ពលរដ្ឋ​ដែល​ត្រូវ​ដក​ដី​សង់​មជ្ឈមណ្ឌល​យោធិន​ពិការ​នៅ​សៀមរាប​ទាមទារ​សំណង

0:00 / 0:00

មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ ដែល​សង់​លើ​ផ្ទៃដី​រាប់​ពាន់​ហិកតារ នៅ​ភូមិ​ស្នាសង្គ្រាម ស្រុក​ប្រាសាទបាគង ខេត្ត​សៀមរាប កើត​មាន​ដោយសារ​អាជ្ញាធរ​ដក​ហូត​យក​ដី​កម្មសិទ្ធិ​របស់​ប្រជាពលរដ្ឋ ៣២​គ្រួសារ​រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ។

កាល​ពី​ខែ​សីហា កន្លង​ទៅ អភិបាល​ខេត្ត​សៀមរាប ធ្លាប់​បាន​សរសេរ​លិខិត​មួយ​ច្បាប់ ផ្ញើ​ជូន​រដ្ឋលេខាធិការ​ក្រសួង​ការពារ​ជាតិ និង​ជា​ប្រធាន​គណៈកម្មការ​សាងសង់​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​នោះ ឱ្យ​ជួយ​ដោះស្រាយ​គោល​នយោបាយ​សំណង​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣២​គ្រួសារ​ឡើង​វិញ។

ក៏ប៉ុន្តែ ចាប់​តាំង​ពី​អាជ្ញាធរ​ខេត្ត​ស្នើសុំ​ឱ្យ​ដោះស្រាយ​ដីធ្លី​នោះ ស្រាប់​តែ​មាន​ក្រុម​ឈ្មួញ​ខ្លះ​នាំ​គ្នា​ទៅ​វាស់​ដី​ដែល​កំពុង​តែ​ទាមទារ​នោះ លក់​ទៅ​ឱ្យ​អ្នក​ផ្សេង។

ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នាសង្គ្រាម ស្រុក​ប្រាសាទបាគង ជិត ៤០​គ្រួសារ បាន​នាំ​គ្នា​ឡើង​មក​សាលា​ខេត្ត​សៀមរាប ជា​ថ្មី ដោយសារ​តែ​រឿង​រដ្ឋ​ដក​ហូត​យក​ដីធ្លី​របស់​ពួក​គេ ហើយ​មិន​ទាន់​បាន​ដោះស្រាយ​ដី​សង​វិញ​នៅ​ឡើយ។

ក្រុម​អ្នក​ភូមិ ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ត្រូវ​តែ​ដោះស្រាយ និង​បញ្ឈប់​សកម្មភាព​របស់​ឈ្មួញ​ខ្លះ ដែល​នាំ​គ្នា​ទៅ​វាស់​ដីធ្លី​លក់ នៅ​ពេល​ដែល​អាជ្ញាធរ​កំពុង​តែ​ស្នើសុំ​ទៅ​ក្រសួង​ការពារ​ជាតិ ឱ្យ​ដោះស្រាយ​រឿង​គោល​នយោបាយ​ដីធ្លី​សង​អ្នក​ភូមិ​វិញ​នោះ។

តំណាង​អ្នក​ភូមិ​ស្នាសង្គ្រាម គឺ​លោក រស់ សំអុល។ លោក​មាន​ប្រសាសន៍​ថា រូប​លោក និង​អ្នក​ភូមិ បាន​ស្នើ​សុំ​អភិបាល​ខេត្ត​ឱ្យ​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​នៅ​ចំណុច​ខាង​ជើង​ភ្នំ​តាពុធ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ដីកា​លេខ​០៨៥ ហើយ​ក៏​ជាប់​ពាក់ព័ន្ធ​នឹង​ការ​សាងសង់​មជ្ឈមណ្ឌល​យោធិន​ពិការ​៣១៧។ ក្រោយ​មក ដី​នោះ​មិន​ដឹង​ជា​មាន​ការ​ដោះ​ដូរ​យ៉ាង​ម៉េច ក៏​ធ្លាក់​ទៅ​ក្នុង​ការ​កាន់​កាប់​របស់ លោក សៅ រ៉ានី ហើយ​កាល​ពី​ពេល​ថ្មីៗ​មាន​ការ​វាស់វែង​លក់​ដូរ។

