ពលរដ្ឋ​នៅ​រតនគិរី​សុំ​ឲ្យ​រដ្ឋាភិបាល​ផ្ដល់​កម្មសិទ្ធិ​ដី​ក្នុង​ចម្ការ​កៅស៊ូ​រដ្ឋ

0:00 / 0:00

ប្រជាពលរដ្ឋ និង​ក្រុម​កម្មករ​នៅ​ខេត្ត​រតនគិរី ប្រមាណ ១០០​គ្រួសារ តវ៉ា​សុំ​ឲ្យ​រាជ​រដ្ឋាភិបាល​ផ្តល់​កម្មសិទ្ធិ​លើ​ដី​ដែល​ពួក​គេ​កំពុង​តាំង​ទីលំនៅ​ក្នុង​ដី​ចម្ការ​កៅស៊ូ​ដែល​រដ្ឋ​វិនិយោគ​ទៅ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ចិន ឈ្មោះ ស្វីហ្វ រ៉ាប់ប័រ រតនគិរី ប្លិនថេសិន (Swift Rubber Rattanakiri Plantation)។

នេះ​គឺ​ជា​សំឡេង​ជជែក​តវ៉ា​របស់​ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ ដែល​សម្រេច​ចិត្ត​មិន​ចុះ​កិច្ច​សន្យា​រស់នៅ​បណ្ដោះ​អាសន្ន​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី៖ «ហើយ​បើ​ចង់​ដេញ​ពួក​ខ្ញុំ ១២០​គ្រួសារ​ច្រើន​ណាស់​ណា! រក​កន្លែង​នៅ​បើ​ឲ្យ​ខ្ញុំ​ទៅ​នៅ​ព្រៃ​ខ្លា​ព្រៃ​ដំរី​អត់​មាន​សាលារៀន​អត់​មាន​មន្ទីរពេទ្យ ក៏​ខ្ញុំ​អត់​ទៅ»

ការ​សម្រេច​ចិត្ត​នេះ កើត​មាន​ឡើង​នៅ​ថ្ងៃ​អង្គារ ទី២៣ ខែ​មេសា ឆ្នាំ​២០១៣ នៅ​ក្នុង​ជំនួប​រវាង​អាជ្ញាធរ​ឃុំ​អូរជុំ និង​ប្រជាពលរដ្ឋ​នៅ​សាលា​ឃុំ ដើម្បី​ធ្វើ​លិខិត​កិច្ច​សន្យា​រស់នៅ​បណ្ដោះ​អាសន្ន​របស់​ប្រជាពលរដ្ឋ​លើ​ដី​រដ្ឋ ប៉ុន្តែ​ប្រជាពលរដ្ឋ​មិន​យល់​ព្រម។

អ្នក​តវ៉ា​ស្ទើរ​តែ​ទាំងអស់​គ្នា បាន​ទទួល​ស្គាល់​ថា ពួក​គាត់​មក​តាំង​ទីលំនៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់ ប៉ុន្តែ​ពួក​គាត់​អះអាង​ថា ខ្លះ​មក​រស់នៅ​លើ​ដី​នេះ​មាន​ប័ណ្ណ​ស្នាក់នៅ សៀវភៅ​គ្រួសារ ទទួល​ស្គាល់​ដោយ​អាជ្ញាធរ​ដែនដី ហេតុ​នេះ​ពួក​គាត់​ស្នើសុំ​ឲ្យ​ប្រមុខ​រាជ​រដ្ឋាភិបាល​អនុគ្រោះ និង​កាត់​ដី​នោះ​ចេញ​ពី​ដី​ចម្ការ​កៅស៊ូ ហើយ​ផ្តល់​កម្មសិទ្ធិ​ជូន​ពលរដ្ឋ​បាន​រស់នៅ​ចិញ្ចឹម​ក្រុម​គ្រួសារ​ដូច​ពលរដ្ឋ​ខ្មែរ​ដទៃ​ទៀត​ដែរ៖ «ចង់​បាន​តែ​ក្បាល​ប្រាំ​ដណ្ដប់​ក្បាល​ដី​ហ្នឹង​តែ​ប៉ុណ្ណឹង​ទេ ឲ្យ​ដី​ភូមិ​ស្រប​ច្បាប់ រឿង​ដី​ស្រែ​ចម្ការ​ចាំ​ខ្ញុំ​គិត​រក​ទៀត។ សុំ​ទៅ​រដ្ឋ​ឲ្យ​រដ្ឋ​ជួយ​ដោះស្រាយ»

