ពលរដ្ឋរស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ២១គ្រួសារ មានជម្លោះដីធ្លីជាមួយយោធាសាលាពលទាហានទី១ ចំណុះឲ្យភូមិភាគ១ អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយឲ្យបានឆាប់។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពីជម្លោះដីធ្លីដ៏រ៉ាំរ៉ៃបានអូសបន្លាយជាង ១ទសវត្សរ៍ បង្កផលលំបាកធ្ងន់ធ្ងរដល់អ្នកភូមិមានជម្លោះដីធ្លីនេះ ខណៈពួកគាត់នៅរង់ចាំដំណោះស្រាយ។
ពលរដ្ឋ ២១គ្រួសារ រស់នៅភូមិហាងខូសួន សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង បារម្ភពីជម្លោះដីធ្លីរវាងពលរដ្ឋ និងសាលាពលទាហានទី១ ចំណុះឲ្យភូមិភាគ១ បានអូសបន្លាយពេល ១៥ឆ្នាំកន្លងមក នៅមិនទាន់ដោះស្រាយបញ្ចប់។ ការពន្យារពេលដោះស្រាយនេះ ជាឧបសគ្គចម្បងដែលរំខានដល់ការប្រកបរបរចិញ្ចឹមជីវិតរបស់អ្នកភូមិ បន្ទាប់ពីពួកគាត់មិនអាចអាស្រ័យផល និងសាងសង់លំនៅឋានលើដីនោះបាន។
តំណាងពលរដ្ឋជាអតីតយោធា លោក សុខ បូរី កត់សម្គាល់ថា អ្នកភូមិបានគ្រប់គ្រងដីនៅតំបន់នោះនៅឆ្នាំ១៩៧៩ ហើយរហូតដល់ឆ្នាំ១៩៨១ ពលរដ្ឋបានប្រគល់ដីទាំងនេះឲ្យទាហានជនជាតិវៀតណាម ធ្វើបន្ទាយបណ្ដោះអាសន្ន រហូតដល់ឆ្នាំ១៩៩៣។ នៅឆ្នាំ១៩៩៣ ទាហានវៀតណាម បានត្រឡប់ទៅប្រទេសវិញ អ្នកភូមិផ្ដើមត្រួសត្រាយដីទីនោះគ្រប់គ្រង ក៏ផ្ដើមកើតមានជម្លោះរ៉ាំរ៉ៃរហូតដល់ឆ្នាំ២០០៤ ទើបអ្នកភូមិដាក់ពាក្យប្ដឹងទៅស្ថាប័នពាក់ព័ន្ធ និងអង្គការសង្គមស៊ីវិល។
លោកបន្តទៀតថា ពលរដ្ឋ ២១គ្រួសារមានជម្លោះដីធ្លីជាមួយយោធាចំនួនជាង ២០ហិកតារ ជាប្រភេទដីលំនៅឋាន និងដីប្រភេទកសិកម្មផង។ លោកបារម្ភថា បច្ចុប្បន្នផ្ទះរបស់លោកកាន់តែពុកផុយខ្លាំង នឹងគ្រោងសាងសង់ថ្មី តែយោធាបានហាមមិនឲ្យសាងសង់អ្វីលើដីតំបន់នោះ រង់ចាំការដោះស្រាយ៖ «ទាំងគេទាំងខ្ញុំរង់ចាំខាងស្ថាប័នក្រសួងគេមកវាស់ហ្នឹង ចាំមើលថ្ងៃណាធ្លាប់ប្លង់ឲ្យយើងពិតប្រាកដអ៊ីចឹងទៅ។ ដូចផ្ទះខ្ញុំអីសសរពុកអស់ហើយ ចង់ធ្វើថ្មីក៏គេអត់ឲ្យធ្វើដែរ»។
អ្នកភូមិម្នាក់ទៀត លោកស្រី ឡាំ ហើង កត់សម្គាល់ថា ដីដែលលោកស្រីបានទិញពីអ្នកភូមិផ្សេងទៀតក្បាល ២០ម៉ែត្រ គុណ ១៣០ម៉ែត្រ កាលពីឆ្នាំ២០១៤ មានអាជ្ញាធរភូមិ និងឃុំទទូលស្គាល់ និងឋិតនៅក្រៅបរិវេណដីដែលមានជម្លោះរវាងពលរដ្ឋ ២១គ្រួសារ ជាមួយសាលាពលទាហានទី១។
