បច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅជុំវិញតំបន់នោះ លើទំហំផ្ទៃដីដែលអាចបង្កបង្កើនផលបានប្រមាណរាប់សិបម៉ឺនហិកតារ មិនទទួលដំណឹងពីការបណ្ដេញចេញពីគម្រោងអភិវឌ្ឍនោះឡើយ ប៉ុន្តែពួកគេបានអះអាងថា គម្រោងនោះនឹងធ្វើឲ្យខ្វះទឹកសម្រាប់ធ្វើស្រែចម្ការ។
ប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងកំពីងពួយ ដែលស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានអះអាងថា នៅថ្ងៃទី១៤ សីហា ថា ពួកគាត់នឹងប្រឈមពីការបណ្ដេញចេញ និងបាត់បង់ដីស្រែចម្ការរបស់គាត់នៅពេលដែលមានការអភិវឌ្ឍអាងកំពីងពួយនេះ។
ប្រជាពលរដ្ឋម្នាក់ដែលរស់នៅម្ដុំអាងកំពីងពួយ លោក ខិន ប៉ូ អាយុ ៣០ឆ្នាំ បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុននេះបានចាក់ផ្លូវព័ន្ធជុំវិញអាងនេះ។ ទោះជាណាលោកមិនទាន់ទទួលដំណឹងពីការបណ្ដេញចេញនៅឡើយទេ ប៉ុន្តែលោកបារម្ភអំពីបញ្ហាអត់ទឹកធ្វើស្រែដែលរៀងរាល់ឆ្នាំ គាត់អាចធ្វើស្រែបានទាំងរដូវប្រាំង ទាំងរដូវវស្សា ដោយយកប្រភពទឹកពីអាងកំពីងពួយនេះ៖ «ទឹកហ្នឹង គេត្រូវបញ្ចាល់ទឹកច្រើន។ ដល់អ៊ីចឹងប្រជាពលរដ្ឋយើងធ្វើអត់បាន។ គេថា មិនដេញយើងទេ ប៉ុន្តែបើយើងធ្វើស្រែមិនបាន ហាក់បីដូចជាគេដេញយើងដែរ។ ក្នុងចិត្តរបស់ខ្ញុំ វាមានតែអ៊ីចឹងទេ ព្រោះនយោបាយរបស់គេ។ កូរ៉េអ្នកធ្វើអាហ្នឹង!»។
លោក ខិន ប៉ូ បានបញ្ជាក់ទៀតថា ប្រជាពលរដ្ឋនៅតំបន់នេះ ត្រូវចំណាយលុយជាថ្នូរនៃការបើកទឹកធ្វើស្រែស្របទៅតាមផ្ទៃដីដែលប្រជាពលរដ្ឋមាននៅពេលដែលគម្រោងរបស់ក្រុមហ៊ុនកូរ៉េនេះធ្វើរួចនៅពេលដ៏ខ្លីខាងមុខ។ ចំណែកអ្នករស់នៅភូមិតាង៉ែន ស្ថិតនៅក្បែរអាងកំពីងពួយនោះដែរ លោក វណ្ណារ៉ា បានអះអាងថា ប្រជាពលរដ្ឋនៅទីនោះតម្រូវឲ្យចូលរួមនៅក្នុងប្រព័ន្ធប្រើប្រាស់ទឹកដែលស្ដុកទុកនៅក្នុងអាងកំពីងពួយនេះ ហើយប្រជាពលរដ្ឋត្រូវចំណាយលើសេវាកម្មប្រើប្រាស់ទឹក។
បន្ថែមលើនេះ ប្រជាពលរដ្ឋម្នាក់ទៀត លោក រ៉ម រិទ្ធិ អាយុ ៥២ឆ្នាំ បានឲ្យដឹងថា លោកមិនយល់អំពីអ្វីដែលហៅថាការអភិវឌ្ឍឡើយ៖ «ព្រោះមិនសូវយល់ មិនសូវចេះដែរ។ មិនដឹងថា គេអភិវឌ្ឍទៅឲ្យរីកចម្រើនរបៀបម៉េច មិនយល់អីទេ ព្រោះគេអ្នកធំ។ បើយើងថា វាមិនកើត តែអ្នកធំថាកើត បានជាគេអភិវឌ្ឍនោះ។ យើងទៅប្រឆាំងគេម៉េច ព្រោះគេអ្នកដឹកនាំ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងអ្នកគ្រប់គ្រងគម្រោងអភិវឌ្ឍនេះបានឡើយនៅថ្ងៃទី១៤ សីហា ប៉ុន្តែប្រភពពីអ្នកធ្វើនៅក្នុងគម្រោងបានឲ្យដឹងថា គម្រោងនេះហៅថា គម្រោងអភិវឌ្ឍស្ទឹងមង្គលបុរី ដែលត្រូវស្ដារ និងជីកប្រឡាយពង្រីកផ្លូវដែលបន្តរហូតដល់អាងកំពីងពួយនេះដែលមានចម្ងាយជិត ២០គីឡូម៉ែត្រ។ គម្រោងនេះបានប៉ះពាល់ប្រជាពលរដ្ឋមួយចំនួនដែលរស់នៅជុំវិញអាងនេះ។
អភិបាលស្រុកបាណន់ លោក អ៊ុង ប៊ុនជយ មានប្រសាសន៍ថា ការស្ដារអាងកំពីងពួយនេះ ជាគម្រោងជំនួយអភិវឌ្ឍរបស់ក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង ដែលចាប់ផ្ដើមស្ដារអាងនេះចាប់ពីចុងឆ្នាំ២០១២ គ្រោងនឹងបញ្ចប់ដល់ឆ្នាំ២០១៥ ប៉ុន្តែលោកមិនបានដឹកចំនួនទឹកប្រាក់ប៉ុន្មាននោះទេ។
លោកបញ្ជាក់ថា បច្ចុប្បន្នក្រសួងនិងអ្នកដែលពាក់ព័ន្ធកំពុងសិក្សាអំពីផលប៉ះពាល់នានា និងសងសំណងលើប្រជាពលរដ្ឋដែលរស់នៅជុំវិញអាងនេះ៖ «គេសិក្សាអាងហ្នឹងហើយ គេដោះមីនដោះអីហើយ។ ប៉ះពាល់ចាំសិក្សាថែមទៀត។ ចាំរាយការណ៍ ជូនឯកឧត្ដម អភិបាលខេត្ត ជូនមន្ទីរធនធានទឹក ហើយអំពីផលប៉ះពាល់»។
លោក អ៊ុង ប៊ុនជយ មានប្រសាសន៍បន្ថែមថា នៅពេលដែលអាននេះត្រូវបានស្ដារឡើងវិញជាស្ថាពរ ប្រជាពលរដ្ឋដែលនៅជុំវិញអាងនេះ អាចប្រើប្រាស់ទឹកបានតាមរយៈការបង្កើតជាសហគមន៍ប្រើប្រាស់ទឹកអាងកំពីងពួយ និងមានការបង់ថវិកាមួយចំនួនសម្រាប់ថែរក្សាអាងស្ដុកទឹកនេះ។
អាងកំពីងពួយ មានជម្រៅប្រមាណ ៦ម៉ែត្រ និងមានទំហំជិត ២ពាន់ម៉ែត្រការ៉េ ដែលអាចស្ដុកទឹក ប្រមាណជាង ១០០លានម៉ែត្រគូប សម្រាប់ប្រជាពលរដ្ឋនៅជុំវិញអាងនេះ អាចធ្វើស្រែចម្ការនៅរដូវប្រាំង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
