ប្រជាពលរដ្ឋចំនួន ២៧គ្រួសារ នៅភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានអំពាវនាវឲ្យក្រុមនិស្សិតស្ម័គ្រចិត្តជួយវាស់វែងដីធ្លីជូនពួកគាត់។ អ្នកភូមិចោទប្រកាន់ថា ដោយគាត់ក្រគ្មានលុយជូនអាជ្ញាធរភូមិ និងឃុំ ទើបគេបង្វែងដានក្រុមនិស្សិតមិនឲ្យវាស់វែងដីឲ្យគាត់។
ស្ត្រីអ្នកភូមិឈ្មោះ ម៉ូ ស្រ៊ី អាយុ ៥៨ឆ្នាំ ជាប្រជាពលរដ្ឋនៅភូមិសង្គមថ្មី ឃុំថ្មដា គាត់បានឲ្យដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១ ខែមីនា ថា ដីចម្ការរបស់គាត់ប្រមាណ ១ហិកតារនេះ គ្រួសារគាត់បានរានព្រៃដោយដៃ ត្រូវមីនផ្ទុះរហូតប្ដីគាត់បានបាត់បង់ជីវិត ឯរូបគាត់ត្រូវរបួសពិការដោយសារដីនេះ តាំងពីឆ្នាំ១៩៩៩។ តែឥឡូវ អាជ្ញាធរភូមិ ឃុំ បែរជាមិនព្រមឲ្យនិស្សិតវាស់វែង និងផ្ដល់កម្មសិទ្ធិឲ្យគាត់ឡើយ។
លោកស្រី ម៉ូ ស្រ៊ី៖ «ប្ដីខ្ញុំស្លាប់ ៥ឆ្នាំហើយ ផ្ទុះមីន ដោយសារដីនេះ។ ឥឡូវនិស្សិតមកវាស់ដី តែមេភូមិមេឃុំ បែរជាមិនឲ្យវាស់។ គេមើលឃើញតែលុយ អ្នកក្រអត់លុយ គេមិនឲ្យវាស់ទេ សូមសម្ដេចជួយពួកយើងខ្ញុំផង។ មានតែដីប៉ុណ្ណឹង បើគេមិនវាស់ឲ្យទៀត រស់នៅមានន័យអីទៀត ខ្ញុំឈឺចាប់ណាស់»។
ស្ត្រីអ្នកភូមិឈ្មោះ វ៉ាន់ ស្រីមុំ និយាយថា គាត់បានមកកាន់កាប់ដីនេះតាំងពីឆ្នាំ២០០០។ គាត់ថា ប្ដីគាត់ជាកងទ័ពការពារព្រំដែន ឯគាត់មានដីតែបន្តិចបន្តួចគ្រាន់បង្កបង្កើនផលចិញ្ចឹមកូន បើគេមិនព្រមវាស់វែង និងផ្ដល់កម្មសិទ្ធិឲ្យគាត់ទេ គ្រួសារគាត់ពិតជាជួបការលំបាកធ្ងន់ធ្ងរក្នុងជីវភាពប្រចាំថ្ងៃជាមិនខាន។
ស្ត្រីអ្នកភូមិម្នាក់ទៀត ឈ្មោះ ប៊ី លែន បានឲ្យដឹងថា អាជ្ញាធរភូមិ ឃុំ បានប្រាប់ថា ដីដែលពួកគាត់កំពុងរស់នៅនេះ ជាដីរបស់ក្រុមហ៊ុនអ៊ឹមឌីអេស (MDS Import Export) ដូច្នេះអាជ្ញាធរពុំអាចឲ្យក្រុមនិស្សិតវាស់វែងបានទេ៖ «ចេះតែថារបស់ក្រុមហ៊ុន គ្មានបានអីទេ ក្រុមហ៊ុនមកទីនេះឃាត់មិនឲ្យខ្ញុំដាំស្រូវរយៈពេល ៣ឆ្នាំហើយ។ ចំណែកភូមិ ឃុំ គេវាស់ឲ្យតែអ្នកមានទេ ជួយផ្សាយរឿងនេះឲ្យឮដល់សម្ដេចៗស្រែកថាឲ្យដីមកប្រជាពលរដ្ឋវិញ តែភូមិ ឃុំ គេមិនព្រមឲ្យទេ»។
ប្រភពពីអ្នកភូមិ បានឲ្យដឹងបន្ថែមថា ភាគច្រើនក្នុងចំណោមប្រជាពលរដ្ឋទាំង ២៧គ្រួសារនេះ បានរងរបួស និងខ្លះទៀតពិការដោយសារការកាប់រានព្រៃនៅតំបន់នេះ ដើម្បីដោះស្រាយជីវភាពគ្រួសារ។
យ៉ាងណាក៏ដោយ តំណាងក្រុមហ៊ុនអ៊ឹមឌីអេស ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា បញ្ហាវាស់វែងដីធ្លីក្នុងភូមិសង្គមថ្មី ពុំមានអ្វីពាក់ព័ន្ធជាមួយក្រុមហ៊ុនទេ។ លោកថា ក្រុមហ៊ុនទទួលបានសិទ្ធិសម្បទានពីរាជរដ្ឋាភិបាលតាមរយៈអាជ្ញាធរខេត្ត ប្រសិនបើមានផលប៉ះពាល់ ឬយ៉ាងណានោះ គឺអាជ្ញាធរជាអ្នកមានភារកិច្ចដោះស្រាយ ពុំមែនជាភារកិច្ចរបស់ក្រុមហ៊ុននោះឡើយ។
ចំណែកមេភូមិសង្គមថ្មី គឺលោក ព្រុំ លុត បានបដិសេធការចោទប្រកាន់របស់ប្រជាពលរដ្ឋ។ លោកមានប្រសាសន៍ថា ការវាស់វែងរបស់ក្រុមនិស្សិតនៅបន្តមិនទាន់បញ្ចប់ទេ៖ «ថ្ងៃមុន គេបានឈប់ជាបណ្ដោះអាសន្នសិន ឥឡូវនិស្សិតចាប់ផ្ដើមធ្វើការវាស់វែងជាបន្តហើយ។ កិច្ចការខាងលើគេរវល់ច្រើន ឯប្រជាពលរដ្ឋដែលនៅរង់ចាំ គាត់អន្ទះសាពេក ទើបពួកគាត់ឆេវឆាវ»។
យ៉ាងនេះក្ដី មន្ត្រីសម្របសម្រួលអង្គការការពារសិទ្ធិមនុស្សលីកាដូ (Licadho) ខេត្តពោធិ៍សាត់ លោក អេង ឈុនហាន មានប្រសាសន៍ថា តាមការអង្កេតបង្ហាញថា ប្រជាពលរដ្ឋបានកាន់កាប់ដីនេះជាង ១០ឆ្នាំមកហើយ ដូច្នេះអាជ្ញាធរគួរតែនាំក្រុមនិស្សិតឲ្យវាស់វែងដីនេះជូនប្រជាពលរដ្ឋ តាមរូបមន្តស្បែកខ្លា ដែលបានចែងក្នុងបទបញ្ជាលេខ០១ ស្ដីពីវិធានការពង្រឹង និងបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