សេចក្តី​រាយការណ៍​របស់​ក្រុម​អ្នក​តវ៉ា ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ច័ន្ទ កន្លង​ទៅ​នេះ មន្ត្រី​ឃុំ និង​បុគ្គលិក​ក្រុមហ៊ុន បាន​ព្រមាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ​ណា​ដែល​រឹង​ទទឹង​នៅ​បន្ត​ដាំដុះ និង​សាងសង់​ពង្រីក​លំនៅឋាន​លើ​ដី​ដែល​ពួក​គាត់​កំពុង​រស់នៅ។ អ្នក​ភូមិ​ចាត់​ទុក​ថា នេះ​គឺ​ជា​ការ​គំរាម​កំហែង និង​ប្រមាថ​មក​លើ​ប្រជាពលរដ្ឋ។

អ្នក​តវ៉ា​មួយ​រូប​ទៀត​មាន​ប្រសាសន៍​ថា ពួក​គាត់​មិន​ចាក​ចេញ​ពី​ដី និង​លំនៅឋាន​បច្ចុប្បន្ន បើ​ទោះ​បី​ប្រឈម​នឹង​ការ​ព្រមាន​របស់​ក្រុមហ៊ុន​យ៉ាង​ណា​ក្តី។ គាត់​បន្ត​ថា អ្នក​ភូមិ​មិន​យល់​ព្រម​ចុះ​កិច្ច​សន្យា​ស្នាក់នៅ​លើ​ដី​បណ្ដោះ​អាសន្ន ហើយ​ព្រម​រុះរើ​លំនៅឋាន​នៅ​ពេល​ក្រុមហ៊ុន​ត្រូវ​ការ​ដី​នោះ​ទេ៖ «ពី​ម្សិល គេ​និយាយ​ពី​រឿង​ឲ្យ​ខ្ញុំ​រើ គិត​លើក​ខ្ញុំ​ដាក់​ឡាន​យក​យាយ​ហ្នឹង​ទៅ​សាលា​ឃុំ​ឲ្យ​ផ្ដិត​មេ​ដៃ ឲ្យ​គាត់​ឈូស​ដំឡូង»

ស្ថិតិ​របស់​អាជ្ញាធរ​ឃុំ​អូរជុំ មុន​ឆ្នាំ​២០១០ ប្រជាពលរដ្ឋ និង​កម្មករ​មក​តាំង​ទីលំនៅ​នៅ​តំបន់​នោះ​មាន ៥១​គ្រួសារ។ បច្ចុប្បន្ន តួលេខ​នេះ​កើន​ឡើង​ដល់​ជាង ១០០​គ្រួសារ។

ប្រធាន​ក្រុម​ការងារ​ដោះស្រាយ​បញ្ហា​តាំង​ទីលំនៅ​របស់​ពលរដ្ឋ​នៃ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​ស្វីហ្វ រ៉ាប់ប័រ លោក មាស សម័យ មាន​ប្រសាសន៍​បញ្ជាក់​ថា ក្រុមហ៊ុន​មិន​ទាន់​មាន​គោលការណ៍​បណ្ដេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ដី​នោះ​ទេ ក៏ប៉ុន្តែ ក្រុមហ៊ុន​មាន​គោលការណ៍​មិន​ឲ្យ​ប្រជាពលរដ្ឋ​ចូល​មក​តាំង​ទីលំនៅ​បន្ថែម ពង្រីក​លំនៅឋាន​ចាស់ ពង្រីក​ដី​ដាំដុះ ជាពិសេស​ហាម​មិន​ឲ្យ​ប្រជាពលរដ្ឋ​ដាំ​ដំឡូងមី​ក្នុង​ចម្ការ​កៅស៊ូ។ លោក​បន្ត​ថា ប្រជាពលរដ្ឋ​ដែល​បាន​តាំង​ទីលំនៅ​មាន​អាជ្ញាធរ​ទទួល​ស្គាល់​រួច​ហើយ អាច​តាំង​ទីលំនៅ​បណ្ដោះ​អាសន្ន រង់ចាំ​ការ​ដោះស្រាយ​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​របស់​រាជ​រដ្ឋាភិបាល។

