ពលរដ្ឋ​នៅ​ពោធិ៍សាត់​ប្រតិកម្ម​ទៅ​នឹង​ការ​ឈូស​ឆាយដី​របស់​ក្រុមហ៊ុន​រតន​វិសាល

ប្រជាពលរដ្ឋ​ជា​ច្រើន​ឃុំ​នៅ​ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ប្រតិកម្ម​ទៅ​នឹង​ការ​ឈូស​ឆាយ​របស់​ក្រុមហ៊ុន រតន វិសាល ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​ស្រែ​ចម្ការ​របស់​ពួក​គាត់​ជា​ច្រើន​រយ​ហិកតារ។ ក្រុម​ប្រជាពលរដ្ឋ​ចង់​ឲ្យ​រាជ​រដ្ឋាភិបាល និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ចុះ​ធ្វើ​អន្តរាគមន៍ ហើយ​ដោះស្រាយ​បញ្ហា​ឲ្យ​បាន​ជ្រះ​ស្រឡះ មុន​នឹង​អនុញ្ញាត​ឲ្យ​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ធ្វើ​ការ​ឈូស​ឆាយ​បន្ត​ទៀត​នោះ។

0:00 / 0:00

ប្រជាពលរដ្ឋ​មក​ពី​ឃុំ​កំពង់ហ្លួង ឃុំ​អន្លង់ត្នោត និង​ឃុំ​ក្បាលត្រាច នៃ​ស្រុក​ក្រគរ ឲ្យ​ដឹង​ស្រដៀង​គ្នា​នៅ​ថ្ងៃ​ទី​២៣ ខែ​មករា ថា គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ប្រមាណ​ជា ២០​គ្រឿង បាន​ធ្វើ​សកម្មភាព​ឈូស​ឆាយ​ប៉ះពាល់​ដល់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ តាំង​ពី​ថ្ងៃ​ទី​៨ ខែ​មករា ឆ្នាំ​២០១៤ មក។

បច្ចុប្បន្ន គ្រឿងចក្រ​កំពុង​តែ​បន្ត​ការ​ឈូស​ឆាយ​នៅ​ភូមិ​ខ្លាក្រពើ ក្នុង​ឃុំ​អន្លង់ត្នោត ហើយ​ប្រជាពលរដ្ឋ​បាន​រត់​ទៅ​រក​អាជ្ញាធរ​ភូមិ និង​ឃុំ​ឲ្យ​ជួយ​អន្តរាគមន៍ ក៏ប៉ុន្ដែ​អាជ្ញាធរ​មិន​អើពើ​ឡើយ។

