អ្នកភូមិសម្ដែងភាពអស់សង្ឃឹម និងព្រួយបារម្ភថានៅរដូវធ្លាក់ភ្លៀងនេះ ពួកគាត់មិនមានដីដាំដុះដំណាំសម្រាប់ទ្រទ្រង់ជីវភាពរស់នៅឡើយ។
អ្នកភូមិស្រែព្រះ ឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី និយាយថា ដីស្រែចម្ការ គឺជាអាយុជីវិតប្រជាពលរដ្ឋ ប៉ុន្តែវត្ថុដ៏មានតម្លៃរបស់អ្នកភូមិបានបាត់បង់កាលពីខែកុម្ភៈ ឆ្នាំ២០១៣ បន្ទាប់ពីដីប្រមាណជាង ១០០ហិកតារ រួមទាំងផលដំណាំលើដីរបស់អ្នកភូមិ ត្រូវបានក្រុមហ៊ុន សុវណ្ណ រាជសី ឈូសឆាយចោល ហើយដាំដំឡូងយកជាកម្មសិទ្ធិក្រុមហ៊ុនវិញ។
ប្រជាពលរដ្ឋចាត់ទុកទង្វើក្រុមហ៊ុនថា ជាការរំលោភសិទ្ធិដីធ្លីប្រជាពលរដ្ឋ និងរំលោភទៅលើគោលនយោបាយចាស់សកម្មភាពថ្មីរបស់ប្រមុខរាជរដ្ឋាភិបាល ពោលគឺចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋអ្នកកាន់កាប់ដីជាក់ស្តែងនៅក្នុងបរិវេណដីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច។
ប្រជាពលរដ្ឋភូមិស្រែព្រះ អ្នកស្រី ឆាត់ ស បានព្យាយាមសកម្មក្នុងការតវ៉ាជាមួយក្រុមហ៊ុន និងធ្វើសេចក្តីរាយការណ៍ជូនអាជ្ញាធរស្រុក ខេត្ត តាំងពីខែមេសា រហូតមក ប៉ុន្តែអ្វីជាលទ្ធផលនៃការតវ៉ារបស់អ្នកភូមិ គឺភាពអស់សង្ឃឹមមិនឃើញដំណោះស្រាយអ្វីដែលមន្ត្រីអាជ្ញាធរមូលដ្ឋានណែនាំឲ្យអ្នកភូមិអត់ធ្មត់ រង់ចាំអាជ្ញាធរដោះស្រាយបញ្ហាជូនអ្នកភូមិ។ ជម្រើសចុងក្រោយ និងការសម្រេចចិត្តរបស់អ្នកភូមិ គឺបន្តនាំគ្នាធ្វើញត្តិដាក់ជូនប្រមុខរាជរដ្ឋាភិបាល នៅឯទីក្រុងភ្នំពេញ ដើម្បីជូនមន្ត្រីដឹកនាំថ្នាក់ជាតិ ជួយធ្វើយ៉ាងណាស្វែងរកយុត្តិធម៌ដល់អ្នកភូមិ ដើម្បីបានដីដាំដុះទាន់រដូវកំពុងធ្លាក់ភ្លៀងនេះ៖ «ដោះស្រាយៗតាំងពីខែ២ ដល់ខែ៥ ហើយនៅតែឲ្យនៅស្ងៀមៗ បានមិនបានឲ្យពួកខ្ញុំដឹង ព្រោះខែហ្នឹងវាធ្លាក់ភ្លៀង ពួកខ្ញុំត្រូវការដីដាំ។ ហើយទៅឈូសទាំងដំណាំ បើអ្នកខុសរាជរដ្ឋាភិបាលហៅទៅដាក់ច្រវាក់ទៅ បើមិនគាត់ថាប្រជាពលរដ្ឋអត់ទេ»។
កាលពីខែមេសា ឆ្នាំ២០១៣ តំណាងប្រជាពលរដ្ឋបាននាំយកពាក្យបណ្ដឹងមានស្នាមមេដៃប្រជាពលរដ្ឋ ៣៧គ្រួសារ ដាក់ជូនអាជ្ញាធរស្រុក អាជ្ញាធរខេត្ត មន្ទីរជំនាញរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត និងសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្ត សុំជួយអន្តរាគមន៍ផ្តល់យុត្តិធម៌ដល់អ្នកភូមិ។
