ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ចោទ​អាជ្ញាធរ​ថា​មិន​បន្ត​ធ្វើ​ផ្លូវ​ខ្លាច​ប៉ះពាល់​សិប្បកម្ម​ឈើ​វៀតណាម

0:00 / 0:00

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង អះអាង​ថា អាជ្ញាធរ​ហាក់​ដូចជា​ព្រងើយ​កន្តើយ​ក្នុង​ការ​កសាង​ផ្លូវ​មួយ​ខ្សែ ក្នុង​ក្រុង​ស្ទឹងត្រែង។ អ្នក​ភូមិ​ដាក់​ការ​សង្ស័យ​ថា ជា​ចេតនា​របស់​អាជ្ញាធរ​ដែល​ខ្លាច​ប៉ះពាល់​ដល់​ដំណើរ​ការ​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត ដែល​ជា​របស់​អ្នក​មាន​ប្រាក់ និង​ឥទ្ធិពល​ក្នុង​មូលដ្ឋាន។

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង នៅ​ថ្ងៃ​ទី​២៥ កក្កដា អំពាវនាវ​ឲ្យ​អាជ្ញាធរ​ជំនាញ កសាង​ផ្លូវ​មួយ​ខ្សែ​ត​ភ្ជាប់​ផ្លូវ​លេខ​១៤ ឋិត​នៅ​ភូមិ​ព្រែក ក្រុង​ស្ទឹងត្រែង។ ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​គម្រោង​កសាង​ផ្លូវ​មួយ​ខ្សែ​ភ្ជាប់​ផ្លូវ​លេខ​១៤ ដែល​ជា​កញ្ចប់​ថវិកា​របស់​សង្កាត់​ស្ទឹងត្រែង ត្រូវ​បាន​បង្អាក់ និង​អូស​បន្លាយ​ពេល​ជាច្រើន​ឆ្នាំ​កន្លង​មក។ ការ​អូស​បន្លាយ​ពេល​នេះ អ្នក​ភូមិ​ចាត់​ទុក​ថា ជា​ឧបសគ្គ​ចម្បង​ដល់​ការ​ធ្វើ​ដំណើរ ការ​ប្រកប​របរ​ចិញ្ចឹម​ជីវិត ព្រម​ទាំង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ដល់​ចរន្ត​ទឹក​ហូរ​នៅ​រដូវ​វស្សា។

តំណាង​ពលរដ្ឋ​រស់នៅ​ភូមិ​ព្រែក សង្កាត់​ស្ទឹងត្រែង លោក គឹម ឈុំ រៀបរាប់​ថា ជាច្រើន​ឆ្នាំ​កន្លង​មក ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​ដាច់​ពាក់​កណ្ដាល ព្រោះ​បុក​ទីតាំង​រោង​កែច្នៃ​ឈើ​ប្រណិត​យ៉ាង​ធំ​នៅ​ទីនោះ ទើប​បង្ក​ឲ្យ​អាជ្ញាធរ​មាន​ការ​រារែក។ លោក​បន្ត​ថា កាល​ពី​ពាក់​កណ្ដាល​ឆ្នាំ​២០១៥ អាជ្ញាធរ​បាន​ឈូស​ឆាយ​ផ្លូវ​មួយ​ខ្សែ​នេះ តែ​ត្រូវ​បាន​អាក់ខាន​ទៅ​វិញ។ ការ​អាក់ខាន​នេះ អ្នក​ភូមិ​សង្ស័យ​ថា ជា​ចេតនា​មិន​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​របស់​អាជ្ញាធរ ព្រោះ​តែ​ប៉ះពាល់​ផល​ប្រយោជន៍​របស់​ឈ្មួញ​ដែល​មាន​មុខ​របរ​កែច្នៃ​ឈើ​ប្រណិត។ យ៉ាង​ណា លោក​ថា ប្រសិន​បើ​អាជ្ញាធរ​នៅ​តែ​ព្រងើយ​កន្តើយ​មិន​កសាង​ផ្លូវ​នេះ​ទេ នឹង​ធ្វើ​ឲ្យ​ចរន្ត​ទឹក​ហូរ​ត្រូវ​បិទ​នៅ​រដូវ​វស្សា និង​បង្ក​ឲ្យ​លិច​ផ្ទះ​អ្នក​ភូមិ​ជាច្រើន​គ្រួសារ​នៅ​តំបន់​នោះ៖ «ដល់​ចឹង​ពិបាក​ធ្វើ​ដំណើរ ចេញ​ចូល​លំបាក ចង់​ឲ្យ​គេ​ធ្វើ​ឲ្យ​ស្អាត​ស្រណុក​ដំណើរ​ផ្លូវ​ចេញ​ចូល​ស្រួល»

