ពលរដ្ឋ​នៅ​កំពង់ឆ្នាំង​គ្រោង​ផ្ដិត​មេដៃ​សុំ​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី

ប្រជាពលរដ្ឋ​ប្រមាណ ១០០​គ្រួសារ រស់​នៅ​ឃុំ​ក្រាំងស្គារ ស្រុក​ទឹកផុស ខេត្ត​កំពង់ឆ្នាំង គ្រោង​នាំ​គ្នា​ធ្វើ​ញត្តិ​ភ្ជាប់​ស្នាម​មេដៃ​ដាក់​ជូន​អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា ដើម្បី​ឲ្យ​ជួយ​អន្តរាគមន៍​ចំពោះ​បញ្ហា​ដីធ្លី​របស់​ពួក​គាត់​ជា​មួយ​នឹង​ក្រុមហ៊ុន ភាពីមិច និង​ទី​បញ្ជាការ​កង​កាំភ្លើង​ធំ​នៃ​កង​យោធពល​ខេមរភូមិន្ទ។ គម្រោង​នេះ បាន​កើត​មាន​បន្ទាប់​ពី​ក្រុម​ប្រជាពលរដ្ឋ​ទទួល​រង​នូវ​ការ​គំរាម​កំហែង និង​ប្រឈម​ការ​បាត់​បង់​ដីធ្លី ក៏ប៉ុន្តែ អាជ្ញាធរ​មូលដ្ឋាន​ហាក់​មិន​សូវ​អើពើ​ចំពោះ​បញ្ហា​នេះ​ឡើយ។

0:00 / 0:00

តំណាង និង​ប្រជាពលរដ្ឋ​រស់​នៅ​ចំណុច​១០៤ ឬ​ចំណុច​ឃ្នាង​នៃ​ភូមិ​ដំណាក់អំពិល ឃុំ​ក្រាំងស្គារ បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ ថា ពួក​គាត់​នឹង​នាំ​គ្នា​ផ្ដិត​មេដៃ​ដាក់​ជូន​អង្គការ​លីកាដូ (Licadho) និង​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ ដើម្បី​ឲ្យ​ជួយ​ដោះស្រាយ​វិបត្តិ​ដីធ្លី​ដែល​បាន​អូស​បន្លាយ​អស់​រយៈពេល​ជិត ១៣​ឆ្នាំ​មក​ហើយ​នោះ។

តំណាង​សហគមន៍​ឃុំ​ក្រាំងស្គារ លោក ម៉ែន ស៊ឺន មាន​ប្រសាសន៍​ថា ក្រុម​ប្រជាពលរដ្ឋ​ហាក់​អស់​ជំនឿ​លើ​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ដី​ធ្លី ពីព្រោះ​បណ្ដឹង​របស់​ពួក​គាត់​ជា​ច្រើន​ករណី​មិន​ត្រូវ​បាន​គេ​យក​ចិត្ត​ទុក​ដាក់ ឬ​ដោះស្រាយ​ឲ្យ​បាន​លទ្ធផល​អ្វី​ឡើយ ទើប​ពេល​នេះ​ពួក​គាត់​ងាក​មក​រក​សង្គម​ស៊ីវិល ដើម្បី​ឲ្យ​ជួយ​វិញ​ម្ដង៖ «ខ្ញុំ​ក៏​បាន​សួរ​ពី​គោល​បំណង​របស់​គាត់ បើ​មាន​ផល​ប៉ះពាល់​អ៊ីចឹង តើ​ពួក​គាត់​នឹង​ធ្វើ​យ៉ាង​ម៉េច​ទៀត​ទៅ​ថ្ងៃ​ខាង​មុខ? គាត់​ក៏​ព្រមព្រៀង​ថា​នឹង​ផ្ដិត​មេដៃ​ប្ដឹង​ទៅ​ស្ថាប័ន​នានា​ដែល​ពាក់ព័ន្ធ»

