អ្នកភូមិព្រៃជីសាក់ ជិត ៤០គ្រួសារ កំពុងប្រឈមនឹងបញ្ហាពីរ គឺផលប៉ះពាល់ពីការធ្វើផ្លូវជុំវិញអាកាសយានដ្ឋានអន្តជាតិភ្នំពេញ និងការពង្រីកផ្លូវឯកជនវ៉េងស្រេង ឬផ្លូវចោមចៅ។ គម្រោងទាំងពីរនេះ ប៉ះពាល់ដល់លំនៅឋានរស់នៅរបស់ពួកគាត់យ៉ាងធ្ងន់ធ្ងរ។
បញ្ហានេះ ធ្វើឲ្យពួកគាត់មានក្តីបារម្ភយ៉ាងខ្លាំង ព្រោះមកដល់ពេលនេះ ក្រៅពីអាជ្ញាធរបង្ខំឲ្យរុះរើផ្ទះ គឺពុំមានព័ត៌មានស្ដីពីគោលនយោបាយផ្តល់សំណងផលប៉ះពាល់នោះយ៉ាងណានៅឡើយ។
អ្នកភូមិទាមទារឲ្យអាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងសាលារាជធានីភ្នំពេញ ផ្អាកសកម្មភាពឈូសឆាយ និងបង្ខំឲ្យពលរដ្ឋរុះរើផ្ទះ ដើម្បីពង្រីកផ្លូវវ៉េងស្រេង នៅម្តុំរង្វង់មូលចោមចៅ ឬជិតបញ្ជរបង់ប្រាក់របស់ក្រុមហ៊ុនវ៉េងស្រេងនោះបណ្ដោះអាសន្ន។
ការទាមទារឲ្យផ្អាកនេះ ដោយសារពួកគាត់មិនទាន់បានទទួលព័ត៌មាន ស្ដីពីគោលនយោបាយផ្តល់សំណងខូចខាតផ្ទះ ដែលផ្ទះខ្លះខូចខាតទាំងស្រុង ចំណែកកន្លែងខ្លះទៀតនៅសល់តិចតួចមិនអាចរស់នៅ ឬប្រកបរបរចិញ្ចឹមជីវិតបានដូចសព្វដងនោះទេ។
អ្នកភូមិម្នាក់ឈ្មោះ ប្រាក់ ចំណាន ក្នុងវ័យប្រមាណ ៥០ឆ្នាំ បានថ្លែងទាំងក្រៀមក្រំដោយសារផ្ទះគាត់ត្រូវចំគម្រោងរុះរើមុនគេ ហើយនឹងត្រូវខូចខាតទាំងស្រុង។ ម្យ៉ាងទៀត គាត់តូចចិត្តចំពោះអាជ្ញាធរធ្វើការបំពេញចិត្តតែខាងក្រុមហ៊ុន ដែលធ្វើផ្លូវយកលុយពីប្រជាពលរដ្ឋអ្នកធ្វើដំណើរ។ ចំណែកពលរដ្ឋដែលប៉ះពាល់ អត់ផ្ទះនៅ អត់កន្លែងរកស៊ី អាជ្ញាធរអត់បានគិតគូរឲ្យទេ៖ «មកដល់គិតតែបង្ខំឲ្យប្រជាពលរដ្ឋរុះរើ តើឲ្យពួកខ្ញុំទៅរស់នៅណា? ម្យ៉ាងរដ្ឋប្រគល់អាជ្ញាប័ណ្ណទៅឲ្យក្រុមហ៊ុនហើយ ហេតុអីក្រុមហ៊ុនគិតតែពីផលប្រយោជន៍ខ្លួនឯង មិនដោះស្រាយផលប្រយោជន៍ឲ្យពលរដ្ឋវិញ ហើយមកចង់យកដីពលរដ្ឋស្រស់ៗអ៊ីចឹង សុំឲ្យរដ្ឋាភិបាលមកដោះស្រាយរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន កុំយកទ្រូងមកពាំងឲ្យក្រុមហ៊ុន ហើយអត់មើលទុក្ខលំបាកពលរដ្ឋខ្លួនឯងអត់កើតទេ»។
