ពលរដ្ឋ​មួយ​ចំនួន​នៅ​ខេត្ត​កោះកុង​ទាមទារ​ឲ្យ​អាជ្ញាធរ​ចេញ​លិខិត​កាន់​កាប់​ដីធ្លី

បញ្ហា​ផ្តល់​ដី​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​ក្រោយ​ការ​តាំង​លំនៅ​របស់​ប្រជាពលរដ្ឋ បាន​បង្ក​ឲ្យ​អ្នក​ភូមិ​ដែល​កំពុង​ស្នាក់​នៅ​ក្នុង​ដី​របស់​ខ្លួន​ច្រើន​ឆ្នាំ​មក​ហើយ មិន​អាច​ទទួល​បាន​កម្មសិទ្ធិ​កាន់​កាប់​ដីធ្លី​របស់​ខ្លួន​ត្រឹមត្រូវ​តាម​ច្បាប់​នៅ​ឡើយ។ បញ្ហា​នេះ បាន​ចោទ​ជា​វិបត្តិ​សេដ្ឋកិច្ច​សម្រាប់​អ្នក​រស់​នៅ​ផ្ទាល់ ដោយសារ​ដី​ដាំដុះ និង​ដី​លំនៅឋាន​នៅ​ក្នុង​ដី​វិនិយោគ ហើយ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​មិន​ហ៊ាន​ចេញ​លិខិត​បញ្ជាក់​ដីធ្លី​ឲ្យ សម្រាប់​ដាក់​បញ្ចាំ ខ្ចី​លុយ​ប្រើប្រាស់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

0:00 / 0:00

អាជ្ញាធរ និង​ប្រជាពលរដ្ឋ​ភូមិ​ព្រែកជីក ឃុំ​ជីខក្រោម ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ទាមទារ​ឲ្យ​រដ្ឋាភិបាល​ចេញ​លិខិត​កាន់​កាប់​ដី​លំនៅឋាន​បណ្ដោះ​អាសន្ន ខណៈ​ដី​ចម្ការ និង​ដី​ស្រែ ស្ថិត​ក្នុង​ដី​ចម្ការ​អំពៅ។

ការ​ទាមទារ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០១៤ នៅ​គ្រា​ដែល​មាន​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​កំពុង​ខ្វះខាត​ថវិកា​សម្រាប់​ចំណាយ​ក្នុង​គ្រួសារ ដោយសារ​គ្មាន​ចំណូល​ពី​ផល​ដំណាំ មាន​តែ​ដី​ផ្ទះ​ដែល​អាច​ដាក់​បញ្ចាំ ដើម្បី​ខ្ចី​ប្រាក់​ពី​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ។

អ្នក​ភូមិ​ព្រែកជីក លោក ជី លាង ឲ្យ​ដឹង​ថា ដី​ផ្ទះ​គាត់​ទំហំ​ប្រមាណ ៣០​ម៉ែត្រ​បួន​ជ្រុង មិន​អាច​យក​ទៅ​ធ្វើ​អី​ក្រៅ​ពី​រស់​នៅ​ប៉ុណ្ណោះ ព្រោះ​ដី និង​ផ្ទះ​លក់​មិន​ចេញ ដាក់​បញ្ចាំ​ក៏​មិន​បាន៖ «អាជ្ញាធរ​យើង​ហ្នឹង ឲ្យ​គាត់​បញ្ជាក់​ពី​ដី​ខ្ញុំ​អ៊ីចឹងៗ ដូច​ថា​ទំហំ​ប៉ុន្មានៗ​អ៊ីចឹង ដើម្បី​ងាយ​ស្រួល​ដល់​ខ្ញុំ​ចង់​ខ្ចី​លុយ​អី​ខាង​ស្ថាប័ន​ហិរញ្ញវត្ថុ​អី​ហ្នឹង ខ្ញុំ​យក​មក​ប្រកប​មុខ​របរ​ខ្ញុំ»

