ពលរដ្ឋឃុំឃ្សឹម ស្រុកស្នួល ជាង ២០០គ្រួសារ បានអះអាងនៅព្រឹកថ្ងៃទី៥ ខែមីនា ថា នៅថ្ងៃទី៦ ខែមីនា ពួកគាត់នឹងលើកគ្នាទៅតវ៉ាដល់មុខសាលាដំបូងខេត្តក្រចេះ ដើម្បីស្នើដោះលែងតំណាងពួកគេពីពន្ធនាគារ។
ស្ត្រីមិនបង្ហាញឈ្មោះ បានឲ្យដឹងថា បន្ទាប់ពីតុលាការបានចាប់ឃុំខ្លួនតំណាងពួកគេ ឈ្មោះ សឿន ផល កាលពីថ្ងៃទី៤ ខែមីនា ពេលនេះមានព័ត៌មានមកថា តុលាការបានចេញដីកាចាប់ខ្លួនពលរដ្ឋចំនួន ៦នាក់ផ្សេងទៀត លោកស្រីអះអាងថា ការចាប់ខ្លួនតំណាងពួកគេអាចជាប់ពាក់ព័ន្ធនឹងទំនាស់ដីធ្លី ព្រោះថាការចាប់ខ្លួននេះកើតមានបន្ទាប់ពីតំណាងរូបនេះបានចូលរួមដឹកនាំពលរដ្ឋ តវ៉ាមិនឲ្យក្រុមហ៊ុនដាយណាម ប្រើគ្រឿងចក្រឈូសរំលោភយកដីចម្ការដំណាំពួកគាត់កន្លងមក៖ «ខ្ញុំទៅតវ៉ាយកតំណាងខ្ញុំមកវិញ ព្រោះអីពួកខ្ញុំសុំឲ្យគាត់ធ្វើតំណាងពលរដ្ឋតវ៉ារឿងទំនាស់ដីធ្លីជាមួយក្រុមហ៊ុន ព្រោះខ្ញុំបានបាត់បង់ដំណាំដាំដុះចម្ការខ្ញុំ ឲ្យគាត់ជាតំណាង។ គេថាបន្ទាប់ពី ពូផល ទៅនៅមានតំណាងចំនួន ៦នាក់ទៀត»។
ទោះជាបែបនេះក្តី អភិបាលស្រុកស្នួល និងលោកស្នងការនគរបាលខេត្តក្រចេះ បញ្ជាក់ថា ការចាប់ខ្លួនបុរសឈ្មោះ សឿន ផល មិនជាប់ពាក់ព័ន្ធទំនាស់ដីធ្លីទេ គឺជាប់ពាក់ព័ន្ធបទឆបោកប្រាក់។
បន្ថែមលើនេះ ព្រះរាជអាជ្ញារងតុលាការខេត្តក្រចេះ លោក ហាក់ ហ៊ន់ ដែលបានចេញដីកាឃុំខ្លួនតំណាងពលរដ្ឋឈ្មោះ សឿន ផល បានឲ្យដឹងថា ការឃុំខ្លួននេះមិនមែនលើករណីទំនាស់ដីធ្លីទេ គឺពីបទឆបោកប្រាក់។ ព្រះរាជអាជ្ញារងរូបនេះ បានបដិសេធន៍ថា មិនទាន់បានដឹងករណីតុលាការចេញដីកាតាមចាប់ខ្លួនពលរដ្ឋ ឬតំណាងពលរដ្ឋឃុំឃ្សឹម ផ្សេងទៀតទេ៖ «មានតែម្នាក់ទេ ដែលប្ដឹង សឿន ផល ហ្នឹង គឺលោក ទូច យ៉ន។ ខ្ញុំអត់ដឹងទេ តែបើចៅក្រមចេញ ក៏គេជូនដំណឹងមកខ្ញុំដែរ។ ប៉ុន្តែខ្ញុំអត់មានចោទទេ គឺមានតែម្នាក់ហ្នឹងទេ។ នៅក្នុងបទល្មើសនេះ ការផ្ដន្ទាទោសពី ៦ខែ ទៅដល់ ៣ឆ្នាំ»។
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់អង្គការលីកាដូ (Licadho) លោក ឆេង សុភ័ស្ត មានប្រសាសន៍នៅថ្ងៃទី៥ ខែមីនា ថា នឹងតាមដានករណីចាប់ខ្លួនលោក សឿន ផល តំណាងពលរដ្ឋឃុំឃ្សឹម ស៊ើបរកការពិត និងដើមហេតុឈានដល់ការចាប់ខ្លួន។ លោកបន្តថា នៅក្នុងសង្គមខ្មែរសព្វថ្ងៃនេះ តំណាងពលរដ្ឋ ឬអ្នកហ៊ានចេញមុខតវ៉ាលើទំនាស់អ្វីមួយ តែងត្រូវគេប្រើប្រព័ន្ធតុលាការចាប់ដាក់ពន្ធនាគារ ឬគំរាមបំបិទមាត់។
