ក្រុមប្រជាពលរដ្ឋដែលត្រូវកម្លាំងសមត្ថកិច្ចចុះដុតផ្ទះ និងចាប់ស្ត្រីម្នាក់ដាក់គុក នៅស្រុកវាលវែង នោះ បាននាំគ្នាកាន់តែច្រើនឡើងមកធ្វើបាតុកម្មនៅទីរួមខេត្តនេះ ដើម្បីទាមទារឲ្យមានការដោះលែង និងបញ្ឈប់ការបណ្ដេញពលរដ្ឋចេញពីលំនៅឋានដោយបង្ខំ នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ នេះ។
ប្រជាពលរដ្ឋម្នាក់ លោក ប៉ាល់ ញ៉ មានប្រសាសន៍ថា ក្រុមអ្នកភូមិនឹងបន្តធ្វើការតវ៉ារបស់ខ្លួន រហូតដល់មានដំណោះស្រាយពីអាជ្ញាធរ ឬមន្ត្រីជំនាញពាក់ព័ន្ធ។ លោកបន្តថា ប្រជាពលរដ្ឋជាង ១០០គ្រួសារ កំពុងតែគ្មានទីជម្រកពិតប្រាកដ និងខ្វះខាតស្បៀងអាហារ ក្រោយពីការបណ្ដេញចេញដោយបង្ខំនេះ៖ «សូមឲ្យជួយដោះលែង អ្នកស្រី ស៊ិន សៀន មក គាត់មិនមានកំហុសអីទេ ហេតុអីបានជាចាប់គាត់នោះ។ បញ្ឈប់ដុតផ្ទះសម្បែងទៅលោកអ្ហើយ! ចង់បានឲ្យគាត់ហ្នឹងទទួលស្គាល់ខ្ញុំជាប្រជាពលរដ្ឋផង ខ្ញុំក៏ខ្មែរដែរ ខ្មែរមិនមានសិទ្ធិរស់នៅលើដីខ្មែរទេឬ? បាទត្រូវបានគេដុតបំផ្លាញផ្ទះសម្បែងខ្ទេចខ្ទីអស់ហើយ គ្មានសល់ទេ តើឲ្យកូនខ្ញុំទៅរស់នៅឯណា?»។
ក្រុមប្រជាពលរដ្ឋបានប្រមូលផ្ដុំគ្នានៅម្ដុំគល់ស្ពានស្ទឹងពោធិ៍សាត់ ត្រើយខាងជើង ហើយដើរជាក្បួនប្រដាប់ដោយបដាពាក្យស្លោកស្ទើរគ្រប់ដៃ ឆ្ពោះទៅកាន់មុខតុលាការ ក៏ប៉ុន្តែដោយឃើញទ្វាររបងតុលាការបិទទ្វារមិនធ្វើការ ក្រុមបាតុករក៏ដើរបង្ហួសទៅផ្សារពោធិ៍សាត់ និងបន្តដើរទៅតាមផ្លូវសំខាន់ៗមួយចំនួនទៀត។ ក្រុមអ្នកភូមិបានបញ្ចប់សកម្មភាពតវ៉ារបស់ខ្លួន នៅម៉ោងប្រហែលជា ១០កន្លះព្រឹក ថ្ងៃទី១៤ ខែកុម្ភៈ ហើយបានចូលសម្រាកបណ្ដោះអាសន្នក្នុងបរិវេណទីស្នាក់ការគណបក្សសង្គ្រោះជាតិ ដោយរង់ចាំល្ងាចបន្តិច ទើបមកសម្រាកនៅចិញ្ចើមផ្លូវក្បែរស្ពានស្ទឹងពោធិ៍សាត់ វិញ។
កាលពីថ្ងៃទី១២ ខែកុម្ភៈ ក្រុមសមត្ថកិច្ចចម្រុះដឹកនាំដោយព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា បានចុះដុតផ្ទះ និងបណ្ដេញពលរដ្ឋចេញពីលំនៅឋានជាច្រើនគ្រួសារ ក្រោមហេតុផលថា គ្រួសារទាំងនោះបានមករស់នៅ និងកាប់រានដីព្រៃការពាររបស់រដ្ឋ។ នៅអំឡុងពេលនៃការចុះអនុវត្ដនោះ ក្រុមសមត្ថកិច្ចក៏បានឃាត់ខ្លួនស្ត្រីជាអ្នកភូមិម្នាក់ឈ្មោះ ស៊ិន សៀន បញ្ជូនមកតុលាការខេត្តផងដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