លោកស្រីអះអាងថា មេបញ្ជាការសាលាពលទាហានទី១ លោក ពៅ សំអាត ថា ហាមឃាត់គ្រួសារលោកស្រីមិនឲ្យជីកស្រះលើដីរបស់គាត់កាលពីពេលថ្មីៗនេះ ដោយសំអាងថា ជាដីរបស់សាលាពលទាហានទី១ ចំណុះឲ្យយោធភូមិភាគ១៖ «គេរស់នៅ ៣០ឆ្នាំមកហើយ មីងទិញគេមានក្រដាសភូមិឃុំស៊ីញ៉េត្រឹមត្រូវ។ មីងទិញគេយកទឹកដាំបន្លែគ្រាន់បានលុយហ្នឹង ដោះស្រាយជូនអង្គការវិញ»។
ឆ្លើយតបការចោទប្រកាន់នេះ មេបញ្ជាការ សាលាពលទាហានទី១ លោក ពៅ សំអាត បញ្ជាក់យ៉ាងខ្លីថា ជម្លោះដីធ្លីនេះកើតមានជាច្រើនឆ្នាំកន្លងមក ហើយអ្នកភូមិបានតាំងទីលំនៅលើដីរបស់យោធា៖ «ខ្ញុំអត់ឆ្លើយច្រើនទេ! ដីនោះគឺជាដីរបស់សាលាពលទាហានទី១»។
មន្ត្រីសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) លោក ហូ សំអុល ដែលបានចុះអង្កេតករណីនេះកត់សម្គាល់ថា មានពលរដ្ឋមួយចំនួនបានសង់ផ្ទះលើដីមានជម្លោះនេះបាន ហើយមានពលរដ្ឋខ្លះសាងសង់មិនបាន។ បញ្ហានេះហាក់ដូចជាការអនុវត្តច្បាប់មិនតម្លាភាព។
លោកមើលឃើញថា អាជ្ញាធរពាក់ព័ន្ធថ្នាក់ខែត្រ និងថ្នាក់ជាតិ ហាក់ដូចជាមិនអើពើដោះស្រាយជម្លោះដីធ្លីជូនអ្នកភូមិឡើយ រហូតដល់អូសបន្លាយរយៈពេល ១៥ឆ្នាំ។ លោកក៏អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់ដោះស្រាយជម្លោះដីធ្លីជូនពលរដ្ឋឲ្យបានឆាប់ដោយយុត្តិធម៌៖ «ប្រសិនជាពន្យារទៅធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចរបស់ពួកគាត់។ យើងឃើញហើយ គាត់ដាំដុះបន្តិចបន្តូចធ្វើស្រែចម្ការនៅលើដីហ្នឹង»។
កាលពីថ្ងៃទី១៥ ខែធ្នូ ប្រធានគណៈកម្មការទី១ នៃព្រឹទ្ធសភា គឺគណៈកម្មការទទួលពាក្យបណ្ដឹងសិទ្ធិមនុស្ស លោក គង់ គាំ បានចុះជួបពលរដ្ឋមានបញ្ហាដីធ្លីនៅខែត្រស្ទឹងត្រែង ជាង ១០ករណី។ បន្ទាប់ពីការចុះជួបពលរដ្ឋ លោកថ្លែងបញ្ជាក់ថា គណៈកម្មការទី១ នៃព្រឹទ្ធសភានឹងប្រឹងប្រែងរកមធ្យោបាយជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ និងរដ្ឋាភិបាល ពន្លឿនការដោះស្រាយជម្លោះដីធ្លីឲ្យបានឆាប់ និងដោយយុត្តិធម៌៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
