អង្គការសង្គមស៊ីវិលនានាក្នុងខេត្តពោធិ៍សាត់ យល់ថា ការបណ្ដោយឲ្យក្រុមហ៊ុនរំលោភយកដីដែលមានប័ណ្ណកម្មសិទ្ធិវាស់វែងដោយក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ធ្វើឲ្យប័ណ្ណកម្មសិទ្ធិនេះត្រូវបាត់បង់តម្លៃ។
ប្រជាពលរដ្ឋចំនួន ១០គ្រួសារ ដែលមានដីចម្ការនៅចំណុចដំណាក់ព្រីង ស្ថិតក្នុងភូមិក្រឡាញ់ បានប្រតិកម្មតវ៉ាជាថ្មីម្ដងទៀត បន្ទាប់ពីមន្ត្រីជំនាញផ្នែកដីធ្លីខេត្តបានចោទថា អ្នកភូមិបានចង្អុលដីខុសទីតាំង បំពានទៅលើដីរបស់ក្រុមហ៊ុន។
បុរសអ្នកភូមិឈ្មោះ ហ៊ុល ថៃ ជាប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ឧសភា ថា ដីចម្ការរបស់គាត់ជាង ៣ហិកតារ នេះ ក្រុមនិស្សិត និងអាជ្ញាធរជំនាញបានចុះមកវាស់វែងត្រឹមត្រូវ ហើយបានផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យគាត់ទៀត។ តែឥឡូវ អាជ្ញាធរជំនាញខ្លួនឯងបែរជាមកចោទគាត់ថាទៅរំលោភយកដីរបស់ក្រុមហ៊ុនទៅវិញ។
បុរសអ្នកភូមិរូបនេះអំពាវនាវឲ្យប្រមុខរាជរដ្ឋាភិបាលជួយរកយុត្តិធម៌ឲ្យគាត់ និងអ្នកភូមិផង ព្រោះគាត់អស់ជំនឿលើអាជ្ញាធរដែនដីទៀតហើយ ព្រោះអាជ្ញាធរបានលំអៀងទៅរកភាគីក្រុមហ៊ុន៖ «ពួកខ្ញុំសប្បាយចិត្តណាស់ដែលប្រមុខរដ្ឋាភិបាលមានគោលនយោបាយចេញប្លង់កម្មសិទ្ធិឲ្យប្រជាពលរដ្ឋ។ ប៉ុន្តែ ឥឡូវពេលដែលពួកខ្ញុំបានប្លង់ហើយ បែរជាអត់បានដីទៅវិញ។ អ៊ីចឹងរឿងនេះមានតែសម្ដេចទេ ដែលអាចជួយអន្តរាគមន៍យ៉ាងម៉េចឲ្យពួកខ្ញុំបានដីទៅតាមប្លង់ដែលនិស្សិតបានវាស់វែងឲ្យនោះផង ព្រោះខែនេះ គឺដល់ខែបង្កបង្កើនផលហើយ ពួកខ្ញុំគ្មានដីបង្កបង្កើនផលទេ»។
ទាក់ទិនបញ្ហានេះ មន្ត្រីអាជ្ញាធរឃុំម្នាក់ដែលសុំមិនបញ្ចេញឈ្មោះ បានឲ្យដឹងថា ដីដែលកំពុងមានទំនាស់នេះ គឺជាដីរបស់អ្នកភូមិទាំង ១០គ្រួសារនេះមែន។ មន្ត្រីអាជ្ញាធរឃុំរូបនេះបន្តថា ដីនេះក្រុមហ៊ុនបានឈូសឆាយរំលោភយកពីអ្នកភូមិទៅដាំដំឡូងបាន ១ឆ្នាំហើយ។ ពីមុន ដីនេះមានដើមឈើហូបផ្លែដូចជា ស្វាយ ខ្នុរ ក្រូចជាដើម តែត្រូវក្រុមហ៊ុនឈូសឆាយចោលអស់។ កាលណោះ ប្រជាពលរដ្ឋបានតវ៉ាម្ដងហើយ។ លុះក្រុមនិស្សិតចុះមកវាស់វែង ដោយមានអាជ្ញាធរចម្រុះយល់ព្រមផង និស្សិតក៏បានវាស់វែងឲ្យប្រជាពលរដ្ឋ។ បន្ទាប់មក មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ក៏បានចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិជូនអ្នកភូមិទាំង ១០គ្រួសារនេះ។