តំណាង​អ្នក​ភូមិ​ស្នាសង្គ្រាម បញ្ជាក់​ទៀត​ថា កាល​ពី​ថ្ងៃ​ទី​២១ ខែ​សីហា កន្លង​ទៅ អភិបាល​ខេត្ត​សៀមរាប បាន​ធ្វើ​សំណើ​មួយ​ទៅ​ក្រសួង​ការពារ​ជាតិ ឱ្យ​ដោះស្រាយ​គោល​នយោបាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​វិញ ក៏ប៉ុន្តែ​ស្រប​ពេល​ដែល​សំណើ​នោះ​មិន​ទាន់​ឆ្លើយ​តប​យ៉ាង​ណា​ផង បែរ​ជា​ដី​ដែល​សម្រាប់​ដោះស្រាយ​ជូន​ពួក​គាត់​នៅ​ម្ដុំ​ភ្នំ​តាពុធ នោះ ត្រូវ​ក្រុម​ឈ្មួញ​ចុះ​វាស់វែង​លក់​ទៅ​ហើយ៖ «ក្រោយ​ពី​ខ្ញុំ​បាន​គោលការណ៍​របស់​ខេត្ត​ហ្នឹង ស្រាប់​តែ​មាន​ឈ្មួញ​ដើរ​វាស់​ដើរ​អី​លក់​គ្រប់​តែ​កន្លែង​អ៊ីចឹង។ ខ្ញុំ​ដាក់​លិខិត​សុំ​ឱ្យ​អាជ្ញាធរ​ទប់ស្កាត់​សកម្មភាព​រំលោភ​ដីធ្លី​ហ្នឹង ហើយ​ទប់ស្កាត់​ការ​ចេញ​ប័ណ្ណ​ផ្ដល់​កម្មសិទ្ធិ​ឱ្យ​អ្នក​ទិញ និង​អ្នក​លក់​នៅ​លើ​ដី​ជម្លោះ​ជាមួយ​ប្រជាពលរដ្ឋ។ ហើយ​ម្យ៉ាង​ទៀត ក៏​ខ្ញុំ​សំណូមពរ​ឱ្យ​អភិបាល​ខេត្ត គាត់​ចុះ​មក​ដោះស្រាយ និង​វាស់វែង​ធ្វើ​ប្លង់​ឱ្យ​ប្រជាពលរដ្ឋ»

អាជ្ញាធរ​ស្រុក​ប្រាសាទបាគង ឱ្យ​ដឹង​ថា ប្រជាពលរដ្ឋ​នៅ​ភូមិ​ស្នាសង្គ្រាម ឃុំ​បល្ល័ង្ក ចំនួន ៣២​គ្រួសារ បាន​ប៉ះពាល់​ដីធ្លី​ទំហំ​ប្រមាណ ៦០​ហិកតារ ដោយសារ​រដ្ឋាភិបាល​បង្កើត​មជ្ឈមណ្ឌល​អភិវឌ្ឍន៍​យោធិន​ពិការ​៣១៧ ជាច្រើន​ឆ្នាំ​មក​ហើយ។

កាល​ពី​ថ្ងៃ​ទី​២៨ ខែ​សីហា កន្លង​ទៅ អ្នក​ភូមិ​ស្នាសង្គ្រាម ជិត ៣០​នាក់ បាន​លើក​គ្នា​មក​សាលា​ខេត្ត​សៀមរាប ម្ដង​មក​ហើយ ដើម្បី​ទាមទារ​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ពន្លឿន​ការ​ដោះស្រាយ​សំណង​ដីធ្លី​មក​ឱ្យ​ពួក​គាត់​វិញ​ឱ្យ​ឆាប់​រហ័ស។

