ពលរដ្ឋ​នៅ​ពោធិ៍សាត់​តវ៉ា​មុខ​តុលាការ​ទារ​ឲ្យ​ដោះ​លែង​ស្ត្រី​ម្នាក់​ទាក់ទង​រឿង​ដីធ្លី

0:00 / 0:00

ប្រជាពលរដ្ឋ​ជាង ៣០​នាក់ នៅ​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ នាំ​គ្នា​តវ៉ា​នៅ​ខាង​មុខ​តុលាការ​ខេត្ត​នេះ ទាមទារ​ឲ្យ​ដោះ​លែង​ស្ត្រី​ម្នាក់​ដែល​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ចាប់​ខ្លួន កាល​ពី​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ ទាក់ទង​នឹង​រឿង​ដីធ្លី។ កាល​ណោះ គឺ​ក្រុម​អាជ្ញាធរ​បាន​ប្រើ​រូបភាព​នៃ​ការ​បណ្ដេញ​ចេញ​ដោយ​អារ​ជើង​សសរ​រំលំ និង​ដុត​ផ្ទះ​សម្បែង​ប្រជាពលរដ្ឋ។

មន្ត្រី​សិទ្ធិ​មនុស្ស បាន​ចាត់​ទុក​ថា ករណី​នេះ គឺ​ជា​រឿង​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ ដោយសារ​តែ​មាន​ការ​ដុត​បំផ្លាញ​ផ្ទះ​របស់​ប្រជាពលរដ្ឋ ហើយ​ចាប់​ខ្លួន​ពួក​គាត់​ទៀត។

ប្រជាពលរដ្ឋ​រស់​នៅ​ភូមិ​ចម្ការចេក ឃុំ​ក្រពើពីរ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ បាន​កាន់​បដា​ពាក្យ​ស្លោក​ស្ទើរ​គ្រប់​ដៃ និង​ស្រែក​ទាមទារ​ឲ្យ​ដោះ​លែង​ស្ត្រី​ម្នាក់​ឈ្មោះ ស៊ិន សៀន អាយុ ៤៧​ឆ្នាំ និង​ស្នើ​ឲ្យ​បញ្ឈប់​សកម្មភាព​ដុត​បំផ្លាញ​ផ្ទះ ឬ​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ដាក់​គុក ក្រោម​ហេតុផល​ថា ពួក​គាត់​រស់​នៅ​លើ​ដី​រដ្ឋ។

ប្រជាពលរដ្ឋ​ម្នាក់ លោក ស៊ឹម វណ្ណី មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ចំនួន ១២៥​គ្រួសារ កំពុង​តែ​គ្មាន​ទី​ជម្រក និង​ប្រឈម​បញ្ហា​ជា​ច្រើន​ទៀត បន្ទាប់​ពី​កម្លាំង​សមត្ថកិច្ច​ចម្រុះ​ដឹក​នាំ​ដោយ​ព្រះរាជ​អាជ្ញា​រង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា ចុះ​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដីធ្លី​ពួក​គាត់​កំពុង​រស់​នៅ​ដោយ​បង្ខំ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ៖ «មន្ត្រី​គ្រប់​ស្ថាប័ន​សុំ​ឲ្យ​ដោះ​លែង អ្នកស្រី ស៊ិន សៀន ចាប់​ពី​ពេល​នេះ​ម៉ោង​នេះ​ត​ទៅ ហើយ​សូម​ឲ្យ​ទទួល​ស្គាល់​ខ្មែរ​ផង ឲ្យ​ចុះ​សិទ្ធិ​កាន់​កាប់​ដីធ្លី​ចាប់​ពី​ពេល​នេះ​ត​ទៅ។ ឈប់​ដុត​បំផ្លាញ​ត​ទៅ​ទៀត សុទ្ធតែ​ឈាម​ជ័រ​របស់​ខ្មែរ​ទេ ពូជ​សាសន៍​ខ្មែរ​តែ​មួយ​ទេ​បង»