ចំណែកស្ត្រីអ្នកភូមិម្នាក់ទៀត បានរត់ឆ្លេឆ្លារកធ្វើអ្វីមិននឹងដៃ នៅពេលឃើញក្រុមហ៊ុនដាក់គ្រឿងចក្រចុះមកម្តងៗ។ លោកស្រី ស៊ុយ សុខលាង មានប្រសាសន៍ទាំងទុក្ខព្រួយថា ចាប់តាំងពីធ្វើផ្លូវវ៉េងស្រេងលើកដំបូងមក រូបគាត់បានរុះផ្ទះថយរហូតដោយគ្មានបានទទួលសំណងបន្តិចណានោះទេ តែឥឡូវលើកនេះទៀត គាត់គ្មានដីសម្រាប់ថយទៀតទេ៖ «អត់ទាន់ដោះស្រាយយ៉ាងណាផង ស្រាប់តែយកអាត្រាក់មកឈូសឆាយ។ អ៊ីចឹងខ្ញុំអត់ចេញដាច់ខាតតែម្តង ហើយផ្លូវនេះយកលុយគេរាល់តែថ្ងៃ ដល់ពេលមានផលប៉ះពាល់អត់សង អាងអីយកអាត្រាក់មករកឈូសយក»។
សាលាខណ្ឌពោធិ៍សែនជ័យបានប្រកាសជូនដំណឹងដល់ប្រជាពលរដ្ឋតាមបណ្តោយផ្លូវចោមចៅ ឬផ្លូវវ៉េងស្រេង ពីការពង្រីកផ្លូវនេះចាប់ពីរង្វង់មូលចោមចៅ រហូតដល់សួនច្បារច្រមុះជ្រូក ផ្លូវជើងឯក មានប្រវែងជាង ៦ពាន់ម៉ែត្រ ដោយកំណត់ទទឹង ២៨ម៉ែត្រ ធ្វើចិញ្ចើមផ្លូវសងខាង ៣ម៉ែត្រ និងដាក់លូសងខាងផ្លូវទៀត។
សេចក្តីជូនដំណឹងដដែល សូមឲ្យប្រជាពលរដ្ឋជាម្ចាស់ផ្ទះ និងម្ចាស់សំណង់នានាដែលប៉ះពាល់នៅសងខាងផ្លូវ រុះរើក្នុងរយៈពេល ៧ថ្ងៃ គិតចាប់ពីថ្ងៃជូនដំណឹងកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៥។ ប្រជាពលរដ្ឋបានទទួលសេចក្តីជូនដំណឹងនេះភ្លាម ក៏បានធ្វើសំណើត្រឡប់ទៅវិញកាលពីដើមខែឧសភា នេះ ដោយសុំឲ្យផ្អាកការអនុវត្តតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរនេះបណ្ដោះអាសន្ន។
តំណាងប្រជាពលរដ្ឋ លោក អ៊ិត តេងសាខន បានឲ្យដឹងថា ការសុំឲ្យផ្អាកនេះដោយសារសេចក្តីជូនដំណឹងរបស់អាជ្ញាធរក្រុង និងខណ្ឌ បានអនុវត្តផ្ទុយពីខ្លឹមសារ ឬស្មារតីនៃកិច្ចប្រជុំអន្តរក្រសួងកាលពីខែកក្កដា ឆ្នាំ២០១៤។ កិច្ចប្រជុំនោះ បានសម្រេចថា ការពង្រីកផ្លូវវ៉េងស្រេង អាចធ្វើទៅបានបន្ទាប់ពីការវាស់វែងធ្វើព្រំ ឬហៅធ្វើ ឌីអឹមអេស (DMS) កំណត់ផលប៉ះពាល់ពីការពង្រីកផ្លូវជុំវិញអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ និងផ្លូវវ៉េងស្រេងរួមគ្នាចប់សព្វគ្រប់ និងការគិតគូរដោះស្រាយផលប៉ះពាល់ចប់សព្វគ្រប់ជូនពលរដ្ឋ ជុំវិញតំបន់នោះរួចរាល់ជាមុនសិន៖ «ព្រោះដីចូលក្នុងគម្រោងព្រលាន គេថតធ្វើ ឌីអឹមអេស នោះរួចអស់ហើយ ដូច្នេះខាងព្រលានគួរតែមកនិយាយជាមួយពលរដ្ឋឲ្យច្បាស់ ដើម្បីដោះស្រាយគ្នាសិន»។
