ប្រជាពលរដ្ឋជនជាតិដើមភាគតិចនៅឃុំភ្នំកុក ស្រុកវ៉ឺនសៃ ខេត្តរតនគិរី អះអាងថា ក្រុមហ៊ុន អែស.ខេ រ៉ាប់បឺរ (SK Rubber Plantation) កំពុងតែចលនាបំភិតបំភ័យឲ្យអ្នកភូមិកាត់ដីស្រែចម្ការមួយផ្នែក មកឲ្យក្រុមហ៊ុនសម្រាប់ជាដីសម្បទានសេដ្ឋកិច្ច ក៏ប៉ុន្តែអ្នកភូមិបានប្រឆាំងចំពោះការប៉ុនប៉ងកាត់យកដីប្រជាពលរដ្ឋនេះ។
ប្រជាពលរដ្ឋរស់នៅភូមិចំនួនប្រាំ ក្នុងឃុំភ្នំកុក នៅថ្ងៃអង្គារ ទី១ ខែកក្កដា ព្រមានថានឹងធ្វើការតវ៉ាប្រឆាំង ប្រសិនក្រុមហ៊ុននៅតែប៉ុនប៉ងកាត់យកដីអ្នកភូមិសម្រាប់គម្រោងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន។
ការព្រមាននេះ ធ្វើឡើងបន្ទាប់ពីតំណាងក្រុមហ៊ុន អែស.ខេ រ៉ាប់បឺរ និងមន្ត្រីជំនាញ កាលពីចុងសប្ដាហ៍មុន បានចុះចលនាឲ្យអ្នកភូមិប្រគល់ដីមួយផ្នែករបស់ប្រជាពលរដ្ឋកំពុងដាំដុះ ប្រគល់ទៅឲ្យក្រុមហ៊ុនក្រោមហេតុផលថា រាជរដ្ឋាភិបាលបានប្រគល់ដីតំបន់នោះជាដីសម្បទានសេដ្ឋកិច្ច។
ប្រជាពលរដ្ឋរស់នៅភូមិភ្នំកុក លោក លាង ដួង រៀបរាប់ថា នេះជាចេតនារំលោភយកដីអ្នកភូមិជាថ្មីទៀត បន្ទាប់ពីប្រជាពលរដ្ឋនៅឃុំហាតប៉ក់ បានប្រើអំពើហិង្សាប្រឆាំងការប៉ុនប៉ងរំលោភយកដីពីក្រុមហ៊ុននេះ កាលពីខែមេសា។ លោកបន្តថា បុគ្គលិកក្រុមហ៊ុនបានព្រមានឲ្យប្រជាពលរដ្ឋចុះហត្ថលេខាប្រគល់ដីទៅឲ្យក្រុមហ៊ុន បើមិនដូច្នេះទេ ក្រុមសមត្ថកិច្ចនឹងចាត់វិធានការផ្លូវច្បាប់ ដកហូតដីនោះប្រគល់ឲ្យក្រុមហ៊ុន៖ «ប្រជាពលរដ្ឋប្រតិកម្ម គេមកចង់ដាក់បង្គោលគេលើកផែនទី។ ប្រជាពលរដ្ឋអត់ទុកចិត្ត ពីព្រោះបើផ្ដិតមេដៃហើយ ដល់ឈូសឆាយទៅប៉ះពាល់ទៅ បានថាប្រជាពលរដ្ឋអត់យល់ព្រមទេ»។
វិទ្យុអាស៊ីសេរី នៅថ្ងៃទី១ ខែកក្កដា មិនទាន់អាចទាក់ទងក្រុមហ៊ុនសុំបញ្ជាក់ពីករណីនេះបានទេ។
ចំណែកមេឃុំភ្នំកុក លោក លី នឿន ទទួលស្គាល់ថា បុគ្គលិកក្រុមហ៊ុន និងមន្ត្រីពាក់ព័ន្ធ ពិតជាបានចុះទៅជួបចរចាជាមួយពលរដ្ឋ ដើម្បីសិក្សារកលទ្ធភាពឲ្យប្រជាពលរដ្ឋប្រគល់ដីមួយផ្នែក សម្រាប់គម្រោងសម្បទានដីដល់ក្រុមហ៊ុនមែន។ លោកអះអាងថា អាជ្ញាធរឃុំជាអ្នកសម្របសម្រួលបញ្ហានេះ ក៏ប៉ុន្តែមិនបានបង្ខិតបង្ខំអ្នកភូមិនោះឡើយ។ លោកបន្តថា នឹងធ្វើរបាយការណ៍ជូនអាជ្ញាធរថ្នាក់ស្រុក ប្រសិនប្រជាពលរដ្ឋមិនយល់ព្រមក្នុងបញ្ហានេះ៖ «ក្រុមហ៊ុនដូចក្រុមការងារ ដូចអភិបាលស្រុក ឲ្យខ្ញុំសម្រុះសម្រួលជាមួយប្រជាពលរដ្ឋ។ កន្លែងណាខ្ញុំដោះស្រាយបាន កន្លែងណាខ្ញុំដោះស្រាយមិនបាន ខ្ញុំអត់ដោះទេ តាមខេត្តគេដោះខ្ញុំធ្វើរបាយការណ៍ជូន»។