ឆ្លើយ​តប​នឹង​បញ្ហា​នេះ ព្រះរាជ​អាជ្ញា​រង​អម​សាលា​ដំបូង​ខេត្ត​ពោធិ៍សាត់ លោក ប៉ង់ ចាន់សុយុទ្ធារ៉ា បញ្ជាក់​ថា ការ​បណ្ដេញ​ពលរដ្ឋ​ចេញ​ពី​លំនៅឋាន​នេះ មិន​មែន​ជា​ការ​អនុវត្ត​សាលក្រម​អ្វី​ឡើយ ក៏ប៉ុន្តែ វា​គឺ​ជា​វិធាន​រដ្ឋបាល​របស់​អាជ្ញាធរ​ខេត្ត ក្នុង​ការ​ទប់ស្កាត់​បទ​ល្មើស​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ។ លោក​បន្ត​ថា នៅ​ក្នុង​សកម្មភាព​នោះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ស្ត្រី​ម្នាក់​មែន និង​មាន​មនុស្ស​ជា​ច្រើន​នាក់​ផ្សេង​ទៀត​នឹង​ត្រូវ​អនុវត្ត​នៅ​ពេល​ក្រោយ ទាក់ទង​នឹង​សកម្មភាព​កាប់​រាន​ដី​ព្រៃ​របស់​រដ្ឋ៖ «ដី​វា​នៅ​កណ្ដាល​ព្រៃ​ហ្នឹង ហើយ​ព្រៃ​វា​រុំ​ព័ទ្ធ​ជិត​ហ្នឹង ហើយ​នាំ​គ្នា​ទៅ​រាន​ចំ​កណ្ដាល​ព្រៃ​ហ្នឹង​ណា៎។ អា​ហ្នឹង​បទ​ល្មើស​ជាក់ស្ដែង យើង​អាច​ឃាត់​ខ្លួន​បាន។ ខ្ញុំ​អត់​ដឹង​ដែរ ខ្ញុំ​បញ្ជូន​ចេញ​ទៅ​បាត់​ហើយ ដឹង​នៅ​ចៅក្រម​ណា​ចាត់​ចែង»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អភិបាល​រង​ខេត្ត​ពោធិ៍សាត់ ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក សួន រិន្ទឌី ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បន្ថែម​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៣ ខែ​កុម្ភៈ។

ទោះ​ជា​យ៉ាង​ណា ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា អាជ្ញាធរ និង​កម្លាំង​សមត្ថកិច្ច​ចម្រុះ បាន​បណ្ដេញ​អ្នក​ភូមិ​ចេញ​ដោយ​បង្ខំ​ជា​បន្តបន្ទាប់ តាំង​ពី​ខែ​កក្កដា ឆ្នាំ​២០១២ ចំនួន​បី​ដង​រួច​មក​ហើយ ក្នុង​រូបភាព​អារ​ជើង​សសរ​រំលំ និង​ដុត​ផ្ទះ​ចោល។ កាល​ពី​ដំបូង​ឡើយ មាន​ប្រជាពលរដ្ឋ​ចំនួន ១៨៥​គ្រួសារ បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់ ហើយ​បច្ចុប្បន្ន​នៅ​សល់​ចំនួន ១២៥​គ្រួសារ។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក ភួង សុធា ថ្លែង​ថា ក្រោយ​ចុះ​ទៅ​ដល់​មូលដ្ឋាន​ផ្ទាល់ និង​បាន​សាកសួរ​ទៅ​លើ​ប្រជាពលរដ្ឋ​មួយ​ចំនួន​ឲ្យ​ដឹង​ថា អ្នក​ភូមិ​ត្រូវ​បាន​អាជ្ញាធរ​ដោះ​ដូរ​ដី​ឲ្យ​ទៅ​រស់​នៅ​កន្លែង​ថ្មី ដែល​មាន​ចម្ងាយ​ប្រមាណ​ជា ១០​គីឡូ​ម៉ែត្រ​ពី​ទីតាំង​ដែល​គាត់​កំពុង​តែ​រស់​នៅ​នេះ ក៏ប៉ុន្តែ​ពួក​គាត់​បាន​ចូល​មក​រស់​នៅ និង​កាន់​កាប់​កន្លែង​ចាស់​វិញ ដោយសារ​នៅ​ទី​នោះ​ពុំ​មាន​ហេដ្ឋារចនាសម្ព័ន្ធ និង​ដី​គ្មាន​ជីជាតិ​សម្រាប់​បង្កបង្កើន​ផល​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។