ស្ត្រី​អាយុ ៥២​ឆ្នាំ ឈ្មោះ ស៊ុន រ៉ាន់ ឲ្យ​ដឹង​ថា ប្តី​គាត់​ពិការ ឯ​កូន​ជាប់​បាក់​ឌុប គ្មាន​ការងារ​ធ្វើ មិន​មាន​លុយ​បង់​រៀន​មហាវិទ្យាល័យ ទើប​គាត់​ចង់​បញ្ចាំ​ដី​ភូមិ​ទៅ​ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ យក​លុយ​ខ្ចី​បាន​ទៅ​ដោះស្រាយ​បញ្ហា។ ប៉ុន្តែ អាជ្ញាធរ​ភូមិ​ឃុំ មិន​អាច​ចេញ​លិខិត​បញ្ជាក់​ឲ្យ​ឡើយ បើ​ទោះ​បី​ដី​ផ្ទះ​មិន​ពាក់ព័ន្ធ​ក្រុមហ៊ុន​ដាំ​អំពៅ​ក៏ដោយ។ ស្ត្រី​នោះ​អះអាង​ថា ដី​អ្នក​ខ្លះ​ជាប់​ក្នុង​ប្លង់​មន្ត្រី​ធំ​ដែល​គេ​ទិញ​លក់​ដី​គ្នា​គេ​ឯណោះ​ទេ តែ​មក​គូស​ប្លង់​យក​ដោយ​ដី​ប្រជាពលរដ្ឋ នាំ​ឲ្យ​ពាក់ព័ន្ធ​កើត​ជម្លោះ​ឡើង​តុលាការ៖ «ចង់​បាន​លិខិត​បញ្ជាក់​ថា ដី​នេះ​ជា​ដី​របស់​ខ្ញុំ​ពិត​ប្រាកដ​អ៊ីចឹង។ ដី​លំនៅឋាន​ក៏​មិន​ទាន់​មាន ខ្ញុំ​វា​រងគ្រោះ​ច្រើន​ណាស់»

ស្ត្រី​ឈ្មោះ តឹង ឈីវ ថ្លែង​ថា គាត់​លំបាក​ណាស់​ក្នុង​ការ​បញ្ជាក់​ប័ណ្ណ​ដី ដើម្បី​ខ្ចី​លុយ ព្រោះ​មេ​ភូមិ​គេច​មិន​ព្រម​ចេញ​លិខិត​កាន់​កាប់​ដី​ផ្ទះ​ឲ្យ​អ្នក​ភូមិ​ឡើយ។ ប៉ុន្តែ​នៅ​ពេល​បោះ​ឆ្នោត អ្នក​ភូមិ​ទៅ​បោះ​ឆ្នោត តែ​អ្នក​ភូមិ​នៅ​តែ​រង​នូវ​ការ​ចោទ​ថា រស់​នៅ​មិន​ស្រប​ច្បាប់​ទៅ​វិញ។

លោក រតនា អះអាង​ថា អ្នក​ភូមិ​ព្រែកជីក មិន​យល់​ពី​វិធាន​ការ​របស់​អាជ្ញាធរ​កម្ពុជា ឡើយ ព្រោះ​អ្នក​រស់​នៅ​ផ្ទាល់​បែរ​ជា​គ្មាន​សិទ្ធិ​លើ​ដី​ផ្ទះ និង​រង​នូវ​ការ​ចោទ​ថា រស់​នៅ​មិន​ស្រប​ច្បាប់។ តែ​ក្រុមហ៊ុន​មក​ពី​បរទេស​សោះ បែរ​ជា​មាន​សិទ្ធិ​វិនិយោគ​លើ​ដី​ប្រជាពលរដ្ឋ​កំពុង​ប្រមូល​ផល​ដាំ​ដុះ ទើប​ប្រជាពលរដ្ឋ​តវ៉ា​សុំ​ប័ណ្ណ​កាន់​កាប់​ដី​ផ្ទះ​នេះ ដើម្បី​ដាក់​បញ្ចាំ​ខ្ចី​លុយ​ប្រើ​ការ។