ចំណែក​ប្រជាពលរដ្ឋ​ម្នាក់​ទៀត​រស់​នៅ​ចំណុច​ឃ្នាង បាន​ថ្លែង​ទាំង​ភាព​ភ័យ​ខ្លាច​ថា ប្រជាពលរដ្ឋ​ចំនួន ៤៨​គ្រួសារ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ផ្ដិត​មេដៃ ហើយ​នៅ​មាន​គ្រួសារ​រស់​នៅ​ក្នុង​ភូមិ​ដំណាក់អំពិល ជា​ច្រើន​គ្រួសារ​ផ្សេង​ទៀត ក៏​នឹង​ចូល​មក​ផ្ដិត​ដែរ។ លោក​បន្ត​ថា ជម្លោះ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជា​មួយ​នឹង​ក្រុមហ៊ុន ភាពីមិច និង​ទី​បញ្ជាការ​កង​កាំភ្លើង​ធំ​នៃ​កងយោធពល​ខេមរភូមិន្ទ បាន​ផ្ទុះ​ឡើង​ខ្លាំង​នៅ​អំឡុង​ឆ្នាំ​២០០៦ ហើយ​ក្រុម​អ្នក​ភូមិ​ត្រូវ​បាន​គេ​ហាម​ឃាត់​មិន​ឲ្យ​ចូល​ទៅ​ធ្វើ​ស្រែ​ចម្ការ និង​ទទួល​រង​នូវ​ការ​គំរាម​កំហែង​ជា​បន្តបន្ទាប់​តាំង​ពី​ពេល​នោះ​មក។

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អគ្គ​មេ​បញ្ជាការ​កង​កាំភ្លើង​ធំ និង​តំណាង​ក្រុមហ៊ុន ភាពីមិច ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១៩ ខែ​ធ្នូ។

ទោះ​ជា​យ៉ាង​ណា អភិបាល​រង​ខេត្ត​កំពង់ឆ្នាំង ទទួល​បន្ទុក​ដោះស្រាយ​ទំនាស់​ដីធ្លី លោក ចេង ញ៉ាន់ មាន​ប្រសាសន៍​ថា បច្ចុប្បន្ន​ក្រុមហ៊ុន ភាពីមិច ពុំ​មាន​សកម្មភាព​អ្វី​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ដី​របស់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ឡើយ។ ចំណែក​ផ្ទៃ​ដី​ដែល​ខាង​ទី​បញ្ជាការ​កង​កាំភ្លើង​ធំ​បាន​បោះ​បង្គោល​ប៉ះ​ចំ​ដី​ពលរដ្ឋ​នោះ គឺ​គេ​ដោះ​ដូរ​ឲ្យ​ចេញ​មក​ផ្នែក​ខាង​ក្រៅ និង​បាន​វាស់​វែង​ជូន​ពួក​គាត់​បាន​មួយ​ចំនួន​ធំ​ហើយ៖ «ដូរ​គាត់​ចេញ​មក​ខាង​ក្រៅ ហើយ​ពេល​យុវជន​ចូល​ទៅ​ហ្នឹង​ក៏​បាន​ពិភាក្សា​គ្នា​វាស់​ដី​ឲ្យ​កម្លាំង​កាំភ្លើង​ធំ អគ្គបញ្ជាការ​ហ្នឹង ហើយ​សល់​ប៉ុន្មាន​ដែល​ពាក់ព័ន្ធ​នឹង​ប្រជាពលរដ្ឋ ឲ្យ​គាត់​ចេញ​មក​ខាង​ក្រៅ យើង​វាស់​វែង​បែង​ចែក​នៅ​ខាង​ក្រៅ​ដែល​ស្ថិត​នៅ​ក្នុង​ដី​របស់​ក្រុមហ៊ុន ភាពីមិច ហ្នឹង»