ប្រជាពលរដ្ឋ​ម្នាក់​រស់​នៅ​ឃុំ​អន្លង់ត្នោត លោក ឆាយ ស៊ីនឿន មាន​ប្រសាសន៍​ថា គ្រឿងចក្រ​ចំនួន ៥​គ្រឿង កំពុង​តែ​បញ្ឈរ​ចាំ​នៅ​លើ​ដី​ចម្ការ​របស់​លោក ដើម្បី​ឈូស​ឆាយ​បន្ត​ទៅ​លើ​ដី​ប្រជាពលរដ្ឋ។ លោក​បញ្ជាក់​ថា ដី​ចម្ការ​របស់​លោក​ចំនួន ៣​ហិកតារ ដែល​មិន​ទាន់​មាន​ប្លង់​កម្មសិទ្ធិ​នោះ ក៏​គេ​នឹង​ត្រូវ​ឈូស​ឆាយ​ក្នុង​ពេល​ឆាប់ៗ​នេះ​ដែរ៖ «ជាក់​ស្ដែង គេ​យក​អ៊ីចឹង​មែន​បង ហើយ​ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ ដោះស្រាយ​ទៅ​ថ្នាក់​ឃុំ​ថ្នាក់​ណា​ក៏​ពិបាក​ដល់​ហើយ។ ប្រជាពលរដ្ឋ​គាត់​សំកុក​លើ​ផ្ទះ និយាយ​លែង​ចេញ​ហើយ គេ​រុញ​តាម​ចិត្ត​ហើយ ពី​មុន​មក​ចុះ​ខ្នះខ្នែង​សួរ​នាំ​និយាយ​ប្រាប់​គេ​ដែរ ប៉ុន្តែ​គេ​ថា​ចង់​ខ្លាំង​យក​ប្លង់​មក បើ​អត់​ប្លង់​ដី​របស់​ក្រុមហ៊ុន​ហើយ»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត លោក ឆេន តេង បញ្ជាក់​ថា ប្រជាពលរដ្ឋ​ចំនួន ៦៣​គ្រួសារ ដែល​មាន​ផ្ទៃ​ដី​សរុប ៥៥៣​ហិកតារ កំពុង​តែ​មាន​ផល​ប៉ះពាល់។ លោក​ថា នៅ​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិ​អាណត្តិ​ទី​៥ ក្រុម​អាជ្ញាធរ និង​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា បាន​សុំ​ឲ្យ​ក្រុមហ៊ុន​ផ្អាក​សកម្មភាព​ឈូស​ឆាយ និង​សន្យា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ជូន​ប្រជាពលរដ្ឋ​នៅ​ក្រោយ​ថ្ងៃ​បោះ​ឆ្នោត ក៏ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ លោក​នៅ​មិន​ទាន់​ឃើញ​មាន​អាជ្ញាធរ​ណា​ចុះ​មក​ដោះស្រាយ​ឲ្យ​ឡើយ។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង លោក អ៊ួន ងួន ដែល​ប្រជាពលរដ្ឋ​អះអាង​ថា ជា​មេការ​ក្រុមហ៊ុន រតន វិសាល ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ នៅ​ថ្ងៃ​ទី​២៣ ខែ​មករា។

យ៉ាង​ណា អភិបាល​ស្រុក​ក្រគរ លោក ទឹម សារិន មាន​ប្រសាសន៍​ថា អាជ្ញាធរ​មិន​ដែល​មាន​ការ​ព្រងើយ​កន្តើយ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ​ឡើយ ក៏ប៉ុន្តែ​វា​គឺ​ជា​រឿង​មួយ​ដែល​លំបាក ប្រសិន​បើ​សុំ​ឲ្យ​ភាគី​ក្រុមហ៊ុន​បញ្ឈប់​ការ​ឈូស​ឆាយ​របស់​ខ្លួន​បណ្ដោះ​អាសន្ន ពីព្រោះ​វា​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​ជួល​គ្រឿងចក្រ​របស់​ក្រុមហ៊ុន៖ «កន្លង​មក យើង​បម្រុង​ចុះ ប៉ុន្តែ​ក្រុម​ការងារ​នេះ​យើង​ចាំ​បង​ម្នាក់​ទៀត ដើម្បី​ចុះ​ទៅ​មើល​ជាក់​ស្ដែង មិន​ថា​មិន​ដឹង​ទេ ទទួល​បាន​ហើយ​ពាក្យ​បណ្ដឹង​ហ្នឹង​នោះ។ ប៉ុន្តែ​យើង​កំពុង​ស្រង់ ទី​មួយ​ថា​ប្រជាពលរដ្ឋ​ហ្នឹង​នៅ​ឯណា? ឈ្មោះ​អ្វី? ហើយ​កន្លង​មក​ហ្នឹង បាន​ទទួល​ដីធ្លី​ហើយ​ឬ​នៅ រឿង​វា​មាន​អ្វី​ខ្លះ ទាល់​តែ​យើង​លម្អិត​បន្តិច»

មន្ត្រី​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (Licadho) ប្រចាំ​ខេត្ត​ពោធិ៍សាត់ លោក អេង ឈុនហាន បាន​ឲ្យ​ដឹង​ថា ករណី​ទំនាស់​ដីធ្លី​នៅ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ហាក់​កម្រើក​ឡើង​វិញ​នៅ​ក្រោយ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​នីតិកាល​ទី​៥ ហើយ​លោក​ក៏​មិន​សូវ​មាន​ជំនឿ​ថា​នឹង​អាច​ដោះស្រាយ​មាន​ប្រសិទ្ធភាព​នោះ​ដែរ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។