ប្រជាពលរដ្ឋមួយរូបទៀត គឺលោក ហ៊ត កុយ រៀបរាប់ថា ការសន្យារបស់មន្ត្រីអាជ្ញាធរមូលដ្ឋានថាជួយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ គឺជាការសន្យាខ្យល់ ពោលគឺជាការសន្យាមិនមានការទទួលខុសត្រូវ។ លោកសម្ដែងអារម្មណ៍ថា ប្រជាពលរដ្ឋអស់ជំនឿលើមន្ត្រីអាជ្ញាធរមូលដ្ឋាន ទើបសម្រេចចិត្តស្វែងរកកិច្ចអន្តរាគមន៍ពីអាជ្ញាធរថ្នាក់ជាតិ៖ «វាច្រើនកន្លងមកហើយ ទៅប្ដឹងផ្តល់ ហើយអត់មានបានការអ្វីសោះ។ ដីដែលយើងដាំដំឡូង ហើយមកឈូសឆាយ ហើយសន្យាជាមួយយើងថាដីយើងឆ្វៀលឲ្យហើយ ចុងក្រោយមានគ្មានឯណា ដល់យើងមកផ្ទះអស់ លួចឈូសអស់រលីង។ គេហៅយើងទៅប្រជុំថាឲ្យដីយើងវិញ ដល់ហៅយើងទៅស្តីឲ្យយើងថាឲ្យយើងអត់មានឲ្យវិញផង»។
សេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋ ៣៧គ្រួសារ ឲ្យដឹងថា ដំណាំកៅស៊ូ និងដំឡូងប្រមាណ ៦០ហិកតារ និងដីទំនេរប្រមាណ ៤០ហិកតារ ត្រូវក្រុមហ៊ុនឈូសឆាយយកចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០១៣។
ក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃព្រហស្បតិ៍ ទី១៦ ខែឧសភា តំណាងក្រុមហ៊ុន សុវណ្ណ រាជសី សុំមិនឲ្យបញ្ចេញឈ្មោះ និងសំឡេង បានចាត់ទុកការអះអាងរបស់ប្រជាពលរដ្ឋ ៣៧គ្រួសារ ថាជាការមិនពិត។ តំណាងក្រុមហ៊ុនបញ្ជាក់ថា អ្នកភូមិ ៣៧គ្រួសារ ចូលមកកាប់រានដីក្រោយបទបញ្ជាលោកនាយករដ្ឋមន្ត្រី ហើយមិនបានដាំដុះដំណាំជាក់ស្តែងអ្វីឡើយ ដូច្នេះក្រុមហ៊ុនមិនមានដំណោះស្រាយកាត់ដីអ្វីជូនប្រជាពលរដ្ឋទាំងនោះទេ។ យ៉ាងនេះក្តី លោកបញ្ជាក់ថា ក្រុមហ៊ុនបានអនុគ្រោះ និងបានឆ្វៀលកាត់ដីប្រមាណ ២០ហិកតារ ជូនចំពោះប្រជាពលរដ្ឋជាង ១០គ្រួសារ នៅតំបន់នោះរួចហើយ ដោយសារគាត់បានដាំដុះជាក់ស្តែងខ្លះ។
របាយការណ៍អង្កេតរបស់មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តមណ្ឌលគិរី រកឃើញថា ប្រជាពលរដ្ឋ ៣៧គ្រួសារ បានចូលទៅរស់នៅ និងកាន់កាប់ដីតំបន់នោះមុនបទបញ្ជា០១ ឬគោលនយោបាយចាស់សកម្មភាពថ្មីរបស់រាជរដ្ឋាភិបាល។ ស្ថិតិដែលអ្នកភូមិបានរាយការណ៍ គឺអ្នកភូមិបានដាំដំឡូងមី និងកៅស៊ូ សរុប ១២៤ហិកតាររួចហើយ។
មន្ត្រីសម្របសម្រួលសមាគមអាដហុក លោក សុក រដ្ឋា បានកត់សម្គាល់ថា ក្រុមអាជ្ញាធរពាក់ព័ន្ធ គួរធ្វើការត្រួតពិនិត្យ និងស៊ើបអង្កេតរកឲ្យឃើញថា ក្រុមហ៊ុនពិតជាបានរំលោភឈូសឆាយដំណាំប្រជាពលរដ្ឋមែន ឬយ៉ាងណា? លោកបន្តថា ប្រសិនជាអ្នកភូមិពិតជាបានដាំដុះរួចមែន ទោះបីក្រោយបទបញ្ជា០១ ក្តី ក៏ក្រុមហ៊ុនមិនមានសិទ្ធិឈូសឆាយដំណាំអ្នកភូមិចោលឡើយ ពីព្រោះការឈូសឆាយរបស់ក្រុមហ៊ុន គឺជាប្រការខុសច្បាប់៖ «ថ្នាក់ស្រុក ថ្នាក់ខេត្តហ្នឹង ហាមឃាត់ពួកគាត់ ៣៧គ្រួសារ ថាមិនចាំបាច់ឡើងទៅទីក្រុងភ្នំពេញ ទេ ថារង់ចាំមួយសប្ដាហ៍ទៀត រង់ចាំថ្ងៃឈប់កន្លងទៅ ថ្ងៃចូលធ្វើការ គាត់នឹងចុះមកដោះស្រាយឲ្យហើយ។ អ៊ីចឹង ការរង់ចាំរបស់គាត់មួយសប្ដាហ៍ ក៏មិនទាន់មានដំណោះស្រាយឲ្យពួកគាត់ទៀត។ អ៊ីចឹង គាត់កាន់តែព្រួយបារម្ភ។ អ្នកខ្លះគាត់គ្មានដីទេ គ្មានអ្វីបង្កបង្កើនផលទេ រកអ្វីហូបចុកគ្មាន ហើយគាប់ជួនមានភ្លៀងធ្លាក់អ៊ីចឹង ធ្វើស្រែចម្ការ ដល់គាត់មានអ៊ីចឹង តើឲ្យគាត់ទៅធ្វើកន្លែងណា»។