លោក​បញ្ជាក់​ថា កាល​ពី​ដើម​ខែ​ធ្នូ ឆ្នាំ​២០១៣ ក្រុម​និស្សិត​វាស់​វែង​ដីធ្លី​ជំហាន​ទី​៣​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្វើ​សកម្មភាព​វាស់​វែង​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ទៅ​លើ​ស្រុក​ចំនួន​៣ គឺ​ស្រុក​ទឹកផុស ស្រុក​រលាប្អៀរ និង​ស្រុក​សាមគ្គីមានជ័យ។ ដោយ​ឡែក​នៅ​ស្រុក​ទឹកផុស ក្រុម​និស្សិត​កំពុង​តែ​ធ្វើ​សកម្មភាព​វាស់​វែង​បង្ហើយ​ដី​ដែល​មាន​បញ្ហា​នៅ​ក្នុង​ឃុំ​ចោងម៉ោង បន្ទាប់​ពី​នោះ នឹង​ចុះ​ទៅ​ដល់​ឃុំ​ក្រាំងស្គារ តែ​ម្ដង។

មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក (Adhoc) ប្រចាំ​ខេត្ត​កំពង់ឆ្នាំង លោក សំ ច័ន្ចគា មាន​ប្រសាសន៍​ថា ប្រសិន​បើ​មាន​ពាក្យ​បណ្ដឹង​របស់​ប្រជាពលរដ្ឋ​ចូល​មក​កាន់​សមាគម លោក​នឹង​ចុះ​ស៊ើប​អង្កេត​ករណី​នេះ​ផ្ទាល់ ហើយ​ជំរុញ​ឲ្យ​អាជ្ញាធរ​ពន្លឿន​នីតិវិធី​នៃ​ការ​ដោះស្រាយ​ជូន​ពួក​គាត់៖ «ជា​រឿង​ល្អ​ណាស់​នៅ​ពេល​ដែល​អាជ្ញាធរ​ហាក់​ដូច​ជា​មិន​អើពើ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ឲ្យ​គាត់ៗ​អាច​ស្នើសុំ​មក​ខាង​អង្គការ​ក្រៅ​រដ្ឋាភិបាល ដើម្បី​ជំរុញ​អាជ្ញាធរ​ឲ្យ​ជួយ​ចាត់​ការ»

ក្រុម​ប្រជាពលរដ្ឋ​បញ្ជាក់​ថា នៅ​ខែ​កុម្ភៈ ឆ្នាំ​២០១៣ ក្រុម​កម្មករ​របស់​ក្រុមហ៊ុន ភាពីមិច បាន​ដើរ​បាញ់​ថ្នាំ​ក្រហម​សម្គាល់​ព្រំ​ប្រទល់​ដី​ចាប់​ពី​ខាង​លិច​សាលា​ស្រុក​ទឹកផុស រហូត​មក​ដល់​សាលា​ឃុំ​ឈើតុំ ក្នុង​ខេត្ត​ពោធិ៍សាត់។ ចំណែក​ខាង​ទី​បញ្ជាការ​កង​កាំភ្លើង​ធំ​នៃ​កងយោធពល​ខេមរភូមិន្ទ​វិញ បាន​ដាំ​បង្គោល​ថ្ម​ជា​ច្រើន​ដើម ចាប់​ពី​ចំណុច​ភូមិ​ស្លាត រហូត​ដល់​ចំណុច​ឃ្នាង នៃ​ភូមិ​ដំណាក់អំពិល។ ការ​បាញ់​ថ្នាំ និង​បោះ​បង្គោល​នេះ បាន​ចូល​ទៅ​ក្នុង​ដី​របស់​ប្រជាពលរដ្ឋ​ជា​ច្រើន​កន្លែង ក៏ប៉ុន្តែ​ពួក​គាត់​នៅ​មិន​ទាន់​ដឹង​ច្បាស់​ថា ផ្ទៃ​ដី​ប៉ះពាល់​សរុប​ពិត​ប្រាកដ​មាន​ចំនួន​ប៉ុន្មាន​នៅ​ឡើយ​ទេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖

ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។