មូលហេតុដែលអ្នកភូមិសម្រេចចិត្តប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ឬហៅថាប័ណ្ណកម្មសិទ្ធិដីដែលពួកគាត់ទើបតែទទួលបាននេះ ជូនទៅលោកនាយករដ្ឋមន្ត្រីវិញ គឺបន្ទាប់ពីជនជាតិចិន ដែលតំណាងឲ្យក្រុមហ៊ុនភាពីម៉ិច នៅការដ្ឋាន១.៧ មិនព្រមទទួលស្គាល់ប័ណ្ណនោះ។
បុរសអ្នកភូមិឈ្មោះ ស៊ឹម ដន ជាប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គាត់បានឲ្យដឹងនៅព្រឹកថ្ងៃទី១៣ ឧសភា ថា ដីចម្ការរបស់គាត់ប្រមាណ ៣ហិកតារ នេះ ក្រុមនិស្សិតបានចុះមកវាស់វែងត្រឹមត្រូវ ហើយអាជ្ញាធរជំនាញក៏បានផ្ដល់ប័ណ្ណកម្មសិទ្ធិឲ្យគាត់ហើយដែរ។ លុះដល់គាត់ទៅធ្វើរបង និងត្រៀមធ្វើការដាំដុះ ប្រធានការដ្ឋានលេខ១.៧ ជាជនជាតិចិន ឈ្មោះ ប៉ បានមកប្រាប់ថា ដីនេះជាដីរបស់ក្រុមហ៊ុន។ ពេលអ្នកភូមិបង្ហាញប្លង់កម្មសិទ្ធិឲ្យមើល ឈ្មោះ ប៉ តាមរយៈអ្នកបកប្រែនិយាយថា គាត់មិនទទួលស្គាល់ប្លង់នេះទេ។
លោក ស៊ឹម ដន៖ «សំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយដីរបស់ខ្ញុំណា៎អ៊ំ។ គេសន្យាថា ដោះតែអត់មាននរណាមកដោះឲ្យខ្ញុំទេ។ ដីខ្ញុំមានប្លង់ត្រឹមត្រូវ តាមពិតដីខ្ញុំមាន ៥ហិកតារ តែដល់និស្សិតចុះមកវាស់ គេវាស់ឲ្យបានតែ ៣ហិកតារ។ ប៉ុណ្ណឹងក៏ខ្ញុំព្រមទទួលដែរ តែដល់មកឥឡូវ អត់ទាំងបានដីហ្នឹងទៀត បានតែប្លង់លើក្រដាស។ ខ្ញុំសំណូមពរឲ្យអាជ្ញាធរជួយដោះស្រាយដីឲ្យខ្ញុំផង»។
មេការនៅការដ្ឋានលេខ១.៧ ឈ្មោះ ផូ សារ៉ុម បានឲ្យដឹងថា ប្រធានការដ្ឋានដែលជាជនជាតិចិន ឈ្មោះ ប៉ បានប្រាប់ថា គាត់មិនដឹងថានរណាមានប្លង់ ឬអត់ប្លង់អីនោះទេ។ គាត់ថា លុះត្រាតែអាជ្ញាធរស្រុក ឬខេត្តមកប្រាប់ថាដីនេះជារបស់អ្នកភូមិ ទើបគាត់ព្រមប្រគល់ដីនេះឲ្យអ្នកភូមិវិញ៖ «ដីនេះក្រុមហ៊ុនបានឈូសឆាយដាំដំឡូងបាន ១ឆ្នាំហើយ។ ឥឡូវ ប្រជាពលរដ្ឋមកធ្វើរបង ធ្វើខ្ទមអី អ៊ីចឹងម៉េចបាន។ ទាល់តែមេឃុំ មេស្រុក យកប្លង់ទៅឲ្យចិន មើលទើបវាចប់បញ្ហា»។
ទាក់ទិនចំពោះបញ្ហានេះ កាលពីថ្ងៃទី២៣ មីនា អភិបាលខេត្តពោធិ៍សាត់ លោក ខូយ សុខា ធ្លាប់បានអះអាងថា លោកនឹងពិនិត្យបញ្ហានេះជូនប្រជាពលរដ្ឋ៖ «បើមានប័ណ្ណហើយ វាមិនមានបញ្ហាអីស្មុគស្មាញទេ។ ចាំមើលខ្ញុំឲ្យគេចុះទៅមើល។ ប៉ុន្តែ បើមានប័ណ្ណហើយ គឺទទួលបានដីនេះជាស្វ័យប្រវត្តិហើយ។ ករណីនេះ យើងនឹងដោះស្រាយជូនគាត់»។
ប៉ុន្តែ ជាង ១ខែបានកន្លងផុតទៅ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងខេត្តពោធិ៍សាត់ ហាក់បានយកចិត្តទុកដាក់តិចតួចក្នុងការស្វែងរកដំណោះស្រាយជូនប្រជាពលរដ្ឋ។ ឥឡូវ ក្រុមហ៊ុនភាពីម៉ិច បានចាប់ផ្ដើមប្រើគ្រឿងចក្រឈូសឆាយដីកម្មសិទ្ធិស្របច្បាប់របស់អ្នកភូមិទៀតហើយ ទើបអ្នកភូមិយល់ថា ប័ណ្ណកម្មសិទ្ធិដែលនាយករដ្ឋមន្ត្រីបានអះអាងថា មានតម្លៃសម្រាប់ប្រជាពលរដ្ឋនោះ ពុំអាចយកមកប្រើប្រាស់ជាផ្លូវការសម្រាប់ប្រឈមជាមួយក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចបានឡើយ ទើបអ្នកភូមិសម្រេចថា នឹងយកប័ណ្ណនេះទៅប្រគល់ជូនលោកនាយករដ្ឋមន្ត្រីវិញ។
អនុផ្នែកអង្កេតនៃសមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍កម្ពុជា អាដហុក (Adhoc) លោក ចាន់ សុវ៉េត មានប្រសាសន៍ថា សកម្មភាពរបស់ក្រុមហ៊ុនមកលើប្រជាពលរដ្ឋនៅភូមិក្រឡាញ់ ឃុំក្បាលត្រាច បង្ហាញថា ជនជាតិចិន ជាតំណាងឲ្យក្រុមហ៊ុនភាពីម៉ិច នៅក្នុងខេត្តនេះ ហាក់មិនទទួលស្គាល់លិខិតបទដ្ឋានផ្លូវច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសគឺបទបញ្ជាលេខ០១ របស់ប្រមុខរាជរដ្ឋាភិបាល៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