ក្រុមអ្នកភូមិបន្តថា រហូតមកដល់ពេលនេះ សំណើរបស់ពួកគាត់ទៅសាលាខណ្ឌពុំមានការឆ្លើយតបយ៉ាងណាឡើយ ទាក់ទងនឹងការអនុវត្តផ្ទុយគ្នារវាងការសម្រេចរវាងអន្តរក្រសួង និងអាជ្ញាធរក្រុង និងខណ្ឌពោធិ៍សែនជ័យ នោះទេ។
ទាក់ទងនឹងបញ្ហានេះ អភិបាលខណ្ឌពោធិ៍សែនជ័យ លោក ហែម ដារិទ្ធិ មានប្រសាសន៍នៅថ្ងៃទី៣០ ឧសភា ថា ការុះរើនេះ គឺអនុវត្តតែទៅលើសំយាបផ្ទះ ឬសំណងទាំងឡាយណាមិនរៀបរយ ដែលសង់រំលោភលើចិញ្ចើមផ្លូវ។ ចំណែកការប៉ះពាល់លើលំនៅឋានពលរដ្ឋស្របច្បាប់នោះ អាជ្ញាធរក្រុងនឹងមានគោលនយោបាយដោះស្រាយសំណងក្នុងដំណាក់ការណាមួយនៅពេលខាងមុខ។ លោកពន្យល់ទៀតថា ចំពោះគម្រោងពង្រីកផ្លូវវ៉េងស្រេង និងគម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានអន្តជាតិភ្នំពេញនោះ គឺមិនពាក់ព័ន្ធគ្នានោះទេ៖ «ហើយពាក់ព័ន្ធរឿងរុះផ្ទះនោះ គឺផ្សេង យើងមិនមែនរុះនោះ ដើម្បីបើកផ្លូវឲ្យអ្នកវិនិយោគធ្វើផ្លូវឯកជនរកស៊ីនោះទេ គឺដើម្បីរៀបចំដីចំណីផ្លូវសាធារណៈ ដើម្បីប្រយោជន៍រួម»។
តែទោះយ៉ាងណា ប្រធានអង្គការសិទ្ធិលំនៅឋាន លោក សៀ ភារម្យ មានប្រសាសន៍ថា ដើម្បីជៀសវាងកុំឲ្យមានជម្លោះកើតឡើង អាជ្ញាធរគួរតែមានកិច្ចពិគ្រោះយោបល់មួយជាមួយប្រជាពលរដ្ឋច្បាស់លាស់ ដោយមិនគ្រាន់តែចេញសេចក្តីជូនដំណឹង ហើយចាប់ផ្ដើមអនុវត្តភ្លាមៗនោះឡើយ៖ «ព្រោះជាធម្មតាតាមច្បាប់ភូមិបាល ឬច្បាប់អស្សាមិករណ៍ កាលណាត្រូវប្រើប្រាស់ជារបស់សាធារណៈយ៉ាងណាក៏ដោយ រដ្ឋ ឬក្រុមហ៊ុននោះត្រូវតែផ្តល់សំណងដោយពិភាក្សាគ្នា ធ្វើយ៉ាងណាឲ្យការអនុវត្តនោះប្រកបដោយសុខដុមរមនាជាមួយគ្នា»។
អ្នកភូមិមួយចំនួនក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានដូចជា ភូមិព្រៃជីសាក់ ភូមិថ្មគោល ភូមិគោកចំបក់ ភូមិត្រពាំងល្វា និងភូមិតាងួន ជាដើម ពួកគាត់កំពុងរងទឹកភ្នែកដោយគម្រោងអភិវឌ្ឍន៍នៅតំបន់នោះ ពុំបានផ្តល់សំណងសមរម្យគ្មានការព្រមព្រៀងពីម្ចាស់ដី ឬលំនៅឋាននៅតំបន់នោះឡើយ។ ពលរដ្ឋបានដើរចេញតវ៉ាគ្រប់ច្រកល្ហក រកគ្រប់មធ្យោបាយប្រឆាំងនឹងការអភិវឌ្ឍដែលមិនមានតម្លាភាព និងគ្មានសមធម៌បែបនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយ ប៉ុន្តែមិនទាន់មានលទ្ធផលណាមួយច្បាស់លាស់នៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
