ប្រជាពលរដ្ឋប្រមាណ ៣០០គ្រួសារនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ស្នើឲ្យអាជ្ញាធរខេត្ត និងមន្ត្រីពាក់ព័ន្ធផ្ដល់សំណងខូចខាតដែលមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្ត បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះចុះរុះរើ ដុតកម្ទេចផ្ទះសម្បែង និងរោងស្នាក់នៅរបស់ពួកគាត់អស់ជាង ៤០ខ្នង កាលពីថ្ងៃទី១៦ វិច្ឆិកា កន្លងទៅ។ អ្នកភូមិបញ្ជាក់ថា វិធានការរបស់សមត្ថកិច្ចជំនាញដែលបានរុះរើផ្ទះរបស់ពួកគាត់នោះ ពុំមែនជាវិធីដោះស្រាយសមស្របជូនប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី ប្រតិកម្មភ្លាមៗនឹងទង្វើរបស់នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង និងមន្ត្រីពាក់ព័ន្ធ ដែលបានដឹកនាំកម្លាំងសមត្ថកិច្ចចុះរុះរើផ្ទះរបស់ពួកគាត់នោះ ថាជាកាយវិការមួយបង្កការលំបាកដល់ការរស់នៅរបស់ប្រជាពលរដ្ឋក្រីក្រនៅទីជនបទ។
តំណាងប្រជាពលរដ្ឋម្នាក់ គឺលោក ជ្រុន ពុធ រស់នៅឃុំស្តុកប្រវឹក ស្រុករុក្ខគិរី ខេត្តបាត់ដំបង ថ្លែងនៅថ្ងៃទី១៨ ខែវិច្ឆិកា ថា នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង បាននាំកម្លាំងកងប្រដាប់អាវុធប្រមាណ ២០នាក់ ចុះដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋឆេះអស់ចំនួន ១០ខ្នង និងអារផ្ដួលរោងស្នាក់នៅអស់ជាង ៣០ខ្នង នៅតំបន់ព្រៃសហគមន៍នៃឃុំព្រៃត្រឡាច ស្រុករុក្ខគិរី កាលពីថ្ងៃទី១៦ ខែវិច្ឆិកា កន្លងទៅ។
លោកបញ្ជាក់ថា អាជ្ញាធរពាក់ព័ន្ធត្រូវតែទទួលខុសត្រូវចំពោះការខូចខាតផ្ទះសម្បែងរបស់ពួកគាត់នេះឲ្យបានឆាប់រហ័ស ពីព្រោះផ្ទះដែលខូចខាតនោះជារបស់ប្រជាពលរដ្ឋក្រីក្រសង់នៅលើដីនោះប្រមាណ ៥ឆ្នាំមកហើយ៖ «សមត្ថកិច្ចរើកម្ទេចផ្ទះរបស់ប្រជាពលរដ្ឋចោលអស់ទៅហើយ សូម្បីតែក្រណាត់កៅស៊ូក៏មួយដុំ ដើម្បីធ្វើរោងជ្រកបណ្ដោះអាសន្នក៏គ្មានដែរ»។
វិទ្យុអាស៊ីសេរី ពុំអាចទាក់ទងនាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តបាត់ដំបង គឺលោក លី ជូបៀន ដើម្បីអត្ថាធិប្បាយជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី១៨ ខែវិច្ឆិកា។
ទោះយ៉ាងនេះក្ដី អភិបាលស្រុករុក្ខគិរី លោក ពេជ្រ ម៉ាឡៃ មានប្រសាសន៍ថា អាជ្ញាធរស្រុកពុំមានពាក់ព័ន្ធនឹងការដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនោះទេ។ លោកអះអាងថា សមត្ថកិច្ចដែលចុះអនុវត្តការងារនោះ មាននាយខណ្ឌរដ្ឋបាលព្រៃឈើ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត និងមន្ត្រីកងរាជអាវុធហត្ថខេត្តបាត់ដំបង៖ «បញ្ហានេះ នៅក្នុងរបាយការណ៍ គឺលោកអភិបាលខេត្តបាត់ដំបង បានឲ្យខាងរដ្ឋបាលព្រៃឈើចុះទៅមើលព្រៃសហគមន៍នោះ។ ប៉ុន្តែសកម្មភាពនេះ ខាងស្រុកក៏មិនអាចទទួលយកបានដែរ ហើយខ្ញុំកំពុងតែធ្វើរបាយការណ៍ដាក់បញ្ជូនទៅថ្នាក់ខេត្តទៀត»។
ទាក់ទងនឹងបញ្ហានេះ មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបាត់ដំបង លោក យិន ម៉េងលី មានប្រសាសន៍ថា សមត្ថកិច្ចជំនាញចុះអនុវត្តការងារនៅតំបន់សហគមន៍ព្រៃឈើឃុំព្រៃត្រឡាច នោះ ធ្វើឡើងបែបឆក់កណ្ដៀត ដោយពុំបានជូនដំណឹងទៅប្រជាពលរដ្ឋឲ្យបានដឹងជាមុននោះទេ។
លោក យិន ម៉ែងលី បញ្ជាក់ថា សកម្មភាពរបស់សមត្ថកិច្ចជំនាញនេះពុំមែនជាវិធីដោះស្រាយផ្ដល់យុត្តិធម៌ ដើម្បីសម្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋឡើយ៖ «ដើម្បីឲ្យអាជ្ញាធរ និងមន្ត្រីជំនាញចូលទៅកន្លែងកើតហេតុនោះបាន ត្រូវមានការជួបពិភាក្សាមួយរវាងអាជ្ញាធរ និងប្រជាពលរដ្ឋ ជជែកគ្នាឲ្យបានច្បាស់»។
កាលពីថ្ងៃទី៥ ខែវិច្ឆិកា ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី ប្រមាណ ២០០នាក់ បានតវ៉ា និងឲ្យអាជ្ញាធរខេត្តបាត់ដំបង ដោះស្រាយឲ្យបញ្ឈប់ការទន្ទ្រានព្រៃសហគមន៍ព្រៃត្រឡាច ដែលមានផ្ទៃដី ១.៣៣២ហិកតារ ដែលមន្ត្រីមានអំណាចមួយចំនួនបានរុករានយកដីធ្វើជាកម្មសិទ្ធិ រួមមានមន្ត្រីទាហាន ប៉ូលិស និងប្រឹក្សាស្រុករុក្ខគិរី ជាដើម។
ប្រជាពលរដ្ឋបានស្នើឲ្យអាជ្ញាធរបែងចែកដីនោះ មួយចំនួនដើម្បីយកទៅដាំដុះដោះស្រាយជីវភាពគ្រួសារ។ ក្រោយមកនៅថ្ងៃទី១៦ ខែវិច្ឆិកា មន្ត្រីជំនាញខេត្តបាត់ដំបង បានដឹកនាំកម្លាំងចុះបំផ្លាញផ្ទះសម្បែង និងរោងស្នាក់អាស្រ័យទាំងរបស់ប្រជាពលរដ្ឋ និងអាជ្ញាធរដែលបានសាងសង់នៅតំបន់ព្រៃសហគមន៍នោះតែម្ដង៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