យ៉ាង​នេះ​ក្តី ម្ចាស់​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​ជា​ជនជាតិ​វៀតណាម លោក ខាំ ប៊ុនម៉េង បញ្ជាក់​យ៉ាង​ខ្លី​ថា លោក​មិន​រារាំង​ការ​អភិវឌ្ឍ​របស់​អាជ្ញាធរ​នេះ​ទេ ប្រសិន​បើ​អាជ្ញាធរ​តម្រូវ​ធ្វើ​ផ្លូវ​បង្ខិត​ចូល​ត្រឹម​ណា លោក​នឹង​ធ្វើ​តាម​ការ​សម្រេច​របស់​អាជ្ញាធរ៖ «ខ្ញុំ​អត់​ដឹង​ទេ​អា​ខាង​ហ្នឹង ចាំ​មើល​អាជ្ញាធរ​គេ​ឲ្យ​ខិត​ដល់​ណា ខ្ញុំ​ខិត​ដល់​ហ្នឹង»

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ចៅ​សង្កាត់​ស្ទឹងត្រែង លោក ជា វណ្ណ ទទួល​ស្គាល់​ថា ផ្លូវ​នេះ​ត្រូវ​អាក់ខាន​ដោយសារ​តែ​អ្នក​ម៉ៅការ​បាន​យក​គ្រឿងចក្រ ទៅ​កសាង​កន្លែង​ផ្សេង​ទៀត​កាល​ពី​ពេល​ថ្មីៗ​នេះ។ យ៉ាងណា​លោក​ថា ផ្លូវ​នេះ​មិន​អនុញ្ញាត​ឲ្យ​មាន​របរ​សិប្បកម្ម​ជាប់​ផ្លូវ​ឡើយ ត្រូវ​តែ​ឃ្លាត​ឆ្ងាយ​ពី​ផ្លូវ​ចម្ងាយ ១០​ម៉ែត្រ ដើម្បី​ដាក់​លូ​បង្ហូរ​ទឹក។ លោក​ថា ផ្លូវ​នេះ​មាន​ទទឹង​ប្រវែង​ប្រហែល​ជិត ១០​ម៉ែត្រ បូក​រួម​ទាំង​ទ្រូង​ផ្លូវ​ភ្ជាប់​ពី​ផ្លូវ​លេខ​១៤។ បន្ថែម​ពី​លើ​នេះ លោក​ថា អាជ្ញាធរ​នឹង​កសាង​ផ្លូវ​នេះ​បន្ត​ទៀត​នៅ​ពេល​ឆាប់ៗ​ខាង​មុខ៖ «ដី​សិប្បកម្ម​ខ្ញុំ​និយាយ​ហើយ គេ​ប្រុង​ធ្វើ​ប័ណ្ណ​រឹង ខ្ញុំ​ជាមួយ​ភូមិបាល​ក្រុង គឺ​មិន​អាច​អនុញ្ញាត គឺ​អ្នក​ឯង​ត្រូវ​រើ​ចេញ ១០​ម៉ែត្រ​ទៀត មិន​អាច​ជាប់​ផ្លូវ​ហ្នឹង​ទេ ពេល​ធ្វើ​ប័ណ្ណ​រឹង​ខ្ញុំ​កាត់​ចេញ ឥឡូវ​គ្រាន់​តែ​ថយ​បណ្ដោះអាសន្ន»

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (adhoc) ខេត្ត​ស្ទឹងត្រែង លោក ហូ សំអុល លើក​ឡើង​ថា ទុក្ខ​កង្វល់​របស់​ពលរដ្ឋ គឺ​ជា​មូលដ្ឋាន​ចម្បង​ដែល​អាជ្ញាធរ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ។ លោក​ថា អាជ្ញាធរ​ជំនាញ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​អភិវឌ្ឍ​ផ្លូវ​ដែល​ជា​កត្តា​ចម្បង ដើម្បី​ភាព​ងាយ​ស្រួល​ធ្វើ​ដំណើរ និង​ជីវិត​រស់នៅ​របស់​ពលរដ្ឋ ដែល​ជា​ផ្នែក​មួយ​ក្នុង​ការ​អភិវឌ្ឍ​សង្គម​ជាតិ៖ «ក្នុង​នាម​ជា​អាជ្ញាធរ​ក្រុង​ក៏ដោយ ខេត្ត​ក៏ដោយ សង្កាត់​ក៏ដោយ ឃុំ​ក៏ដោយ គឺ​គាត់​ត្រូវ​តែ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ជាពិសេស គឺ​ផ្លូវ​ថ្នល់​ហ្នឹង​ជា​ជំហាន​ដំបូង»

អ្នក​ភូមិ​អះអាង​ថា ជាច្រើន​ឆ្នាំ​កន្លង​មក ផ្លូវ​មួយ​ខ្សែ​នេះ​ត្រូវ​បាន​កាត់​ផ្តាច់​ពាក់​កណ្ដាល ដោយ​ឆ្ពោះ​ចូល​ក្នុង​សិប្បកម្ម​កែច្នៃ​ឈើ​ប្រណិត​របស់​ថៅកែ​ដែល​គេ​ស្គាល់​ឈ្មោះ​ហៅ​ក្រៅ​ថា ថៅកែ ម៉ឺន៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។