មេ​ភូមិ​ព្រែកជីក លោក ហា នូ បញ្ជាក់​ថា គាត់ និង​អ្នក​ភូមិ​គ្មាន​សិទ្ធិ​ដូច​គ្នា​ក្នុង​ការ​ប្រើប្រាស់​ដី​ផ្ទះ។ លោក​ថា ម្នាក់ៗ​ជំពាក់​គេ​វ័ណ្ឌក ដោយសារ​គ្មាន​ចំណូល​ពី​ផល​ដំណាំ​ផង ហើយ​ក៏​មិន​អាច​ដាក់​បញ្ចាំ​ដី​ផ្ទះ​បាន​ទៀត។ លោក​ថា ភូមិ​ខ្លះ​ក្នុង​ឃុំ​ជីខលើ និង​ឃុំ​ជីខក្រោម ដី​ពលរដ្ឋ​បាន​រស់​នៅ​ស្ថិត​ក្នុង​ប្លង់​ទិញ​លក់​របស់​អ្នក​ផ្សេង​ទៅ​ទៀត។ ប្រជាពលរដ្ឋ​បាន​ឡើង​តុលាការ​ច្រើន​លើក នៅ​តែ​រឿង​ដី​នោះ​កាត់​សេចក្តី​មិន​ដាច់​ស្រេច ទើប​ពលរដ្ឋ​ទាំង​ជាង ៧០​គ្រួសារ មាន​រូប​គាត់ និង​ប្រជាពលរដ្ឋ​ក្នុង​ភូមិ​គ្មាន​ប័ណ្ណ​កាន់​កាប់​ដី​លំនៅឋាន​ទាំងអស់​គ្នា ដើម្បី​ប្រើប្រាស់​ដោះស្រាយ​បញ្ហា​ផ្សេងៗ៖ «ជា​មេ​ភូមិ​ហ្នឹង បាន​តែ​មេ​ភូមិ​ត្រួតត្រា​ប្រជាជន បើ​អា​រឿង​ទឹក​ដី វា​មិន​ដឹង​សោះ មិន​ដឹង​អ្នក​ណា​កាត់​តាំង​ស្មើ​ណា ខ្ញុំ​អត់​បាន​ដឹង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក ជា នាង មន្ត្រី​សុរិយោដី ស្រុក​ស្រែអំបិល ជម្រាប​សួរ​អំពី​ការ​ផ្តល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​លំនៅឋាន​នៅ​ឃុំ​ជីខក្រោម បាន​ទេ​នៅ​ថ្ងៃ​សុក្រ ទី​១០ ខែ​មករា ឆ្នាំ​២០១៤។

មន្ត្រី​សម្រប​សម្រួល​អង្គការ​លីកាដូ (Licadho) ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ឲ្យ​ដឹង​ថា តាម​ច្បាប់​ភូមិបាល ពលរដ្ឋ​ដែល​គាត់​តាំង​លំនៅ​ជាង ២០​ឆ្នាំ មាន​សៀវភៅ​ស្នាក់​នៅ មាន​កាត​សម្គាល់​ខ្លួន មាន​ឈ្មោះ​ក្នុង​បញ្ជី​បោះ​ឆ្នោត ហើយ​បាន​បោះ​ឆ្នោត​រាល់​លើក គឺ​ពួក​គាត់​រស់​នៅ​ស្រប​ច្បាប់ ដែល​រដ្ឋាភិបាល​អាច​ចេញ​ប័ណ្ណ​កាន់​កាប់​ដី​ឲ្យ​ហើយ។

អភិបាល​រង​ខេត្ត​កោះកុង លោក អ៊ុន ឆាលី ពន្យល់​ថា ដី​កំពុង​មាន​ជម្លោះ មិន​អាច​ឲ្យ​ពលរដ្ឋ​ទទួល​បាន​ប័ណ្ណ​ដី​ទេ។ លោក​មិន​ដឹង​ថា ដី​នៅ​ភូមិ​ព្រែកជីក នោះ​កំពុង​មាន​ជម្លោះ​ដី ឬ​អត់ នៅ​តុលាការ តែ​អ្នក​កំពុង​រស់​នៅ​ផ្ទាល់ គឺ​មាន​សិទ្ធិ​លើ​ដី​នោះ​ហើយ។ លោក​ថា ការ​សម្រេច​វាស់វែង​ដើម្បី​ផ្តល់​ប័ណ្ណ​កាន់​កាប់​ដី​នោះ គឺ​មន្ត្រី​សុរិយោដី​មូលដ្ឋាន ទើប​ដឹង​ច្បាស់​ជាង​អាជ្ញាធរ​ខេត្ត៖ «យើង​មើល​ច្បាប់​ភូមិបាល​មើល យើង​អនុវត្ត​តាម​នីតិវិធី​ច្បាប់​ភូមិបាល​ទៅ គាត់​រស់​នៅ​ជាក់ស្តែង​របស់​គាត់ មាន​ផ្ទះ​សម្បែង មាន​ដំណាំ​របស់​គាត់ អា​ហ្នឹង​យើង​ធ្វើ​តាម​នីតិវិធី​ច្បាប់​ទៅ​ការ​វាស់វែង​ហ្នឹង មាន​អ្នក​ណា​មិន​នេះ​ឲ្យ​គាត់»

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។