ប្រជាពលរដ្ឋបានអះអាងថា បច្ចុប្បន្នមានមនុស្សបានធ្វើប្លង់លើដីសម្បទានសង្គមកិច្ចនោះអស់ជាង ១០០ហិកតារទៅហើយ ក្នុងចំណោមដីសម្បទានសង្គមកិច្ចប្រមាណ ៣០០ហិកតារនៅក្នុងឃុំ។ ក្រុមអ្នកភូមិបានអះអាងថា បញ្ហានេះបានកើតឡើងបន្ទាប់ពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចុះវាស់វែងដីស្រែឲ្យពលរដ្ឋកាលពីពាក់កណ្ដាលឆ្នាំ២០១២ មក។
អ្នកភូមិតាំតន់ ឃុំកណ្ដោល ស្រុកបុទុមសាគរ ខេត្តកោះកុង ចំនួន ១២២គ្រួសារ បានស្នើសុំឲ្យមេឃុំទប់ស្កាត់កុំចេញប្លង់កម្មសិទ្ធិទៅឲ្យបុគ្គលមួយចំនួន ឲ្យបានមុនថ្ងៃទី២៤ ខែឧសភា ដែលពួកគាត់ចោទប្រកាន់ថា បុគ្គលទាំងនោះលួចធ្វើប្លង់កម្មសិទ្ធិលើដីសម្បទានសង្គមកិច្ច ឬដីបម្រុងទុកចែកជូនពលរដ្ឋក្រីក្រ។
បុរសអ្នកភូមិម្នាក់ក្នុងចំណោមអ្នកតវ៉ាគឺ លោក ជឿន យ៉ុយ បានថ្លែងនៅថ្ងៃទី១៨ ឧសភា ថា ក្រោយពេលដែលក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចុះវាស់វែងដីស្រែជូនពលរដ្ឋ អ្នកភូមិមានការភ្ញាក់ផ្អើល បន្ទាប់ពីពួកគាត់បានទៅផ្ទៀងលេខសលាកបត្រនៅសាលាឃុំ ហើយបានឃើញបុគ្គលមួយចំនួនជាអ្នកមានលុយនៅខេត្តកោះកុង ខេត្តផ្សេង និងភ្នំពេញផង មានឈ្មោះវាស់រួចលើដីបម្រុងទុកចែកជូនពលរដ្ឋ។
គាត់បន្តថា អ្នកភូមិស្នើឲ្យមេឃុំអន្តរាគមន៍ជាបន្ទាន់ចំពោះបុគ្គលមួយចំនួនដែលលួចធ្វើប្លង់កម្មសិទ្ធិលើដីតំបន់ព្រៃសំរោងស្មាច់ ដែលមេឃុំចាស់ លោក ស៊ឹម គី នៅរស់បានសន្យាថាទុកចែកជូនពលរដ្ឋក្រីក្រសរុបជិត ៣០០ហិកតារ។ តែឥឡូវ បុគ្គលមួយចំនួនលួចវាស់អស់ជាង ១០០ហិកតារ សរុបជាង ៤០ប្លង់ទៅហើយ។
កាលពីថ្ងៃទី៨ ឧសភា អ្នកភូមិបាននាំគ្នាទៅសាលាឃុំផ្ដិតមេដៃ ដាក់ពាក្យបណ្ដឹងសុំឲ្យមេឃុំឲ្យជួយអន្តរាគមន៍លើករណីនេះម្ដងរួចមកហើយ តែពុំមានដំណោះស្រាយ។
ប៉ុន្តែ មេឃុំកណ្ដោល លោក គឹម ជួន មានប្រសាសន៍ថា អាជ្ញាធរបានឯកភាពរក្សាទុកដីតំបន់នេះចែកជូនពលរដ្ឋ។ លោកបញ្ជាក់ថា គណៈកម្មការអាជ្ញាធរថ្នាក់ស្រុក បានបដិសេធលើការចេញប្លង់នេះហើយ។
ទាក់ទងបញ្ហានេះ អ្នកសម្របសម្រួលសមាគមអាដហុក (Adhoc) ខេត្តកោះកុង លោក នាង បូរ៉ាទីណូ មានមតិថា បើដីតំបន់ព្រៃសំរោងស្មាច់នេះរក្សាទុកក្នុងគោលដៅធ្វើសម្បទានសង្គមកិច្ចនោះ គឺជាការរួមចំណែកអភិវឌ្ឍសហគមន៍ និងកាត់បន្ថយភាពក្រីក្រ។
ក្រុមអ្នកភូមិ បានឲ្យដឹងថា ពួកគាត់មានគម្រោងជួបជុំគ្នានៅសាលាឃុំ នៅថ្ងៃច័ន្ទ ទី២០ ឧសភា ម្ដងទៀត ដើម្បីឲ្យលោកមេឃុំជួបបង្ហាញប្រាប់ពលរដ្ឋឲ្យបានជាក់លាក់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