ក្រុមហ៊ុន សុវណ្ណ រាជសី កាលពីឆ្នាំ២០១១ ទទួលបានដីសម្បទានជាង ៦ពាន់ហិកតារ នៅព្រំប្រទល់ខេត្តចំនួនពីរ គឺឃុំខ្សឹម ស្រុកស្នូល ខេត្តក្រចេះ ជាង ៤ពាន់ហិកតារ និងឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាង ២ពាន់ហិកតារ។
អភិបាលស្រុកកែវសីមា លោក សិន វណ្ណវុឌ្ឍ ទទួលស្គាល់ថា ប្រជាពលរដ្ឋមួយចំនួនពិតជាបានមករស់នៅ និងគ្រប់គ្រងដីបទបញ្ជា០១ របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ លោកបានបន្ទោសប្រជាពលរដ្ឋថា បណ្ដែតបណ្តោយឲ្យក្រុមហ៊ុនឈូសឆាយអស់យូរថ្ងៃ ទើបប្ដឹងមកសមត្ថកិច្ច ដូច្នេះក្រុមអាជ្ញាធរពិបាកនឹងកំណត់វត្ថុតាង ដើម្បីស៊ើបអង្កេតករណីនេះបានទាន់ពេលវេលា។
យ៉ាងនេះក្តី លោកបានអះអាងថា អាជ្ញាធរមិនមែនមិនយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋនោះទេ ក៏ប៉ុន្តែ ក្រុមអាជ្ញាធរត្រូវការពេលវេលាបន្ថែមទៀត ស៊ើបអង្កេតករណីនេះ និងធ្វើការសម្របសម្រួលជាមួយភាគីក្រុមហ៊ុន ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ៖ «ក្នុងនោះឮថា ក៏មានអ្នកមានដំណាំពិតប្រាកដ។ ខ្ញុំក៏បាននិយាយជាមួយក្រុមហ៊ុនដែរ ហើយក្រុមហ៊ុនគេថាគេនឹងដោះស្រាយឲ្យដីកន្លែងណាមួយសមស្រប គឺដាក់កន្លែងម្តុំណាអ៊ីចឹងណា! ព្រោះថាដីហ្នឹងគេឈូសឆាយស្អាតទៅហើយ។ ក្នុងនាមយើងអាជ្ញាធរ មិនមែនជាតុលាការ យើងគ្រាន់តែសម្របសម្រួលមានសិទ្ធិតែប៉ុណ្ណឹង។ រីឯអ្នកណាខុសអ្នកណាត្រូវ យើងមិនវែកញែកដូចតុលាការទេ ប៉ុន្តែយើងប្រឹងប្រែងហើយរាល់ថ្ងៃនេះ ដោះស្រាយវាអត់អាចដូចចិត្តយើងចង់បានទេ»។
ទោះជាយ៉ាងនេះក៏ដោយ ប្រជាពលរដ្ឋ ៣៧គ្រួសារ បានត្រៀមឯកសាររួចរាល់ហើយ ដើម្បីដាក់ជូនមន្ត្រីខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី។ តាមការគ្រោងទុក តំណាងអ្នកភូមិនឹងធ្វើដំណើរមកទីក្រុងភ្នំពេញ នៅថ្ងៃទី១៩ ខែឧសភា ដើម្បីផ្តល់ញត្តិសុំកិច្ចអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយផ្តល់យុត្តិធម៌ជូនពលរដ្ឋ ឲ្យក្រុមហ៊ុនប្រគល់ដីមកអ្នកភូមិវិញ និងទទួលខុសត្រូវផ្តល់សំណងផលដំណាំពួកគាត់ដែលក្រុមហ៊ុនបានឈូសឆាយបំផ្លាញ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
