ពលរដ្ឋ​នៅ​ក្រចេះ​ចោទ​អនុប្រធាន​ភូមិ​ថា​គំរាម​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​ភូមិ

0:00 / 0:00

អ្នក​ស្រុក​ជាង ៣០​គ្រួសារ ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ពី​ភូមិ និង​អាច​មិន​ទទួល​បាន​ការ​ផ្តល់​សេវា​រដ្ឋបាល​ពី​ភូមិ​ឃុំ។ ការ​គំរាម​នេះ បន្ទាប់​ពី​ពលរដ្ឋ​មិន​ព្រម​ធ្វើ​តាម​បញ្ជា​របស់​អនុ​ប្រធាន​ភូមិ​ម្នាក់​ក្នុង​ខេត្ត​ក្រចេះ។

ខណៈ​បញ្ជា​ទៅ​ប្រធាន​ក្រុម​ឲ្យ​រៃអង្គាស​ប្រាក់​មួយ​ម៉ឺន​រៀល​ពី​អ្នក​ភូមិ​មិន​បាន អនុ​ប្រធាន​ភូមិ​ក្រសាំង លោក សោ កួង បាន​យក​តួនាទី​របស់​ខ្លួន​ព្រមាន​កាត់​ពលរដ្ឋ​ចេញ​ពី​ភូមិ​ភ្លាម ក្រោម​ហេតុផល​ថា អ្នក​ភូមិ​មាន​មេ​បក្ខពួក​មេ​កើយ​ថ្មី។ ចំណែក​អាជ្ញាធរ​ខេត្ត​ក្រចេះ ថា​នឹង​ចាត់​ការ​លើ​រឿង​នេះ។

លោក ខន ស៊ីណិត ជា​ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​ក្រសាំង ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ ដែល​មាន​តួនាទី​ជា​ប្រធាន​ក្រុម ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ទី​១៦ ខែ​វិច្ឆិកា អនុ​ប្រធាន​ភូមិ​ក្រសាំង លោក សោ កួង បាន​ប្រាប់​ឲ្យ​លោក និង​ប្រធាន​ក្រុម​ផ្សេង​ទៀត ទៅ​រៃអង្គាស​ប្រាក់​ពី​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​មួយ​គ្រួសារ​មួយ​ម៉ឺន​រៀល ដើម្បី​ធ្វើ​បល្ល័ង្ក​ព្រះ។ លោក​បន្ត​ថា លោក​បដិសេធ ទើប​លោក​អនុ​ប្រធាន​ភូមិ​ខឹង​ច្រឡោត និង​ស្រែក​ក្ដែងៗ​ថា ពួក​លោក​មាន​មេ​ថ្មី​ផ្សេង​ទើប​មិន​ស្តាប់​បញ្ជា​របស់​ថ្នាក់​ដឹក​នាំ៖ «ខ្ញុំ​ហ្នឹង​បាន​ប្រាប់​គាត់​ថា បង​អើយ​បើ​សិន​បើ​បង​ដាក់​កំណត់​មួយ​គ្រួសារ​មួយ​ម៉ឺន​ចឹង គឺ​ពួក​ខ្ញុំ​ចូល​អត់​បាន​ទេ ព្រោះ​អី​ពួក​ខ្ញុំ​សុទ្ធតែ​អ្នក​គ្មាន​លុយ អ្នក​ស៊ី​ឈ្នួល​គេ​ទាំងអស់ បើ​សិន​តាម​កម្លាំង​សទ្ធា​របស់​គាត់ ប្រហែល​ជា​បាន​បង»

ប្រជាពលរដ្ឋ​ចំនួន ២៣០​គ្រួសារ ភាគ​ច្រើន​មាន​ជីវភាព​ក្រ​ខ្សត់ និង​ប្រកប​របរ​ធ្វើ​ស្រែ​ចម្ការ​ស៊ី​ឈ្នួល​ដាំ​ដំឡូង និង​ធ្វើ​កម្មករ​ក្នុង​ចម្ការ​កៅស៊ូ។

ប្រជាពលរដ្ឋ​មួយ​រូប​ទៀត​ដែល​នៅ​ក្នុង​ហេតុការណ៍​នោះ​ដែរ លោកស្រី ថន ស្រីណា និយាយ​ថា លោក​អនុ​ប្រធាន​ភូមិ​បាន​ស្រែក​ខ្លាំងៗ​មក​ក្រុម​ប្រជាពលរដ្ឋ​ថា ក្រុម​ប្រជាពលរដ្ឋ​ចង់​បះបោរ ទើប​មិន​ស្តាប់​តាម​លោក។ លោកស្រី ថន ស្រីណា បន្ត​ថា លោក សោ កួង ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ លោក​លែង​ដឹង​ឮ​រឿង​ពលរដ្ឋ​ក្នុង​ភូមិ​នេះ​ហើយ៖ «ខ្ញុំ​ស្តាប់​គាត់ គាត់​និយាយ​ឮៗ គាត់​ថា​កាត់​ចោល អត់​ទទួល​ស្គាល់ អ្ហែង​មាន​រឿង​អី​កុំ​ប៉ះ​អញ អញ​លែង​ដឹង​ឮ​ហើយ ថ្ងៃ​ណា​យើង​ទុក្ខ​ធុរៈ​រត់​រក​គាត់​អ៊ីចឹង​ទៅ គាត់​អត់​ទទួល​ដឹង​ឮ»

