ក្រុមប្រជាពលរដ្ឋជាង ៤០គ្រួសារ ដែលរស់នៅលើដីចំណីផ្លូវនៃភូមិពោធិទាប ឃុំម្លូព្រៃ១ ស្រុកឆែប ខេត្តព្រះវិហារ កំពុងព្រួយបារម្ភខ្លាចក្រែងគ្មានទីកន្លែងថ្មីរស់នៅ។
ការព្រួយបារម្ភនេះ បន្ទាប់ពីក្រុមហ៊ុនចិន ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចទីនោះ ព្រមទាំងអាជ្ញាធរបានព្យាយាមបង្ខំឱ្យពួកគាត់រុះរើលំនៅចាកចេញជាច្រើនលើកមកហើយ។
ស្ត្រីម្នាក់ក្នុងចំណោមអ្នករស់នៅលើដីចំណីផ្លូវ គឺអ្នកស្រី លឹម សុឃីម។ អ្នកស្រីបានមានប្រសាសន៍កាលពីព្រឹកថ្ងៃអាទិត្យ ទី២៤ ខែវិច្ឆិកា ថា អ្នកស្រីមានស្រុកកំណើតនៅឯខេត្តកណ្ដាល ហើយកាលពីអំឡុងឆ្នាំ២០១១ ដោយសារមិនមានដីធ្លីនៅឯស្រុកកំណើត គឺគាត់បានទៅប្រក់តង់រស់នៅលើដីមួយកន្លែង នៅភូមិពោធិទាប ឃុំម្លូព្រៃ១ នោះ។ កាលពីគាត់ទៅរស់នៅដំបូង គឺពុំមានផ្លូវទេ ក៏ប៉ុន្តែជាច្រើនខែក្រោយមក ក៏មានការជីកធ្វើផ្លូវ។ បន្ទាប់មក ក៏ស្រាប់តែមានក្រុមហ៊ុនចិន បានចេញមុខទៅបណ្ដេញគាត់ និងប្រជាពលរដ្ឋ ឱ្យរុះរើលំនៅចាកចេញពីទីនោះ។
អ្នកស្រី លឹម សុឃីម បានបង្ហាញជំហរថា គាត់នឹងមិនចាកចេញពីកន្លែងកំពុងរស់នៅទេ ដោយសារតែពុំមានកន្លែងផ្សេងណាអាចរស់នៅឡើយ៖ «ពួកចិន ហ្នឹង មកប្រាប់ម្ដងពីរដង លើកទី៣ វាយកកម្លាំងប៉េអិមមកម្នាក់។ ដល់ពេលខ្ញុំអត់ចេញទៀត កាលពីថ្ងៃទី២០ ខែវិច្ឆិកា នេះ តំណាងក្រុមហ៊ុនចិន ហ្នឹង បានទៅហៅអាជ្ញាធរមានកម្លាំងប៉េអិម ប៉ូលិស ហើយនិងខាងអភិបាលស្រុក មកប្រាប់ថា ឱ្យខ្ញុំហ្នឹងរុះរើផ្ទះចេញ បើមិនចេញទេ គេនឹងរុះរើឱ្យ។ ពួកខ្ញុំមកផ្លាស់ទីលំនៅអស់ហើយ អត់មានដីណាដែលពួកខ្ញុំរស់នៅទៀតទេ គឺពួកខ្ញុំមានការព្រួយបារម្ភ»។
ចំណែកបុរសឈ្មោះ រ៉ន រ៉ាវ័ន បានមានប្រសាសន៍ថា គាត់បានចាកចេញពីស្រុកកំណើតខេត្តកំពង់ចាម ទៅរស់នៅទីនោះជាង ១ឆ្នាំហើយ ដោយសារតែគ្មានដីធ្លី។ បុរសដដែលបានបញ្ជាក់ថា ពួកគាត់នឹងមិនចាកចេញទេ បើទោះបីជាក្រុមហ៊ុនចិន និងអាជ្ញាធរព្យាយាមបណ្ដេញឱ្យរុះរើលំនៅឋានក៏ដោយ។
ចំណែកអាជ្ញាធរវិញបានចាត់ទុកប្រជាពលរដ្ឋជាង ៤០គ្រួសារនោះ ថាមិនមែនជាអ្នកស្រុកដែលរស់នៅទីនោះជាយូរមកហើយទេ។
អភិបាលស្រុកឆែប លោក អ៊ុង វុឌ្ឍី បានមានប្រសាសន៍ថា ក្រុមប្រជាពលរដ្ឋទាំងនោះ គឺជាជនចំណាកស្រុកមកពីខេត្តផ្សេងៗ ដើម្បីធ្វើជាកម្មករឱ្យក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង (Rui Feng) ប៉ុណ្ណោះ។ ការតាំងលំនៅរបស់ក្រុមប្រជាពលរដ្ឋទាំងនោះ គឺនៅលើចំណីផ្លូវសាធារណៈ៖ «ហើយកន្លងមកហ្នឹង ផ្ទះខ្ទមតូចៗគាត់នៅបណ្ដោះអាសន្ន ដើម្បីធ្វើជាកម្មករហ្នឹង គឺវាអត់អីទេ ប៉ុន្តែដល់ពេលគាត់ទៅធ្វើផ្ទះធំមួយ លើដីចំណីផ្លូវហ្នឹង ខ្ញុំគិតថា វាមិនត្រូវច្បាប់ទេ ព្រោះច្បាប់បានចែងហាមហើយ ព្រោះកន្លែងនោះមិនអាចចេញជាកម្មសិទ្ធិឱ្យបានទេ ជាដីចំណីផ្លូវ»។
អាជ្ញាធរស្រុកឆែប បានឱ្យដឹងថា គេនឹងធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរដល់អ្នកភូមិនៅសប្ដាហ៍ខាងមុខ ឱ្យបញ្ឈប់ការសង់លំនៅឋានលើដីចំណីផ្លូវ ក៏ប៉ុន្តែបើប្រជាពលរដ្ឋនៅតែមិនព្រមបញ្ឈប់ទេ គឺគេនឹងអនុវត្តតាមនីតិវិធីរដ្ឋបាល។
អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តព្រះវិហារ លោក ឡោ ច័ន្ទ បានទទួលស្គាល់ថា ប្រជាពលរដ្ឋជាង ៤០គ្រួសារ គឺពិតជាបានទៅតាំងទីលំនៅលើដីចំណីផ្លូវរយៈពេលជាង ១ឆ្នាំមកនេះមែន ក៏ប៉ុន្តែ អង្គការសិទ្ធិមនុស្សចង់ឃើញអាជ្ញាធរដោះស្រាយបញ្ហាទាំងនោះឱ្យបានសមរម្យ ជៀសវាងការបណ្ដេញចេញដោយបង្ខំ។
កាលពីសប្ដាហ៍មុន ប្រជាពលរដ្ឋប្រមាណ ៥០គ្រួសារ នៅភូមិស្រយង់ខាងជើង ឃុំស្រយង់ ស្រុកគូលែន ធ្លាប់បានតវ៉ាប្រឆាំងជាមួយក្រុមហ៊ុន អេហ្វ.ភី ម៉ាឡេស៊ី ម្ដងមកហើយ បន្ទាប់ពីក្រុមហ៊ុនបានរារាំងអ្នកភូមិមិនឱ្យធ្វើស្រែចម្ការ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖
ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