កាល​ពី​ថ្ងៃ​ទី​១៧ ខែ​តុលា កន្លង​ទៅ មន្ត្រី​សាលា​ខេត្ត​សៀមរាប បាន​ជួប​ប្រជុំ​ជាមួយ​អ្នក​ភូមិ​ស្នាសង្គ្រាម ម្ដង​ទៀត ដើម្បី​ស្វែងរក​ការ​ដោះស្រាយ​រឿង​នោះ។

ជំនួយ​ការ​អភិបាល​ខេត្ត​សៀមរាប លោក សុខ ថុល មាន​ប្រសាសន៍​ថា អភិបាល​ខេត្ត​កំពុង​ស្នើសុំ​គោលការណ៍​ដោះស្រាយ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ ១៩​គ្រួសារ ដែល​ប៉ះពាល់​ដោយ​ការ​សាងសង់​មជ្ឈមណ្ឌល​ជន​ពិការ​នោះ ហើយ​ចំណែក​ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​ទៀត​ដែល​កំពុង​មាន​បញ្ហា​ទំនាស់​ដីធ្លី​ជាមួយ លោក សៅ រ៉ានី នោះ គឺ​អាជ្ញាធរ​គ្រោង​នឹង​ចុះ​ពិនិត្យ​នៅ​សប្ដាហ៍​ខាង​មុខ៖ «ឯកឧត្តម​អភិបាល​ខេត្ត គាត់​ចាត់​អភិបាល​រង​ម្នាក់ ឯកឧត្តម ស៊ិន រុន គាត់​អ្នក​ទទួល​បន្ទុក​ដឹក​នាំ​ដោះស្រាយ​រឿង​ហ្នឹង ហើយ​ប្រហែល​ជា​ថ្ងៃ​ច័ន្ទ អី​ហ្នឹង​ចុះ​ទៅ​ត្រួត​ពិនិត្យ​ហើយ។ ក្រុម​ការងារ​ពិនិត្យ​ហ្នឹង​បើ​សិន​ជា​រក​ឃើញ​ការ​ពាក់ព័ន្ធ ថា​មាន​ការ​ចុះ​ទៅ​វាស់​ដី​ប៉ះពាល់​ប្រជាពលរដ្ឋ​អី អា​ហ្នឹង​គណៈកម្មការ​ពិនិត្យ និង​ដោះស្រាយ សម្របសម្រួល​ជាក់ស្ដែង»

ទោះ​យ៉ាង​ណា ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ក្រៅ​រដ្ឋាភិបាល ដែល​តាម​ឃ្លាំ​មើល​រឿង​នោះ បាន​រិះគន់​ថា អាជ្ញាធរ​ខេត្ត​សៀមរាប ហាក់​ដូចជា​ដោះស្រាយ​បញ្ហា​យឺតយ៉ាវ​មិន​ទាន់​ដំណើរ​ប្រែប្រួល​នៃ​សាច់​រឿង​នោះ​ទេ។

