោង​៥ និង​៣០​នាទី​ថ្ងៃ​ដដែល​នេះ ពុំ​មាន​មន្ត្រី​តុលាការ​ណា​ចេញ​មក​ធ្វើ​ការ​សាកសួរ និង​រក​ដំណោះស្រាយ​ឡើយ។ អ្នក​ភូមិ​ក៏​សម្រេច​នាំគ្នា​រំសាយ​ការ​តវ៉ា​ដោយ​សន្យា​ថា​នឹង​តវ៉ា​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី២២ ឧសភា ជា​បន្ត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។