ឆេង សុភ័ស្ត៖ «យើងតែងតែឃើញហើយកន្លងមក ប្រជាពលរដ្ឋមានវិវាទដីធ្លីក្តី ឬក៏អីក្តី ហើយនៅពេលដែលគាត់ចេញមុខតវ៉ា តែងតែចោទពួកគាត់ពីបទល្មើសនេះ ឬបទល្មើសនោះ។ ក្នុងន័យនេះ គឺយើងមើលទៅក្នុងន័យបំបាក់ស្មារតីប្រជាពលរដ្ឋ ធ្វើម៉េចដើម្បីកុំឲ្យគាត់ហ៊ានចេញមុខតវ៉ាលើការបាត់បង់ដីធ្លីរបស់គាត់។ យើងកំពុងស៊ើបអង្កេតតាមហ្នឹង តែយើងមិនទាន់ដឹងថាករណីហ្នឹងវាកើតឡើងដោយសារមូលហេតុអ្វីឲ្យពិតប្រាកដទេ គឺកំពុងធ្វើការ»។
លោកព្រួយបារម្ភថា ករណីចាប់ឃុំខ្លួនតំណាងពលរដ្ឋឃុំឃ្សឹម កំពុងមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនដាយណាម អាចនឹងរាលដាលធ្ងន់ធ្ងរនាថ្ងៃអនាគត បើអាជ្ញាធរមិនរកដំណោះស្រាយដោយសន្តិវិធីទេនោះ។
ពលរដ្ឋបានអះអាងថា នៅថ្ងៃអង្គារ ទី៥ ខែមីនា ឃើញមានកម្លាំងប៉ូលិស និងកងរាជអាវុធហត្ថរាប់សិបនាក់ បានដាក់ពង្រាយនៅមូលដ្ឋានឃុំឃ្សឹម ចាំតាមដានសកម្មភាពប្រជាពលរដ្ឋក្នុងមូលដ្ឋាននេះ។ ទាក់ទងការអះអាងនេះ គេមិនទាន់ឃើញមានការឆ្លើយតបពីភាគីប៉ូលិសភ្លាមៗយ៉ាងណានោះទេ។
កាលពីថ្ងៃទី១ ខែមីនា ពលរដ្ឋឲ្យដឹងថា ពួកគាត់បានប្រមូលផ្តុំគ្នាតវ៉ាចំពោះក្រុមហ៊ុនដាយណាម ដែលបានប្រើគ្រឿងចក្រឈូសឆាយដីចម្ការពួកគាត់ រហូតដល់អាជ្ញាធរបានពង្រាយកម្លាំងប្រដាប់អាវុធមករារាំងប្រជាពលរដ្ឋ។ បន្ទាប់មក លោក ខណ្ឌ ចំណាន អភិបាលរងខេត្តក្រចេះ បានសន្យាថានឹងរកដំណោះស្រាយជូនពលរដ្ឋក្នុងរយៈពេល ៥ថ្ងៃ ទើបក្រុមអ្នកតវ៉ាព្រមរំសាយការប្រមូលផ្តុំ។ ប៉ុន្តែពលរដ្ឋអះអាងថា ទំនាស់ដីធ្លីមិនទាន់ដោះស្រាយផង បែរជាប៉ូលិសចាប់ខ្លួនតំណាងពួកគេមុនដោះស្រាយទំនាស់ទៅវិញ។
ករណីនេះ ពលរដ្ឋបានអំពាវនាវឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជូនមន្ត្រីចុះស៊ើបអង្កេតទំនាស់ដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនដាយណាម ឲ្យបានឆាប់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