អ្នក​ស៊ើប​អង្កេត​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (adhoc) លោក សួស ណារិន បាន​ហៅ​ការ​ដោះស្រាយ​របស់​អាជ្ញាធរ​ខេត្ត​សៀមរាប ជុំវិញ​រឿង​ដីធ្លី​ជាមួយ​មជ្ឈមណ្ឌល​ជន​ពិការ​៣១៧ នោះ​ថា​គឺ​បាន​ត្រឹម​តែ​សន្យា ដោយ​មិន​មាន​អ្វី​ច្បាស់​លាស់​ឱ្យ​ប្រជាពលរដ្ឋ​សង្ឃឹម​នៅ​ឡើយ។ លោក សួស ណារិន រិះគន់​ថា នៅ​ពេល​ប្រជាពលរដ្ឋ​លើក​គ្នា​មក​តវ៉ា​នៅ​មុខ​សាលា​ខេត្ត​នោះ គឺ​មិន​ដែល​ឃើញ​អភិបាល​ខេត្ត​រង​ណា​ចេញ​មុខ​មក​ដោះស្រាយ​ទេ ឃើញ​តែ​ថ្នាក់​នាយ​ខុទ្ទកាល័យ​រង​សាលា​ខេត្ត​មក​ទទួល។ បញ្ហា​នេះ លោក​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​អភិបាល​ខេត្ត​មិន​ដែល​ទទួល​បាន​ព័ត៌មាន​ផង៖ «យើង​មើល​ទៅ​ឃើញ​ថា​វា​ជា​ការ​អូស​បន្លាយ ដែល​ធ្វើ​ឈ្មួញ​ដែល​ជា​អ្នក​មាន​អំណាច ចេះ​តែ​មក​យក​ដី​ពី​ប្រជាពលរដ្ឋ​លក់ ដោយ​មិន​មាន​ការ​ដោះស្រាយ»

ចំណែក​អ្នក​សម្រប​សម្រួល​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ (LICADHO) ខេត្ត​សៀមរាប លោក នូ ពុទ្ធិ មាន​ប្រសាសន៍​ថា លោក​ឃើញ​ក្រុម​ការងារ​របស់​សាលា​ខេត្ត​សៀមរាប តែង​ចេញ​មក​ទទួល​យក​ញត្តិ​របស់​ប្រជាពលរដ្ឋ​ដែល​ទាមទារ​រឿង​ដី​នោះ ហើយ​អភិបាល​ខេត្ត​ក៏​តែង​តែ​សន្យា​នឹង​ដោះស្រាយ ក៏ប៉ុន្តែ​ចំពោះ​វិធានការ​ដោះស្រាយ​ពិត​ប្រាកដ​នោះ គឺ​មិន​ទាន់​ឃើញ​មាន​យ៉ាង​ណា ចំណែក​ពេល​វេលា​ទៀត​សោត ក៏​មិន​ច្បាស់​លាស់៖ «ប៉ុន្តែ​ចំពោះ​រឿង​ពេល​វេលា​រឿង​អី​ហ្នឹង មិន​ទាន់​បាន​ដាក់​ជាក់​លាក់​នៅ​ឡើយ​ទេ។ ហើយ​ខ្ញុំ​ក៏​បាន​ស្នើសុំ​ឱ្យ​ក្រុម​ការងារ​ចេញ​សេចក្តី​ណែនាំ​មួយ ដើម្បី​ទប់ស្កាត់​ដំណើរ​ការ​ទិញ​លក់​ដី​មិន​ទាន់​ដោះស្រាយ​ទំនាស់​ចប់​សព្វគ្រប់​នៅ​ឡើយ​នោះ។ អា​ដី​ទំនាស់​ដែល​លក់​អ៊ីចឹង​វា​មិន​ត្រូវ វា​នាំ​ឱ្យ​ស្មុគស្មាញ​ទៅ​ដល់​អ្នក​ដែល​គាំទ្រ​ទៅ​លើ​សកម្មភាព​លក់​ទិញ​នោះ​ផង​ដែរ»

អ្នក​ភូមិ​ស្នាសង្គ្រាម ព្រមាន​ថា គេ​ទុក​រយៈពេល​ជាង​មួយ​ខែ​ទៀត ដើម្បី​ឱ្យ​អាជ្ញាធរ​ខេត្ត​សៀមរាប ដោះស្រាយ​រឿង​នេះ​ឱ្យ​សមស្រប បើ​ពុំ​នោះ​ទេ បន្ទាប់​ពី​អ្នក​ភូមិ​ច្រូត​កាត់​ផល​ស្រូវ​រួច​រាល់ គឺ​ពួក​គេ​នឹង​ប្រមូល​គ្នា​ឡើង​ទៅ​តវ៉ា​ដល់​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី​នៅ​ឯ​ទីក្រុង​ភ្នំពេញ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។