ប្រជាពលរដ្ឋ​បញ្ជាក់​ថា ជា​រឿយៗ​នៅ​ពេល​ដែល​អនុប្រធាន​ភូមិ លោក សោ កួង ស្រវឹង​ស្រា លោក​តែង​តែ​និយាយ​ផ្លែផ្កា​ទៅ​ប្រជាពលរដ្ឋ​ថា ពួក​គេ​មាន​មេ​កើយ​ថ្មី និង​មាន​បក្ស​ថ្មី។

យ៉ាង​ណា​ក៏ដោយ លោក សោ កួង បាន​ឆ្លើយ​តប​ចំពោះ​ការ​ចោទ​ប្រកាន់​ថា លោក​ពិត​ជា​បាន​ចាត់​តាំង​មេ​ក្រុម​រៃអង្គាស​ប្រាក់ ប៉ុន្តែ​លោក​មិន​បាន​ដាក់​កំហិត​ថា​មួយ​គ្រួសារ​ត្រូវ​រៃ​ប្រាក់​មួយ​ម៉ឺន​រៀល​ទេ។ លោក​អនុ​ប្រធាន​ភូមិ បដិសេធ​ការ​ចោទ​ប្រកាន់​ថា​លោក​កាត់​ពលរដ្ឋ​ចេញ​ពី​ភូមិ ប៉ុន្តែ​លោក​បាន​ព្រមាន​កាត់​ប្រធាន​ក្រុម​ចេញ​ពី​តួនាទី​ភូមិ​មែន៖ «ជា​សិទ្ធិ​របស់​គេ គេ​ចង់​ថា​ម៉េច​ថា​ទៅ គេ​ចោទ​ប្រកាន់​ម៉េច​ចោទ​ទៅ ប៉ុន្តែ​ឲ្យ​ច្បាស់​លាស់​ផង មុន​នឹង​ចោទ​ប្រកាន់​ខ្ញុំ​ហ្នឹង​ណា។ ធម្មតា​ខ្ញុំ​ជា​អ្នក​ដឹក​នាំ​ភូមិ​មួយ​ដែរ។ យើង​មាន​ការ​ឆេវឆាវ​បន្តិច​ដែរ មិន​មែន​ថា​ខ្ញុំ​មិន​ឆេវឆាវ​ទេ​បាទ ដូច​ថា គេ​មិន​សូវ​ស្តាប់​បង្គាប់​ចឹង​ណា យើង​បញ្ជា​ទៅ​គេ​ធ្វើ​មិន​ដឹង​ធ្វើ​មិន​ឮ ធ្វើ​ហី ធ្វើ​ព្រងើយ»

ក្រោយ​កើត​រឿង​នេះ ក្រុម​ប្រជាពលរដ្ឋ​ជាង ៣០​គ្រួសារ បាន​នាំ​គ្នា​ដាក់​ពាក្យ​បណ្ដឹង​ទៅ​លោក​មេ​ឃុំ​ស្នួល ដើម្បី​រក​ដំណោះស្រាយ និង​ទាមទារ​ឲ្យ​ឃុំ​ប្ដូរ​អនុប្រធាន​ភូមិ​ចេញ។

លោក វ៉ាន ឌឿន មេ​ឃុំ​ស្នួល ស្រុក​ស្នួល ខេត្ត​ក្រចេះ បន្ទាប់​ពី​ទទួល​បាន​ពាក្យ​បណ្ដឹង​ពី​ក្រុម​ប្រជាពលរដ្ឋ ឲ្យ​ដឹង​ថា លោក​នឹង​កោះ​ហៅ​ក្រុមប្រឹក្សា​ឃុំ​ប្រជុំ និង​ស៊ើប​អង្កេត។ លោក​ថា ក្នុង​ករណី​រក​ឃើញ​ដូចជា​ប្រជាពលរដ្ឋ​ចោទ​ប្រកាន់​មែន​នោះ ឃុំ​នឹង​ដក​តំណែង​លោក​អនុប្រធាន​ភូមិ​ចេញ​ពី​តួនាទី។

អភិបាល​រង​ខេត្ត​ក្រចេះ លោក ខាន់ ចំណាន មិន​ទាន់​បាន​ជ្រាប​រឿង​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​លោក​ថា អនុ​ប្រធាន​ភូមិ​គ្មាន​សិទ្ធិ​កាត់​ប្រជាពលរដ្ឋ​ចេញ​ឡើយ។ លោក​ថា លោក​នឹង​បញ្ជា​ឲ្យ​អភិបាល​ស្រុក ចុះ​ស៊ើប​អង្កេត​រឿង​នេះ៖ «យើង​ខ្ញុំ​នឹង​ធ្វើ​ការ​ស៊ើប​អង្កេត​សួរ​នាំ​រឿង​នេះ ជួន​កាល​កើត​ចេញ​ពី​បុគ្គល​ខ្លួន​គាត់​ម្នាក់ ដែល​គាត់​ខឹង​សម្បា​បុគ្គល គ្រួសារ​អី​ណា​មួយ​គាត់​អាច​និយាយ​លើសលួស​ចឹង​ទៅ»

ភូមិ​ក្រសាំង ជា​ភូមិ​ទើប​បង្កើត​ថ្មី​កាល​ពី​ឆ្នាំ​២០០៨។ ពលរដ្ឋ​រស់នៅ​ក្នុង​ភូមិ​នេះ ទើប​តែ​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការ​កាន់​កាប់ និង​អាស្រ័យ​ផល​លើ​ដីធ្លី កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៤ បន្ទាប់​ពី​ក្រុម​អ្នក​ភូមិ​ទៅ​ទាមទារ​តវ៉ា​សុំ​ប្លង់​កម្មសិទ្ធិ​ដីធ្លី​នៅ​ភ្នំពេញ ដល់​មុខ​ផ្ទះ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។