ប្រជាពលរដ្ឋ និង​កម្មករ​ដែល​រស់នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី នាំគ្នា​មក​សាលា​ឃុំ តវ៉ា​មិន​ព្រម​ធ្វើ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​រស់នៅ​លើ​ដី​រដ្ឋ​បណ្ដោះ​អាសន្ន កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៣។
ប្រជាពលរដ្ឋ និង​កម្មករ​ដែល​រស់នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ ខេត្ត​រតនគិរី នាំគ្នា​មក​សាលា​ឃុំ តវ៉ា​មិន​ព្រម​ធ្វើ​កិច្ច​សន្យា​ជាមួយ​ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​រស់នៅ​លើ​ដី​រដ្ឋ​បណ្ដោះ​អាសន្ន កាល​ពី​ព្រឹក​ថ្ងៃ​ទី២៣ ខែ​មេសា ឆ្នាំ​២០១៣។ (RFA/Ratha Visal)

អភិបាល​ស្រុក​អូរជុំ លោក សាក់ សុន បាន​ពន្យល់​ក្រុម​អ្នក​តវ៉ា​ថា ដី​នោះ​ជា​ដី​រដ្ឋ ហេតុ​នេះ​ប្រសិន​ប្រជាពលរដ្ឋ​ណា​គ្មាន​ដី​រស់នៅ​ពិត​ប្រាកដ សុំ​ឲ្យ​បំពេញ​បែប​បទ​សុំ​ដី​សម្បទាន​សង្គម​កិច្ច​តាម​គោល​នយោបាយ​ដោះស្រាយ​ដីធ្លី​របស់​ជាតិ។ លោក​បន្ត​ថា ប្រសិន​ប្រជាពលរដ្ឋ​មិន​យល់​ព្រម​ចុះ​កិច្ច​សន្យា​ស្នាក់នៅ​បណ្ដោះ​អាសន្ន​លើ​ដី​រដ្ឋ លោក​នឹង​រាយការណ៍​ករណី​នេះ​ជូន​អាជ្ញាធរ​ថ្នាក់​ខេត្ត៖ «ឲ្យ​គាត់​រក្សា​ស្ថានភាព​ដដែល​សិន​ទៅ ព្រោះ​កំពុង​មាន​បញ្ហា​អ៊ីចឹង សំណូមពរ​ជា​សិទ្ធិ​របស់​គាត់ ថ្នាក់​លើ​ជា​អ្នក​សម្រេច»

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ សមាគម​អាដហុក (Adhoc) ការពារ​សិទ្ធិ​មនុស្ស ខេត្ត​រតនគិរី លោក ឆាយ ធី បាន​កត់​សម្គាល់​ថា គោល​នយោបាយ​ផ្តល់​ដី​សម្បទាន​សង្គម​កិច្ច ជាពិសេស​ការ​ផ្តល់​ទីតាំង​សមស្រប​សម្រាប់​ប្រជាពលរដ្ឋ​តាំង​លំនៅឋាន គឺ​ជា​កត្តា​សំខាន់​ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់នៅ​ពលរដ្ឋ៖ «អាច​រដ្ឋាភិបាល​កាត់​ផល​ប៉ះពាល់ ដូច​គោល​នយោបាយ​ពលរដ្ឋ​រស់នៅ​លើ​ដី​រដ្ឋ​ខុស​ច្បាប់ ហើយ​អាច​ធ្វើ​សម្បទាន​ឲ្យ​គាត់​នៅ​កន្លែង​ហ្នឹង​តែ​ម្តង​កាន់​តែ​ប្រសើរ»

តួលេខ​របស់​ក្រុមហ៊ុន​ស្វីហ្វ រ៉ាប់ប័រ មាន​ប្រជាពលរដ្ឋ និង​កម្មករ​រស់នៅ​លើ​ដី​ចម្ការ​កៅស៊ូ​រដ្ឋ​ខុស​ច្បាប់​នៅ​ខេត្ត​រតនគិរី ជាង ២០០​គ្រួសារ នៅ​ស្រុក​អូរជុំ និង​ក្រុង​បានលុង។ បច្ចុប្បន្ន នៅ​ឃុំ​កាចាញ ក្រុម​អាជ្ញាធរ និង​ក្រុមហ៊ុន​អនុញ្ញាត​ឲ្យ​ប្រជាពលរដ្ឋ​តាំង​ទីលំនៅ​បណ្តោះ​អាសន្ន​លើ​ទំហំ​ក្បាល​ដី​ដែល​ប្រជាពលរដ្ឋ​ចូល​កាន់​កាប់​ជាក់ស្តែង និង​បណ្តោយ​ក្បាល​ដី ៦០​ម៉ែត្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។