យ៉ាងនេះក្ដី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត គឺលោក ចេង ឡៃ បានចោទថា ប្រជាពលរដ្ឋបានចង្អុលដីខុសទីតាំងដែលលោកបានចេញប្លង់៖ «មិនដឹងជាគាត់មានបំណងអីទេ តែប័ណ្ណកម្មសិទ្ធិដែលយើងចេញឲ្យពួកគាត់ គឺមិនមែនស្ថិតនៅលើដីហ្នឹងទេ។ ខ្ញុំបានចុចអាប់ស៊ីស កូអរដោនេ ទៅឃើញថា វានៅជិតហ្នឹងចម្ងាយប្រមាណ ១០០ម៉ែត្រ តែគាត់បែរជាចង្អុលទៅលើដីដែលចិន ដាំដំឡូង។ តាមពិតប្លង់ដែលយើងចេញឲ្យ មិនជាន់គ្នាទេ»។
ប៉ុន្តែ ព្រឹទ្ធាចារ្យម្នាក់ជាប្រជាការពារឃុំក្បាលត្រាច និងជាអ្នកដែលបានចូលរួមក្នុងដំណើរការវាស់វែងដីចំណុចដំណាក់ព្រីង ស្ថិតក្នុងភូមិក្រឡាញ់ គឺលោក ស៊ិត ស៊ុំ បានអះអាងថា ដីដែលប្រជាពលរដ្ឋចង្អុលបង្ហាញនេះ គឺត្រឹមត្រូវតាមទីតាំងដែលបានវាស់វែងនោះហើយ។ ព្រឹទ្ធាចារ្យរូបនេះបន្តថា គាត់មិនដឹងថា ហេតុអីបានជាអាជ្ញាធរជំនាញមិនទទួលខុសត្រូវចំពោះហត្ថលេខា និងត្រារបស់ខ្លួនឯងយ៉ាងដូច្នេះ៖ «ខ្ញុំអ្នកចុះទៅវាស់ជាមួយនិស្សិតផ្ទាល់ និងក្រុមការងារហ្នឹង។ ដីនេះ គឺនៅចំណុចហ្នឹងហើយ គាត់នៅមានដើមខ្នុរអីរបស់គាត់ជាតឹកតាង។ ចិន វាឈូសអត់ទាន់អស់។ មានសាក្សី និងមានអភិបាលរងខេត្ត សួន រិន្ទឌី គាត់បានដោះស្រាយថា សម្រួលឲ្យប្រជាពលរដ្ឋអីអស់ហើយ បានចេញជាប្រកាសជូនដំណឹងបិទផ្សាយរហូតចេញប្លង់ទៀតហើយ។ វាទៅជាចិន មិនឲ្យវិញ អាហ្នឹងខ្ញុំមិនដឹងថាម៉េចទេ»។
មន្ត្រីសង្គមស៊ីវិលនានាក្នុងខេត្តពោធិ៍សាត់ យល់ស្របគ្នាថា ការបណ្ដោយឲ្យក្រុមហ៊ុនរំលោភយកដីមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិដែលក្រុមនិស្សិតស្ម័គ្រចិត្តលោកនាយករដ្ឋមន្ត្រី បានវាស់វែងយ៉ាងដូច្នេះ ជាយថាហេតុធ្វើឲ្យប័ណ្ណកម្មសិទ្ធិប្រភេទថ្មីក្នុងខេត្តនេះត្រូវបាត់បង់តម្លៃរបស់វាតាមផ្លូវច្បាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