របាយការណ៍អង្កេតរបស់មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី គម្រោងផ្តល់ដីសម្បទាន ៨ពាន់ហិកតារ ទៅឲ្យក្រុមហ៊ុន អែស.ខេ រ៉ាប់បឺរ ប៉ះពាល់ដីធ្លីប្រជាពលរដ្ឋនៅឃុំចំនួនបី រួមមាន ឃុំបានប៉ុង ឃុំហាតប៉ក់ និងឃុំភ្នំកុក។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (adhoc) ខេត្តរតនគិរី លោក ឆាយ ធី កត់សម្គាល់ថា ប្រជាពលរដ្ឋនៅតំបន់ទាំងអស់នោះ បានប្ដឹងតវ៉ាជាច្រើនលើកសុំឲ្យអាជ្ញាធរពាក់ព័ន្ធដោះស្រាយរក្សាទុកដីសម្រាប់ប្រជាពលរដ្ឋធ្វើស្រែចម្ការ និងរស់អាស្រ័យផលតាមប្រពៃណីជនជាតិដើមនៅតំបន់នោះ ក៏ប៉ុន្តែក្រុមមន្ត្រីមូលដ្ឋានមិនមានការយកចិត្តទុកដាក់ដោះស្រាយការទាមទាររបស់ពលរដ្ឋនោះទេ។ លោកបន្តថា មន្ត្រីមូលដ្ឋានគួរអនុវត្តតាមសេចក្តីប្រកាសរបស់អន្តរក្រសួង ស្ដីពីពង្រឹងការគ្រប់គ្រងដីសម្បទានសេដ្ឋកិច្ចរបស់ក្រុមហ៊ុន រួមមាន ការអនុវត្តគោលនយោបាយរូបមន្តស្បែកខ្លា ដែលធានាមិនធ្វើឲ្យប៉ះពាល់ដីធ្លីប្រើប្រាស់អាស្រ័យផលរបស់ប្រជាពលរដ្ឋ ដីព្រៃសហគមន៍ និងដីអភិរក្ស ដែលត្រូវរក្សាទុក៖ «គាត់ទៅនាំគ្នាតវ៉ាថ្លែងក្នុងវេទិកាថ្នាក់ជាតិ រឿងនេះ អាជ្ញាធរហាក់ដូចបីដូចមិនមានចេតនាធ្វើការដោះស្រាយឲ្យបានឆាប់រហ័សទេ ចេះតែអូសបន្លាយ»។
ក្រុមហ៊ុន អែស.ខេ ទទួលបានដីសម្បទានសេដ្ឋកិច្ច ៨ពាន់ហិកតារ នៅស្រុកកូនមុំ និងស្រុកវ៉ឺនសៃ តាំងពីឆ្នាំ២០១១។ កាលពីថ្ងៃទី២០ ខែមេសា ប្រជាពលរដ្ឋជនជាតិដើមភាគតិចភូមិហាតប៉ក់ ឃុំហាតប៉ក់ ប្រមាណ ២៥០នាក់ បាននាំគ្នាដុតរោងស្នាក់នៅរបស់ក្រុមហ៊ុនអស់បីខ្នង និងគោយន្តមួយគ្រឿង ដោយសារតែក្រុមហ៊ុនរំលោភកិច្ចសន្យា ប៉ុនប៉ងយកដី ៨០ហិកតាររបស់អ្នកភូមិ ដែលក្រុមហ៊ុនបានយល់ព្រមកាត់ចេញពីដីសម្បទានរក្សាទុកជាដីត្រៀមបម្រុងរបស់ប្រជាពលរដ្ឋ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
